អូតង់មិនចូលធ្វើអន្តរាគមន៍នៅប្រទេសស៊ីរីទេ ទោះបីជាមានដីការបស់អ.ស.ប.
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋធានីដាម៉ាស់និងទីក្រុងអាឡេពដែលជាទីក្រុងសំខាន់ទីពីររបស់ស៊ីរីបានស្គាល់ការរំជើបរំជួលនៅថ្ងៃសុក្រម្សិលមិញ ដោយមានបាតុករស៊ីរីរាប់ម៉ឺននាក់បាននាំគ្នាចុះថ្នល់ស្រែកទាមទារឲ្យផ្តួលរំលំរបបផ្តាច់ការបាស្ហារអាល-អាស្សាដ។ ហើយទាហានរបស់អាស្សាដបានបាញ់ប្រហារប្រជាជនស្លាប់២៧នាក់។ ទន្ទឹមគ្នានេះ អគ្គលេខាធិការនៃបក្សសម្ព័ន្ធអូតង់បានប្រកាសឲ្យដឹងថា អូតង់នឹងពុំចូលធ្វើអន្តរាគមន៍នៅប្រទេសស៊ីរីទេ ទោះបីជាមានដីការបស់អ.ស.ប.ក៏ដោយ។
នាឱកាសកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Reuters លោក Anders Fogh Rasmussen អគ្គលេខាធិការនៃបក្សសម្ព័ន្ធអូតង់ថ្លែងប្រកាសឲ្យដឹងថា អូតង់នឹងពុំចូលធ្វើអន្តរាគមន៍នៅប្រទេសស៊ីរី ទោះបីជាមានដីការបស់អ.ស.ប.ក៏ដោយ។ មូលហេតុគឺមកពី បក្សសម្ព័ន្ធអូតង់យល់ឃើញថា រចនាសម្ព័ន្ធនៃសង្គមស៊ីរីមានលក្ខណៈសែនស្មុគស្មាញ ខុសពីរចនាសម្ព័ន្ធនៃសង្គមលីប៊ី ទាំងក្នុងវិស័យជាតិពន្ធុ នយោបាយ និងសាសនា។ ទាំងនេះហើយដែលនាំឲ្យលោក Anders Fogh Rasmussen អគ្គលេខាធិការនៃបក្សសម្ព័ន្ធអូតង់ថ្លែងសង្កត់បញ្ជាក់ថា ដំណោះស្រាយឲ្យវិបត្តិស៊ីរីត្រូវរិះរកក្នុងរង្វង់ “ដំណោះស្រាយតំបន់”។ ហើយម្យ៉ាងទៀត “ក្រុមប្រទេសមិត្តរបស់ស៊ីរី”ក៏នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃទី២៤កុម្ភៈខាងមុខនេះនៅទីក្រុងទុយនីសនៃប្រទេសទុយនីស៊ីដើម្បីរិះរកមធ្យោបាយសម្រាប់បិទបញ្ចប់ការវាយបង្ក្រាបដ៏ហិង្សានិងសែនឃោរឃៅដោយទាហានរបស់បាស្ហារអាល-អាស្សាដទៅលើក្រុមបាតុករស៊ីរីដែលបាននាំគ្នារាប់ម៉ឺននាក់ចុះថ្នល់ស្រែកទាមទារអស់រយៈពេល១១ខែមកហើយឲ្យប្រមុខដឹកនាំផ្តាច់ការស៊ីរីបាស្ហារអាល-អាស្សាដចាកចេញពីមុខតំណែង។
គួរកត់សម្គាល់ថា កងកម្លាំងយោធានៃបក្សសម្ព័ន្ធអូតង់ធ្លាប់បានចូលធ្វើអន្តរាគមន៍នៅប្រទេសលីប៊ី កាលពីឆ្នាំទៅដោយមានដីការបស់អង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែលើកនេះ ទោះបីជាគ្មានវេតូរបស់ប្រទេសចិននិងប្រទេសរុស្ស៊ីក៏ដោយ អូតង់នឹងពុំចូលធ្វើអន្តរាគមន៍នៅប្រទេសស៊ីរីដែរ ទោះបីជាមានដីការបស់អ.ស.ប.ក៏ដោយ។ នេះជាការថ្លែងបញ្ជាក់របស់លោក Anders Fogh Rasmussen ។
នៅចំពោះមុខស្ថានការណ៍ស៊ីរីនេះ ប្រទេសចិនបានបញ្ជូនអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់គេឲ្យទៅទីក្រុងដាម៉ាស់ជួបពិភាក្សាជាមួយសមភាគីស៊ីរីនៅល្ងាចថ្ងៃសុក្រម្សិលមិញ ដើម្បីរិះរកមធ្យោបាយសម្រាប់ “ពង្រឹងសហប្រតិបត្តិការ” ក្នុងការស្វែងរកដំណោះស្រាយឲ្យវិបត្តិស៊ីរីដ៏សែនហិង្សានេះ។
នាឱកាសជំនួបពិភាក្សានោះ លោក ចៃ ជុន អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនគូសបញ្ជាក់ថា “អធិបតេយ្យ ឯកភាព ឯករាជ្យ និងបូរណភាពដែនដីរបស់ប្រទេសស៊ីរី ត្រូវតែគោរពដោយរាល់ភាគីពាក់ព័ន្ធហើយនិងដោយសហគមន៍អន្តរជាតិ” ។ ទីក្រុងប៉េកាំងសង្ឃឹមថា កិច្ចចរចាថ្នាក់ជាតិនិងកំណែទម្រង់នៅស៊ីរីអាចជួយជំរុញឲ្យការរិះរកដំណោះស្រាយឈានទៅមុខ។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី៤កុម្ភៈកន្លងទៅនេះ ប្រទេសរុស្ស៊ីនិងប្រទេសចិនបានប្រើសិទ្ធិវេតូរបស់ខ្លួនប្រឆាំងទល់នឹងគម្រោងសេចក្តីសម្រេចចិត្តរបស់អ.ស.ប.ថ្កោលទោសទៅលើទង្វើវាយបង្ក្រាបដ៏សែនហិង្សាឃោរឃៅរបស់កងកម្លាំងយោធានៃរបបគ្រប់គ្រងបាស្ហារអាល-អាស្សាដទៅលើប្រជាជនស៊ីរីដែលបាននាំគ្នារាប់ម៉ឺននាក់ចុះថ្នល់ស្រែកទាមទារឲ្យបាស្ហារអាល-អាស្សាដចុះចេញពីមុខតំណែង។
អ្វីដែលគួរឲ្យចម្លែកគឺប្រទេសចិន ដែលតាមធម្មតាតែងមានជំហរស្រដៀងគ្នានឹងជំហររបស់ក្រុមប្រទេសសម្ព័ន្ធអារ៉ាប់ ម្តងនេះទីក្រុងប៉េកាំងលែងគាំទ្រសេចក្តីសម្រេចចិត្តរបស់ក្រុមប្រទេសសម្ព័ន្ធអារ៉ាប់ដែលគ្រោងផ្តល់ជំនួយនយោបាយនិងជំនួយសម្ភារៈឲ្យទៅក្រុមប្រឆាំងស៊ីរី ហើយនិងបង្កើតឲ្យមានកងកម្លាំង អ.ស.ប.-អារ៉ាប់ រួមគ្នាមួយដើម្បីបិទបញ្ចប់ទង្វើហិង្សានៅប្រទេសស៊ីរី។
រីឯលោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ហ៊ីឡារីគ្លីនតុន បានថ្លែងនៅថ្ងៃសុក្រម្សិលមិញថា “ការបោះឆ្នោតគាំទ្រដោយមហាសន្និបាតនៃអ.ស.ប.ថ្កោលទោសទៅលើទង្វើហិង្សាដ៏ឃោរឃៅនៃ របបគ្រប់គ្រងបាស្ហារអាល-អាស្សាដបង្ហាញឲ្យឃើញនូវ “ consensus អន្តរជាតិមួយដែលមានទ្រង់ទ្រាយធំ” សម្រាប់បង្ខំឲ្យរបបបាស្ហារអាល-អាស្សាដបញ្ឈប់អំពើហិង្សាដ៏សែនឃោរឃៅរបស់ខ្លួន។
លោកប្រធានាធិបតីបារាំងសាកូហ្ស៊ីនិងលោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron វិញ បាននាំគ្នាបរិហារនៅថ្ងៃសុក្រម្សិលមិញនាឱកាសសន្និសីទកាសែតនៅទីក្រុងប៉ារីសពីអំពើហិង្សាដ៏អមនុស្សធម៌របស់ប្រមុខដឹកនាំស៊ីរីបាស្ហារអាល-អាស្សាដ ហើយនិងសង្កត់បញ្ជាក់ពីការចាំបាច់ក្នុងការជួយរៀបចំក្រុមអ្នកប្រឆាំងស៊ីរី ហើយនិងការពង្រឹងដាក់ទណ្ឌកម្មទៅលើរបបផ្តាច់ការស៊ីរី។
សូមបញ្ជាក់ថា មានយន្តហោះយោធាគ្មានមនុស្សបើកជាច្រើនគ្រឿងហើយនិងអ្នកយកការណ៍សម្ងាត់អាមេរិកាំងបានទៅបំពេញបេសកកម្មនៅប្រទេសស៊ីរីដើម្បីតាមដានការវាយប្រហាររបស់ទាហានស៊ីរីទៅលើក្រុមអ្នកប្រឆាំងនិងប្រជាជនស៊ីវិល។ នេះបើយោងតាមការផ្សាយឲ្យដឹងនៅថ្ងៃសៅរ៍នេះដោយទូរទស្សន៍អាមេរិក NBC ។ ដោយទីក្រុងវ៉ាស៊ីនតោនសង្ឃឹមយកការតាមឃ្លាំមើលតាមផ្លូវអាកាសនេះ ទៅធ្វើជាទឡ្ហីករណ៍ឬសេចក្តីសំអាងប្រឆាំងទល់នឹងទង្វើដ៏ហិង្សាឃោរឃៅរបស់ទាហានបាស្ហារអាល-អាស្សាដ ហើយនិងដើម្បីធ្វើការឃាត់ស្ទាក់ទូរគមនាគមន៍រវាងរដ្ឋាភិបាលស៊ីរីនិងយោធារបស់ខ្លួនផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ