ក្រុមប្រទេស​​​ឧស្សាហកម្ម​​G8​​គាំទ្រ​​បដិវត្តន៍​​ប្រជាធិបតេយ្យ​​អារ៉ាប់​​

សំឡេង ០៦:០៥
ជំនួប​កំពូល​​នៃ​ក្រុម​​​ប្រទេស​​​ឧស្សាហកម្ម​​​G8​​​នៅ​ថ្ងៃទី​​២៧​ឧសភា​​​ឆ្នាំ២០១១​​នៅ​ទីក្រុង​​ដូវីល​​​.
ជំនួប​កំពូល​​នៃ​ក្រុម​​​ប្រទេស​​​ឧស្សាហកម្ម​​​G8​​​នៅ​ថ្ងៃទី​​២៧​ឧសភា​​​ឆ្នាំ២០១១​​នៅ​ទីក្រុង​​ដូវីល​​​. ©​ REUTERS/Philippe Wojazer

ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​G8​បាន​ធ្វើការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ទល់នឹង​របប​ផ្តាច់ការ​លីប៊ី​របស់​មូអាម៉ារ​កាដាហ្វ៊ី​ ​ ហើយ​នៅ​ថ្ងៃសុក្រ​ទី២៧​ឧសភា​ឆ្នាំ២០១១​ម្សិលមិញ​ ​ ពួកគេ​ក៏​បាន​ថ្កោលទោស​របប​ផ្តាច់ការ​ស៊ីរី​ផងទៀត​ដែលបាន​វាយ​បង្ក្រាប​យ៉ាងហិង្សា​ទៅលើ​ក្រុមបាតុករ​ទាមទារ​សិទ្ធិ​សេរីភាព​នយោបាយ។​ បន្ថែម​ពីលើនេះ​ ​ ក្រុម​ប្រទេស​ឧស្សាហកម្ម​G8​មាន​ផែនការ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​សម្រាប់​ជួយ​គាំទ្រ​ចលនា​បដិវត្តន៍​ប្រជាធិបតេយ្យ​អារ៉ាប់។ 

ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​G8​មាន​ផែនការ​ផ្តល់​ប្រាក់កម្ចី​ប្រមាណ​៧២ពាន់លាន​ដុល្លារ​សម្រាប់​រយៈកាល​បីឆ្នាំ​ ដើម្បី​ជួយ​គាំទ្រ​ចលនា​បដិវត្តន៍​ប្រជាធិបតេយ្យ​អារ៉ាប់។​ នៅ​ចំពោះមុខ​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី​អេហ្ស៊ីប​និង​លោក​នាយករដ្ឋមន្ត្រី​ទុយនីស៊ី​ ​ ក្រុម​ប្រទេស​ឧស្សាហកម្ម​G8​បាន​រៀបចំ​ឲ្យ​មាន​ជា​ “​ដៃគូ​នៃ​ទីក្រុង​ដូវីល​”​សម្រាប់​ជួយ​គាំទ្រ​ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​ទុយនីស៊ី​ ​ ហើយ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ចង់​ងាក​មក​រក​មាគ៌ា​ប្រជាធិបតេយ្យ។

 
សូមបញ្ជាក់ថា​ ​ ប្រាក់​កម្ចី​ប្រមាណ​ពាក់កណ្តាល​នឹង​ត្រូវ​ផ្តល់​ឲ្យ​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ​ ​ ហើយពាក់​កណ្តាល​ទៀត​ត្រូវ​ផ្តល់ឲ្យ​ដោយ​ធនាគារ​ពហុភាគី​ឬ​ធនាគារ​តំបន់​មាន​ដូច​ជា​ ​ ធនាគារ​អឺរ៉ុប​ដើម្បី​វិនិយោគ​ ​ ធនាគារ​អាស៊ី​សម្រាប់​អភិវឌ្ឍន៍​ ​ ឬ​ធនាគារ​អ៊ីស្លាម​ ​ ដែលទាំងនេះ​ឋិត​នៅក្រោម​ការ​សម្រប​សម្រួល​របស់​ធនាគារ​ពិភពលោក។

សេរីកម្ម​នយោបាយ​ត្រូវតែ​អមដំណើរ​ដោយ​ទំនើបកម្ម​សេដ្ឋកិច្ច។​ ដោយហេតុថា​ ​ ទំនើបកម្ម​សេដ្ឋកិច្ច​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។​ មាន​សេដ្ឋកិច្ច​រីក​ចម្រើន​លូតលាស់​ ​ ទើប​ដោះស្រាយ​បញ្ហា​យុវជន​និង​បញ្ហា​ឥត​ការងារ​ធ្វើ​បាន។​ មាន​សេដ្ឋកិច្ច​រីក​ចម្រើន​លូតលាស់​ ​ ទើបមាន​ជីវភាព​រស់នៅ​បាន​ខ្ពង់ខ្ពស់។​ បើ​ពុំ​ដូច្នោះ​ទេ​ ​ ប្រជាជន​និង​យុវជន​ច្បាស់ជា​ងាក​ទៅ​រក​ពួក​អ្នក​ជ្រុលនិយម​ជាពុំខាន។​ ហើយ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​លូតលាស់​ទៅកើត​ ​ វាទាល់តែ​របប​គ្រប់គ្រង​ប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ដែល​ចេះ​គោរព​សិទ្ធិ​សេរីភាព​ ​ ចេះមាន​តម្លាភាព​ ​ បោសសំអាត​ចេញ​នូវ​អំពើ​ពុក​រលួយ​រំលោភ​ច្បាប់។​ បើ​គ្មាន​ “លក្ខខណ្ឌ​វិជ្ជមាន​”​ទាំងនេះ​ទេ​ប្រទេស​នឹង​ធ្លាក់​ទៅក្នុង​របប​គ្រប់គ្រង​អនាធិបតេយ្យ​ ​ លែង​មាន​លក្ខណៈ​ជា​“នីតិរដ្ឋ”​ដែល​យក​ច្បាប់​ធ្វើ​ជា​ធំ។

ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​G8​មាន​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​ក្នុងការ​ជួយ​រុញ​ច្រាន​ប្រទេស​អារ៉ាប់​ដែល​ស្រេកឃ្លាន​សិទ្ធិ​សេរីភាព​ឲ្យ​ដើរ​ក្នុង​មាគ៌ា​ប្រជាធិបតេយ្យ។​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ឥត​ការងារ​ធ្វើ​ ​ និង​ដើម្បី​បង្កើត​ការងារ​ប្រមាណ​៥០​ទៅ​៧០លាន​កន្លែង​ចាប់ពី​ពេល​នេះ​ទៅ​១០ឆ្នាំ​ខាងមុខ​សម្រាប់​យុវជន​ជំនាន់ក្រោយ​ ​ បើ​យោងតាម​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ​ ​ប្រទេស​អារ៉ាប់​ដែល​មិន​ផលិត​ប្រេង​ឥន្ធនៈ​មាន​ដូចជា​ ​ ប្រទេស​អេហ្ស៊ីប​ ​ ប្រទេស​ហ្សកដានី​ ​ ប្រទេស​លីបង់​ ​ ប្រទេស​ម៉ារ៉ុក​ ​ ប្រទេស​ស៊ីរី​ ​ និង​ប្រទេស​ទុយនីស៊ី​ត្រូវការ​ប្រាក់​ប្រមាណ​១៦០ពាន់លាន​ដុល្លារ​សម្រាប់​រយៈកាល​បីឆ្នាំ។

នៅក្នុង​វិស័យ​នយោបាយ​ ​ ក្រុម​ប្រទេស​ឧស្សាហកម្ម​G8​ចង់​ជួយ​ប្រទេស​អារ៉ាប់​ឲ្យ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​ក្លាយ​ទៅជា​ “នីតិរដ្ឋ”​ពោលគឺ​ ​ ចេះ​គោរពច្បាប់​យក​ច្បាប់​ធ្វើជា​ធំ​ ​ ចេះមាន​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ ​ សេចក្តី​សម្រេច​ចិត្ត​នយោបាយ​សំខាន់ៗ​ត្រូវ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ប្រជាពលរដ្ឋ​ ​ ,,,,,,,។ល។,,,,,,,

នៅក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ​ ​ ក្រុម​ប្រទេស​ឧស្សាហកម្ម​G8​ ​ ត្រូវ​ជួយ​រុញ​ច្រាន​ឲ្យ​ប្រទេស​អារ៉ាប់​ទាំងនោះ​បញ្ចូល​ខ្លួន​ទៅក្នុង​មាគ៌ា​សកលភាវូបនីយកម្ម​ ​ ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ឧនភាព​ថវិកាជាតិ​ដែល​ធ្លាក់ចុះ​ដុនដាប​យ៉ាងធ្ងន់ធ្ងរ​ដោយហេតុតែ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​នយោបាយ។

នៅក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ​នៃ​ជំនួប​កំពូល​G8​ ​ លោក​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​G8​បាន​ថ្លែង​គូស​បញ្ជាក់​ថា​ ​ មេដឹកនាំ​ផ្តាច់ការ​លីប៊ី​កាដាហ្វ៊ី​បាន​បាត់បង់​ “​ភាព​ស្របច្បាប់​”​ជា​អ្នក​ដឹកនាំ​ប្រទេស​លីប៊ី​ ​ ដោយហេតុតែ​មាន​កង្វះ​ខាត​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ហើយនិង​ពុំ​ចេះ​ការពារ​ប្រជាជន​របស់​ខ្លួន​ ​ មិនតែ​ប៉ុណ្ណោះ​កាដាហ្វ៊ី​បាន​ទាំង​បញ្ជា​ឲ្យ​គេ​វាយ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅលើ​បាតុករ​លីប៊ី​ដែល​ទាមទារ​សិទ្ធិ​សេរីភាព​នយោបាយ​ផងទៀត។​ អ្នកដឹកនាំ​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​G8​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​ពេញ​ចិត្ត​របស់​គេ​នៅ​ចំពោះមុខ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទៅលើ​ទង្វើ​ឧក្រិដ្ឋកម្ម​របស់​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​កាដាហ្វ៊ី​និង​បរិវារ។

ហើយ​អ្នកដឹកនាំ​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​G8​បាន​ទាមទារ​ឲ្យ​កាដាហ្វ៊ី​លាចាកចេញ​ពី​មុខតំណែង​ដើម្បី​គោរព​តាម​ឆន្ទៈ​របស់​ប្រជាជន​លីប៊ី​ដែល​ចង់​រៀបចំ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស។

គួរកត់​សម្គាល់ថា​ ​ ជាលើកទីមួយ​ដែល​ប្រទេស​រុស្ស៊ី​បាន​យល់ស្រប​តាម​ការ​ទាមទារ​របស់​ប្រទេស​បស្ចិមលោក​ដែល​បង្ខំ​ឲ្យ​មូអាម៉ារ​កាដាហ្វ៊ី​ចាកចេញ​ពី​មុខ​តំណែង។​ ​មិន​តែ​ប៉ុណ្ណោះ​ ​ ទីក្រុង​ម៉ូស្គូ​បាន​ទាំង​ត្រៀម​លក្ខណៈ​ជា​ស្រេច​នឹង​ធ្វើ​អន្តរាគមន៍​ជួយ​ដោះស្រាយ​វិបត្តិ​លីប៊ី​ ​ ដោយ​ជួយ​រុញ​ច្រាន​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​កាដាហ្វ៊ី​ឲ្យ​ចាកចេញ​ពី​មុខតំណែង​ផងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI