ការទូតបារាំង​ប្រឈមមុខ​នឹងមហាអំណាច​ថ្មីថ្មោង​នៅទីក្រុងកាន​

សំឡេង ០៥:៤៤
លោកស្រីប្រធានាធិបតី​ប្រេស៊ីល​ Dilma Rousseff លោកប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​ Jacob Zuma និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​​ Manmohan Singh
លោកស្រីប្រធានាធិបតី​ប្រេស៊ីល​ Dilma Rousseff លោកប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​ Jacob Zuma និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​​ Manmohan Singh © RFI

ជា​ទូ​ទៅ ជំនួប​កំពូល​G២០ ជជែក​ពិភាក្សា​ពី​សំណុំ​រឿង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ប៉ុន្តែ​វា​ក៏​ជា​ឱកាស​មួយ​ដែរ សម្រាប់​ឲ្យ​ពួក​មេដឹក​នាំ​ធំៗ​ក្នុង​ពិភពលោក​ឆ្លៀត​ជួប​គ្នា​ជា​ទ្វេ​ភាគី ដើម្បី​លើក​ឡើង​ពី​នយោបាយ ភូមិសាស្រ្ត​នយោបាយ​និង​សន្តិសុខ​អន្តរជាតិ។ នៅ​ក្នុង​ន័យ​នេះ ប្រទេស​បារាំង​ទំនង​ជា​ត្រូវ​ប្រឈម​មុខ​នឹង​បណ្តា​ប្រទេស​មហា​អំណាច​ថ្មីថ្មោង។ មូលហេតុ គឺ​មក​ពី​ការ​ទូត​របស់​ទីក្រុង​ប៉ារីស​នៅ​លើ​ឆាក​អន្តរជាតិ​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​អាហ្វ្រិក​ខាង​ត្បូង ឥណ្ឌា និង​ប្រេស៊ីល​មិន​សប្បាយ​ចិត្ត។

ផ្សាយពាណិជ្ជកម្ម

មហា​យក្ស​ថ្មីថ្មោង​ចំនួន​បី គឺ​អាហ្វ្រិក​ខាង​ត្បូង ឥណ្ឌា និង​ប្រេស៊ីល​ចោទ​បារាំង​ថា បាន​បន្លឹម​បន្លំ​ជំរុញ​ឲ្យ​មាន​អន្តរាគមន៍​យោធា​នៅ​ប្រទេស​លីប៊ី ដែល​យោង​ទៅ​តាម​ពួក​គេ មិន​មែន​ជា​សេចក្តី​សម្រេច​ចិត្ត​ពិតប្រាកដ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.ទេ។ មហា​អំណាច​ថ្មីថ្មោង​ទាំង​បី​មាន​ជំហរ​និង​គោលការណ៍​ដូច​ចិន​និង​រុស្ស៊ី​ដែរ នោះ​គឺ​ការ​ប្រឆាំង​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​នៃ​ប្រទេស​អធិបតេយ្យ​ណា​មួយ​ក៏​ដោយ នៅ​ក្នុង​លោក។ អ៊ីចឹង​ហើយ បាន​ជា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ បារាំង​បាន​ប្រឹងប្រែង​ស្តា​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ធំៗ​ទាំង​បី​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ និង​ឲ្យ​បាន​មុន​ការ​ផ្តើម​ឡើង​នៃ​ជំនួប​កំពូល​G២០។ ពីព្រោះ បារាំង​ដែល​ជា​ប្រធាន​G២០​មិន​ចង់​ឲ្យ​មាន​ភាព​តានតឹង​ជា​យថាហេតុ​កើត​ឡើង​នៅ​ពេល​ប្រជុំ និង​ចង់​បាន​ការ​គាំទ្រ​របស់​ឥណ្ឌា ប្រេស៊ីល និង​អាហ្វ្រិក​ខាង​ត្បូង ដើម្បី​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​សំខាន់ៗ នៅ​ទីក្រុង​Cannes ក្នុង​ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក។

 
ដូច​គ្នា​អ៊ីចឹង​ដែរ អាហ្វ្រិក​ខាង​ត្បូង ឥណ្ឌា​និង​ប្រេស៊ីល​អាក់អន់​ចិត្ត​នឹង​បារាំង​មិន​តិច​ទេ ដោយសារតែ​ប្រទេស​នេះ​មិន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន នៅ​ក្នុង​សំណុំ​រឿង​កំណែ​ទម្រង់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អ.ស.ប។ ប្រទេស​បារាំង​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប និង​ដែល​ប៉ិន​ប្រសប់​ខាង​ការ​ទូត​អន្តរជាតិ​យល់​ដឹង​ថា អាហ្វ្រិក​ខាង​ត្បូង ឥណ្ឌា និង​ប្រេស៊ីល​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ដែរ។ ម្ល៉ោះ​ហើយ តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ រដ្ឋាភិបាល​បារាំង​បាន​សន្យា​បា្រប់​មហា​អំណាច​ថ្មីថ្មោង​ទាំង​បី​នេះ​ថា នឹង​ជួយ​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​នៅ​ក្នុង​អ.ស.ប ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​នៅ​ទី​បំផុត អសនៈ​អចិន្ត្រៃយ៍​ម្នាក់​មួយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​សុខ។ នៅ​ឆ្នាំ​២០១០ លោក​ប្រធានាធិបតី​បារាំងSarkozy បាន​រហូត​ដល់​ទៅ​ប្រកាស​ថា កំណែ​ទម្រង់​អ.ស.ប​គឺ​ជា​សំណុំ​រឿង​អាទិភាព​មួយ​ដែល​បារាំង​ក្នុង​ឋានៈ​ជា​ប្រធាន​G២០​នៅ​ឆ្នាំ​២០១១ នឹង​លើក​យក​មក​ដាក់​នៅ​លើ​តុ​ដើម្បី​ពិភាក្សា។ កាល​ណោះ លោក​ប្រមុខរដ្ឋ​បារាំង​បាន​ជូន​ជា​ទឡ្ហីករណ៍​ថា ពិភព​លោក​បច្ចុប្បន្ន​មិន​ដូច​ពី​មុន​ទេ មាន​មហា​អំណាច​ថ្មីថ្មោង​ដែល​កំពុង​បន្ត​លេច​ត្រដែត​ឡើង ដូច្នេះ​មហា​យក្ស​ទាំង​នេះ ត្រូវ​តែ​មាន​អំណាច​ខ្លាំង​ជាង​មុន​នៅ​អ.ស.ប។ ក៏​ប៉ុន្តែ​សម្រេច​សម្រួច​ទៅ គ្មាន​ឡើយ​ប្រធាន​បទ​កំណែ​ទម្រង់​អ.ស.ប​នេះ​នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​កំពូល​G២០​នៅ​ទី​ក្រុង​Cannes។

ដោយ​ឡែក អាហ្វ្រិក​ខាង​ត្បូង​ដែល​តាំង​ខ្លួន​ជា​មហា​អំណាច​នៅ​អាហ្វ្រិក​និង ដែល​ក្នុង​ឋានៈ​ជា​ចន្ទល់​មួយ​ដ៏​មាំ​នៃ​សហភាព​អាហ្វ្រិក​បាន​បាក់​មុខ​មិន​តិច​ទេ ដោយសារ​តែ​ប្រទេស​បារាំង។ ម្យ៉ាង នៅ​ក្នុង​បញ្ហា​ប្រទេស​កូតឌីវ័រ កន្លង​ទៅ​ថ្មីៗ​នេះ លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូងJacob Zumba បាន​ចេញ​មុខ​ការពារ​លោក​ប្រធានាធិបតី​Laurent Gbagbo​ដែល​បាន​ក្រាញ​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង។ តែ​សម្រេច​សម្រួច​ទៅ ស្រាប់​តែ​បារាំង​បាន​ធ្វើ​អន្តរាគមន៍​យោធា​ចូល​ចាប់​ខ្លួន​បុរស​ខ្លាំង​នៃ​កូតឌីវ័រ​រូប​នេះ​ទៅ​វិញ។ ម្យ៉ាង​ទៀត នៅ​ក្នុង​បញ្ហា​ប្រទេស​លីប៊ី អាហ្វ្រិក​ខាង​ត្បូង​ក៏​បាន​បាក់​មុខ​មិន​តិច​ដែរ​ដោយសារតែ​បារាំង។ ដំបូង​ឡើយ លោក​Jacob Zumba​ដ៏​មាន​ទម្ងន់​បាន​ដើរ​តួនាទី​ជា​អ្នក​ចរចា​ជាមួយ​Kadhafi ពីព្រោះ​លោក​ចង់​ឲ្យ​សហភាព​អាហ្វ្រិក​ជា​អ្នក​ដោះស្រាយ​គ្រប់​បញ្ហា​អាហ្វ្រិក។ ប៉ុន្តែ​នៅ​ចុង​បំផុត ស្រាប់​តែ​កងទ័ព​ជើង អាកាស​របស់​OTAN ដឹក​នាំ​ដោយ​បារាំង បាន​មក​ជួយ​ពួក​ទ័ព​ឧទ្ទាម​រំលំ​របប​របស់​Kadhafi ទៅ​វិញ។

និយាយ​រួម មហា​អំណាច​ថ្មីថ្មោង​ទាំង​បី អាហ្វ្រិក​ខាង​ត្បូង ប្រេស៊ីល​និង​ឥណ្ឌា ពិតមែន​តែ​ជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ដូច​បស្ចិម​លោក បែរ​ជា​មាន​ជំហរ​ដូច​ចិន​និង​រុស្ស៊ី ដែល​ជា​ប្រទេស​កាន់​អំណាច​ផ្តាច់​ការ នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​វិញ។ ម្ល៉ោះ​ហើយ មិន​មែន​មាន​តែ​បារាំង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​អាមេរិក​និង​អង់​គ្លេស ក៏​កំពុង​ប្រទាញប្រទង់​ខ្លាំង​ជាមួយ​នឹង​មហា​អំណាច​ថ្មីថ្មោង​ទាំង​បី​ដែរ។ នៅ​ក្នុង​បរិបទ​បែប​នេះ គេ​រង់​ចាំ​អុត​មើល​ថា តើ​នឹង​មាន​ការ​ប្រឆាំង​ខ្លាំង​ដែរ​ឬ​ទេ​នឹង​គម្រោង​សេចក្តី​សម្រេច​ចិត្ត​សំខាន់ៗ​នៅ​ទីក្រុង​Cannes ពី​សំណាក់​អាហ្វ្រិក​ខាង​ត្បូង ឥណ្ឌា​និង​ប្រេស៊ីល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI