Wikileaks៖« ចិន​បាន​ត្រៀម​ខ្លួន​បោះបង់​កូរ៉េខាងជើង »

សំឡេង ០៧:៥៩
សារព័ត៌មាន​បរទេស​ចំនួន​៥​បាន​ចុះ​ផ្សាយ​ឯកសារ​សម្ងាត់​អាមេរិក យកពី Wikileaks
សារព័ត៌មាន​បរទេស​ចំនួន​៥​បាន​ចុះ​ផ្សាយ​ឯកសារ​សម្ងាត់​អាមេរិក យកពី Wikileaks RFI

វែបសៃត៍ Wikileaks ដែល​មាន​ជំនាញ​ខាង​ចុះផ្សាយ​ឯកសារ​សម្ងាត់ កំពុង​បន្ត​ចុះ​ផ្សាយ​ឯកសារ​សម្ងាត់​ទាក់ទង​នឹង​សហរដ្ឋអាមេរិក។ ចុង​ក្រោយ គឺ​ឯកសារ​សម្ងាត់​ចំនួន ២៥​ម៉ឺន​ឯកសារ ដែល​​ជា​កំណត់ហេតុ​សម្ងាត់ កត់ត្រា​អំពី​កិច្ចសន្ទនា​រវាងមន្រ្តី​ការទូត​អាមេរិក និង​មន្រ្តី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត។ នៅ​ ក្នុង​កំណត់ហេតុ​សម្ងាត់​នោះ Wikileaks ក៏​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​ទំនាក់ទំនង​ពិត​ប្រាកដ​រវាង​ចិន និង​កូរ៉េខាងជើង ពិសេស អំពី​ជំហរ​របស់​ទីក្រុង​ប៉េកំាង​ចំពោះ​ទីក្រុង​ព្យុងយ៉ាង។

ផ្សាយពាណិជ្ជកម្ម

 

ឯកសារ​សម្ងាត់​របស់​អាមេរិក​ចុះ​ផ្សាយ​ដោយ​វែបសៃត៍ Wikileaks បាន​បង្ហាញ​ពី​ជំហរ​ពិតប្រាកដ​របស់​ចិន​ចំពោះ​កូរ៉េខាងជើង។ តាម​ពិត​ទៅ ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​យក​ការ​បង្រួបបង្រួម​កូរ៉េ​ទំាង​ពីរ។ យោង​តាម​ឯកសារ​សម្ងាត់​អាមេរិក​ដដែល ទីក្រុង​ប៉េកំាង​ថែម​ទំាង​សម្តែង​ការ​ទើសទាល់ចិត្ត និង​ការ​ធុញទ្រាន់​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ទីក្រុង​ប៉េកំាង​បាន​បញ្ជាក់​ពី​ទង្វើ​ជ្រុល​ហួសហេតុ​នៃ​​របប​កុម្មុយនិស្ត​​ក្រុង​ព្យុងយ៉ាង ដែល​បាន​បាញ់​សាកល្បង​គ្រាប់​មីស្ស៊ីល​នុយក្លេអ៊ែរ​លើក​ទី២​របស់​ខ្លួន។ ទំាង​នេះ ជា​ពាក្យ​សំដី​ដែល​ឯកអគ្គរដ្ឋទូត​ចិន​ប្រចំា​នៅ​ក្នុង​ប្រទេស Kazakhstan ​បាន​និយាយ​ប្រាប់​មន្រ្តីការទូត​អាមេរិក​កាល​ពី​ឆ្នំា ២០០៩ នា​ពេល​ទទួល​ទាន​អាហារ​រួម​គ្នា។

មន្រ្តី​ការទូត​ចិន​រូប​នោះ​ដដែល​ក៏​បាន​និយាយ​ប្រាប់​មន្ត្រី​ការទូត​អាមេរិក​ផង​ដែរ​ថា មន្រ្តី​ចិន​បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​មន្រ្តី​កូរ៉េខាងជើង ដោយ​បាន​ជម្រុញ​ឲ្យ​កូរ៉េខាងជើង​ត្រឡប់​ទៅ​កាន់​តុចរចា​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ។

នៅ​មាន​កំណត់ហេតុ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​វែបសៃត៍ Wikileaks បាន​ចុះ​ផ្សាយ គឺ​កំណត់ហេតុ​របស់​លោក​អនុរដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងត្បូង Chun Yung-Woo។ លោក Woo ដែល​បាន​ថ្លែង​ថា ប្រទេស​ចិន​មិន​សូវ​មាន​ឥទ្ធិពល​ទៅ​លើ​កូរ៉េខាងជើង ដូច​ដែល​គ្រប់​គ្នា​បាន​គិត​នោះ​ទេ។ ស្រប​​តាម​ឯកសារ​សម្ងាត់​អាមេរិក​ដដែល លោក Woo បាន​គិត​ថា ថ្នាក់​ដឹកនំា​ចិន​លែង​ចាត់​ទុក​កូរ៉េខាងជើង​ថា ជា​សម្ព័ន្ធមិត្ត​ម្នាក់​មាន​ប្រយោជន៍ ឬ​មួយ​ក៏​គួរ​ឲ្យ​ទុកចិត្ត ទុកថ្លើម​ទៀត​ឡើយ។

មន្រ្តី​ការទូត​កូរ៉េខាងត្បូង​រូប​នោះ​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា ឥឡូវ​នេះ ស្ថានភាព​សេដ្ឋកិច្ច​កូរ៉េខាងជើង​បាន​ដួលរលំ​បាត់​ហើយ ចំណែក​ឯ​ស្ថានភាព​នយោបាយ​វិញ ក៏​នឹង​ត្រូវ​រលាយ​នៅ ២ ឬ ៣ឆ្នំា ក្រោយ​ពី​មរណភាព​របស់​ប្រមុខ​ដឹកនំា Kim Jong-il។ គឺ​នៅ​ពេល​នោះ សូម្បី​តែ​ប្រទេស​ចិន​ក៏​គ្មាន​លទ្ធភាព​នឹង​ទប់ទល់​​បាន​ដែរ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក Woo។

ចិន​លេង​ស្នៀត​ពីរ ជា​មួយ​កូរ៉េខាងជើង ?

ឯកសារ​សម្ងាត់​របស់​អាមេរិក​ដែល​វែបសៃត៍ Wikileaks បាន​យក​មក​ចុះ​ផ្សាយ​ពេល​នេះ ពិត​ជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត អំពី​ជំហរ​ពិត​ប្រាកដ​របស់​ចិន​ចំពោះ​កូរ៉េខាងជើង។ គឺ​ជា​ជំហរ​មួយ​ដែល​ផ្ទុយ​ពី​ការ​គិត​របស់​អ្នក​ដទៃ ពិសេស បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​តែង​តែ​និយាយ​ថា ចិន​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​កូរ៉េខាងជើង។

គេ​អាច​និយាយ​ថា ចិន​កំពុង​ក្បត់​កូរ៉េខាងជើង​ក៏​ថា​បាន​ ព្រោះ​ថា អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ឯកសារ​សម្ងាត់​អាមេរិក និង​ដែល​ត្រូវ​បាន​វែបសៃត៍ Wikileaks យក​មក​ចុះ​ផ្សាយ​ពេល​នេះ សុទ្ធសឹង​ជា​សំដី​ចេញ​ពី​បបូរមាត់​របស់​មន្រ្តីជាន់ខ្ពស់​ចិន​ដែល​បាន​និយាយ​ដោយ​ត្រង់ៗ ស្ងាត់ៗ និង​ដោយ​មិន​លាក់លៀម​នៅ​ចំពោះ​មុខ​មន្រ្តី​ការទូត​អាមេរិក។

តែ​សំណួរ​ដែល​គេ​​គួរ​ចោទ​សួរ​ត្រលប់​វិញ​នោះ គឺ​ថា តើ​អ្វី​ដែល​មន្រ្តី​ការទូតចិន​និយាយ​ប្រាប់​មន្រ្តី​ការទូត​អាមេរិក​នោះ វា​ជា​ការ​ពិត ឬ​ទេ ?

កន្លង​មក​យើង​សង្កេត​ឃើញ​ថា ចិន​តែង​តែ​ចេញ​មុខ​ការពារ​កូរ៉េខាងជើង​នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ។ ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​ម្នាក់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចិន​តែង​តែ​ប្រើ​សិទ្ធិ​វ៉េតូ​របស់​ខ្លួន​ប្រឆំាង​នឹង​ទ័ណ្ឌកម្ម​អន្តរជាតិ​ចំពោះ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ចំពោះ​ទីក្រុង​ប៉េកំាង កូរ៉េខាងជើង​មិន​មែន​ជា​កន្លែង​មួយ​ដែល​ចិន​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ជាង​គេ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​កូរ៉េខាងជើង​ទេ ដែល​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​សេដ្ឋកិច្ច​ពី​ចិន។ អ៊ីចឹង​ឃើញ​ថា មាន​មូលហេតុ​ចំនួន ៣ ​ដែល​ចិន​បន្ត​ជួយ​ការពារ​កូរ៉េខាងជើង​រហូត​មក​ទល់​ពេល​នេះ ទីមួយ៖ គឺ​មូលហេតុ​ប្រវត្តិសាស្រ្ត​នៃ​ទំនាក់ទំនង​របប​កុម្មុយនិស្ត​ដូច​គ្នា ទីពីរ មក​ពី​ចិន​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​កូរ៉េ​ខាងជើង​យល់​ដឹង​ថា បើ​របប​ព្យុងយ៉ាង​រលំ​ដោយ​ហេតុ​តែ​វិបត្តិ​សេដ្ឋកិច្ច ឬ​ក៏​អស្ថិរភាព​នយោបាយ​នោះ នឹង​ច្បាស់​ជា​មាន​ពលរដ្ឋ​កូរ៉េខាងជើង​រាប់​លាន​នាក់​នំា​គ្នា​រត់​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​ចិន និង​ទីបី​ទៀត បើ​សិន​ជា​កូរ៉េ​ទំាង​ពីរ​រួបរួម​គ្នា​វិញ​នោះ ចិន​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​មហា​អំណាច​កូរ៉េ​តែ​មួយ​ដែល​ស្ថិត​ជាប់​ចង្កេះ​ខ្លួន។

ចិន​ឈឺ​ក្បាល​នឹង​រឿង​ដែល​បង្ក​ឡើង​ដោយ​កូរ៉េខាងជើង

គឺ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​បាន​ធ្វើ​ឲ្យ​ចិន​ក្រពុល​មុខ​យ៉ាង​ខ្លំាង ពិសេស តំាង​ពី​កូរ៉េខាងជើង​បាន​ផ្តើម​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ចំនួន ២លើក​កន្លង​មក លើក​ទី​មួយ​ក្នុង​ឆ្នាំ​២០០៦ និង​លើក​ទីពីរ​ក្នុង​ឆ្នំា ២០០៩។ បន្ទាប់​មក​ក្នុង​ខែ​មេសា ឆ្នំា ២០០៩ នោះ​ដដែល កូរ៉េខាងជើង​ថែម​ទំាង​បាន​សម្រេច​ដើរ​ចេញ​ពី​តុ​ចរចា ៦ភាគី​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​ដ៏ចម្រូងចម្រាស​​របស់​ខ្លួន​ទៀត​ផង។ កិច្ច​ចរចា​៦ភាគី រួម​មាន សហរដ្ឋ​អាមេរិក ចិន រុស្ស៊ី ជប៉ុន និង កូរ៉េ​ទាំងពីរ ជើង ត្បូង។

បន្ទាប់​មក​ទៀត និង​អ្វី​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកំាង​ឈឺ​ក្បាល​ខ្លំាង​ជាង​គេ​នោះ គឺ​
ព្រឹត្តិការណ៍​បាញ់​ពន្លិច​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​កូរ៉េ​ខាង​ត្បូង ​នៅ​ថ្ងៃ​ទី​២៦​មីនា ឆ្នំា ២០១០ និង​ការ​ដែល​ទាហាន​កូរ៉េខាងជើង​បាន​បាញ់​ផ្លោង​គ្រាប់​កំាភ្លើង​ធំ​ទៅ​លើ​កោះ​យ៉ុនព្យុង​របស់​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​អង្គារ ទី២៣ វិច្ឆិកា ឆ្នំា ២០១០។

គឺ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​កូរ៉េ​ខាង​ជើង​មិន​ចេះ​ឈប់ឈរ​កន្លង​មក ដែល​បាន​ធ្វើ​ឲ្យ​ចិន​ក្រពុល​មុខ​កាន់​តែ​ខ្លាំង​ឡើងៗ។ ចិន​ដែល​កន្លង​មក​បាន​ដើរ​តួនាទី​ជា​មិត្ត​របស់​កូរ៉េខាងជើង​ផង និង​ត្រូវ​ដើរ​តួនាទី​ជា​អាជ្ញា​កណ្តាល​ផង​នោះ ហាក់​ដូច​ជា​បាន​ភ្ញាក់​ខ្លួន​ថា ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២​ក្នុង​លោក ខ្លួន​ក៏​មាន​ចំណែក​ចូល​រួម​ដោះស្រាយ​បញ្ហា​ពិភពលោក​ដែល​ជា​ក្តី​កង្វល់​រួម​របស់​មនុស្ស​គ្រប់​រូប​ដែរ។ ចិន​បាន​យល់​ឃើញ​ថា ខ្លួន​​​មិន​អាច​បន្ត​អង្គុយ​ចំា​តែ​ការពារ​កំហុស​ខុស​ឆ្គង​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ។ សម្រាប់​ក្រុង​ប៉េកំាង ជោគវាសនា​អនាគត​របស់​កូរ៉េខាងជើង​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ វា​អាស្រ័យ​នឹង​ព្រហ្មលិខិត​ជា​អ្នក​កំណត់​ទៅ​ចុះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI