អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិបង្ហាញខ្លួននៅតុលាការក្រុងញូវយ៉ក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃច័ន្ទ ទី១៦ ឧសភានេះ លោកដូមីនិក ស្រ្តូសកាន់ (Dominique Strauss-Kahn) អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិត្រូវបង្ហាញខ្លួននៅចំពោះតុលាការក្នុងទីក្រុងញូយ៉ក។ នៅថ្ងៃអាទិត្យ ទី១៥ ឧសភាម្សិលមិញ អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះត្រូវបានរដ្ឋអាជ្ញាក្រុងញូវយ៉កធ្វើការចោទប្រកាន់ក្នុងបទល្មើសចំនួនបី៖ ការបំពារបំពានផ្លូវភេទ ការប៉ុនប៉ងរំលោភសេពសន្ថវៈ និងការឃុំខ្លួនមនុស្សដោយខុសច្បាប់។ លោក ដូមីនិក ស្រ្តូសកាន់បានប្រកាសច្រានចោលនូវគ្រប់ការចោទប្រកាន់ទំាងអស់។
តាមច្បាប់អាមេរិកំាង លោកដូមីនិក ស្រ្តូសកាន់ ដែលជនជាតិបារំាងនំាគ្នាហៅកាត់ថា DSK ត្រូវបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៥ ឧសភាម្សិលមិញ ពោលគឺ ២៤ម៉ោង បន្ទាប់ពីរដ្ឋអាជ្ញាក្រុងញូវយ៉កបានធ្វើការចោទប្រកាន់ ជាផ្លូវការ។ នៅទីបំផុត ការបង្ហាញខ្លួនរបស់លោក DSK ត្រូវបានពន្យារពេលមកដល់ថ្ងៃច័ន្ទ ទី១៦ ឧសភានេះ។ ការពន្យារពេលដោយលោក DSK បានយល់ព្រមឲ្យក្រុមនគរបាលបន្តស្វែងរកភស្តុតាងមួយចំនួនទៀត ដូចយ៉ាងពិនិត្យលើខ្លួនប្រាណរបស់លោកដើម្បីចង់ដឹងថា តើអាចមានស្លាកស្នាមក្រចក ឬអ្វីផ្សេង ដែលស្រ្តីបម្រើក្នុងសណ្ឋាគារ Sofitel New York បានប៉ះពាល់លើរូបលោក DSK ឬអត់ ? និងពិនិត្យលើសម្លៀកបំពាក់របស់លោក DSK ដែលអាចមានជាប់ស្នាម ADN។
សូមជម្រាបជូនថា ប្រព័ន្ធតុលាការរបស់ប្រទេសបារំាង និងសហរដ្ឋអាមេរិកមានលក្ខណៈផ្ទុយគ្នាស្រឡះ។ នៅក្នុងប្រព័ន្ធតុលាការបារំាង គេត្រូវបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ដែលពេលខ្លះ ប្រើពេលយូរអង្វែងដើម្បីប្រមូលភស្តុតាងគ្រប់គ្រាន់ជាមុនសិន មុននឹងចៅក្រមស៊ើបអង្កេតសម្រេចធ្វើការចោទប្រកាន់ និងសម្រេច ឬមិនសម្រេចបញ្ជូនសំណុំរឿងរបស់ជនជាប់ចោទទៅឲ្យតុលាការដើម្បីជំនុំជម្រះ។ តែប្រព័ន្ធតុលាការនៅសហរដ្ឋអាមេរិក រដ្ឋអាជ្ញាជាអ្នកចេញមុខប្រមូលគ្រប់ភស្តុតាងទំាងអស់ ដើម្បីបង្ហាញពីពិរុទ្ធភាពជាយថាហេតុរបស់ជនជាប់ចោទ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការភ្លាមៗ។ បន្ទាប់មក គឺក្រុមមេធាវីរបស់ជនជាប់ចោទ ជាអ្នកចេញមុខការពារកូនក្តី និងលើកភស្តុតាងទៅបង្ហាញថា អ្វីដែលរដ្ឋអាជ្ញាបានចោទលើកូនក្តី ជារឿងមិនពិត។
លោក DSK អាចនឹងទទួលទោសជាប់ពន្ធនាគារយ៉ាងតិច ២០ឆ្នំា
តំាងពីថ្ងៃអាទិត្យ ទី១៥ ឧសភាម្សិលមិញមក មេធាវីម្នាក់របស់លោក DSK បានប្រាប់ឲ្យដឹងថា កូនក្តីរបស់លោកបានប្រកាសច្រានចោលគ្រប់ការចោទប្រកាន់ទំាងអស់របស់រដ្ឋអាជ្ញាក្រុងញូវយ៉ក និងថា ខ្លួនលោកគ្មានកំហុសអ្វីទេ។ ក៏ប៉ុន្តែ ប្រសិនលោក DSK ប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន ឬមួយក៏តុលាការបានរកឃើញភស្តុតាងគ្រប់គ្រាន់ ដូចការចោទប្រកាន់របស់រដ្ឋអាជ្ញា លោក DSK នឹងត្រូវទទួលទោសជាប់ក្នុងពន្ធនាគារចន្លោះពី ២០ ទៅ ២៥ឆ្នំា។
យ៉ាងណាក៏ដោយ វត្តមានរបស់លោក DSK នៅចំពោះមុខតុលាការក្នុងថ្ងៃនេះ គ្រាន់តែជាជំហានដំបូងនៃដំណើរការកាត់ទោសលោក DSK ដែលនឹងត្រូវប្រើពេលយូរអង្វែង រហូតដល់រាប់ខែ។ នៅក្នុងសវនាការថ្ងៃនេះ
ព្រះរាជអាជ្ញានឹងធ្វើការអានបទចោទប្រកាន់ទំាង ៣លើរូបលោក DSK រួមមាន៖ ការបំពារបំពានផ្លូវភេទ ការប៉ុនប៉ងរំលោភសេពសន្ថវៈ និងការឃុំខ្លួនមនុស្សដោយខុសច្បាប់។ បន្ទាប់មក ចៅក្រមនឹងធ្វើការសម្រេចចិត្តថា តើត្រូវបន្តឃុំខ្លួនលោក DSK ជាបណ្តោះអាសន្ន ឬមួយក៏ត្រូវដោះលែងលោក DSK ឲ្យមានសេរីភាពបណ្តោះអាសន្ន បន្ទាប់ពីលោកបានយល់ព្រមបង់ប្រាក់តម្កល់។ តាមមើលទៅ លោក DSK អាចជ្រើសរើសយកដំណោះស្រាយទី២ គឺយល់ព្រមបង់ប្រាក់តម្កល់ ប្តូរយកសេរីភាពបណ្តោះអាសន្ន។ ក្នុងន័យនេះ ចៅក្រមច្បាស់ជាធ្វើការសិក្សាយ៉ាងប្រយ័ត្នប្រយែងបំផុត ពិសេស អំពីចំនួនទឹកប្រាក់ដែលត្រូវតម្កល់ និងអំពីលក្ខខណ្ឌនៃសេរីភាពបណ្តោះអាសន្នដែលលោក DSK ត្រូវមាន។ សំណួរដែលតុលាការអាមេរិកំាងកំពុងចោទជាពិសេស គឺថា តើគេគួរឲ្យលោក DSK មានសិទ្ធិសេរីភាពក្នុងការធ្វើដំណើរចេញពីសហរដ្ឋអាមេរិក ឬទេ ? បើឲ្យលោក DSK អាចធ្វើដំណើរដោយសេរីបាន តើគេប្រាកដថា លោក DSK នឹងត្រលប់ទៅបង្ហាញខ្លួនជាថ្មី តាមការកោះហៅរបស់តុលាការ ឬទេ ?។
ក្នុងនាមលោក DSK ជាជនជាតិបារំាង ចៅក្រមអាចនឹងពិនិត្យមើលអំពីកិច្ចព្រមព្រៀងធ្វើបត្យាប័នរវាងបារំាង និងអាមេរិក។ ប្រសិនបើលោក DSK ជាពលរដ្ឋសាមញ្ញម្នាក់នោះ គឺមិនចំណោទទេ ចៅក្រមប្រាកដជាដកលិខិតឆ្លងដែនតែម្តង តែដោយលោក DSK ជាអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ និងក៏ជាឥស្សរជននយោបាយបារំាងម្នាក់ដ៏ល្បីផង តើគេអាចបិទសេរីភាពក្នុងការដើរហើរដោយសេរីរបស់លោក DSK ឬទេ ?
ប៉ុន្តែ ការដែលលោក DSK បានចាកចេញពីសណ្ឋាគារយ៉ាងប្រញាប់ប្រញាល់ រហូតដល់ភ្លេចទូរស័ព្ទដៃ និងសម្ភារៈផ្ទាល់ខ្លួនមួយចំនួនក្នុងសណ្ឋាគារ អាចជាសក្ខីភាពមួយដែលបញ្ជាក់ថា លោក DSK ពិតជាបានប្រព្រឹត្តកំហុសឆ្គងអ្វីមួយ។ ដូច្នេះ ចៅក្រមអាចលើកហេតុផលនេះ ដើម្បីដកលិខិតឆ្លងដែនពីលោក DSK មិនឲ្យចាកចេញពីទឹកដីអាមេរិកំាង។
តួនាទីរបស់លោក DSK ឈានដល់ទីបញ្ចប់
សំណុំរឿងរបស់លោក DSK ពេលនេះ មិនត្រឹមតែធ្វើឲ្យអាម៉ាស់មុខលោក DSK និងក្រុមគ្រួសាររបស់លោកប៉ុណ្ណោះទេ តែបានធ្វើឲ្យអាប់ឱនកិត្តិយសប្រទេសបារំាងយ៉ាងខ្លំាង ពិសេសគណបក្សសង្គមនិយម ដែលជាគណបក្សប្រឆាំង ព្រោះថា លោក DSK គឺជាអ្នកនយោបាយដែលមានប្រជាប្រិយភាពខ្ពស់ជាងគេបំផុត និងដែលអាចប្រជែងយកតំណែងប្រធានាធិបតីបារាំង ក្នុងការបោះឆ្នោត នៅឆ្នាំ២០១២ខាងមុខ។
ជាមួយគ្នានេះ តួនាទីរបស់លោក DSK ក្នុងនាមជាអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិត្រូវចប់ ពីព្រោះលោក DSK មិនអាចទទួលបានអភ័យឯកសិទ្ធិទូតទេ ហើយលក្ខន្តិកៈរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏មិនបានចែងអំពីអភ័យឯកសិទ្ធិសម្រាប់បុគ្គលិករបស់ខ្លួន។ នៅពេលនេះ ឥស្សរជនដែលនឹងអាចស្នងតំណែងបន្តពីលោក DSK មានច្រើន ពិសេស ឥស្សរជនចេញមកពីបណ្តាប្រទេសដែលកំពុងមានសេដ្ឋកិច្ចជឿនលឿន ដូចជាលោក Trévor Manuel អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាហ្រ្វិកខាងត្បូង ថ្នាក់ដឹកនំាជាន់ខ្ពស់មកពីប្រទេសឥណ្ឌា ឬមួយក៏ជនជាតិចិន លោក Zhu Min ទីប្រឹក្សាពិសេសរបស់លោក DSK ដែលទើបតែងតំាងកាលពី១ឆ្នំាមុន។
តួនាទីរបស់លោក DSKឈានចូលទីបញ្ចប់ តែអង្គការ IMF នៅមានសំណុំរឿងសេដ្ឋកិច្ចពិភពលោកជាច្រើនទៀតដែលត្រូវដោះស្រាយ ពិសេស ផែនការជួយសង្រ្គោះវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសអឺរ៉ុបមួយចំនួន ដូចយ៉ាងប្រទេសក្រិក អៀរឡង់ និងប្រទេសព័រទុយហ្កាល។ នៅថ្ងៃនេះ IMFត្រូវបើកកិច្ចប្រជុំជាមួយបណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ូ ដើម្បីអនុម័តផែនការទី២ក្នុងការជួយស្រោចស្រង់វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសក្រិក។ តែអវត្តមានរបស់លោក DSK ពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងច្បាស់ជាធ្វើឲ្យអឺរ៉ុបបាត់បង់នូវមនុស្សម្នាក់ដ៏សំខាន់ប្រចំានៅទីក្រុងវ៉ាស៊ីនតោន។ ទីក្រុងវ៉ាស៊ីនតោនដែលចង់ឃើញ IMF ចាត់វិធានការជួយស្រោចស្រង់ប្រទេសផ្សេងទៀត ក្រៅពីប្រទេសក្នុងទ្វីបអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ