ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើប្រទេសស៊ីរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហភាពអឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើរបបផ្តាច់ការរបស់ បាស្ហារអាល-អាស្សាដដែលបានវាយបង្ក្រាបដ៏សែនហិង្សាទៅលើបាតុករស៊ីរី។ ការវាយបង្ក្រាបដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ៩០០នាក់ នេះបើយោងតាមតួលេខរបស់ អ.ស.ប.និងអង្គការការពារសិទ្ធិមនុស្ស។ ក្រោយពីស រ អា សហភាពអឺរ៉ុបបានសម្រេចចិត្តកាលពីថ្ងៃចន្ទម្សិលមិញ ដាក់ទណ្ឌកម្មបន្ថែមទៅលើរបបផ្តាច់ការស៊ីរីបាស្ហារអាល-អាស្សាដ។
រដ្ឋមន្ត្រីក្រសួងការបរទេសអឺរ៉ុបបានសម្រេចចិត្តកាលពីថ្ងៃចន្ទទី២៣ឧសភាឆ្នាំ២០១១ដាក់ទណ្ឌកម្មទៅលើប្រធានាធិបតីស៊ីរីបាស្ហារអាល-អាស្សាដដែលជាអ្នកទទួលខុសត្រូវក្នុងការវាយបង្ក្រាបយ៉ាងហិង្សាទៅលើបាតុករស៊ីរី។ ការវាយបង្ក្រាបដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ៩០០នាក់ នេះបើយោងតាមតួលេខរបស់អ ស ប។
នៅថ្ងៃអង្គារនេះ ឈ្មោះរបស់ប្រធានាធិបតីស៊ីរីបាស្ហារអាល-អាស្សាដបានត្រូវសហភាពអឺរ៉ុបដាក់ចុះបញ្ជីជិតឈ្មោះអ្នកទទួលខុសត្រូវស៊ីរី៩នាក់ទៀតក្នុងការវាយបង្ក្រាបដ៏ហិង្សានៅប្រទេសស៊ីរី។ ទាំងនេះបូកបន្ថែមទៅលើបញ្ជីឈ្មោះទីមួយដែលមានឈ្មោះឥស្សរជនស៊ីរីសំខាន់ៗ១៣រូបដែលក្នុងនោះមានឈ្មោះប្អូនប្រុសនិងបងប្អូនជីដូនមួយជាច្រើននាក់របស់បាស្ហារអាល-អាស្សាដផងដែរដែលសហភាពបានដាក់ទណ្ឌកម្មកាលពីថ្ងៃទី១០ឧសភាកន្លងទៅ ដោយពុំផ្តល់ទិដ្ឋាការឲ្យអ្នកទាំងនេះចូលដែនដីនៃសហភាពអឺរ៉ុប ហើយនិងធ្វើការឃាត់ផ្អាប់ទុកប្រាក់របស់អ្នកមានឈ្មោះក្នុងបញ្ជីខ្មៅ។
សមាជិកទាំង២៧ប្រទេសនៃសហភាពអឺរ៉ុបបានសម្រេចដាក់បំរ៉ាមពុំឲ្យមានសព្វាវុធចេញចូលប្រទេសស៊ីរី ហើយនិងព្យួរផ្អាក “ជំនួយអឺរ៉ុបសម្រាប់អភិវឌ្ឍន៍”។ មូលហេតុនេះហើយដែលបានជំរុញឲ្យសហភាពអឺរ៉ុបធ្វើការអំពាវនាវនៅថ្ងៃចន្ទម្សិលមិញឲ្យធនាគារអឺរ៉ុបសម្រាប់វិនិយោគបញ្ឈប់ប្រតិបត្តិការហិរញ្ញវត្ថុជាមួយប្រទេសស៊ីរី។
សេចក្តីសម្រចចិត្តដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើប្រទេសស៊ីរីនេះ បានត្រូវរបបផ្តាច់ការបាស្ហារអាល-អាស្សាដនៅទីក្រុងដាម៉ាសថ្កោលទោសយ៉ាងខ្លាំងក្លា ដោយបានឆ្លើយតបថា “ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើប្រទេសស៊ីរីគឺជាកំហុសឆ្គងពីព្រោះអ្នកដែលទទួលរងគ្រោះគឺប្រជាជនស៊ីរី"។
បើយើងធ្វើការវិភាគនិងពិចារណាឲ្យបានជ្រៅជ្រះបន្តិច យើយនឹងឃើញថា ទាំងទណ្ឌកម្មសេដ្ឋកិច្ច ទាំងការដាក់បំរ៉ាមពុំឲ្យនាំសព្វាវុធចេញចូលប្រទេសស៊ីរី ទាំងសុន្ទរកថារបស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានៅថ្ងៃទី១៩ឧសភាឆ្នាំ២០១១ដែលបានជំរុញឲ្យប្រធានាធិបតីស៊ីរីបាស្ហារអាល-អាស្សាដចាកចេញពីមុខតំណែងឬមួយត្រូវធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងប្រទេសឲ្យសមស្របតាមលទ្ធិប្រជាធិបតេយ្យ ហាក់បីដូចជាពិបាកនឹងទទួលបានជោគជ័យ។
មូលហេតុមានច្រើន៖
ទី១-របបផ្តាច់ការស៊ីរីរបស់បាស្ហារអាល-អាស្សាដធ្លាប់ហែលឆ្លងកាត់ទណ្ឌកម្មអន្តរជាតិជាច្រើនលើកមកហើយ។
ទី២-ប្រទេសស៊ីរីជាប្រទេសតូចហើយមានលក្ខណៈ “ស្វ័យគ្រប់គ្រាន់”Autosuffisant ផងទៀត។ លក្ខណៈ “ស្វ័យគ្រប់គ្រាន់”ដែលគេកត់សម្គាល់ឃើញមាននៅក្នុងវិស័យកសិកម្ម នៅក្នុងវិស័យឧស្សាហកម្មខ្នាតតូច។ ប្រទេសស៊ីរីក៏មានអណ្តូងប្រេងកាតផងទៀត ទោះបីជាមានបរិមាណស្ដួចស្ដើងយ៉ាងណាក៏ដោយ ក៏ប្រេងឆៅស៊ីរីអាចអនុញ្ញាតឲ្យមានការប្រើប្រាស់គ្រប់គ្រាន់ក្នុងស្រុកដែរ។ ហើយបើមានការខ្វះខាត មានប្រទេសអៀរ៉ង់ជាមិត្តស្រាប់ក៏អាចផ្តល់ឲ្យប្រទេសស៊ីរីបានរាប់លានបារីលផងដែរ។
ដូច្នេះឃើញថា ទណ្ឌកម្មសេដ្ឋកិច្ចដាក់ទៅលើប្រទេសស៊ីរីពុំសូវជាមានប្រសិទ្ធិភាពប៉ុន្មានឡើយ។
លោកស្រីគ្លីនតុនរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកដែលបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ្រឺ៍បានរួបរួមថ្លែងទាមទារជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសWilliam Hagueថា “ប្រមុខដឹកនាំស៊ីរីត្រូវតែបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានិងការសម្លាប់រង្គាលដែលបានប្រព្រឹត្តទៅលើបាតុករស៊ីរី ត្រូវដោះលែងជាបន្ទាន់អ្នកទោសនយោបាយ ហើយនិងត្រូវធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងប្រទេសឲ្យមានលក្ខណៈសមស្របតាមលទ្ធិប្រជាធិបតេយ្យ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ