ដល់វេនប្រទេសស៊ីរីត្រូវទទួលររងគ្រោះនឹងបដិវត្តន៍ផ្កាម្លិះអារ៉ាប់ឬ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មិនទាំងដល់មួយខែផង ស្ថានការណ៍បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងនៅប្រទេសស៊ីរី។ ឥឡូវនេះ ខ្យល់បដិវត្តន៍ផ្កាម្លិះអារ៉ាប់បានមកបក់បោកលើប្រទេសស៊ីរី។ ចាប់តាំងពីថ្ងៃទី១៨មីនាមកទីក្រុងដែរ៉ាដែលឋិតនៅចម្ងាយប្រមាណ ១០០ប្លាយគីឡូម៉ែត្រខាងត្បូងរដ្ឋធានីដាម៉ាសកំពុងឋិតនៅក្នុងស្ថានភាព រំជើបរំជួលដ៏គួរឲ្យបារម្ភ។
កត្តាដែលមកធ្វើឲ្យស្ថានការណ៍នៅប្រទេសស៊ីរីធ្លាក់ចុះដុនដាបមានច្រើន ដែលក្នុងនោះមានកត្តានយោបាយ កត្តាសង្គមនិងសេដ្ឋកិច្ច ហើយនិងកត្តាសាសនា។
ក៏ប៉ុន្តែដើមរឿងនៃការរំជើបរំជួលកើតមាននៅប្រទេសស៊ីរីនេះគឺបណ្តាលមកពីមានការចាប់ខ្លួនកូនសិស្សប្រមាណ១៥នាក់កាលពីជាង១០ថ្ងៃមុន។ កូនសិស្សទាំងនោះបានត្រូវគេចោទថា បានសរសេរដាក់នៅលើជញ្ជាំងនៃទីក្រុងនូវពាក្យស្លោកនៃបដិវត្តន៍អេហ្សីបដែលបានផ្សព្វផ្សាយតាមរយៈទូរទស្សន៍Al-Jazira ដ៏ប្រជាប្រិយថា “ប្រជាជនទាមទារចង់ឲ្យរបបគ្រប់គ្រងបច្ចុប្បន្ននេះដួលរលំ”។
ការចាប់ឃុំខ្លួនហើយនិងការបញ្ជូនកូនសិស្សក្មេងៗទាំងនោះទៅទីក្រុងដាម៉ាសបានធ្វើឲ្យប្រជាជននៅទីក្រុងដែរ៉ាកើតមានការខឹងក្រេវក្រោធយ៉ាងខ្លាំង។ ជាពិសេសកូនសិស្សខ្លះជាកូនចៅដែលចេញពីក្រុមកុលសម្ព័ន្ធដ៏សំខាន់ដែលឋិតនៅប៉ែកខាងត្បូងនៃប្រទេសស៊ីរីហើយនិងនៅប៉ែកខាងជើងនៃប្រទេសហ្សកដានី។ នៅថ្ងៃទី១៨មីនាកន្លងទៅ ក្រោយពីមានពីធីសូត្រធម៌នៃថ្ងៃសុក្រ កំហឹងក្រេវក្រោធរបស់ប្រជាជននៃទីក្រុងដែរ៉ាក៏បានបណ្តាលឲ្យកើតមានជាការប៉ះទង្គិចមួយដ៏ហិង្សារវាងកងកម្លាំងរក្សាសន្តិសុខនិងប្រជាពលរដ្ឋដែលមានពុំចេះឈប់ឈររហូតដល់ពេលនេះ។ បាតតុកម្មនិងភាពរំជើបរំជួលនេះបានរីករាលដាលដល់ទីក្រុងជិតខាងជាច្រើនទៀត។
ហើយបាតុកម្មដែលកើតមានជារៀងរាល់ថ្ងៃនេះបានត្រូវទទួលរងការវាយបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់កងកម្លាំងរក្សាសន្តិសុខស៊ីរីដែលបានបណ្តាលឲ្យមានមនុស្សស្លាប់១១នាក់និងមនុស្សជាច្រើននាក់ទៀតបានត្រូវចាប់ខ្លួន។ ទាំងនេះបានធ្វើឲ្យប្រជាជនស៊ីរីរឹងរិតតែក្តៅក្រហាយបន្ថែមទៀត។
ក្រោយពីមានការវាយប្រហារយ៉ាងហិង្សាកាលពីថ្ងៃអង្គារទី២២មីនាទៅលើវិហារអ៊ីស្លាមAl Omari ដែលជាទីជម្រករបស់ក្រុមបះបោរប្រឆាំងរួចមក នៅថ្ងៃពុធទី២៣មីនាម្សិលមិញ កងកម្លាំងរក្សាសន្តិសុខស៊ីរីបានបាញ់ទៅលើអ្នកចូលរួមបុណ្យសពជនពីរនាក់ដែលបានស្លាប់កាលពីយប់មុននៅទីក្រុងដែរ៉ា។ ទាំងនះបានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ១៥នាក់ ហើយលោកអភិបាលក្រុងនៃទីក្រុងដែរ៉ាដែលជាប្រភពនៃការបះបោររំជើបរំជួលក៏បានត្រូវដកចេញពីមុខតំណែង។ ទីក្រុងដែរ៉ាឥឡូវនេះបានត្រូវឡោមព័ទ្ធដោយកងកម្លាំងយោធានិងកងកម្លាំងប្រយុទ្ធប្រឆាំងភេរវជន។ សូមបញ្ជាក់ថា ប្រទេសស៊ីរីជាប្រទេសឋិតនៅក្រោមការគ្រប់គ្រងផ្តាច់ការអស់រយៈពេល៤០ឆ្នាំមកហើយ បច្ចុប្បន្ននេះប្រទេសស៊ីរីឋិតនៅក្រោមការគ្រប់គ្រងរបស់លោកប្រមុខរដ្ឋBachar el-Assad ដែលកំពុងតែខិតខំបង្ហាញឲ្យគេឯងឃើញថា លោកពុំមែនជាមនុស្សទន់ខ្សោយដូចអ្នកដឹកនាំនៃប្រទេសអារ៉ាប់ជិតខាងឡើយ។
ប្រជាជនស៊ីរីទាមទារចង់បានពីរបបគ្រប់គ្រងស៊ីរីបច្ចុប្បន្ននូវ៖
ទី១-សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពនយោបាយឲ្យមានលក្ខណៈធំទូលាយជាងសព្វថ្ងៃនេះ។
ទី២-លុបចោលនូវការប្រកាសដាក់ប្រទេសឲ្យឋិតនៅក្រោមភាពអាសន្នដែលរបបផ្តាច់ការEl-Assad បានដាក់គំនាបតាំងពីឆ្នាំ១៩៦៣មកម៉្លេះ។
ទី៣-ប្រឆាំងនឹងអំពើពុករលួយហើយនិងរៀបចំឲ្យមានរបបប្រជាធិបតេយ្យនៅប្រទេសស៊ីរី។
ក្រៅពីនេះ ក៏នៅមានការទាមទារផ្នែកសាសនាផងដែរ។ គួររំលឹកថា លោកប្រមុខរដ្ឋBachar el-Assad ដែលបានឡើងមកកាន់អំណាចនៅឆ្នាំ២០០០ក្រោយពីអតីតប្រធានាធិបតីជាឪពុកបានស្លាប់រួចមក លោកBachar el-Assad ដែលជាប់ឆ្នោតម្តងទៀតជាប្រធានាធិបតីនៅឆ្នាំ២០០៧ដោយបានទទួលសម្លេងឆ្នោតគាំទ្ររហូតដល់ទៅ៩៧%ជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយAlaouite ដែលជាផ្នែកមួយនៃសាសនាអ៊ីស្លាមនិកាយChiite នៅក្នុងប្រទេសស៊ីរីមួយដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយSunnites។
ក្រុមបាតុករស៊ីរីឥឡូវនេះកំពុងបារម្ភខ្លាចកើតមានការវាយបង្ក្រាបដ៏សែនឃោរឃៅដូចកាលនៅឆ្នាំ១៩៨២ទៀត ដែលកាលណោះរបបគ្រប់គ្រងផ្តាច់ការស៊ីរីបានវាយបង្ក្រាបការងើបបះបោរនៃក្រុម “Frères musulmans”នៅទីក្រុងHama ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ២០ ០០០នាក់ក្នុងចំណោមប្រជាជនសរុបប្រមាណ២០០ ០០០នាក់។ ហើយសម័យដ៏ខ្មៅងងឹតនៃទសវត្សរ៍ឆ្នាំ១៩៨០ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីHafez el-Assad ដែលជាឪពុករបស់ប្រធានាធិបតីស៊ីរីបច្ចុប្បន្នBachar el-Assad ក៏បានបណ្តាលឲ្យមានអ្នកបាត់ខ្លួនប្រមាន៧០ ០០០នាក់ផងដែរ។
សូមបញ្ជាក់ថា នៅពេលដែល Bachar el-Assadឡើងមកកាន់អំណាចនៅឆ្នាំ២០០០ គេសង្ឃឹមថាយុវជន Bachar el-Assadដែលបានទទួលការអប់រំនិងសិក្សានៅបរទេសពិតជាទីសង្ឃឹមរបស់ប្រជាជនស៊ីរី ក៏ប៉ុន្តែមិនបានយូរប៉ុន្មានឡើយ ក្តីសង្ឃឹមទាំងនោះក៏បានត្រូវរលាយខ្សុលដូចអំបិលត្រូវទឹក។ ឥឡូវនេះរបបគ្រប់គ្រង Bachar el-Assadបានចោទថា គេបានធ្វើការភូតភរកុហកពាន់ព័ន្ធនឹងសោកនាដកម្មនៅទីក្រុងដែរ៉ា។ ប៉ុន្តែបាតុកម្មនិងការរំជើបរំជួលនៅទីក្រុងដែរ៉ានិងនៅទីក្រុងដទៃទៀតបានបណ្តាលឲ្យអ្នកកាន់កាប់អំណាចនៅប្រទេសស៊ីរីបច្ចុប្បន្ននេះកើតមានក្តីបារម្ភយ៉ាងខ្លាំង។
ទាំងលោកអគ្គលេខាធិការនៃអ ស ប បាន គីមូន ទាំងប្រទេសធំៗនៃសហភាពអឺរ៉ុបមានដូចជាប្រទេសបារាំង ប្រទេសអង់គ្លេស ប្រទេសអាល្លឺម៉ង់ជាដើម សុទ្ធតែបានធ្វើការប្រកាសទាមទារឲ្យអ្នកដឹកនាំស៊ីរីបច្ចុប្បន្នគោរពសិទ្ធិសេរីភាពនិងគោរពសេចក្តីថ្លៃថ្នូរនៃប្រជាជនស៊ីរីស្លូតត្រង់របស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ