សព្វាវុធ

ទីផ្សារ​ជួញ​ដូរ​អាវុធ​មាន​ការ​កើន​ឡើង​ខ្ពស់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

ការ​តាំង​បង្ហាញ​អាវុធ នៅ​ រដ្ឋ​ Maryland / ថ្ងៃទី១៨ មិថុនា ឆ្នាំ​២០១៣
ការ​តាំង​បង្ហាញ​អាវុធ នៅ​ រដ្ឋ​ Maryland / ថ្ងៃទី១៨ មិថុនា ឆ្នាំ​២០១៣ REUTERS/Gary Cameron

ការ​ជួញ​ដូរ​គ្រឿងសព្វាវុធ​នៅ​ក្នុង​ពិភពលោក បាន​កើន​ឡើង​ចំនួន ៣០%​ក្នុង​រយៈ​ពេល​បួនឆ្នាំ​កន្លង​មក​នេះ ហើយ​វា​នឹង​មាន​ការ​កើន​ឡើង​ទ្វេ​ដង​នៅ​ឆ្នាំ២០២០។ ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា វា​មាន​សន្ទុះ​ខ្លាំងក្លា នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី ប៉ាស៊ីហ្វិក ដែល​នេះ​ជា​ការ​គម្រាម​មួយ​ដល់ ឥទ្ធិពល​ទីផ្សារ​អាវុធ​របស់​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

ថវិកា​របស់​ក្រសួង​ការពារ​ជាតិ​នៃ​បណ្តា​ប្រទេស​ដែល​ផលិត​គ្រឿង​សព្វាវុធ ​ធំៗ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ ហើយ​ការ​ប្រគួត​ប្រជែង​ទីផ្សារ​លក់ដូរ​អាវុធ​នៅ​ក្នុង​ពិភព​លោក ក៏​កំពុង​តែ​សន្ទុះ​​ផង​​ដែរ ជាពិសេស​សម្រាប់​បណ្ដា​ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ នេះ​បើ​តាម​របាយ​ការណ៍​​វិភាគ​​មួយ ដែល​ចេញ​ដោយ​ទីក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃអង្គារ ទី២៥ មិថុនា កន្លង​ទៅ​នេះ។

 
បើ​គិត​ជា​ទឹក​ប្រាក់ ការ​នាំ​ចេញ និង​នាំចូល​គ្រឿង​សព្វាវុធ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​បាន​កើន​ពី​ប្រមាណ ៥ ៧០០០លាន ដល់​ជិត​៧ ៤​០០០​លាន​ដុល្លាអាមេរិក បើ​គិត​ចាប់​ពី​ឆ្នាំ​២០០៨ មក​ទល់​នឹង​ឆ្នាំ២០១២។ ហើយ​ដល់​ឆ្នាំ​២០២០​ខាងមុខ​ ថវិការ​ខាង​លើ​នឹង​កើន​ឡើង​ទ្វេដង។

នៅ​ឆ្នាំ​២០១២ គេ​ឃើញ​ទីផ្សារ​លក់​គ្រឿង​សព្វាវុធ​របស់​អឺរ៉ុប​បាន​ធ្លាក់​ចុះ​មក​ត្រឹម ប្រមាណ ២៨%​​បើ​​ធៀប​ទៅ​នឹង​ឆ្នាំ២០០៨ ដែល​មាន​រហូត​ដល់ ៣៥%។ តែ​ផ្ទុយ​ទៅ​វិញ វា​បាន​ចាប់​ផ្ដើម​មាន​កំណើន នៅ​ផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក ជា​ពិសេស​ប្រទេសចិន ដែល​មាន​ការ​កើន​ឡើង ពី៣,៧% ទៅ៥,៤%។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សន្ទុះ​ខាង​លើ​បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន មាន​ការ​ប្រសើរ​ឡើង​​នូវ​​សមត្ថភាព​ក្នុង​ការ​ផលិត​គ្រឿង​សព្វាវុធ​របស់​ខ្លួន។ ក្នុង​នោះ ចិន​ឡើង​ចំណាត់ថ្នាក់ ពី​លេខ​១០ មក​ត្រឹម​លេខ៨ ក្នុង​​ចំណោម​​ប្រទេស​​ដែល​​នាំ​ចេញ​អាវុធ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។

 
របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ចិន​មាន​អតិថិជន ជា​អ្នក​ជិត​ខាង​របស់ខ្លួន​ជា​ច្រើន ក៏​ប៉ុន្តែរ នៅ​ក្នុង​ទីផ្សារ​មជ្ឈឹមបូព៌ា​វិញ ចិន​មិន​សូវ​ជា​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ប៉ុន្មានទេ​ទាក់ទង​នឹង​គុណភាព​សព្វាវុធ។ ជាក់​ស្ដែង​កាល​ពី​ថ្មីៗ​នេះ មាន​ប្រទេស​មួយ នៅ​ទ្វីប​អាមេរិក​ខាងត្បូង បាន​បញ្ជូន​ប្រព័ន្ធ​រ៉ាដា​មក​ឱ្យ​ប្រទេស​ចិន​វិញ ដោយ​សារ​តែ​វា​មាន​បញ្ហា​បច្ចេកទេស។

នៅ​ក្នុង​ឆ្នាំ​២០២១​ខាងមុខ ថវិកា​ដែល​បាន​មក​ពីការ​ជួញ​ដូរ​អាវុធ របស់​ប្រទេស​​អាស៊ី​ប៉ាស៊ីហ្វិក ដែល​​មាន​​ដូច​ជា ចិន ឥណ្ឌា ជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង នឹង​មាន​ការ​កើន​ឡើង រហូត​​ដល់​ប្រមាណ​​ជាង ៥០០ ០០០​លាន​ដុល្លា ឈាន​មុខ​សហរដ្ឋអាមេរិក និង​កាណាដា។

បច្ចុប្បន្ន អាមេរិក​ជាប់​ចំណាត់​ថ្នាក់​ទីមួយ ក្នុង​ការ​នាំ​ចេញ​អាវុធ​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក ដែល​ឈាន​មុខ​រុស្ស៊ី និង​ប្រទេស​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI