នៅពេល​សភាចិន​បើកសម័យ​ប្រជុំ​ប្រចាំឆ្នាំ​ប៉េកាំង​ខ្លាចកើតមាន​បដិវត្តន៍​ផ្កាម្លិះ​ដូចនៅ​ប្រទេស​អារ៉ាប់​

សំឡេង ០៥:៣២
នគរបាលចិន​យាម​ល្បាត​​នៅពេល​​សភាចិន​​បើកសម័យ​​ប្រជុំ​ប្រចាំឆ្នាំ​​របស់ខ្លួន​​នៅ​ថ្ងៃសៅរ៍​​ ទី៥​មីនា​​ឆ្នាំ២០១១​​
នគរបាលចិន​យាម​ល្បាត​​នៅពេល​​សភាចិន​​បើកសម័យ​​ប្រជុំ​ប្រចាំឆ្នាំ​​របស់ខ្លួន​​នៅ​ថ្ងៃសៅរ៍​​ ទី៥​មីនា​​ឆ្នាំ២០១១​​ © AFP PHOTO / MARTIN BUREAU

នៅ​ពេល​ដែល​សភាចិន​បើកសម័យ​ប្រជុំ​ប្រចាំឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃសៅរ៍​ ទី៥​មីនាឆ្នាំ២០១១​នេះ​ ទីក្រុង​ប៉េកាំង​មាន​ក្តី​បារម្ភ​យ៉ាងខ្លាំង​ហើយ​បាន​ខិតខំ​ខ្ទប់​បិទ​ការ​ អំពាវនាវ​តាម​រយៈ​អ៊ិនធ័រណេត​​ឲ្យ​ប្រជាពលរដ្ឋ​ចិន​នាំគ្នា​ចុះថ្នល់​ធ្វើ​ “បដិវត្តន៍​ផ្កាម្លិះ​”​ ដូចនៅ​ប្រទេស​អារ៉ាប់។​ អ្វី​ដែល​សំខាន់​បំផុត​នៅក្នុង​ផែនការ៥ឆ្នាំ​លើកទី១២​(២០១១-២០១៥)​ ​របស់​ បក្ស​កុម្មុយនិស្ត​ចិន​គឺ​ ធ្វើ​យ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​ “សន្តិភាព​សង្គម”​ដែល​កំពុង​ស្គាល់​ភាព​ផុយ​ស្រួយ។ 

ផ្សាយពាណិជ្ជកម្ម

កាលនៅ​ចុងទសវត្សរ៍​ឆ្នាំ​១៩៥០​លោក​ប្រធាន​ម៉ៅ​ សេទុង​បាន​វាយ​បង្ក្រាប​យ៉ាង​ហិង្សា​បំផុត​ទៅលើ​ “ចលនា​បុប្ផា​១០០ជំពូក”​។​ “ចលនា​បុប្ផា​១០០ជំពូក”​ដែល​លោក​ម៉ៅ​ សេទុង​ខ្លួនឯង​ជា​អ្នក​បាន​ផ្តួចផ្តើម​ឡើង​ ​ ដើម្បី​ជា​ជំនួយ​ជួយ​បំផុស​បំផុល​ឲ្យ​មាន​ការ​ផ្តល់​យោបល់​និង​មាន​ការ​ទិតៀន​ទៅលើ​គណបក្ស​កុម្មុយនិស្ត​ចិន​ក្នុង​គោល​បំណង​ជួយ​រិះរក​មាគ៌ា​ត្រឹមត្រូវ​សម្រាប់​អភិវឌ្ឍ​ប្រទេស​ចិន។​ ក៏​ប៉ុន្តែ​នៅទីបំផុត​“ចលនា​បុប្ផា​១០០ជំពូក”​ដែល​បំផុស​បំផុល​ឲ្យមាន​ការ​ប្រកួត​ប្រជែង​រវាង​ទ្រឹស្តី​១ ០០០បែប​(que les Cent Fleurs s’épanouissent et que les Mille Ecoles se rivalisent) ​​ ​បែរ​ជា​ត្រូវ​ជាប់​អន្ទាក់​របស់​លោក​ប្រធាន​ម៉ៅ​ហើយ​ត្រូវ​លោក​ម៉ៅ​ចោទ​ថា​​ពួក​អ្នក​គាំទ្រ​​“ចលនា​បុប្ផា​១០០ជំពូក”​ជា​អ្នក​ស្តាំនិយម​ប្រឆាំង​នឹង​បក្ស​កុម្មុយនិស្ត​ចិន​ទៅវិញ។

 
ឥឡូវនេះ​ ​ ជាថ្មី​ម្តងទៀត​គឺ​ផ្កា​ម្លិះ​ឬ​ “បដិវត្តន៍​ផ្កាម្លិះ”​ដែលបាន​ធ្វើឲ្យ​អ្នក​ដឹកនាំ​ចិន​បែក​ញើស​ជោកខ្នង។​ ទាំងនេះ​ក៏​ពីព្រោះតែ​អ្នក​ប្រើ​អ៊ិនធ័រណេត​ចិន​បាន​នាំគ្នា​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចិន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​សម្តែង​ឲ្យ​ឃើញ​នូវ​ការ​ពុំ​ពេញចិត្ត​និង​បញ្ចេញ​កំហឹង​របស់​ពួកគេ​នៅ​ចំពោះមុខ​អំពើ​ពុករលួយ​និង​ការ​រំលោភ​ច្បាប់​ដែល​បាន​ប្រព្រឹត្ត​ដោយ​អ្នក​ដឹកនាំ​ពុំ​គោរព​ច្បាប់​និង​ពុំ​គោរព​ប្រជាពលរដ្ឋ​របស់​ខ្លួន។

ហេតុដូច្នេះហើយ​ បានជា​អាជ្ញាធរចិន​បាន​ដាក់​ពង្រាយ​នគរបាល​និង​ភ្នាក់ងារ​រក្សា​សន្តិសុខ​ប្រមាណ​៧៣៩ ០០០នាក់​ឲ្យ​ដើរ​យាម​ល្បាត​នៅតាម​វិថី​សំខាន់ៗ​នៅ​ទីក្រុង​ប៉េកាំង​និង​នៅ​ទីក្រុង​សៀងហៃ​ហើយនិង​នៅ​តាម​ទីក្រុង​ចិន​ធំៗ​ ជាពិសេស​នៅ​វិថី​Wangfujing នៅ​ទីក្រុង​ប៉េកាំង​ដែល​ឋិត​នៅ​ពុំឆ្ងាយ​ពី​ទីលាន​Tiananmen។

សភាចិន​ដែល​បើកសម័យ​ប្រជុំ​ប្រចាំឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃសៅរ៍​ទី៥មីនា​ឆ្នាំ២០១១​នេះ​នឹង​បន្ត​ដំណើរការ​រហូតដល់​ថ្ងៃទី១៤​មីនា។​ ក្នុង​រយៈពេល​១០ថ្ងៃ​នេះ​ អ្នកតំណាង​៣ ០០០នាក់​មកពី​គ្រប់ទិសទី​នៃ​ប្រទេស​ចិន​ មាន​តាំងពី​ទីក្រុង​ហុងកុង​ ម៉ាកាវ​ និង​តៃវ៉ាន់​បាន​មក​ប្រជុំ​បោះឆ្នោត​អនុម័ត​ទៅលើ​ “ថវិកា”​ ​ “អត្ថបទ​”​ច្បាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ទិសដៅ​សេដ្ឋកិច្ច​ ​ និង​សង្គមកិច្ច។

មហាសន្និបាតនេះ​ត្រូវ​បើក​សម័យ​ប្រជុំ​របស់​ខ្លួន​១ឆ្នាំម្តង​នៅ​ខែមីនា។​ គួរកត់​សម្គាល់ថា​ ​ មាន​អត្ថបទ​ច្បាប់​ជាច្រើន​បាន​ត្រូវ​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​មាន​សមាជិក​១៦០នាក់​ជួប​ប្រជុំ​គ្នា​ពីរខែ​ម្តង។

សូម​បញ្ជាក់ថា​ ​ អ្នកដឹកនាំ​ចិន​ធំៗ​នៅ​ក្នុង​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុម្មុយនិស្ត​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​និង​បញ្ហា​សេដ្ឋកិច្ច​និង​សង្គមកិច្ច​រួច​ទៅហើយ​។​ចំណែកឯ​អ្នកតំណាង​ទាំង៣ ០០០នាក់​នៅ​ក្នុង​សភា​គ្រាន់តែ​ធ្វើការ​បោះឆ្នោត​អនុម័ត​ទទួល​តែ​ប៉ុណ្ណោះ។

ផែនការ៥ឆ្នាំ​លើកទី១២ ​(២០១១-២០១៥​)​ របស់​បក្សកុម្មុយនិស្ត​ចិន​ត្រូវ​សង្កត់​ធ្ងន់​ទៅលើ​៖
ទី១-​ ​ តម្រូវការ​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ជាងមុន។
ទី២-​ ​ ធ្វើការ​កាត់​បន្ថយ​វិសមភាព​សង្គម។
ទី៣-​ ​ គោរព​បរិស្ថាន​ឲ្យ​បាន​ល្អ​ប្រសើរ​ជាងមុន។

រីឯ​លោក​នាយក​រដ្ឋមន្ត្រីចិន​Wen jiabaoបាន​គូស​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​នាឱកាស​បើក​សម័យប្រជុំ​ប្រចាំឆ្នាំ​ថា​ ​ អាទិភាព​ចម្បង​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​សម្រាប់​រដ្ឋាភិបាល​ចិន​នៅ​ឆ្នាំ២០១១​គឺ៖
ទី១-​ ​ ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ។
ទី២-​ ​ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង ​ការរឹបអូស​យកដីធ្លី​ដោយខុសច្បាប់។
ទី៣-​ ​ ប្រយុទ្ធ​ប្រឆាំង​នឹង​កង្វះខាត​នៅ​ក្នុង​វិស័យ​អប់រំ​និង​សុខាភិបាល។

អ្វី​ដែល​សំខាន់​បំផុត​នៅក្នុង​ផែនការ៥ឆ្នាំ​លើកទី១២​(២០១១-២០១៥​)​ របស់​បក្សកុម្មុយនិស្ត​ចិន​គឺ​ ធ្វើ​យ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​ “សន្តិភាព​សង្គម”​ដែល​កំពុង​ស្គាល់​ភាព​ផុយស្រួយ។

“សន្តិភាព​សង្គម”​ចិន​ស្គាល់​ភាព​ផុយស្រួយ​ក៏​ពីព្រោះតែ​ប្រាក់​ចំណូល​របស់​ប្រជាជន​ចិន​នៅ​ក្នុង​ទីក្រុង​ហើយនិង​ប្រជាជន​ចិន​ដែល​រស់​នៅ​តាម​ជនបទ​មាន​គម្លាត​ឃ្លាតពី​គ្នា​កាន់តែ​ឆ្ងាយទៅៗ។​ គម្លាត​នេះ​អាច​មាន​ដល់ទៅ​មួយ​ជា​ដប់។​ អំពើ​ពុករលួយ​និង​ការ​រំលោភ​ច្បាប់​របស់​អ្នក​ដឹកនាំ​មួយ​ចំនួន​ក៏​បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​ខឹង​ក្រេវក្រោធ​យ៉ាង​ខ្លាំង។​ បញ្ហា​ទំនិញ​ឡើងថ្លៃ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​ក្រីក្រ​ជួបនឹង​ការ​លំបាក​យ៉ាង​ច្រើន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI