ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ពូទីនទៅទីក្រុង​ប៉េកាំង​ដើម្បី​រឹតចំណង​រុស្ស៊ី-ចិន​

សំឡេង ០៥:២៧
លោក​នាយករដ្ឋមន្ត្រី​​​ ​ពូទីន និង​គណៈប្រតិភូ​រុស្ស៊ី​ជួបប្រជុំ​ជាមួយលោក​នាយករដ្ឋមន្ត្រី​ចិន​ វិន​ ជាប៉ាវ
លោក​នាយករដ្ឋមន្ត្រី​​​ ​ពូទីន និង​គណៈប្រតិភូ​រុស្ស៊ី​ជួបប្រជុំ​ជាមួយលោក​នាយករដ្ឋមន្ត្រី​ចិន​ វិន​ ជាប៉ាវ © REUTERS/Laszlo Balogh

លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ពូទីន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ ទីក្រុង​ប៉េកាំង​ចំនួន​ពីរថ្ងៃ​ក្នុង​ឋានៈ​ជា​អនាគត​ប្រធានាធិបតី​នៃ​ សហព័ន្ធ​រុស្ស៊ី។​ ទស្សនកិច្ច​នេះ​មាន​បង្កប់​ទៅដោយ​និមិត្តរូប​ដ៏​សំខាន់។នាឱកាស​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី១១​តុលា​និង​ទី១២​តុលា​ ឆ្នាំ២០១១​នេះ​ ​ លោកនាយក​រដ្ឋមន្ត្រី​ពូទីន​បាន​នាំ​ទៅ​ជាមួយ​នូវ​គណៈប្រតិភូ​រុស្ស៊ី​ ១៦០នាក់​ដែល​ក្នុងនោះ​មាន​ប្រធាន​សហគ្រាស​រុស្ស៊ី​សំខាន់ៗ​ជាច្រើន។

ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្ត្រី​ Vladimr Poutine ​នៅ​ពុំទាន់​បាន​ក្លាយជា​ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី​នៅឡើយ​ទេ​ ​ ក៏​ប៉ុន្តែ​លោក​ពូទីន​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ជាផ្លួវការ​ចំនួន​ពីរថ្ងៃ​ក្នុង​ឋានៈជា​អនាគត​ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី​ទៅហើយ។ ​លោក​ពូទីន​ដែល​មកទល់​ពេលនេះ​គិតគូរតែ​ពី​បញ្ហា​ផ្ទៃក្នុង​របស់​សហព័ន្ធ​រុស្ស៊ី​ ​ ប៉ុន្តែ​ក្រោយពី​បាន​បង្ហាញ​ឲ្យដឹងថា​ ​ លោកនឹង​ក្លាយជា​បុរសខ្លាំង​ទីមួយ​នៅ​ប្រទេស​រុស្ស៊ី​នា​ពេល​អនាគត​ដីខ្លី​ខាងមុខ​នេះ​ភ្លាម​ ​ លោកនាយក​រដ្ឋមន្ត្រី​ពូទីន​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ភ្លាម​ដែរ​ថា​ ​ លោកនឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ចំនួន​ពីរថ្ងៃ​ដើម្បី​រឹតចំណង​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន។​ ទាំងនេះ​ក៏​ពីព្រោះ​តែ​លោក​ពូទីន​យល់​ឃើញថា​ ​ប្រទេស​ជិតខាង​ដ៏ធំ​ដូចជា​ប្រទេសចិន​បច្ចុប្បន្ន​ពិតជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​រុស្ស៊ី។

 
ប្រទេស​រុស្ស៊ី​ជា​ប្រទេស​ផលិត​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ដ៏​សំខាន់​មួយ​ក្នុងលោក​។​ ហើយក្នុង​ខណៈពេល​ដែល​ពិភពលោក​កំពុង​ជួបនឹង​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​ ​ ជាពិសេស​សហភាព​អឺរ៉ុប​ដែល​ជា​អតិថិជន​ទិញ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ដ៏​សំខាន់​ពី​ប្រទេស​រុស្ស៊ី​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ ​ ទីក្រុង​ក្រេមឡាំង​ត្រូវតែ​ងាកទៅ​រក​ពង្រឹង​ទីផ្សារ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ដែល​មាន​ប្រទេស​ចិន​ជា​អតិថិជន​ដ៏​សែន​សំខាន់។​ ដោយហេតុថា​ ​ ប្រទេស​ចិន​បច្ចុប្បន្ននេះ​ជា​ប្រទេស​ប្រើ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ច្រើន​ជាងគេ​ក្នុងលោក។

សូមបញ្ជាក់ថា​ ​ ប្រទេសចិន​បាន​ក្លាយទៅ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​រុស្ស៊ី​កាលពី​ឆ្នាំទៅ។​ ប្រទេស​ទាំងពីរ​គ្រោងនឹង​គុណទ្វេ​ការដោះដូរ​ពាណិជ្ជកម្ម​ឲ្យកើន​ឡើង​ដល់​១០០ពាន់លាន​ដុល្លារ​ចាប់ពី​ពេលនេះ​ទៅទល់​ឆ្នាំ២០១៥​ ​ ហើយនិង​ឲ្យ​ឈានដល់​ចំនួន​២០០ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​ខាងមុខ។​ ហេតុដូច្នេះហើយ​ បានជា​នាឱកាស​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី១១​តុលា​និង​ទី១២​តុលា​ឆ្នាំ២០១១​នេះ​ ​ លោកនាយក​រដ្ឋមន្ត្រី​ពូទីន​បាន​នាំ​ទៅ​ជាមួយ​នូវ​គណៈប្រតិភូ​រុស្ស៊ី​១៦០នាក់​ដែល​ក្នុងនោះ​មាន​ប្រធាន​សហគ្រាស​រុស្ស៊ី​សំខាន់ៗ​ជាច្រើន។

លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ Vladimr Poutine​ នឹងមាន​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ចិន​ Wen Jiabao និង​លោក​ប្រធានាធិបតី​ចិន​ Hu Jintao ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ថាមពល​និង​បញ្ហា​សហប្រតិបត្តិការ​ចិន-រុស្ស៊ី​នៅលើ​ឆាក​អន្តរជាតិ។

ការ​វិភាគ​និងការ​យល់ឃើញ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​បច្ចុប្បន្ន​ម៉េវេដេវ​និង​លោក​ពូទីន​ខុសគ្នា​ត្រង់​៖​

-​ ជាមួយ​ប្រទេស​ចិន​ ​ លោកប្រធានាធិបតី​រុស្ស៊ី​បច្ចុប្បន្ន​ Dmitri Medvedev ​មើលឃើញ​តែ​ការដោះដូរ​បច្ចេកទេស​និង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។​ នៅក្នុង​វិស័យ​សហប្រតិបត្តិការ​នៅលើ​​ឆាក​អន្តរជាតិ​វិញ​ ​ លោក​ Dmitri Medvedev​ ឲ្យ​តម្លៃ​ទៅ​លើ​ទំនាក់​ទំនង​រុស្ស៊ី-អឺរ៉ុប​ឬ​រុស្ស៊ី-អាមេរិក​ជាង​ទំនាក់​ទំនង​រុស្ស៊ី-ចិន។

-ផ្ទុយទៅវិញ​ ​ លោកពូទីន​បែរជា​ងាក​ទៅ​ពង្រឹង​ទំនាក់​ទំនង​រវាង​ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង។​ ហើយនរណា​ក៏​ដឹងដែរថា​ ​ ទីក្រុង​ប៉េកាំង​សប្បាយ​ពេញចិត្ត​ណាស់​ដោយ​​ឃើញ​លោកពូទីន​នឹង​ក្លាយ​ទៅជា​ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី​នៅពេល​អនាគត​ដ៏ខ្លីខាង​មុខនេះ។​ ជាក់ស្ដែង​ ​ នៅពេល​ថ្មីៗនេះ​ ​ លោកពូទីន​បាន​ថ្លែង​ឲ្យដឹងថា​ ​ “ប្រទេស​រុស្ស៊ី​និង​ប្រទេសចិន​មាន​ព្រំដែន​ជាប់​ជាមួយគ្នា​ជាច្រើន​ពាន់​គីឡូម៉ែត្រ។​ ប្រទេស​ទាំងពីរ​ធ្លាប់បាន​រស់នៅ​ជា​ប្រទេស​ជិតខាង​នឹង​គ្នា​រាប់​ពាន់ឆ្នាំ​មកហើយ។​ ហើយ​ទំនាក់​ទំនង​ចិន-រុស្ស៊ី​នៅ​ពេល​បច្ចុប្បន្ននេះ​គឺ​ពិតជា​ទំនាក់​ទំនង​មួយ​ដែល​មាន​កម្រិត​ដ៏​សែន​ខ្ពស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ។

សូមបញ្ជាក់ថា​ ​ ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​​ឲ្យដឹង​ពី​ការចុះ​ហត្ថលេខា​នៅ​ថ្ងៃចន្ទ​កន្លងទៅ​ដោយ​អ្នកទទួល​ខុសត្រូវ​នៃ​ប្រទេស​រុស្ស៊ី​និង​ចិន​ទៅលើ​កិច្ចព្រមព្រៀង​ចំនួន១៦​ដែលមាន​ទឹកប្រាក់​៧ពាន់លាន​ដុល្លារ​ពាក់ព័ន្ធ​នឹងវិស័យ​សាងផ្ទេរ​បច្ចេកទេស​ ​ វិស័យ​ស្រាវជ្រាវ​ ​ និង​វិស័យ​អភិវឌ្ឍ​ធនធានរ៉ែ។

ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​បាន​ប្រារព្ធ​បុណ្យខួប​ដប់ឆ្នាំ​នៃ​វត្តមាន​នៃ​អង្គការ​ទីក្រុង​សៀងហៃ​។​ អង្គការនេះ​ដែលមាន​ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​ជា​សមាជិក​សំខាន់​ចម្បង​ជាងគេ​បាន​ត្រូវ​គេ​រៀបចំ​ឲ្យ​មាន​ឡើង​ដើម្បី​រក្សា​ឲ្យ​មាន​សន្តិសុខ​នៅ​ក្នុង​តំបន់​លំហ​អាស៊ី​កណ្តាល​នៅ​សម័យ​ក្រោយ​សហភាព​សូវៀត។​ ទាំងនេះ​ក្នុងគោល​បំណង​ធ្វើការ​ទប់ទល់​នឹង​អង្គការ​អូតង់។​ ជាក់ស្តែង​ ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ ​ ពាក់ព័ន្ធ​នឹង​វិបត្តិ​អន្តរជាតិ​បាន​ប្រកាន់យក​ឥរិយាបថ​ដូចគ្នា​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​របស់​បក្ស​សម្ព័ន្ធ​អូតង់​នៅ​ប្រទេស​លីប៊ី​ ​ ហើយនិង​បាន​ប្រើ​សិទ្ធិ​វេតូ​កាលពី​សប្តាហ៍​មុន​ប្រឆាំងនឹង​សេចក្តី​សម្រេចចិត្ត​របស់​លោកខាងលិច​ដែល​ចង់​ដាក់​ទណ្ឌកម្ម​ទៅលើ​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​បាស្ហារ​អែល-អាស្សាដ​នៅ​ប្រទេស​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI