អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុល្យាការ​របស់​លោកDominique​ Strauss-Kahn ​នៅមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​

សំឡេង ០៦:២៨
លោក​Dominique Strauss-Kahn​ ​អគ្គនាយក​​នៃ​​មូលនិធិ​​រូបិយវត្ថុ​​អន្តរជាតិ​ ​IMF
លោក​Dominique Strauss-Kahn​ ​អគ្គនាយក​​នៃ​​មូលនិធិ​​រូបិយវត្ថុ​​អន្តរជាតិ​ ​IMF © Bloomberg via Getty Images
ដោយ៖ សៀក សារិន
៣២ នាទី

លោក​Dominique Strauss-Kahn ​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF បាន​លាឈប់​ពី​មុខតំណែង​នៅ​ថ្ងៃព្រហស្បតិ៍​ទី១៩​ឧសភា​ឆ្នាំ២០១១​នេះ​ ​ ដោយបាន​បន្សល់​ទុក​ឲ្យ​នូវ​ជោគជ័យ​នៃ​ការ​ធ្វើ​ទំនើបកម្ម​ទៅលើ​ស្ថាប័ន​ ហិរញ្ញវត្ថុ​ដ៏ល្បីឈ្មោះ​មួយនេះ​ ​ ហើយក៏​បាន​បន្សល់​ទុកឲ្យ​ផងដែរ​នូវ​ « ការដ្ឋាន​ »មួយ​ចំនួន​ដែល​ពុំ​ទាន់បាន​បញ្ចប់។

ផ្សាយពាណិជ្ជកម្ម

 

ជោគជ័យ​របស់​លោក​Dominique Strauss-Kahn​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ទៅលើ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​មាន៖

ទី១-កំណែទម្រង់​ទៅលើ​សិទ្ធិ​ក្នុង​ការបោះឆ្នោត
លោក​Dominique Strauss-Kahn​ក្នុង​ឋានៈ​ជា​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​ត្រូវការ​ពេល​វេលា​ដល់ទៅ​៦ខែ​ដើម្បី​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​​ប្រទេស​ជា​សមាជិក​IMF​យល់ព្រម​ធ្វើកំណែទម្រង់​ទៅលើ​សិទ្ធិ​ក្នុង​ការបោះឆ្នោត​ ដោយ​បាន​ផ្តល់​អាទិភាព​ឲ្យ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង។​ ទាំងនេះ​ដើម្បី​ធ្វើការ​កែតម្រូវ​កុំឲ្យ​មាន​វិសមតា​ខ្លាំង​ពេក​នៅក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​ ​ ហើយនិង​ដើម្បី​ឲ្យ​បាន​សមស្រប​នឹង​ទម្ងន់​នៃ​ប្រទេស​ទាំងនោះ​នៅ​លើ​ឆាក​សេដ្ឋកិច្ច​ពិភពលោក​ថ្មី។

ទី២-ការស្ដារ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​IMF
នៅ​ឆ្នាំ២០០៧​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​ធ្លាក់​ក្នុង​សភាព​មួយ​ដ៏​ដុនដាប​ ​ ដែល​តម្រូវ​ឲ្យ​IMF លក់​ស្តុក​មាស​មួយ​ចំនួន​របស់​ខ្លួន​ ​ ហើយនិង​តម្រូវ​ឲ្យ​IMF​បញ្ឈប់​បុគ្គលិក​មួយ​ចំនួន​ផងទៀត​ដោយ​ហេតុ​តែ​បញ្ហា​ហិរញ្ញវត្ថុ។​ ប៉ុន្តែ​ក្រោយ​ពី​លោក​Dominique Strauss-Kahn​បាន​ឡើង​មក​កាន់​តំណែង​ជា​អគ្គនាយក​ ​ បច្ចុប្បន្ននេះ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​មាន​សល់​ប្រាក់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ជួយ​ប្រទេស​ក្នុងលោក​ដែល​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ។​ ទាំងនេះ​ក៏​ដោយសារ​តែ​ប្រទេស​សមាជិក​IMF​បាន​សម្រេច​ចិត្ត​នៅខែ​មេសា​ឆ្នាំ២០០៩​ធ្វើការ​បង្កើន​បរិមាណ​នៃ​មូលនិធិ​របស់​ខ្លួន​មួយ​ជាបី។

ទី៣-ការផ្តល់​ប្រាក់​កម្ចី​ឲ្យ​ប្រទេស​ក្រីក្រ​ដោយ​កំណត់​យក​អត្រា​ការប្រាក់​សូន្យ
នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​Dominique Strauss-Kahn ​ជា​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​ ​ នៅខែ​កក្កដា​ឆ្នាំ២០០៩​ជាលើក​ទី១​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​IMF ដែល​បាន​ផាត់​លុបចោល​ “ការប្រាក់”​ឲ្យ​ប្រទេស​ក្រីក្រ​សម្រាប់​រយៈកាល​ពីរឆ្នាំ​កន្លះ​ ​ ហើយ​កាយវិការ​ដ៏​សប្បុរស​នៃ​ការ​ផាត់​លុបចោល​ “ការប្រាក់”​ឲ្យ​ប្រទេស​ក្រីក្រ​ដោយ​IMF​នេះ​អាច​នឹង​ធ្វើ​បន្ត​ទៅទៀត។

ទី៤-ការ​ធ្វើទំនើបកម្ម​ទៅលើ​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​និង​ការ​ផ្តល់​ប្រាក់​កម្ចី
ប្រឈម​មុខ​ទល់នឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដ៏ធំធេង​ ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​បាន​ខិតខំ​រិះរក​មធ្យោបាយ​ដើម្បី​ជួយការពារ​ប្រទេស​ដែល​កំពុង​ជួប​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​ ​ ដោយបាន​បង្កើត​ឲ្យ​មាន​នូវ​ “ឥណទាន​វិវឌ្ឍន៍”​ មួយ​នៅឆ្នាំ២០០៩​សម្រាប់​ជួយ​ដល់​ប្រទេស​ជួបនឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​មាន​ការ​គ្រប់គ្រង​និង​មាន​អភិបាលកិច្ច​ល្អ។

ចំណែកឯ​« ការដ្ឋាន​ » ​ដែល​លោក​Dominique Strauss-Kahn​ពុំ​ទាន់បាន​បញ្ចប់​នោះ​មាន៖
 
ទី១-កំណែទម្រង់ទៅលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ
ដោយហេតុតែ​មាន​ប្រទេស​ជាច្រើន​ដែល​ជា​សមាជិក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​ពុំ​ពេញចិត្ត​នឹង​ដំណើរការ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​Système Monétaire International ​ ទើប​បាន​ជា​លោក​Dominique Strauss-Kahn​បាន​ខិតខំ​រិះរក​មាគ៌ា​នយោបាយ​ដើម្បី​ជួយ​ធ្វើ​កំណែ​ទម្រង់។​ ហើយ​ទោះ​ជា​យ៉ាងណា​ក្តី​ ​ ក៏​ប្រាក់​ដុល្លារ​អាមេរិក​នៅ​រក្សា​ “លក្ខន្តិកៈ”​របស់​ខ្លួន​សម្រាប់​រយៈពេល​មួយ​ដ៏​វែង​ឆ្ងាយ​ទៀត។

ទី២-ការលើក​តម្កើង​កិត្តិនាម​និង​រូបភាព​របស់​IMF
លោក​Dominique Strauss-Kahn​មាន​ការ​ពេញចិត្ត​នឹង​រូបភាព​របស់​IMF ដែល​បាន​វិវឌ្ឍ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​ពីពេល​មុន​ដោយសារតែ​មាន​កំណែ​ទម្រង់​របស់លោក។​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​ដែល​ប្រទេស​ជា​ច្រើន​ធ្លាប់​បាន​ចាត់ទុកថា​ ​ ឧបករណ៍​របស់​ប្រទេស​ឧស្សាហកម្ម​អ្នកមាន​សម្រាប់​ធ្វើការ​ក្តោបក្តាប់​ត្រួតត្រា​ទៅលើ​ប្រទេស​ក្រីក្រ។​ ក៏ប៉ុន្តែ​ដោយហេតុ​តែ​ “កម្មវិធី​តឹងរ៉ឹង​ត្បិតត្បៀត”​របស់​IMF​ដាក់​ទៅលើ​ប្រទេស​មាន​វិបត្តិ​ហិរញ្ញវត្ថុ​មួយចំនួន​ដូចជា​ប្រទេស​ក្រិក​ ប្រទេស​អៀរឡង់​ ឬ​ប្រទេស​រូម៉ានី​ជាដើម​ ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​នៅ​តែ​មាន​រូបភាព​អប្រជាប្រិយ​នៅ​ក្នុង​ប្រទេស​ទាំងនោះ។

ទោះបីជា​ទម្ងន់​សេដ្ឋកិច្ច​នៃ​ប្រទេស​អាស៊ី​សំខាន់ៗ​បាន​ស្ទុះ​កើនឡើង​ពុំ​ឈប់ឈរ​យ៉ាងណា​ក្តី​ ​ ក៏​បេក្ខភាព​នៃ​ឥស្សរជន​មក​ពី​ប្រទេស​អាស៊ី​នៅ​មាន​កង្វះខាត​ពុំ​ទាន់​អាច​ឡើង​មក​កាន់​កាប់​តំណែង​ ជា​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF ​ជំនួស​លោក​Dominique Strauss-Kahn​ដែល​បាន​លាឈប់​ពី​មុខតំណែង​នៅ​ថ្ងៃព្រហស្បតិ៍​ទី១៩​ឧសភា​ឆ្នាំ២០១១​នេះ​នៅឡើយ។​ តើ​ទាំងនេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ?​

មូលហេតុ​ចម្បង​គឺ​ប្រទេស​អាស៊ី​ដែល​ជា​សមាជិក​របស់​IMF ​នៅ​ពុំទាន់​ចេះ​រួបរួមគ្នា។​ ជាក់​ស្តែង​ប្រទេស​អាស៊ី​ជាច្រើន​គ្រោង​បញ្ចេញ​បង្ហាញ​បេក្ខជន​របស់​ខ្លួន។​ ក៏ប៉ុន្តែ​ប្រទេស​អាស៊ី​ទាំងនោះ​ពុំ​បាន​គិតគូរ​ពិភាក្សា​គ្នា​ក្នុង​ថ្នាក់​តំបន់​របស់ខ្លួន​ឡើយ។

រីឯ​បេក្ខភាព​របស់​លោក​ស្រី​Christine Lagarde រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​វិញ​ ​ បាន​ទទួល​ការគាំទ្រ​ជាច្រើន​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អាស៊ី​មួយ​ចំនួន។

គួរកត់​សម្គាល់ថា​ ​ បេក្ខភាព​នៃ​ឥស្សរជន​អាស៊ី​ពីររូប​ដែល​មាន​ឈ្មោះ​លេច​ចេញ​ជាងគេ​គឺ​លោក​Montek Singh Ahluwalia មាន​អាយុ​៦៧ឆ្នាំ​ជា​អគ្គនាយករង​នៃ​ស្នងការដ្ឋាន​ផែនការ​ឥណ្ឌា។​ ឥស្សរជន​អាស៊ី​ម្នាក់ទៀត​គឺ​លោក​Tharman Shanmugaratnam អាយុ​៥៤ឆ្នាំ​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សិង្ហបុរី៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ