ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តំបន់អឺរ៉ូ​សន្យាថានឹង​ចាត់វិធានការ​ថ្មីទៀត​ដើម្បី​ទប់ទល់​កុំឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​រីករាលដាល​

សំឡេង ០៥:៣៥
លោក​ José Manuel Barroso​​ ប្រធាន​​គណៈកម្មការ​​អឺរ៉ុប​
លោក​ José Manuel Barroso​​ ប្រធាន​​គណៈកម្មការ​​អឺរ៉ុប​ ©​ Reuters/Francois Lenoir

នៅល្ងាច​ថ្ងៃចន្ទ​ទី១១​កក្កដា​ឆ្នាំ២០១១​ម្សិលមិញ​ ​ តំបន់​ចាយ​ប្រាក់អឺរ៉ូ​សន្យាថា​នឹង​កេណ្ឌប្រមូល​កម្លាំង​របស់ខ្លួន​ដើម្បី​ ចាត់​វិធានការ​ថ្មីទៀត​សម្រាប់​​ទប់ទល់​កុំឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​រីក​ រាលដាល​ដល់​ប្រទេស​អ៊ីតាលី​ ​ ឬ​ប្រទេស​អេស្ប៉ាញ​ ​ ដែលអាច​ធ្វើឲ្យ​សហភាព​រូបិយវត្ថុ​អឺរ៉ុប​ជួបនឹង​គ្រោះថ្នាក់ធំ។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​មាន​ជំនួប​កំពូល​បន្ទាន់​អស់​រយៈពេល​៨ម៉ោងកន្លះ​នៅទីក្រុង​ព្រុចសែល​រួចមក​ ​ រដ្ឋមន្ត្រី​ក្រសូង​ហិរញ្ញវត្ថុ​នៃ​តំបន់​ចាយប្រាក់​អឺរ៉ូ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ដើម្បី​ជួយ​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ទំនុកចិត្ត​កក់ក្តៅ​ឡើងវិញ​ ​ ក្រោយពី​មាន​វិបត្តិ​ពុះ​កញ្ជ្រោល​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​រួចមក។

 
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់អឺរ៉ូ​បាន​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​នូវ​ “ឆន្ទៈ​ដ៏​មោះមុត​របស់គេ​ក្នុងការ​រក្សា​ឲ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​”​នៅក្នុង​តំបន់​អឺរ៉ូ​ ​ ហើយនិង​ធានា​ “ពង្រឹង​សមត្ថភាព​”​នៃ​សហភាព​រូបិយវត្ថុ​អឺរ៉ុប​ក្នុងការ​ទប់ទល់​កុំឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​រីករាលដាល​ដល់​ប្រទេស​ដទៃទៀត​នៃ​តំបន់​អឺរ៉ូ។

និយាយ​ឲ្យ​ច្បាស់​បាន​សេចក្តីថា​ ​ គឺ​គេគ្រោង​ធ្វើការ​ដំឡើង​ “​សមត្ថភាព​នៃ​ការ​ផ្តល់​ប្រាក់កម្ចី​"​​ ​ ដែល​គេ​បាន​រៀបចំ​ឲ្យ​មានឡើង​កាលពី​ឆ្នាំទៅ​ដើម្បី​ជួយ​ស្រោចស្រង់​ប្រទេស​ក្រិក​ឲ្យ​គេច​ផុត​ពី​សភាព​ធនក្ស័យ។​ “​សមត្ថភាព​នៃ​ការ​ផ្តល់​ប្រាក់កម្ចី​”​ ដែលមាន​បរិមាណ​៤៤០​ពាន់លាន​អឺរ៉ូ។

ក៏​ប៉ុន្តែ​សម្រាប់​អ្នកឯកទេស​ជាច្រើន​យល់​ឃើញថា​ ​ វិធានការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់អឺរ៉ូ​ខាងលើនេះ​ ​ ពុំ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ជួយ​ដោះ​ទុក្ខ​វិបត្តិ​ប្រាក់បំណុល​នៃ​ប្រទេស​មួយចំនួន​នៅ​ក្នុង​តំបន់​អឺរ៉ូ​ដូចជា​ប្រទេស​អ៊ីតាលី​ឬ​ប្រទេស​អេស្ប៉ាញ​បាន​ឡើយ។

មូលហេតុ​នេះហើយ​ដែល​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់អឺរ៉ូ​សិក្សា​ពី​ ​ “​វិធានការ​សម្រាប់​ជួយ​សម្រាល​បន្ទុក​នៃ​ប្រាក់​បំណុល​សាធារណៈ”​។

“​វិធានការ​សម្រាប់​ជួយ​សម្រាល​បន្ទុក​នៃ​ប្រាក់​បំណុល​សាធារណៈ””​ បាន​សេចក្តីថា​ ​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់អឺរ៉ូ​នៅពេល​អនាគត​គ្រោង​អនុញ្ញាត​ឲ្យ​ប្រទេស​ក្នុង​តំបន់អឺរ៉ូ​ដែល​កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​មាន​លទ្ធភាព​នឹង​សុំ​អូស​បន្លាយ​ពេល​ក្នុងការ​សងបំណុល​ ​ ហើយនិង​សុំ​បញ្ចុះ​អត្រា​ការប្រាក់​ ​ ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ​មាន​លទ្ធភាព​នឹង​ធ្វើការ​កាត់បន្ថយ​ទម្ងន់​ដ៏​ធ្ងន់ធ្ងរ​នៃ​ប្រាក់​បំណុល​របស់​ខ្លួន។​ វិធានការ​នេះ​អាចនឹង​អនុវត្ត​ជាមួយ​នឹង​ “ផែនការ​ជំនួយ​ហិរញ្ញវត្ថុ​ក្រិក​ទីពីរ”​ ​ សម្រាប់​ជួយ​បញ្ចៀស​ប្រទេស​ក្រិក​ឲ្យ​ចៀសផុត​ពី​ធនក្ស័យ។

ក៏​ប៉ុន្តែ​ ​ វិធានការ​ទាំងនេះ​នៅ​ពុំ​ទាន់​មាន​លក្ខណៈ​ជាក់ច្បាស់​​នៅឡើយ។​ ហើយម្យ៉ាងទៀត​ ​ វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក​ ​ ព័រទុយហ្កាល​ ​ អេស្ប៉ាញ​ ​ ឬ​ប្រទេស​អ៊ីតាលី​មាន​សភាព​ធ្ងន់ធ្ងរ​ ​ គេបារម្ភ​ខ្លាច​ក្រែង​វិធានការ​ទាំងនេះ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​ ​ ហើយនិង​ជួយ​ធ្វើការ​ធានា​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ទំនុកចិត្ត​កក់ក្តៅ។

ទីផ្សារ​មូលបត្រ​នៅ​ទីក្រុង​ប៉ារីស​ ​ ក្រោយពីបាន​ធ្លាក់​ស្រុតចុះ​យ៉ាង​ខ្លាំងក្លា​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ ​ ក៏បាន​ធ្លាក់​ស្រុតចុះ​ទៀត​នៅថ្ងៃ​អង្គារ​ទី១២​កក្កដា​ឆ្នាំ២០១១​នេះ​ដោយបាន​បាត់បង់អស់​-២,៣៦%​ ​ ទីផ្សារ​មូលបត្រ​អ៊ីតាលី​នៅទីក្រុង​មីឡង់​បាន​ធ្លាក់​ស្រុតចុះ​អស់​៣,៩៦%​នៅថ្ងៃចន្ទ​ម្សិលមិញ​ ​ ហើយនៅ​ថ្ងៃអង្គារ​នេះទៀត​បាន​ធ្លាក់​ស្រុតចុះ​បន្ថែម​ប្រមាណ​៤,១០%​ ​ នៅទីក្រុង​ឡុងដ្រឹ៍​ក៏​ពុំខុស​ពី​ទីក្រុង​ហ្វ្រង់ហ្វរ​នៃ​ប្រទេស​អាល្លឺម៉ង់​ឡើយ​ ​ សុទ្ធតែ​បាន​ស្គាល់​ការ​ធ្លាក់​ដួល​ដាំដូង​ទាំងអស់គ្នា​នៅទូទាំង​អឺរ៉ុប​ ​ ពីព្រោះតែ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​អ៊ីតាលី។

ប្រទេស​អ៊ីតាលី​ ដែល​មាន​ជាប់​ជំពាក់​ប្រាក់​បំណុល​គេ​ដល់ទៅ​១ ៩០០​ពាន់លាន​អឺរ៉ូ​ ​ ហើយ​មាន​ម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​កំពុង​មាន​វិបត្តិ​ ​ ពុំ​អាច​គេចចៀស​ផុតពី​ការវាយលុក​ពី​សំណាក់​ទីផ្សារ​ហិរញ្ញវត្ថុ​បាន​ឡើយ។

នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ ​ ប្រទេស​អ៊ីតាលី​មាន​ទម្ងន់​ជាង​ពីរដង​លើសពី​ប្រទេស​អឺរ៉ុប​មាន​វិបត្តិ​តូចៗបី​បូកបញ្ចូល​គ្នា​ ដែល​ក្នុងនោះ​មាន​ ​ ប្រទេស​ក្រិក​ ​ អៀរឡង់​ ​ និង​ប្រទេស​ព័រទុយហ្កាល។​ ដូច្នេះ​ ​ បើ​ប្រទេស​អ៊ីតាលី​ដួលរលំ​ ​ នោះ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​ទាំងមូល​នឹង​ត្រូវ​ឋិត​នៅក្រោម​ការ​គំរាម​។

មូលហេតុ​នេះហើយ​ដែល​ធ្វើឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel​ ពុំរួញរា​ឡើយ​នឹង​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ Silvio Berlusconi រៀបចំ​ឲ្យ​មាន​ជាបន្ទាន់​នូវ​ “ផែនការ​ត្បិតត្បៀត​”​មួយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​អ៊ីតាលី។

ហើយភាព​តានតឹង​ដែលមាន​បច្ចុប្បន្ននេះ​នៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ​ក៏​ដោយ​ហេតុតែ​ ​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់អឺរ៉ូ​រួញរា​ក្នុងការ​សម្រេចចិត្ត​ពាក់ព័ន្ធ​នឹង​ “ផែនការ​ជំនួយ​ហិរញ្ញវត្ថុ​ទីពីរ​”​ សម្រាប់​ជួយ​ស្រោចស្រង់​ប្រទេស​ក្រិក​ឲ្យ​គេចផុត​ពី​ធនក្ស័យ។​ ​ “ផែនការ​ជំនួយ​ហិរញ្ញវត្ថុ​ទីពីរ​”​ដែល​តាមធម្មតា​ត្រូវតែ​សម្រេច​ឲ្យ​បាន​នៅ​ដើមខែ​កក្កដា​ឆ្នាំ២០១១​នេះ ​​ ​ ហើយ​បែរជា​ត្រូវ​លើក​ទៅពេល​ក្រោយវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI