ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកអូបាម៉ា​​និង​​លោករ៉ាមូស្សេន​​ព្រមព្រៀង​​បន្ត​​វាយប្រហារ​​តាមផ្លូវ​​អាកាស​​ទៅលើ​​ប្រទេស​​លីប៊ី​​

សំឡេង ០៥:០៨
លោក​ប្រធានាធិបតី​អាមេរិក​ ​បារ៉ាក់​អូបាម៉ា
លោក​ប្រធានាធិបតី​អាមេរិក​ ​បារ៉ាក់​អូបាម៉ា ©​ Reuters

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ជួប​ពិភាក្សា​នៅ​ថ្ងៃសុក្រ​ ទី១៣​ឧសភា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​អគ្គលេខាធិការ​នៃ​បក្ស​សម្ព័ន្ធ​ Otan លោក​រ៉ាមូស្សេន។​ អ្នកទាំងពីរ​បានយល់​ព្រមព្រៀង​គ្នាថា​ ​ ជាការ​ចាំបាច់​ត្រូវតែ​បន្ត​ប្រតិបត្តិការ​យោធា​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ប្រទេស​លីប៊ី​ ​ ដរាបណា​​ប្រមុខដឹកនាំ​ផ្តាច់ការ​លីប៊ី​កាដាហ្វ៊ី​នៅតែ​បន្តធ្វើការ​វាយប្រហារ​ទៅលើ​ប្រជាជន​លីប៊ី។

ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ​ ​ បក្ស​សម្ព័ន្ធ​Otan​នៅតែ​បន្ត​ប្រតិបត្តិការ​យោធា​វាយប្រហារ​តាមផ្លូវ​អាកាស​ដោយ​ធ្វើការ​ទម្លាក់​គ្រាប់បែក​ពុំ​ស្រាកស្រាន​ទៅលើ​ទីក្រុង​ទ្រីប៉ូលី។​ នៅ​ព្រឹក​ថ្ងៃសៅរ៍​ទី១៤​ឧសភា​នេះ​ទៀត​ ​ នៅរដ្ឋធានី​នៃ​ប្រទេស​លីប៊ី​ ​ គេបាន​ឮសូរ​សំឡេង​ផ្ទុះ​លាន់ឮ​យ៉ាងខ្លាំង​នៃ​ការ​ផ្ទុះ​គ្រាប់បែក​៦លើក។

 
ក្រោយ​ពីមាន​កិច្ច​ពិភាក្សា​រវាង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​និង​អគ្គលេខាធិការ​នៃ​បក្ស​សម្ព័ន្ធ​Otan លោក​រ៉ាមូស្សេន​ ​ សេចក្តី​ថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹងថា​ ​ បេសកកម្ម​យោធា​របស់​បក្ស​សម្ព័ន្ធ​Otan​បាន​ជួយ​ស្រោចស្រង់​ជីវិត​ប្រជាជន​លីប៊ី​ស្លូតត្រង់​ជាច្រើននាក់។​ ដូច្នេះ​ បក្ស​សម្ព័ន្ធ​Otan​ត្រូវតែ​បន្ត​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ប្រទេស​លីប៊ី​ដោយ​ធ្វើការ​វាយប្រហារ​តាម​ផ្លូវអាកាស​ដើម្បី​ជួយ​ការពារ​ប្រជាជន​លីប៊ី​ ​ ដរាបណា​ប្រមុខ​ដឹកនាំ​ផ្តាច់ការ​កាដាហ្វ៊ី​នៅតែ​បន្ត​ធ្វើការ​វាយប្រហារ​ទៅលើ​ប្រជាជន​លីប៊ី​ស្លូតត្រង់។

ម្យ៉ាងទៀត​ ​ បក្ស​សម្ព័ន្ធ​Otan​យល់​ឃើញថា​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​ដោយ​បាញ់​និង​ទម្លាក់​គ្រាប់បែក​ទៅលើ​ទាហាន​របស់​កាដាហ្វ៊ី​ ​ បាន​ធ្វើ​ឲ្យ​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​កាដាហ្វ៊ី​ស្គាល់​ការខូចខាត​យ៉ាងដំណុំ។​ មូលហេតុ​នេះហើយ​ដែល​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​និង​អគ្គលេខាធិការ​នៃ​បក្ស​សម្ព័ន្ធ​Otan លោក​រ៉ាមូស្សេន​ព្រមព្រៀង​គ្នា​បន្ត​ធ្វើការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ប្រទេស​លីប៊ី។

ចំពោះ​ការ​ចោទ​ប្រកាន់ថា​ទីក្រុង​វ៉ាស៊ីតោន​ចង់​សម្លាប់​កាដាហ្វ៊ី​ ​ សេតវិមាន​បាន​ឆ្លើយ​បដិសេធ​ទាំងស្រុង។​ សហរដ្ឋ​អាមេរិក​គ្រាន់តែ​ធ្វើការ​ទាមទារ​ឲ្យ​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​លាចាកចេញ​ពី​មុខ​តំណែង​ប៉ុណ្ណោះ។​ ទាំងនេះ​ស្របតាម​សេចក្តី​សម្រេចចិត្ត​១៩៧៣​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ដែល​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ។

នៅថ្ងៃសុក្រ​ម្សិលមិញ​ ​ បើយោងតាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីតាលី​លោកFranco Frattini បាន​ឲ្យ​ដឹងថា​ ​ ប្រមុខដឹកនាំ​ផ្តាច់ការ​លីប៊ី​កាដាហ្វ៊ី​ប្រហែល​ជា​បាន​ទទួល​រងរបួស​ហើយបាន​រត់​គេចខ្លួន​ចេញ​ពី​រដ្ឋធានី​ទ្រីប៉ូលី។​ សូមបញ្ជាក់ថា​ ​ កាដាហ្វ៊ី​បាន​បាត់មុខ​ពុំ​ឃើញ​ចេញ​មក​បង្ហាញ​ខ្លួន​តាំងពី​មាន​ការ​វាយប្រហារ​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីក្រុង​ទ្រីប៉ូលី​កាលពី​ថ្ងៃទី​៣០មេសា​កន្លងទៅ​ដែល​បាន​បណ្តាលឲ្យ​កូនប្រុសពៅ​របស់​កាដាហ្វ៊ី​និង​ចៅ​បីនាក់​ទៀត​ស្លាប់។

គណៈប្រតិភូ​នៃ​ក្រុម​អ្នកប្រឆាំង​លីប៊ី​ដឹកនាំ​ដោយ​លោក​Mahmoud Djibril ​ដែល​ជា​ប្រធាន​នៃ​ការិយាល័យ​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​បាន​ជួប​ពិភាក្សា​នៅ​សេតវិមាន​នៅ​ថ្ងៃសុក្រ​ទី១៣​ឧសភា​ម្សិលមិញ។​ ក៏​ប៉ុន្តែ​ គណៈប្រតិភូ​នៃ​ក្រុម​អ្នកប្រឆាំង​លីប៊ី​នេះ​ពុំ​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​និង​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​សហរដ្ឋ​អាមេរិក​នៅឡើយ​ ​ ទោះបីជា​ទីក្រុង​វ៉ាស៊ីនតោន​យល់ថា​ ​ “ក្រុម​ប្រឹក្សាជាតិ​អន្តរកាល”​លីប៊ី​មាន​លក្ខណៈ​ស្របច្បាប់​ក៏ដោយ។​ ហើយ​លោក​Mahmoud Djibril ​ដែល​ជា​ប្រធាន​នៃ​ការិយាល័យ​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សាជាតិ​អន្តរកាល​នឹង​ត្រូវ​មាន​ជំនួប​ពិភាក្សា​នៅ​ថ្ងៃសៅរ៍​ទី១៤​ឧសភា​នេះ​នៅ​ទីក្រុង​ប៉ារីស​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី។

ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៃ​ក្រុម​អ្នកប្រឆាំង​លីប៊ី​ដឹកនាំ​ដោយ​លោក​Mahmoud Djibril ​បាន​ទទួល​ជោគជ័យ​ក្នុង​វិស័យ​ទំនាក់​ទំនង​សាធារណៈ​នៅ​សហរដ្ឋ​អាមេរិក​៖​ ដោយ​បាន​ជួប​ប្រាស្រ័យ​​នៅ​ព្រឹទ្ធសភា​អាមេរិក​ជាមួយ​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​លោក​John Kerry​ ​ ហើយនិង​បាន​ជួប​ពិភាក្សា​នៅ​សេតវិមាន​ ​ ទោះជា​ពុំ​បាន​ជួប​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ក៏ដោយ។

គួរកត់​សម្គាល់ថា​ ​ ក្រុម​ប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​កំពុង​ត្រូវ​ការ​ជំនួយ​ហិរញ្ញវត្ថុ​ប្រមាណ​៣ពាន់លាន​ដុល្លារ​សម្រាប់​ធ្វើការ​បន្ត​ប្រយុទ្ធ​ដើម្បី​ទម្លាក់​កាដាហ្វ៊ី​ចេញពី​មុខ​តំណែង។​ ក៏​ប៉ុន្តែ​ មកទល់​ពេលនេះ​ជំនួយ​អាមេរិកាំង​មាន​ត្រឹមតែ​២៥លាន​ដុល្លារ​សម្រាប់​ជំនួយ​គ្រឿង​សម្ភារៈ​ដែល​ពុំមែន​ជា​សព្វាវុធ​និង​៥៣​លានដុល្លារ​ជា​ជំនួយ​មនុស្សធម៌៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI