អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទំនាក់ទំនង​រកាំ​រកូស​រវាង​ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​អ៊ីស្រាអែល​

សំឡេង ០៣:៣៧
ប្រជាជន​​​អេហ្ស៊ីប​​បាននាំគ្នា​​ទៅធ្វើ​​បាតុកម្ម​​ប្រឆាំង​​​នៅ​មុខ​ស្ថានទូត​​អ៊ីស្រាអែល​នៅ​ទីក្រុងគែរ​​នៅថ្ងៃទី​​១៩សីហា​​ឆ្នាំ២០១១​
ប្រជាជន​​​អេហ្ស៊ីប​​បាននាំគ្នា​​ទៅធ្វើ​​បាតុកម្ម​​ប្រឆាំង​​​នៅ​មុខ​ស្ថានទូត​​អ៊ីស្រាអែល​នៅ​ទីក្រុងគែរ​​នៅថ្ងៃទី​​១៩សីហា​​ឆ្នាំ២០១១​ REUTERS/Mohamed Abd El-Ghany
ដោយ៖ សៀក សារិន
១៩ នាទី

នគរបាល​និង​ភ្នាក់ងារ​រក្សា​សន្តិសុខ​អេហ្ស៊ីប​៥នាក់​បាន​ត្រូវ​បាញ់​ ស្លាប់​កាលពី​ថ្ងៃសុក្រ​ទី១៩​សីហា​ឆ្នាំ២០១១​នៅ​ព្រំដែន​ អេហ្ស៊ីប-អ៊ីស្រាអែល។​ ក្រោយពី​មាន​កិច្ច​ប្រជុំ​ជាបន្ទាន់​កាលពី​យប់មិញ​ ​ រដ្ឋាភិបាល​អេហ្ស៊ីប​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ព្រឹក​ថ្ងៃសៅរ៍នេះ​ ​ ដោយបាន​ទាមទារ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​សុំទោស​ជាផ្លូវការ​ ​ ហើយ​ទីក្រុង​គែរ​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ឲ្យវិល​ត្រឡប់​មក​ ប្រទេស​អេហ្ស៊ីប​វិញ។

ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​អតីត​ប្រធានាធិបតី​មូបារ៉ាក់​បាន​ត្រូវ​គេ​ទម្លាក់​ចេញ​ពីមុខ​តំណែង​រួចមក​ ​ នគរបាល​និង​ភ្នាក់ងារ​រក្សា​សន្តិសុខ​អេហ្ស៊ីប​មាន​ការលំបាក​ច្រើន​ក្នុងការ​ត្រួតត្រា​ទៅលើ​តំបន់​ឧបទ្វីប​វាលរហោឋាន​Sinaï។​ សកម្មភាព​ពុំ​ស្របច្បាប់​​ជាច្រើន​បាន​កើតមាន​នៅ​ក្នុង​តំបន់នេះ​ ​ មានដូចជា​៖

 
-ដំណើរ​ឆ្លងកាត់​នៃ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​មកពី​ទ្វីប​អាហ្វ្រិក។

-ដំណើរ​ឆ្លងកាត់​ដោយ​ពួក​សកម្មជន​ប៉ាលេស្ទីន។

-ការវាយប្រហារ​ទៅលើ​បំពង់​បង្ហូរ​ឧស្ម័ន​នៅ​តំបន់​ស៊ីណៃ។

-ហើយនិង​ការ​វាយប្រហារ​ទៅលើ​ប៉ុស្តឹ៍​នគរបាល​ដែល​កើតមាន​ជាញឹកញាប់​នារយៈពេល​ប៉ុន្មានខែ​ចុងក្រោយនេះ។

ហេតុដូច្នេះហើយ​បានជា​អ៊ីស្រាអែល​យល់ព្រម​ឲ្យ​ទីក្រុងគែរ​បញ្ជូន​នគរបាល​បន្ថែម​ទៅកាន់​តំបន់​ស៊ីណៃ។

គួរ​បញ្ជាក់ថា​ ​ បើយោងតាម​កិច្ចព្រមព្រៀង​នៃ​ Camp David ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​អ៊ីស្រាអែល​នៅ​ឆ្នាំ១៩៧៩​ ​ ប្រទេស​អេហ្ស៊ីប​បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ដាក់​ពង្រាយ​នគរបាល​យ៉ាងតិចតួច​បំផុត​នៅ​ក្នុង​តំបន់​ឧបទ្វីប​ស៊ីណៃ។

មូលហេតុ​ចម្បង​ដែល​នាំឲ្យ​មាន​ការរកាំរកូស​ដល់​ទំនាក់​ទំនង​អេហ្ស៊ីប-អ៊ីស្រាអែល​គឺ​បណ្តាល​មកពី​កងកម្លាំង​អ៊ីស្រាអែល​បាន​តាម​ដេញ​ប្រហារ​សមាជិក​នៃ​កង​កុម្ម៉ង់ដូ​ប៉ាលេស្ទីន​ ​ ហើយ​បន្ទាប់មក​បាន​បណ្តាល​ឲ្យ​មាន​នគរបាល​អេហ្ស៊ីប​ប្រាំនាក់​ស្លាប់។

ទាំងនេះ​បាន​បណ្តាល​ឲ្យ​រដ្ឋាភិបាល​អេហ្ស៊ីប​បញ្ចេញ​ប្រតិកម្ម​នៅ​ព្រឹក​ថ្ងៃសៅរ៍នេះ​ ​ ដោយ​ទាមទារ​ឲ្យ​ទីក្រុង​តែលអាវីវ​សុំទោស​ជាផ្លូវការ​ ​ ហើយ​ទីក្រុង​គែរ​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ឲ្យវិល​ត្រឡប់​មក​ប្រទេស​អេហ្ស៊ីប​វិញ។

គួរកត់​សម្គាល់ថា​ ​ សាធារណមតិ​អេហ្ស៊ីប​ ដែលតែង​ប្រឆាំង​នឹង​អ៊ីស្រាអែល​ ​ បាន​ដាក់​សម្ពាធ​កាន់តែ​ខ្លាំងឡើងៗ​ ​ ដោយបាន​នាំគ្នា​ទៅធ្វើ​បាតុកម្ម​ដើម្បី​សម្តែង​ឲ្យ​ឃើញ​នូវ​ការ​ប្រឆាំង​របស់​ពួកគេ​នៅមុខ​ស្ថានទូត​អ៊ីស្រាអែល​នៅទីក្រុង​គែរ។​ ចំណែកឯ​ថ្នាក់​ដឹកនាំ​នយោបាយ​អេហ្ស៊ីប​ក៏​ដូច​គ្នា​អ៊ីចឹងដែរ​ ​ ពួកគេ​បាន​នាំគ្នា​ទាមទារ​ឲ្យ​មាន​វិធានការ​តឹងរ៉ឹង​ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល។

សន្តិភាព​រវាង​ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​អ៊ីស្រាអែល​ពុំមែនជា​សន្តិភាព​ “កក់ក្តៅ”​ឡើយ។​ តែជា​ទោះបីជា​សន្តិភាព​នេះ​ជា​សន្តិភាព​មាន​ស្ថិរភាព​ក៏ដោយ​ ​ ក៏​សន្តិភាព​អេហ្ស៊ីប-អ៊ីស្រាអែល​នៅតែ​ជា​សន្តិភាព​មាន​លក្ខណៈ​ “ត្រជាក់​ដូច​ទឹកកក”​!!!

គួររំលឹកថា​ ​ កាលនៅ​ឆ្នាំ២០០០​ ​ ប្រទេស​អេហ្ស៊ីប​ធ្លាប់បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​អស់​រយៈពេល​មួយ​ដ៏វែង។​ ហើយ​បច្ចុប្បន្ននេះ​ ​ រដ្ឋាភិបាល​អេហ្ស៊ីប​ហាក់​ដូចជា​កំពុង​តែ​ធ្វើតាម​ចំណង់​របស់​ប្រជាជន។​ ប្រជាជន​អេហ្ស៊ីប​ដែល​តាម​ធម្មតា​ច្រើនតែ​មាន​ទំនោរ​ទៅរក​ធ្វើការ​ប្រឆាំង​នឹង​អ៊ីស្រាអែល​ ​ ក្នុង​ខណៈពេល​ដែល​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​មូបារ៉ាក់​ច្រើន​មាន​វិធានការ​បញ្ច្រាស​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាជន​អេហ្ស៊ីប។​ ដូច្នេះ​ឃើញថា​ ​ ទំនាក់ទំនង​​រវាង​ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​អ៊ីស្រាអែល​ពិតជា​ឋិត​នៅក្នុង​ស្ថានភាព​មួយ​ដែល​អាច​ធ្លាក់​ចុះ​ដុនដាប​បាន​យ៉ាង​ឆាប់រហ័ស៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ