ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបាញ់​សម្លាប់​បិន ឡាដិន៖​​សហរដ្ឋ​អាមេរិក​មិនសុំទោស​ប៉ាគីស្ថាន​ឡើយ​

សំឡេង ០៥:៣៣
លោកនាយក​រដ្ឋមន្ត្រី​​​Yousouf​ Raza ​Gilani​​នៅ​ក្នុង​​សភា​​ប៉ាគីស្ថាន​នៅថ្ងៃទី​៩ឧសភា​​ឆ្នាំ២០១១​
លោកនាយក​រដ្ឋមន្ត្រី​​​Yousouf​ Raza ​Gilani​​នៅ​ក្នុង​​សភា​​ប៉ាគីស្ថាន​នៅថ្ងៃទី​៩ឧសភា​​ឆ្នាំ២០១១​ © REUTERS

លោកនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​Yousouf Raza Gilani បាន​ទាមទារ​នៅ​ថ្ងៃចន្ទ​ទី៩​ឧសភា​ម្សិលមិញ​ឲ្យ​សហរដ្ឋ​អាមេរិក​សុំទោស​ ប្រទេស​ប៉ាគីស្ថាន​ ​ ដោយហេតុតែ​យោធា​អាមេរិក​មាន​ទង្វើ​ឯកតោភាគី​ក្នុង​ការ​វាយប្រហារ​ទៅលើ​ គេហដ្ឋាន​ដែល​ជា​ទីកន្លែង​លាក់​ខ្លួន​របស់​មេដឹកនាំ​អាល់កៃដា​បិន​ ឡាដិន​នៅ​ទីក្រុង​Abbottabad​ ដោយ​ពុំ​បាន​ប្រាប់​អាជ្ញាធរ​ប៉ាគីស្ថាន​ឲ្យ​ ដឹង​មុន។​ ក៏ប៉ុន្តែ​ រដ្ឋបាល​របស់​លោក​បារ៉ាក់​អូបាម៉ា​បាន​បដិសេធ​មិន​សុំទោស​ប្រទេស​ប៉ាគីស្ថាន ​ឡើយ។ 

ផ្សាយពាណិជ្ជកម្ម

 

អ្នកនាំពាក្យ​នៃ​សេតវិមាន​លោក​ Jay Carney​បាន​ថ្លែង​ប្រកាស​ប្រាប់ថា​ ​ សហរដ្ឋ​អាមេរិក​នឹង​មិនធ្វើការ​សុំទោស​ប្រទេស​ប៉ាគីស្ថាន​ឡើយ​ពាក់ព័ន្ធ​នឹង ​ការ​វាយ​ប្រហារ​ទៅលើ​មេដឹកនាំ​អាល់កៃដា​បិន​ ឡាដិន​នៅ​ទីក្រុង​Abbottabad​ ​ ហើយ​រដ្ឋបាល​របស់​លោក​បារ៉ាក់​អូបាម៉ា​ក៏​មិនសុំទោស​ផងទៀត​ស្ដីពី​ទង្វើ​ ឯកតោភាគី​របស់​ខ្លួន​ពាក់ព័ន្ធ​នឹងការ​វាយប្រហារ​ដោយ​ពុំ​បាន​ប្រាប់​ អាជ្ញាធរ​ប៉ាគីស្ថាន​ឲ្យ​ដឹងមុន។​ ក៏​ប៉ុន្តែ​ សហរដ្ឋ​អាមេរិក​នៅចង់​រក្សា​ទំនាក់​ទំនង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ ប៉ាគីស្ថាន។

ទាំងនេះ​មកពី​រដ្ឋបាល​អាមេរិកាំង​យល់ឃើញថា​ ​ ទំនាក់​ទំនង​សហប្រតិបត្តិការ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ អ៊ីស្លាម៉ាបាដ​មាន​សារៈសំខាន់​ ​ ថ្វីដ្បិតតែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​សាំញ៉ាំ​ចម្រូង​ ចម្រាស​យ៉ាងណាក្តី។​ ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នកទទួល​ខុសត្រូវ​អាមេរិកាំង​ ​ មានចាប់​តាំងពី​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ក៏​បាន​គូស​បញ្ជាក់​ឲ្យ​ ដឹងថា​ ​ ទោះបីជា​យ៉ាង​ណាក្តី​ក៏​ប្រទេស​ប៉ាគីស្ថាន​បាន​ជួយ​ឲ្យ​យោធា​អាមេរិកាំង​បាន ​តាម​រក​ឃើញ​មេដឹកនាំ​អាល់កៃដា​បិន​ ឡាដិន​នៅ​ទីក្រុង​Abbottabad​ផងដែរ។​ ទំនាក់​ទំនង​សហប្រតិបត្តិការ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ អ៊ីស្លាម៉ាបាដ​ពិតជា​មាន​សារៈ​សំខាន់​ ​ ដូច្នេះ​ត្រូវតែ​មាន​បន្ត​ទៅទៀត​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម។​ មូលហេតុ​មួយទៀត​គឺ​ស្ថានភាព​ភូមិសាស្ត្រ​របស់​ប្រទេស​ប៉ាគីស្ថាន​ដែល​មាន​ ព្រំដែន​ជាប់​ជាមួយ​នឹង​ប្រទេស​អាហ្វហ្កានិស្តង់​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ ធ្វើ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ពួក​តាលីបង់។

បច្ចុប្បន្ន​នេះ​ ​ ទំនាក់ទំនង​អាមេរិក-ប៉ាគីស្ថាន​នៅមាន​សភាព​តានតឹង។​ ទីក្រុង​អ៊ីស្លាម៉ាបាដ​ដែលបាន​ថ្លែង​ប្រាប់​ឲ្យ​គេ​ស្គាល់​ឈ្មោះ​របស់​មេ​ យកការ​សម្ងាត់​អាមេរិកាំង​CIA នៅ​ប្រទេស​ប៉ាគីស្ថាន​ ​ ហើយ​ទីក្រុង​អ៊ីស្លាម៉ាបាដ​បាន​ធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​រង់ចាំ​ អស់រយៈពេល​មួយសប្តាហ៍​ ​ ទម្រាំ​យល់ព្រម​ឲ្យ​អាមេរិកាំង​សាកសួរ​យក​ចម្លើយ​ពី​ភរិយា​ទាំងបី​របស់​បិន​ ឡាដិន។

នៅក្នុង​ស្ថានការណ៍​បែបនេះ​ ​ រដ្ឋបាល​របស់​លោក​បារ៉ាក់​អូបាម៉ា​នៅ​មាន​ការ​យល់យោគ​ដល់​អ្នក​ដឹកនាំ​ ប៉ាគីស្ថាន​ដែល​ខុស​ផ្ទុយ​ពី​សាធារណមតិ​អាមេរិកាំង​ដែល​ពុំ​អត់ឱន​ឡើយ​ឲ្យ​ អ្នក​ទទួល​ខុសត្រូវ​ប៉ាគីស្ថាន​។​ នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​មួយ​របស់​NBC បាន​ឲ្យ​ដឹងថា​ ​ ប្រជាជន​អាមេរិកាំង​ដល់ទៅ​៧០%​មាន​ជំនឿ​ជឿថា​ អាជ្ញាធរ​ប៉ាគីស្ថាន​ដឹង​ទីកន្លែង​ដែល​បិន​ ឡាដិន​ពួន​លាក់ខ្លួន​ក៏ប៉ុន្តែ​ពុំ​ព្រម​ប្រាប់​សហរដ្ឋ​អាមេរិក។​ ហើយ​បើ​យោងតាម​ការ​ស្ទាបស្ទង់​មតិ​មួយទៀត​បាន​ឲ្យ​​ដឹងថា​ ​ មាន​ប្រជាជន​តែ​៥%​ប៉ុណ្ណោះ​ដែល​បាន​ចាត់ទុក​ប្រទេស​ប៉ាគីស្ថាន​ជា​ សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។

លោកនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​Yousouf Raza Gilani​បាន​បដិសេធ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​នូវ​ការ​ចោទ​ប្រកាន់​របស់​ អាមេរិក​ថា​ ​ អាជ្ញាធរ​ប៉ាគីស្ថាន​បាន​ឃុបឃិត​ជាមួយ​មេដឹកនាំ​អាល់កៃដា​បិន​ ឡាដិន។​ លោក​Yousouf Raza Gilani​បាន​ថ្លែងថា​ ​ ការចោទ​ប្រកាន់នេះ​ជាការ​ចោទ​ប្រកាន់មួយ​ដ៏​ “ល្ងិតល្ងង់”។​ ក៏​ប៉ុន្តែ​​ លោក​Yousouf Raza Gilani​បាន​សន្យា​ថា​នឹង​ធ្វើ​ការ​អង្កេត​ពី​បញ្ហា​នេះ។

លោកនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​បាន​សម្តែង​ឲ្យ​ដឹងទៀតថា​ ​ អាជ្ញាធរ​ប៉ាគីស្ថាន​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ធ្វើ​ការ​អង្កេត​ដោយ​ប្រើ​ គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យ​ដឹងថា​ ​ តើ​នៅ​ពេលណា​ហើយតើ​ហេតុ​អ្វី​បាន​ជា​បិន​ ឡាដិន​មក​ពួនលាក់​ខ្លួន​នៅ​ទីក្រុង​Abbottabad ដែល​ឋិត​នៅ​ចម្ងាយ​មិន​ឆ្ងាយ​ពី​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​យ៉ាង​ដូច្នេះ ?

សម្រាប់​លោកនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​Yousouf Raza Gilani​ ​ ការ​ចោទ​ប្រទេស​ប៉ាគីស្ថាន​ថា​ ​ ស្ថាប័ន​ប៉ាគីស្ថាន​បាន​លេង​ស្នៀត​ល្បែង​កាំបិត​មុខពីរ​ជាមួយ​ពួក​ភេរវនិយម​ អាល់កៃដា​គឺ​ពិត​ជា​ការ​ចោទ​ប្រកាន់​ដ៏លីលា​ ​ ដោយហេតុថា​ពួក​អាល់កៃដា​និង​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ​ធ្លាប់បាន​មក​ ប្រព្រឹត្ត​អំពើ​ភេរវកម្ម​រាប់រយដង​នៅ​លើ​ដែនដី​ប៉ាគីស្ថាន។​ បន្ថែម​ពីលើនេះ​ ​ លោក​នាយក​រដ្ឋមន្ត្រី​ Yousouf Raza Gilani​បាន​គូស​បញ្ជាក់ថា​ ​ ទាំងនេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​បរាជ័យ​របស់​អ្នក​យកការ​ សម្ងាត់​ទាំង​ខាង​ភាគី​ប៉ាគីស្ថាន​ ​ ទាំងខាង​អាមេរិកាំង​និង​ប្រទេស​លោក​ខាងលិច​ទាំងមូល។

មុននឹង​បញ្ចប់​ ​ លោកនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​Yousouf Raza Gilani​បាន​ចោទ​សួរថា​ ​ តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ក​បង្កើត​ឲ្យ​មាន​ចលនា​ អាល់កៃដា​របស់​បិន​ ឡាដិន​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០?
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI