ទស្សនកិច្ច​​ជាប្រវត្តិសាស្ត្រ​​របស់​​លោកស្រី​​គ្លីនតុន​​នៅភូមា​​

សំឡេង ០២:៣២
លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីឡារី​គ្លីនតុន
លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីឡារី​គ្លីនតុន Reurters/Osman Orsal

លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីឡារី​គ្លីនតុន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​នៅ​ថ្ងៃពុធ​ទី៣០​វិច្ឆិកា​ឆ្នាំ២០១១។​ នេះ​ជាលើក​ទីមួយហើយ​ក្នុងយៈកាល​ជាង​៥០ឆ្នាំ​ដែល​ប្រមុខ​ការទូត​អាមេរិក​បាន​ដាក់ជើង​លើ​ទឹកដី​ភូមា។​ ចាប់តាំង​ពី​រដ្ឋាភិបាល​ស៊ីវិល​បាន​ឡើងមក​កាន់អំណាច​ ​ គេ​កត់​សម្គាល់ឃើញ​ ​ ​ប្រជាជន​ភូមា​មាន​សិទ្ធិ​ធ្វើបាតុកម្ម​និង​បញ្ចេញ​មតិ​ ​ មានការ​ដោះលែង​អ្នកទោស​នយោបាយ​ ​ ហើយនិងមាន​សេរីភាព​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។

ផ្សាយពាណិជ្ជកម្ម

 

ជាការ​ជាក់ច្បាស់​ណាស់​ដែល​អ្នកដឹកនាំ​ប្រទេស​ភូមា​បច្ចុប្បន្ន​ចង់បាន​ “ទំនាក់​ទំនង​ប្រក្រតី”​ ជាមួយ​សហរដ្ឋ​អាមេរិក​ ​ ក្នុង​ក្តី​សង្ឃឹម​នឹង​ទទួល​បាន​នៅទី​បំផុត​នូវ​ការលើកចេញ​នៃ​ទណ្ឌកម្ម​ដែល​បាន​ដាក់​ទៅលើ​ភូមា​ដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អឺរ៉ុប។

ទោះបីជា​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីឡារី​គ្លីនតុន​បាន​ថ្លែង​ពន្យល់ថា​ ​ ការអញ្ជើញ​មក​ប្រទេស​ភូមា​របស់​លោក​ស្រីនេះ​គឺ​ដើម្បី​ “ស្ទាបស្ទង់​ឲ្យដឹងពី​ឆន្ទៈ​នៃ​​របប​គ្រប់គ្រង​ភូមា​” ​ ក៏ដោយ​ ​ ក៏​អ្នកដឹកនាំ​ភូមា​ប្រហែលជា​នឹង​សម្ដែង​ឲ្យ​ឃើញ​នូវ​សុឆន្ទៈ​របស់​គេ​ ​ ដោយ​ធ្វើការ​ដោះលែង​រាល់​អ្នកទោស​នយោបាយ​ ​ បិទបញ្ចប់​ការរំលោភ​លើ​សិទ្ធិ​មនុស្ស​ ​ ជាពិសេស​ទៅលើ​ជនជាតិ​ពន្ធុ​ភាគតិច​ ​ ហើយនិង​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ប្រកប​ដោយ​តម្លាភាព​ ​ ដែលទាំងនេះ​ជា​ការ​ទាមទារ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន។

ចំណែកឯ​សហរដ្ឋ​អាមេរិក​ឯណោះវិញ​ ​ គេចង់​ពង្រឹង​វត្តមាន​និង​ឥទ្ធិពល​របស់​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ ដើម្បី​ធ្វើការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​ដែល​ចេះតែ​កើន​កាន់តែ​ខ្លាំងឡើងៗ​នៅ​ក្នុង​តំបន់។

ទាំងនេះ​ធ្លាក់ចំពេល​ដែល​អ្នកដឹកនាំ​ភូមា​កំពុង​ចង់​ងាកចេញ​ពី​ប្រទេស​ចិន​ដើម្បី​កុំឲ្យ​ទីក្រុង​ប៉េកាំង​មាន​ឥទ្ធិពល​គ្រប​ដណ្តប់​ខ្លាំងពេក​ទៅលើ​ប្រទេស​ភូមា។​ ប្រទេស​ភូមា​ដែលតែង​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​លង់​មកហើយ​របស់​ប្រទេស​ចិន។​ ជាក់ស្ដែង​ ​ នៅពេល​ថ្មីៗនេះ​ទីក្រុង​ Naypyidaw ​បាន​ផ្អាក​ការសាងសង់​វារីអគ្គិសនី​ដ៏​ធំមួយ​នៅ​ប្រទេស​ភូមា​ដែល​មាន​ប្រទេស​ចិន​ជាអ្នក​ផ្តល់​ហិរញ្ញប្បទាន។

ស្របពេល​ជាមួយ​គ្នា​នេះ​ ​ ប្រទេស​ភូមា​កំពុង​អនុវត្ត​នយោបាយ​បើកចំហ​ទៅរក​ប្រទេស​អាស៊ី​អាគ្នេយ៍​ជិតខាង​ដើម្បី​រៀបចំ​ខ្លួន​ឡើង​ធ្វើជា​ប្រធាន​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា​ ASEAN ​នៅ​ឆ្នាំ២០១៤​ខាងមុខនេះ។

រីឯ​ទីក្រុង​ប៉េកាំង​ឯណោះ​យល់ដឹង​ណាស់​ពី​បញ្ហានេះ​ ​ ហេតុ​ដូច្នេះហើយ​បានជា​អនាគត​ឥស្សរជន​ទីមួយ​នៃ​ប្រទេស​ចិន​លោក​ Xi Jinping ​បាន​ធ្វើ​សំណើ​មួយ​កាលពី​​ថ្ងៃចន្ទ​កន្លង​ទៅនេះ​ ​ ឲ្យ​កងកម្លាំង​យោធា​នៃ​ប្រទេស​ចិន​និង​ភូមា​ ​ “ពង្រឹង​ធ្វើ​ការដោះដូរ​និង​ធ្វើ​សហប្រតិបត្តិការ​ឲ្យ​បាន​ស៊ីជម្រៅ”​ ​ ដោយ​ទទួល​លោក​អគ្គ​មេបញ្ជាការ​នៃ​កងកម្លាំង​យោធា​ភូមា​ Min Aung Hlaing ។

សម្រាប់​ទីក្រុង​ប៉េកាំង​ ​ ប្រទេស​ភូមា​គឺជា​ប្រភព​នៃ​ការផ្តល់​វត្ថុធាតុដើម​និង​សម្បត្តិ​ធម្មជាតិ​ដ៏ច្រើន​​ឲ្យ​ប្រទេសចិន។​ បន្ថែម​ពីលើនេះ​ ​ ប្រទេស​ភូមា​អាច​ជួយ​បើក​ទ្វារ​ឲ្យ​ប្រទេសចិន​ឈាន​ទៅ​រក​កំពង់ផែ​ដែល​ឋិត​នៅ​មហាសាគរ​ឥណ្ឌា​ ​ ដ៏មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​នាវាចរណ៍​របស់​ប្រទេសចិន​ផងទៀត។

ដូច្នេះ​ ​ បើ​សហរដ្ឋ​អាមេរិក​អាច​ឈាន​ទៅរក​សហការ​ជាមួយ​ប្រទេស​ភូមា​មែន​ ​ នោះ​វានឹង​អាច​ជួយ​កាត់​បន្ថយ​កុំឲ្យ​ប្រទេស​ភូមា​មាន​ការ​ពឹងផ្អែក​ខ្លាំងពេក​ទៅលើ​ប្រទេសចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI