កូរ៉េខាងត្បូងបន្តដំឡើងសាច់ដុំដាក់កូរ៉េខាងជើង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចាប់ពីថ្ងៃច័ន្ទ ទី៦ ធ្នូនេះ និងមានរយៈពេល ៥ថ្ងៃ កងទ័ពកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធតែឯង។ ជាសមយុទ្ធមួយដែលបានធ្វើឡើង បន្ទាប់ពីសមយុទ្ធរួមអាមេរិក កូរ៉េខាងត្បូង និងសមយុទ្ធរួមអាមេរិក ជប៉ុន និងចំពេលដែលភាពតានតឹងកំពុងបន្តគ្របដណ្តប់លើឧបទ្វីបកូរ៉េ។ ទន្ទឹម គ្នានេះនៅសហរដ្ឋអាមេរិកឯណោះ អាមេរិក កូរ៉េខាងត្បូង និងជប៉ុនផ្តើមកិច្ចប្រជុំរួមដើម្បីស្វែងរកយុទ្ធសាស្រ្តថ្មីប្រឈម ទប់ទល់នឹងទង្វើរបស់កូរ៉េខាងជើង។
សមយុទ្ធកូរ៉េខាងត្បូងតែឯងបានធ្វើឡើងនៅក្រោមរូបភាពយ៉ាងធំធេង ក្នុងបំណងបង្ហាញសាច់ដុំដាក់កូរ៉េខាងជើង។ សមយុទ្ធតែឯងរយៈពេល ៥ថ្ងៃត្រូវបានរៀបចំឡើងនៅទីតំាងចំនួន ២៩កន្លែងខុសគ្នាស្ថិតក្នុងសមុទ្រលឿង ដូចដែលសមយុទ្ធរវាងកូរ៉េខាងត្បូង និងអាមេរិកបានធ្វើកន្លងមក។ គឺនៅម្តុំនោះហើយដែលភាពតានតឹងបានឡើងដល់កំពូលរវាងបងប្អូនបង្កើត គូសត្រូវទំាងពីរ ពិសេស តំាងពីក្រោយកូរ៉េខាងជើងបានបាញ់ផ្លោងគ្រាប់កំាភ្លើងធំចូលកោះ Yeonpyeong ដែលបណ្តាលឲ្យស្លាប់ទាហានកូរ៉េខាងត្បូងពីរនាក់ និងជនស៊ីវិលពីរនាក់កាលពីថ្ងៃទី ២៣ វិច្ឆិកា។
ខណៈនេះ សមយុទ្ធរបស់កូរ៉េខាងត្បូងបានធ្វើឡើងនៅក្បែរកោះជាច្រើនក្នុង សមុទ្រលឿងស្ថិតនៅតាមបណ្តោយព្រំដែនសមុទ្រដែលកូរ៉េខាងត្បូងកំពុង មានជម្លោះជាមួយកូរ៉េខាងជើង។ លំហាត់សឹកផ្លូវអាកាស និងផ្លូវទឹកត្រូវបានគេយកមកអនុវត្តនៅក្នុងសមយុទ្ធនោះ ពិសេស គឺការបាញ់គ្រាប់កំាភ្លើងមែនទែន ចេញពីនាវាចម្បំាង។
ទន្ទឹមគ្នានេះ មានកោះចំនួន ៥ដែលកូរ៉េខាងខាងត្បូងបានពង្រឹងប្រព័ន្ធការពារ ដោយដឹកជញ្ជូនទាហាន កំាភ្លើងធំ និងគ្រាប់មីស្ស៊ីលប្រឆំាងមីស្ស៊ីលទៅដាក់តំាងនៅលើកោះទំាង ៥ ហើយក្នុងចំណោមកោះទំាង ៥នោះ ក៏មានកោះ Yeonpyeong ផងដែរ។
យ៉ាងណាក៏ដោយ និងដើម្បីជៀសវាងការផ្ចាញ់ផ្ចាលដោយផ្ទាល់ដាក់កូរ៉េខាងជើង កូរ៉េខាងត្បូងមិនបានបាញ់គ្រាប់មែនទែនចេញពីនាវាចម្បំាងនៅក្បែរ កោះយ៉ុងព្យុង (Yeonpyeong) នោះទេ តែបានបាញ់ចេញពីក្បែរកោះ Daecheong ដែលមានចម្ងាយ ៨០គីឡូមែត្រស្ថិតប៉ែកខាងលិចកោះយ៉ុងព្យុង។
អ្វីដែលគេមិនទាន់អាចដឹងបាននោះគឺថា តើការបាញ់ចេញពីនាវាចម្បំាងរបស់កូរ៉េខាងត្បូងពេលនេះ បានធ្វើឡើងនៅលើដែនទឹកដែលកូរ៉េខាងជើងបានទាមទារជាកម្មសិទ្ធិរបស់ គេ ឬអត់ ព្រោះសូមជម្រាបជូនថា តំាងពីសង្រ្គាមកូរ៉េចន្លោះឆ្នំា ១៩៥០-១៩៥៣បានបិទបញ្ចប់មក របបក្រុងព្យុងយ៉ាងមិនដែលទទួលស្គាល់ខ្សែព្រំដែនសមុទ្រដែលគូសវាសដោយ អង្គការសហប្រជាជាតិទេ។
កូរ៉េខាងត្បូងបញ្ជាក់ពីជំហរមិនចុះញ៉មរបស់ខ្លួន
ក្រោយពីសង្គ្រាមកូរ៉េបានបិទបញ្ចប់ជាងកន្លះសតវត្សរ៍មក គ្មានសន្ធិសញ្ញាសន្តិភាពណាមួយដែលបងប្អូនបង្កើតជាគូសត្រូវទំាងពីរ បានចុះហត្ថលេខារួមគ្នាទេ។ បើនិយាយក្នុងលក្ខណៈបច្ចេកទេស កូរ៉េខាងជើង និងខាងត្បូងបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមដដែល។
តាមពិតទៅ សមយុទ្ធរបស់កូរ៉េខាងត្បូងពេលនេះត្រូវបានគ្រោងទុកជាយូរមកហើយ តែដោយមានព្រឹត្តិការណ៍ប្លែកៗបានកើតមានជាបន្តបន្ទាប់មក កូរ៉េខាងត្បូងក៏បានពន្យាសមយុទ្ធរបស់ខ្លួនមកទល់ថ្ងៃនេះ។ ចំណុចមួយទៀត និងអ្វីដែលកូរ៉េខាងត្បូងបាននិងកំពុងធ្វើនេះ គឺទីក្រុងសេអ៊ូលចង់បញ្ជូនសារប្រាប់ទីក្រុងព្យុងយ៉ាងថា បើកាន់តែគំរាម កាន់តែធ្វើ។
ជាការពិត កូរ៉េខាងត្បូងមិនបានធ្វើសមយុទ្ធនៅក្បែរកោះយ៉ុងព្យុងនោះទេ ព្រោះដើម្បីចៀសវាងការយកប្រេងទៅចាក់បន្ថែមលើពំនូកភ្លើងដែលកំពុង មានផ្សែង តែនេះមិនមានន័យថា កូរ៉េខាងត្បូងខ្លាចការសម្លុតគំរាមរបស់កូរ៉េខាងជើងទេ។ ផ្ទុយទៅវិញ លោករដ្ឋមន្ត្រីថ្មីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងដែលមានជំហរ ម៉ឹងម៉ាត់បានប្រកាសព្រមានរួចហើយថា បើកូរ៉េខាងជើងហ៊ានបាញ់ផ្លោងគ្រាប់កំាភ្លើងធំជាថ្មីទៀត លោកនឹងបញ្ជាឲ្យបើកការវាយប្រហារតាមផ្លូវអាកាស។
ជំនួបរវាងអាមេរិកកូរ៉េខាងត្បូងជប៉ុនតែគ្មានវត្តមានប្រទេសចិន
កិច្ចប្រជុំត្រីភាគី អាមេរិក កូរ៉េខាងត្បូង និងជប៉ុនពេលនេះបានបង្ហាញយ៉ាងច្បាស់ អំពីសម្ព័ន្ធមិត្តមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន និងការប្តេជ្ញាចិត្តក្នុងការធានាសន្តិសុខនៅក្នុងឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ទំាងមូល ពិសេស ស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីនិយាយជាមួយចិននៅក្នុងបញ្ហា ឧបទ្វីបកូរ៉េ។ ដូច្នេះ បើគេត្រូវការស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីងាយស្រួលធ្វើការ ជាមួយចិន អវត្តមានចិននៅក្នុងកិច្ចប្រជុំ គឺជារឿងមួយធម្មតា។ នៅមានហេតុផលមួយទៀត អវត្តមានចិននៅក្នុងកិច្ចប្រជុំពេលនេះ គឺជាសញ្ញាមួយដែលអាមេរិក កូរ៉េខាងត្បូង និងជប៉ុនចង់ប្រាប់ចិនថា គេមិនសប្បាយចិត្តទេ ចំពោះជំហររបស់ទីក្រុងប៉េកំាងនៅក្នុងបញ្ហា កូរ៉េ ជាពិសេស ជំហររបស់ចិនចំពោះទង្វើរបស់កូរ៉េខាងជើងកន្លងមក។
នរណាក៏ដឹងដែរថា ចិនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើង ចិនជាប្រទេសមួយដែលមានទឹកមាត់ប្រៃអាចនិយាយជាមួយកូរ៉េខាងជើងបាន។ តែគេក៏មិនត្រូវភ្លេចទេថា ចិនក៏បានចេញមុខការពារកូរ៉េខាងជើង និងពេលខ្លះ មិននិយាយអ្វីទំាងអស់នៅក្នុងទង្វើកូរ៉េខាងជើងមួយចំនួនដែលសហគមន៍ អន្តរជាតិមិនសប្បាយចិត្ត។ ថ្មីៗនេះ ពិសេសក្រោយពេលដែលកូរ៉េខាងជើងបានបាញ់ផ្លោងគ្រាប់កំាភ្លើងធំ ទៅលើកោះ Yeonpyeong ដែលបណ្តាលឲ្យស្លាប់ទាហានកូរ៉េខាងត្បូងពីរនាក់ និងជនស៊ីវិលពីរនាក់កាលពីថ្ងៃទី ២៣ វិច្ឆិកាកន្លងមក ចិនក៏បាននៅស្ងៀមឈឹងមិនមាត់ ក អ្វីទំាងអស់។
លោកហ៊ូជិនតាវ៖ « អាមេរិក និងចិនត្រូវបង្កើនការទុកចិត្តរវាងគ្នា »
ពិតមែនតែចិនមិនត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំ ត្រីភាគី កូរ៉េខាងត្បូង ជប៉ុន និងអាមេរិកនៅថ្ងៃនេះក៏ដោយ ក៏នៅយប់មិញ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាបានទូរស័ព្ទទៅនិយាយជាមួយលោកប្រធានាធិបតីចិន ហ៊ូ ជិនតាវ អស់ជាច្រើនម៉ោង។ នៅក្នុងកិច្ចសន្ទនានោះ លោកហ៊ូ ជិនតាវបានសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះស្ថានការណ៍នៅឧបទ្វីប កូរ៉េ។ លោកប្រមុខរដ្ឋចិនបាននិយាយប្រាប់លោកប្រមុខរដ្ឋអាមេរិកថា ស្ថានការណ៍ដែលបាននិងកំពុងកើតមាននៅឧបទ្វីបកូរ៉េនាពេលនេះ នឹងអាចក្លាយទៅជាស្ថានការណ៍ដ៏គ្រោះថ្នាក់មួយដែលគ្មាននរណាអាច ក្តាប់បាន។ យោងតាមលោកហ៊ូ ជិនតាវ គេត្រូវតែប្រញិបប្រញាប់ដោះស្រាយបញ្ហានេះដោយស្ងៀមស្ងាត់ និងដោយសន្តិវិធី។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតីចិនក៏បានបញ្ជាក់ពីភាពចំាបាច់ដែលចិន និងអាមេរិកត្រូវបង្កើនការទុកចិត្តរវាងគ្នា និងកិច្ចសន្ទនារួមគ្នាក្នុងការដោះស្រាយបញ្ហាពិភពលោកជាច្រើនដ៏ រសើប។
ជាចម្លើយតបវិញ លោកប្រធានាធិបតីអាមេរិក អូបាម៉ាបានលើកឡើងពីផលប្រយោជន៍រួម ដែលអាមេរិក និងចិនត្រូវពួតដៃគ្នាដើម្បីធានាស្ថិរភាពនៅអាស៊ីឦសាន និងការបំបាត់នុយក្លេអ៊ែរពីរបបកម្មុយនិស្តកូរ៉េខាងជើង។ ទន្ទឹមគ្នានេះ លោកអូបាម៉ាក៏បានបញ្ជាក់ពីភាពចំាបាច់ដែលកូរ៉េខាងជើងត្រូវបញ្ឈប់ កាយវិការបង្ករឿង ហេតុដែលនំាទៅរកការផ្ទុះសង្រ្គាមជាថ្មីនៅ ឧបទ្វីបកូរ៉េ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ