ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចលនា​មួម៉ៅក្តៅ​ក្រហាយ​ “les indignés”​ ៨២ប្រទេស​អំពាវនាវ​ឲ្យធ្វើ​បាតុកម្ម​ដោយសន្តិវិធី​នៅថ្ងៃសៅរ៍​ទី១៥​តុលា​

សំឡេង ០៥:៣៧
បាតុករ​​នៃ​ចលនា​​​មួម៉ៅ​​ក្តៅក្រហាយ​​​ ​les indignés​​​ អាមេរិកាំង​​​ដែលមាន​​​ឈ្មោះ​ថា​​​  "ចលនា​Occuypy "​នៅ​Wall Street ​នៃ​ទីក្រុង​​ញីវយ៉ក ​
បាតុករ​​នៃ​ចលនា​​​មួម៉ៅ​​ក្តៅក្រហាយ​​​ ​les indignés​​​ អាមេរិកាំង​​​ដែលមាន​​​ឈ្មោះ​ថា​​​ "ចលនា​Occuypy "​នៅ​Wall Street ​នៃ​ទីក្រុង​​ញីវយ៉ក ​ © REUTERS/Eric Thayer

ប្រាំខែគត់​ក្រោយពី​ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​” ​បាន​ចាប់កកើត​នៅប្រទេស​អេស្ប៉ាញ​ ​ គេកត់​សម្គាល់​ឃើញ​ មាន​បាតុកម្ម​ជាច្រើន​កើតមាន​នៅ​ពេល​ស្របគ្នា​នៅក្នុង​៨២​ប្រទេស​និង​នៅតាម​ បណ្តា​ទីក្រុង​ជិត​មួយពាន់​នៅលើ​ពិភពលោក​នៅថ្ងៃសៅរ៍​ទី១៥តុលា​ឆ្នាំ២០១១នេះ។ ​ បាតុកម្ម​ដ៏​ធំធេង​នេះ​មាន​ឈ្មោះជា​ភាសា​អង់គ្លេសថា​ “​United for a Global Change » ឬ​ “​រួបរួមគ្នា​ដើម្បី​ការប្តូរប្រែ​ពិភពលោក​"​។​ ទិវានេះ​នឹង​អាច​ធ្វើឲ្យ​ យល់ដឹង​​ពី​កម្លាំង​ពិតប្រាកដ​របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃសៅរ៍​ទី១៥​តុលា​ឆ្នាំ២០១១​នេះ​ពិតជា​ជំហាន​មួយ​ដ៏​សំខាន់​សម្រាប់​ចលនា​មួម៉ៅ​ក្តៅ​ក្រហាយ​ “​les indignés​”​ ដែល​បាន​ចាប់​កកើត​នៅ​ប្រទេស​អេស្ប៉ាញ​កាលពី​ប្រាំខែមុន​ហើយ​បាន​រីករាលដាល​នៅ​ទូទាំង​ពិភពលោក។​ ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​”នេះ​បាន​ចាប់​ប្រសូត​ចេញ​នៅថ្ងៃ​ទី១៥​ឧសភា​ឆ្នាំ២០១១​នៅ​ទីក្រុង​ម៉ាឌ្រីដ​នៃ​ប្រទេស​អេស្ប៉ាញ​នាឱកាស​បាតុកម្ម​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​របស់​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ Puerta del sol ​។​ ពួក​បាតុករ​បាន​យក​គំរូ​តាម​ “និទាឃរដូវ​អារ៉ាប់”​ ដែល​បាន​ចាប់​កើតមាន​នៅ​ប្រទេស​ទុយនីស៊ី​នៅ​ថ្ងៃទី​១៧ធ្នូ​ឆ្នាំ២០១០​ ​ ហើយនិង​មាន​ការ​ជំរុញ​តាម​រយៈ​សៀវភៅ​ដៀលត្មះ​មួយ​ដែលមាន​ចំណងជើង​ថា​ “Indignez-vous”​ របស់​អ្នកនិពន្ធ​បារាំង​ឈ្មោះ​ Stéphane Hessel ។​ ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​”​នេះ​បានក្លាយ​ទៅជា​ថាមពល​ដ៏​ខ្លាំង​នៅ​ក្នុង​ទិវា​ពិភពលោក​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​របស់​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក។

 
ទិវា​នៃ​ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​” ​បាន​ត្រូវ​គេ​ឲ្យ​ឈ្មោះថា​ ​ “​United for a Global Change ​"​ ឬ​ “ទិវា​រួបរួមគ្នា​ដើម្បី​ការប្តូរប្រែ​ពិភពលោក​”​ ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​បាតុករ​នៃ​ក្រុម​“​ជំនាន់​គ្មាន​ទីពឹង​”​ នៃ​ប្រទេស​ព័រទុយហ្កាល់​ដែលបាន​ផ្សព្វផ្សាយ​តាមរយៈ​អ៊ិនធ័រណេត​15octobre.net​។​ ទិវា​ទី១៥​តុលា​ឆ្នាំ២០១១​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​បាតុករ​ មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​” ​ប្រមាណ​៨២ប្រទេស​និង​នៅតាម​ទីក្រុង​ធំៗ​ជិត​មួយពាន់​ក្នុងលោក។​ ហើយ​វា​ក៏​ស្រប​នឹង​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារ​កណ្តាល​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​សំខាន់ៗ​G20​ ដែល​ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​កាន​នៃ​ប្រទេស​បារាំង​នៅ​ថ្ងៃទី៣​និង​ទី៤​វិច្ឆិកា​ឆ្នាំ២០១១​ខាងមុខនេះ។

ពួកបាតុករ​នៃ​ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​”​ជ្រើសយក​ទីកន្លែង​ជានិមិត្តរូប​សម្រាប់​ធ្វើបាតុកម្ម​ ​ មាន​ដូចជា​បុរី​នៃ​ទីក្រុង​ឡុងដ្រឹ៍​ ​ ធនាគារ​កណ្តាល​អឺរ៉ុប​នៅទីក្រុង​ហ្វ្រង់ហ្វ័រ​ ​ ឬ​ទីផ្សារ​ហិរញ្ញវត្ថុ​ Wall Street ​នៅទីក្រុង​ញីវយ៉ក​ដែល​បាន​ត្រូវ​បាន​កាន់កាប់​ដោយ​បាតុករ​នៃ​ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​ អាមេរិកាំង​ដែលមាន​ឈ្មោះ​ថា​ ​ “​ចលនា​Occuypy »​។​ បាតុករ​នៃ​ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​នៅទូទាំង​ពិភពលោក​ចង់​សម្តែង​បញ្ជាក់​ប្រាប់​អ្នក​នយោបាយ​ដឹកនាំ​ប្រទេស​និង​អ្នក​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​ថា​ ​ “​ចាប់ពី​ពេលនេះ​តទៅ​គឺពួកគេ​ជា​អ្នក​សម្រេច​ពី​ជោគវាសនា​របស់​គេ​ ​ ហើយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​ធនាគារ​ព្រមទាំង​រដ្ឋាភិបាល​ពុំត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ធ្វើជា​អ្នករងគ្រោះ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ទៀតឡើយ”​។​ ពីព្រោះ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កើតមាន​ឡើង​ក៏​ដោយហេតុតែ​ “អសមត្ថភាព​”​និង​ “ការធ្វេស​ប្រហែស​លោភលន់”​របស់​អ្នក​ដឹកនាំ​ ​ ដូច្នេះ​ពុំត្រូវ​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់​ជាអ្នក​រង​ទទួល​ថ្មបាក់​ទៀតឡើយ។

ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​” ​នេះ​ពិតជា​បាតុភូត​មួយ​ថ្មី​ ​ ហើយ​ពោរពេញ​ទៅដោយ​ក្តី​សង្ឃឹម​ផងទៀត។​ ពីព្រោះ​ចលនានេះ​ធ្វើឲ្យ​គេ​ជឿ​ថា​ ​ នឹងមាន​អន្តរាគមន៍​បែប​ថ្មី​របស់​ប្រជាពលរដ្ឋ​ចូល​ទៅក្នុង​ជីវិត​នយោបាយ​និង​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ។​ ទាំងនេះ​ក៏​ពីព្រោះ​តែ​ប្រជាពលរដ្ឋ​ពុំចង់​ប្រគល់​ការសម្រេច​ជោគវាសនា​របស់​ខ្លួន​ឲ្យ​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​របស់​អ្នកដឹកនាំ​ប្រទេស​ ​ ដូច្នេះ​វា​ពិតជា​ការវិល​ត្រឡប់​ទៅ​រក​ប្រភព​ដើម​នៃ​សិទ្ធិ​ប្រជាធិបតេយ្យ។

គួរកត់​សម្គាល់ថា​ ​ ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​” ​នេះ​គ្មាន​មេដឹកនាំ​ឬ​អ្នកនាំពាក្យ​របស់​ខ្លួន​ឡើយ​ ​ ចលនានេះ​ពឹងផ្អែក​ទៅលើ​ប្រសិទ្ធិភាព​នៃ​ប្រព័ន្ធ​អ៊ីធ័រណេត​ដើម្បី​ធ្វើការ​កេណ្ឌ​ប្រមូល​គ្នីគ្នា។​ បច្ចុប្បន្ននេះ​ ​ ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​” ​នេះ​នៅពុំ​ទាន់​ជះចេញ​ជា​ផលវិបាក​អ្វី​ខ្លាំង​ក្លា​ទៅលើ​សង្គម​នៃ​ប្រទេស​លោក​ខាងលិច​នៅឡើយ។​ ក៏​ប៉ុន្តែ​ អ្នក​ដឹកនាំ​បារម្ភ​ខ្លាច​ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​” ​នេះ​រីករាលដាល​កាន់តែ​ខ្លាំងឡើងៗ​ ​ នៅខណៈពេល​ដែល​គេ​នៅ​ពុំទាន់​រក​បាន​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ ​ ហើយនិង​ “ផែនការ​ត្បិតត្បៀត”​ ចេះតែ​គុណទ្វេ​ឡើង​ពុំ​ឈប់ឈរ។

នៅ​ថ្ងៃសៅរ៍​ទី១៥​តុលា​ឆ្នាំ២០១១នេះ​ ​ ម្នាក់ៗ​សង្ឃឹម​ជឿជាក់ថា​ ​ ​បាតុកម្ម​នៃ​ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​” ​ដែល​មាន​ធ្វើ​នៅក្នុង​៨២ប្រទេស​និង​នៅតាម​បណ្តា​ទីក្រុង​ជិត​មួយពាន់​នៅលើ​ពិភពលោក​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ ​ ដោយ​គ្មាន​ការ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​ឡើយ។​ បើពុំ​ដូច្នោះទេ​ ​ វាអាច​បណ្តាល​ឲ្យ​ ចលនា​មួម៉ៅ​ក្តៅក្រហាយ​ “​les indignés​” ​ទូទាំង​ពិភពលោក​ខឹង​ក្រេវក្រោធ​ ​ ឆេះ​រីក​រាលដាល​កាន់តែ​ខ្លាំងឡើងៗ​បន្ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI