ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការស្វែងរក​​​អគ្គនាយក​FMI​ថ្មីជំនួស​លោក​ DSK

ចុះផ្សាយ​នៅ​ថ្ងៃ៖

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​បាត់បង់​អគ្គនាយក​របស់​ខ្លួន​ ​ ដោយហេតុតែ​លោក​Dominique Strauss-Kahn ​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​ញូវ​យ៉ក។​ ចំណែកឯ​ ឥស្សរជន​ទីពីរ​នៃ​FMI​ដែល​នឹង​ត្រូវ​ឡើងមក​កាន់កាប់​តំណែង​ជំនួស​លោក​Dominique Strauss-Kahn ​ហើយនិង​ត្រូវ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​នៅ​តំបន់​អឺរ៉ូ​គឺ​លោក​John Lipsky​ ក៏​ត្រូវ​ចាកចេញ​ពី​FMI​នៅពេល​ដ៏ខ្លី​ខាងមុខ​នេះ​ផងទៀត។​ ទាំងនេះ​ធ្លាក់​ចំពេល​ដែល​តំបន់​អឺរ៉ូ​កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាង​សែន​ធ្ងន់ធ្ងរ។

លោក​Dominique Strauss-Kahn​​ ​ជាប់​ឃុំ​​នៅក្នុង​​ពន្ធនាគារ​​នៅ​ទីក្រុង​​ញូវ​យ៉ក​ ថ្ងៃទី១៦​ឧសភា​ឆ្នាំ២០១១.
លោក​Dominique Strauss-Kahn​​ ​ជាប់​ឃុំ​​នៅក្នុង​​ពន្ធនាគារ​​នៅ​ទីក្រុង​​ញូវ​យ៉ក​ ថ្ងៃទី១៦​ឧសភា​ឆ្នាំ២០១១. ©​ REUTERS/Andrew Gombert/Pool
ផ្សាយពាណិជ្ជកម្ម

លោក​Dominique Strauss-Kahn​ អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​ញូវ​យ៉ក​ ពី​បទ​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ បាន​ទុក​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​កំពូល​មួយនេះ​ឋិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ខ្លួន​ពុំ​ដែល​កើតមាន​សោះឡើយ។​ ហេតុដូច្នេះហើយ​ បាន​ជា​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ដើម្បី​ពិនិត្យ​មើល​ពី​បញ្ហា​អស់ទាំងនេះ​ ក៏​ប៉ុន្តែ​នៅ​ពុំទាន់​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អ្វីឡើយ។

 
ឥឡូវនេះ​ អ្នកកាន់​ចង្កូត​FMI ជំនួស​លោក​Dominique Strauss-Kahn​គឺ​ លោក​John Lipsky​ដែល​ជា​ជនជាតិ​អាមេរិកាំង​និង​ជា​ភូឈួយ​ទីមួយ​របស់​អគ្គនាយក។

ពុំ​ឲ្យ​ខាត​ពេលវេលា​ឡើយ​ ​ កលល្បិច​ជុំវិញ​ការ​ស្វែងរក​អ្នកកាន់​ចង្កូត​FMI ​ជំនួស​លោក​Dominique Strauss-Kahn​ក៏​បាន​ចាប់កើតមាន​យ៉ាង​ឆាប់រហ័ស។​ លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​Angela Merkel​បាន​ចេញ​មុខ​ការពារ​យ៉ាង​មុតមាំ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញថា​ ​ អនាគត​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ត្រូវ​តែ​ជា​ឥស្សរជន​ដែល​ចេញពី​តំបន់​អឺរ៉ូ។

មូលហេតុ​ដែល​នាំឲ្យ​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​មែរគែល​ ​ និង​ឥស្សរជន​អឺរ៉ុប​មួយចំនួន​ចង់​ឲ្យ​មាន​ ​ អគ្គនាយក​FMI​ជា​ឥស្សរជន​ចេញពី​តំបន់​អឺរ៉ូ​ ​ មកពី​ពួកគេ​យល់ថា​ តំបន់​អឺរ៉ូ​បច្ចុប្បន្ន​កំពុង​ត្រូវ​ធ្វើការ​ប្រឈម​មុខ​ទល់នឹង​វិបត្តិ​ហិរញ្ញវត្ថុ​មួយ​ដ៏​សែន​ធ្ងន់ធ្ងរ​ ​ មាន​ដូចយ៉ាង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក​ដែល​កំពុង​ជាប់​ជំពាក់​បំណុល​គេ​ដល់ទៅ​៣៥០ពាន់លាន​អឺរ៉ូ​សម្រាប់​ប្រទេស​អឺរ៉ុប​ដ៏​តូចមួយ​ដែល​មាន​ប្រជាជន​ប្រមាណ​តែ​១០លាននាក់​ប៉ុណ្ណោះ។​ ក្រៅពីនេះ​ ​ នៅមាន​ករណី​ប្រទេស​ព័រទុយហ្កាល់​ ប្រទេស​អៀរឡង់​ ប្រទេស​អេស្ប៉ាញ​......។ល។........ដែល​កំពុង​ត្រូវ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ​របស់​ខ្លួន។​ មូលហេតុ​មួយទៀត​គឺ​ប្រទេស​អឺរ៉ុប​ជា​អ្នក​មាន​ភាគហ៊ុន​ច្រើន​ជាងគេ​ ​ ហើយ​ក៏​ជា​អ្នក​បាន​ទទួល​ប្រាក់​កម្ចី​ច្រើន​ជាង​គេ​ដែរ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​។

គួរកត់​សម្គាល់ថា​ ​ ចាប់តាំងពី​ឆ្នាំ១៩៤៦​មក​ ​ មុខតំណែង​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​តែងតែ​កាន់កាប់​ដោយ​ឥស្សរជន​ចេញ​ពី​ប្រទេស​អឺរ៉ុប​ជានិច្ច។​ ចំណែកឯ​ឥស្សរជន​បារាំងវិញ​បាន​កាន់កាប់​តំណែង​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​នេះ​ដល់ទៅ​៣៤ឆ្នាំ។

នៅពេល​ដែល​លោក​Dominique Strauss-Kahn​ បាន​ដាក់​បេក្ខភាព​ធ្វើជា​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​នៅ​ឆ្នាំ២០០៧​ ​ លោក​Jean-Claude Juncker មេដឹកនាំ​វិស័យ​ហិរញ្ញវត្ថុ​នៅ​​តំបន់អឺរ៉ូ​បាន​ថ្លែងថា​ លោក​Dominique Strauss-Kahn​គឺជា​អគ្គនាយក​FMI​ចុងក្រោយ​ដែល​ជា​ឥស្សរជន​ចេញ​ពី​ប្រទេស​អឺរ៉ុប។

ទាំងនេះ​មកពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង​សំខាន់ៗ​ ​ មាន​ដូចជា​ប្រទេស​ចិន​ និង​ប្រទេស​ឥណ្ឌា​ជាដើម​មាន​ទម្ងន់​កាន់តែ​ខ្លាំងឡើងៗ​នៅ​លើឆាក​សេដ្ឋកិច្ច​ពិភពលោក។​ ប្រទេស​ចិន​នៅពេល​ថ្មីៗ​នេះ​បាន​ក្លាយ​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ឋិត​នៅ​ពីមុខ​ប្រទេស​ជប៉ុន​ផងទៀត។​ ដូច្នេះហើយ​ ប្រទេស​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង​ទាំងនោះ​ក៏​ចង់​បញ្ចេញ​សំឡេង​ ​និង​មានតួ​នាទី​សំខាន់​នៅក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​កំពូល​ដូចជា​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​នេះ​ផងដែរ។

នៅក្នុង​ទស្សនវិស័យ​ចង់ឲ្យ​មាន​ មេដឹកនាំ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ជា​ឥស្សរជន​ចេញពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង​ ​ លោក​Dominique Strauss-Kahn​បាន​តែងតាំង​នៅ​ឆ្នាំ២០១០​ឥស្សរជន​ចិន​ម្នាក់​ឈ្មោះ​Zhu Min​ធ្វើជា​ “ទី​ប្រឹក្សា​ពិសេស​”។

នៅពេលថ្មីៗនេះ​ ​ មាន​លេចឮ​ឈ្មោះ​ឥស្សរជន​អាស៊ី​និង​អាហ្វ្រិក​ជាច្រើន​នាក់​មាន​ដូចជា​លោក​Kermal Dervis អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ទួរគី​ ​ លោក​Trevor Manuel ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាហ្វ្រិក​ខាងត្បូង​ ​ ឬ​ប្រធាន​ធនាគារ​កណ្តាល​ឥណ្ឌា​លោក​Duvvuri Subbarao ដែល​អាច​ដាក់​បេក្ខភាព​ធ្វើ​ជា​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ជំនួស​លោក​Dominique Strauss-Kahn។

ក៏​ប៉ុន្តែ​មើលទៅ​ ​ បេក្ខជន​ចេញ​ពី​ប្រទេស​អាស៊ី​តូចៗ​ដូចជា​ប្រទេស​ថៃ​ឬ​ប្រទេស​ម៉ាឡេស៊ី​ប្រហែល​ជា​អាចមាន​ភ័ព្វ​សំណាង​ធ្វើជា​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ជំនួស​លោក​Dominique Strauss-Kahn។​ ទាំងនេះ​ ក៏​ដោយសារតែ​គេ​ចៀសវាង​កុំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​និង​ការ​មិន​ចុះ​សម្រុង​រវាង​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា។​ ចំណែកឯ​លោក​Tharman Shanmugaratnam រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សិង្ហបុរី​ក៏​អាច​នឹងមាន​ភ័ព្វ​វាសនា​ធ្វើជា​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​នឹងគេដែរ។

រីឯ​ឈ្មោះ​របស់​លោក​ស្រី​Christine Lagarde រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​បច្ចុប្បន្ន​ក៏​បាន​ត្រូវគេ​លើកឡើង​ថា​ ​ អាចឡើង​មក​កាន់​តំណែង​ជា​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ ជំនួស​លោក​Dominique Strauss-Kahn​ផងដែរ។​ ប៉ុន្តែ​ប្រហែល​ជា​មាន​ការ​លំបាក​ច្រើន​ដើម្បី​សម្រេច​ឲ្យ​បាន​ដូចបំណង​នេះ​ ​ ដោយហេតុថា​ លោក​Dominique Strauss-Kahn​ជា​ជនជាតិ​បារាំង​ដែល​ទើបតែ​ចាកចេញ​ពី​មុខ​តំណែង​យ៉ាងសែន​ថ្មីៗ​បែបនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត