ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ៖ ចរចាដើម្បីបង្កើតរដ្ឋាភិបាល

សំឡេង ០៤:៥៧
លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត់​នឹង​ក្លាយ​ទៅជា​ស្ត្រី​ទីមួយ​ដឹកនាំ​រដ្ឋាភិបាល​ថៃ
លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត់​នឹង​ក្លាយ​ទៅជា​ស្ត្រី​ទីមួយ​ដឹកនាំ​រដ្ឋាភិបាល​ថៃ © Reuters

គណបក្ស​ភឿថៃ​ដែល​គាំទ្រ​លោក​ថាក់ស៊ីន​បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភាថៃ​នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ។​ ការចរចា​គ្នា​យ៉ាង​មមាញឹក​បាន​ប្រព្រឹត្តទៅ​នៅថ្ងៃ​អង្គារ​ទី៥​កក្កដា​ ឆ្នាំ២០១១​នេះ​ ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​សម្រាប់​ធ្វើការ​ឆ្លើយតប​ទៅនឹង​ ការ​ទន្ទឹង​រង់ចាំ​របស់​ប្រជាជន។

ផ្សាយពាណិជ្ជកម្ម

លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​ អាយុ​៤៤ឆ្នាំ​ អនាគត​នាយករដ្ឋមន្ត្រី​ថៃ​បាន​ទទួល​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់​លើ​លោក​អាប់ភីស៊ីត​នៃ​បក្ស​ប្រជាធិបតេយ្យ​ ​ ហើយ​លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត់​នឹង​ក្លាយ​ទៅជា​ស្ត្រី​ទីមួយ​ដែល​ដឹកនាំ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ។

 
ក្រៅពី​ការគាំទ្រ​ដែល​លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​ទទួលបាន​ពី​សំណាក់​គណបក្ស​ភឿថៃ​និង​គណបក្ស​តូចៗ​ចម្រុះ​ដែល​មក​ចូលរួម​គាំទ្រ​រដ្ឋាភិបាល​ (​ ២៩៩​អាសនៈ​លើ​៥០០​ )​ ​ លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​ក៏នឹង​ទទួល​បាន​ការគាំទ្រ​ពី​បងប្រុស​ថាក់ស៊ីន​ស៊ីណាវ៉ាត់​និង​បក្សពួក​ដែល​ភៀសខ្លួន​ទៅ​រស់នៅ​ទីក្រុង​ឌូបៃ​ ​ ក្រោយ​ពី​មាន​រដ្ឋប្រហារ​ទម្លាក់​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន​នៅ​ឆ្នាំ២០០៦។

នៅថ្ងៃ​អង្គារ​ទី៥​កក្កដា​ឆ្នាំ២០១១​នេះ​ ​ លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​កំពុង​ខ្នះខ្នែង​ធ្វើការ​ចរចា​ដើម្បី​រៀបចំ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មីមួយ​សម្រាប់​គ្រប់គ្រង​ប្រទេស​ ​ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ទាមទារ​ចង់បាន​របស់​ប្រជាជន​ដែល​គាំទ្រ​បក្សភឿថៃ​និង​បក្ស​សម្ព័ន្ធ​ ​ ហើយនិង​ចៀសវាង​កុំ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ឥស្សរជន​នៃ​ទីក្រុង​បាងកក​ដែល​ជា​អ្នក​គាំទ្រ​ព្រះបរមរាជវាំង​ ​ យោធា​ ​ និង​ឧត្តមមន្ត្រី​ដែល​ជា​អ្នក​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាប់ភីស៊ីត។

មកទល់​ពេលនេះ​ ​ លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​នៅពុំ​ទាន់​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អ្វី​សំខាន់​នៅឡើយ។​ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មីនេះ​ ​ លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​ត្រូវ​ចរចា​ជាមួយ​គណបក្ស​ចម្រុះ​តូចៗ​ជាច្រើនទៀត​មុន​នឹង​ធ្វើ​សេចក្តី​សម្រេចចិត្ត។​ ហើយ​រដ្ឋមន្ត្រី​នៃ​ក្រសួង​នីមួយៗ​នឹង​ត្រូវ​ជ្រើស​តែងតាំង​ស្របតាម​ “​សមត្ថភាព​”​របស់​ខ្លួន​។​ នេះ​ជាការគូស​បញ្ជាក់​របស់​ លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​។

លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​នឹង​ត្រូវ​ឡើង​មក​កាន់កាប់​មុខ​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃប្រទេស​ថៃ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​ ក្រោយពី​មាន​ការ​ត្រួត​ពិនិត្យ​ទៅលើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ​ គណៈកម្មការ​បោះឆ្នោត​នឹង​កោះប្រជុំ​ក្នុង​រយៈពេល​៣០ថ្ងៃ​ក្រោយពី​មាន​ការ​បោះឆ្នោត​ហើយ​នៅពេល​នោះ​សភា​នឹង​តែងតាំង​រដ្ឋាភិបាល​ថ្មី។

គួរកត់​សម្គាល់ថា​ ​ ប្រជាជន​ថៃ​រស់នៅ​ប៉ែក​ខាងជើង​និង​ប៉ែក​ឦសាន​នៃ​ប្រទេស​ដែល​ជា​ប្រជាជន​ក្រីក្រ​ ​ ហើយ​ដែល​ភាគច្រើន​ជាអ្នក​គាំទ្រ​គណបក្ស​ភឿថៃ​និង​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ ​ ទន្ទឹង​រង់ចាំ​ផ្លែផ្កា​ដែល​កើតចេញ​ពី​វិធានការ​នៃ​រដ្ឋាភិបាល​ចម្រុះថ្មី​ដឹកនាំ​ដោយ​លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់។​ ចំណែកឯ​ទីក្រុង​បាងកក​និង​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ថៃ​វិញ​ ​ នៅតែ​បន្ត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ។

ដូច្នេះ​ ​ បច្ចុប្បន្ននេះ​គេ​នៅតាម​ឃ្លាំមើល​ថា​តើ​នរណា​ជាអ្នក​កាន់កាប់​មុខ​តំណែង​នៅ​ក្រសួង​សំខាន់ៗ​ដូចជា​ ​ ក្រសួង​ការពារជាតិ​ ​ ក្រសួង​មហាផ្ទៃ​ ​ ឬ​ក្រសួង​យុត្តិធម៌?
បើ​ប្រសិន​ជា​លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​ចេះ​ជ្រើសរើស​យក​មនុស្ស​មាន​សមត្ថភាព​ពិតប្រាកដ​មក​កាន់​កាប់​មុខតំណែង​នៅក្នុង​ក្រសួង​សំខាន់ៗ​ ​ នោះ​ប្រទេស​ថៃ​អាចនឹង​ស្គាល់​ស្ថិរភាព។​ បើពុំ​ដូច្នោះទេ​ ​ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ស្រី​យីងឡាក់​ស៊ីណាវ៉ាត់​ច្បាស់ជា​នឹង​ត្រូវ​ដួល​រលំ​នៅពេល​ដ៏ខ្លី​ខាងមុខនេះ។

ក្រោយការ​បោះឆ្នោត​នៅចុង​សប្តាហ៍​នេះ​ ​ គេ​កត់​សម្គាល់​ឃើញ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ថៃ​ហាក់បី​ដូចជា​មាន​សភាព​ស្ងប់ស្ងៀម​ ​ ដោយ​ហេតុថា​ម្នាក់ៗ​តែង​បារម្ភ​ខ្លាច​កើតមាន​អំពើ​ហិង្សា​នយោបាយ​ម្តងទៀត​នៅ​ប្រទេស​ថៃ​ដូច​កាលនៅ​និទាឃរដូវ​ឆ្នាំ២០១០​ដែល​មាន​បាតុកម្ម​រៀបចំ​ឡើង​ដោយពួក​អាវ​ក្រហម​គាំទ្រ​លោក​ថាក់ស៊ីន​ ​ ហើយដែល​កាលណោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​៩០នាក់​និង​របួស​ជិត​២ ០០០នាក់។

រីឯ​យោធាថៃ​ ​ ដែល​គេ​សង្ស័យ​ថា​ តែង​ចង់លូក​ដៃ​ចូល​ក្នុង​កិច្ចការ​នយោបាយ​របស់​ប្រទេស​ ​ បាន​ទទួល​ស្គាល់​ជ័យជំនះ​របស់​គណបក្ស​ប្រឆាំង​ភឿថៃ។​ លោកប្រមុខ​យោធាថៃ​ចាន-អូ-ចា​ពុំ​ទាន់​ចេញ​ស្តី​អ្វីឡើយ។​ ក៏​ប៉ុន្តែ​ “​សារ”​ ដែល​បាន​សម្តែង​តាមរយៈ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ឧត្តមសេនីយ​Prawit Wongsuwon បាន​ឲ្យ​ដឹងថា​ ​ “​យោធាថៃ​នឹង​ពុំ​លូកដៃ​ចូល​ធ្វើ​អន្តរាគមន៍​នៅក្នុង​កិច្ចការ​នយោបាយ​ឡើយ​”​។

ក៏​ប៉ុន្តែ​ យើង​គួរ​កត់​សម្គាល់ថា​ ​ តាំងពី​ឆ្នាំ១៩៣២​មក​ ​ ព្រះរាជាណាចក្រ​ថៃ​បាន​ស្គាល់​រដ្ឋប្រហារ​ដល់ទៅ​១៨លើក។​ ហើយ​រដ្ឋប្រហារ​ចុងក្រោយ​ដែល​បាន​ធ្វើ​ដោយ​យោធាថៃ​គឺ​នៅឆ្នាំ២០០៦​ដើម្បី​ទម្លាក់​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI