អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាព​ចុះ​សម្រុង​​គ្នា​ក្នុង​វិស័​យ​សេដ្ឋកិច្ច​​រវាង​​ចិន​​និង​អាមេរិក​​

សំឡេង ០៤:៣០
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក​Timothy Geithner
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក​Timothy Geithner ©​ Reuters
ដោយ៖ សៀក សារិន
២២ នាទី

ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទីមួយ​និង​ទីពីរ​ពោលគឺ​សហរដ្ឋ​ អាមេរិក​និង​ប្រទេស​ចិន​បាន​សម្តែង​​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ចុះ​សម្រុងគ្នា​ ក្នុងវិស័យ​សេដ្ឋកិច្ច​កាលពី​ថ្ងៃអង្គារ​ម្សិល​មិញ​​នៅទីក្រុង​វ៉ាស៊ីនតោន​ ​ ដោយបាន​ចៀសវាង​ប្រឈមមុខ​តទល់គ្នា​នៅក្នុង​បញ្ហា​ទាមទារ​ឲ្យ​ប្រាក់យ័នចិន​ ធ្វើការ​ដំឡើងថ្លៃ​របស់ខ្លួន។

ផ្សាយពាណិជ្ជកម្ម

កិច្ចចរចា​យុទ្ធសាស្ត្រ​និង​សេដ្ឋកិច្ច​លើកទីបី​រវាង​អាមេរិក​និង​ចិន​នៅទីក្រុង​វ៉ាស៊ីនតោន​សម្រេច​បាន​នូវ​ការ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មុតមាំ​ មាន​ចីរភាព​និង​ប្រកប​ដោយ​សមធម៌។

 
ទាំងនេះ​ ដូច​ប្រទេស​ទាំងពីរ​ធ្លាប់​សន្យា​ចង់បាន​នាឱកាស​ជំនួប​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​និង​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​រីក​ចម្រើន​ខ្លាំង​ពោលគឺ​ក្រុម​ប្រទេស​G20៖​ សហរដ្ឋ​អាមេរិក​ចង់​រស់នៅ​និង​អភិវឌ្ឍ​ប្រទេស​តាម​មធ្យោបាយ​ដែល​ខ្លួន​មាន​ ​ ដោយ​ចៀសវាង​ទៅ​ខ្ចី​ប្រាក់​ពី​ប្រទេស​ដទៃ​មាន​ដូចជា​ប្រទេសចិន​ជាដើម។​ ចំណែកឯ​ប្រទេស​ចិន​វិញ​ គេ​ចង់​រុញច្រាន​សេដ្ឋកិច្ច​របស់គេ​ឲ្យ​ពឹង​ផ្អែក​ទៅលើ​ទីផ្សារ​ផ្ទៃក្នុង​របស់​ខ្លួន​ ​ កុំរង់ចាំ​តែ​ការនាំ​ទំនិញ​ចេញ​ទៅលក់​ឲ្យ​ទីផ្សារ​បរទេស​មាន​ដូច​ជា​ទីផ្សារ​អឺរ៉ុប​ឬ​អាមេរិក​នោះឡើយ។

ក៏​ប៉ុន្តែ​ កិច្ចចរចា​យុទ្ធសាស្ត្រ​និង​សេដ្ឋកិច្ច​លើកទីបី​រវាង​អាមេរិក​និង​ចិន​ពុំ​បាន​ដោះ​ស្រាយ​បញ្ហា​ដ៏​ចម្រូង​ចម្រាស​មួយ​ដែល​នៅ​តែ​កើតមាន​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំងពីរ​ឡើយ។

បញ្ហា​ដ៏​ចម្រូងចម្រាស​នោះគឺ​ការ​ដំឡើង​ថ្លៃ​ប្រាក់យ័នចិន​ដែល​ទីក្រុង​ប៉េកាំង​ធ្លាប់បាន​ធ្វើការ​ដំឡើង​ថ្លៃ​​ម្តង​​រួច​​ទៅហើយ​​កាល​ពី​​ខែមិថុនា​​​​​​​​​​​​​កន្លង​ទៅ។​​ ចាប់ពី​ពេល​នោះ​មក​​ ​ តម្លៃ​​ប្រាក់យ័ន​ចិន​​បានឡើង​ថ្លៃ​ប្រមាណ​៥,២%​ដែល​ជា​អត្រា​បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ពេញចិត្ត។​ ក៏​ប៉ុន្តែ​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ អត្រា​នេះ​នៅ​មាន​កម្រិត​ពុំទាន់​គ្រប់គ្រាន់​នៅឡើយ។​ ហើយ​ក្រោយពី​មាន​កិច្ចចរចា​ជាច្រើន​ថ្ងៃរួចមក​ ​ ទាំង​ភាំគី​អាមេរិក​ទាំង​ភាគីចិន​នៅ​តែ​ប្រកាន់​យក​ជំហរ​របស់​ខ្លួន​គ្មាន​ការ​ប្តូរប្រែ​អ្វី​ឡើយ។

ហេតុដូច្នេះហើយ​ ​ ភាគី​ទាំងពីរ​បាន​សម្រេច​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ថា​ “​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​សន្យាថា​នឹង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដើម្បី​​ “​រក្សា​ឲ្យ​មាន​ស្ថិរភាព​រូបិយវត្ថុ​អន្តរជាតិ​"​។

“​រក្សា​ឲ្យ​មាន​ស្ថិរភាព​រូបិយវត្ថុ​អន្តរជាតិ​"​បាន​ន័យថា​សហរដ្ឋ​អាមេរិក​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើងចុះ​ថ្លៃ​ខ្លាំង​ហួសហេតុ​ពេក​នៃ​រូបិយវត្ថុ​អន្តរជាតិ​ដែល​ជា​មូលហេតុ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច​។​ ចំណែកឯ​ប្រទេសចិន​វិញ​ គេ​នឹង​បន្ត​ធ្វើការ​ដំឡើង​ថ្លៃ​ប្រាក់យ័ន​អនុលោម​តាម​សង្វាក់​នឹង​នយោបាយ​ហិរញ្ញវត្ថុ​របស់​ប្រទេស​គេ។

រីឯ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក​Timothy Geithner នាឱកាស​សន្និសីទ​កាសែត​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​បាន​ថ្លែង​ទាមទារ​ឲ្យ​ទីក្រុង​ប៉េកាំង​ធ្វើការ​ដំឡើងថ្លៃ​ប្រាក់យ័នរបស់​ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស​និង​ឲ្យ​បាន​ធំធេង​ជាងនេះ​នៅ​ចំពោះមុខ​រូបិយវត្ថុ​អន្តរជាតិ​សំខាន់ៗ​ដទៃទៀត​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន។

ពាក់ព័ន្ធ​នឹង​ការ​រិះរក​ដំណោះស្រាយ​ឲ្យ​បញ្ហា​ឧនភាព​ពាណិជ្ជកម្ម​វិញ​ ​ សហរដ្ឋ​អាមេរិក​ដែល​មាន​ឧនភាព​ពាណិជ្ជកម្ម​ប្រមាណ​២៧៣​ពាន់លាន​ដុល្លារ​ជាមួយ​ប្រទេសចិន​នៅ​ឆ្នាំ២០១០​មាន​គោលជំហរ​ខុសពី​ប្រទេសចិន។

ភាគីចិន​បាន​ទាមទារ​ឲ្យ​សហគ្រាស​អាមេរិកាំង​មាន​សេរីភាព​ធំទូលាយ​ជាង​នេះ​ក្នុង​ការ​នាំចូល​ប្រទេសចិន​នូវ​ផលិតផល​និង​បច្ចេកវិទ្យា​ដែល​ចិន​ត្រូវការ។​ ក៏ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ពុំ​ទាន់​យល់ព្រម​នៅឡើយ​ ​ ដោយ​ខ្លាច​សហគ្រាស​ចិន​លួច​ចម្លង​យក​បច្ចេកវិទ្យា​របស់​ខ្លួន។

ភាគី​អាមេរិកាំង​ឯណោះវិញ​ ​ គេទាមទារ​ឲ្យ​ទីផ្សារចិន​បើក​ទ្វារ​ចំហ​ឲ្យ​បាន​ធំ​ទូលាយ​ជាងនេះ​ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​សេរី​រវាង​សហគ្រាស​បរទេស​និង​សហគ្រាសចិន​ដោយ​គ្មាន​ការ​រើសអើង​ ​ ទាំងក្នុង​វិស័យ​ឧស្សាហកម្ម​ ​ ទាំងក្នុង​វិស័យ​ហិរញ្ញវត្ថុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ