អានតួអត្ថបទ
កម្ពុជា

អ្នក​បញ្ជា​ទិញ និង​សហជីព​សកល​ជាង​២០ ស្នើ​សុំ​ពិភាក្សា​បញ្ហា​កម្មករ​ជាមួយ​លោក​ហ៊ុន សែន

កងកម្លាំងសមត្ថិកិច្ចប្រដាប់អាវុធ បង្រ្កាបបាតុករនៅផ្លូវវ៉េងស្រេង ថ្ងៃទី ៣មករា ឆ្នាំ​២០១៤។
កងកម្លាំងសមត្ថិកិច្ចប្រដាប់អាវុធ បង្រ្កាបបាតុករនៅផ្លូវវ៉េងស្រេង ថ្ងៃទី ៣មករា ឆ្នាំ​២០១៤។ RFI/ siv channa
ដោយ៖ អ៊ឹម រចនា
១៩ នាទី

អ្នក​បញ្ជាទិញ និង​សហជីព​ជាង​២០ បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​លិខិត​មួយ ចុះ​ថ្ងៃ​ទី​១៧​មករា ស្នើ​​សុំ​ជួប​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន ដើម្បី​ពិភាក្សា រិះ​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នានា​របស់​កម្មករ តួ​យ៉ាង​ដូច​ជា​ ការ​ប្រើ​ប្រាស់​កម្លាំង​ហួសហេតុ បង្ក្រាប​ទៅ​លើ​បាតុករ​ដែល​ជា​កម្មករ ការ​កំណត់​ប្រាក់​ឈ្នួល​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ការ​អនុវត្ត​ច្បាប់​សហជីពជា​ដើម។ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ជម្រុញឲ្យ​អ្នក​បញ្ជា​ទិញ និង​សហជីព​សកល ប្រកាន់​នូវ​ជំហរ​ដាច់​ខាត ប្រឆាំង​នឹងការ​ស៊ី​សំណូក​ក្រោម​តុ ពេល​ធ្វើ​ការ​ជាមួយ​មន្ដ្រី​រដ្ឋាភិបាល។ ព្រោះ​ថា អំពើ​ពុក​រលួយ ស៊ីរូង​ក្រោម​តុ​នេះ​ហើយ ដែល​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ថ្លៃ​ចំណាយ​កើន​ឡើង និង​កាត់​បន្ថយ​ប្រាក់​ខែ​របស់​កម្មករ។

ផ្សាយពាណិជ្ជកម្ម

ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា រវាង​កង​កម្លាំង​សមត្ថកិច្ច​កម្ពុជា និង​បាតុករ កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣​មករា​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​អ្នក​បញ្ជា​ទិញ និង​សហជីព​សកល​ជាង​២០ ព្រួយ​បារម្ភ។ នៅ​ថ្ងៃ​សុក្រ ទី​១៧​មករា ក្រុមហ៊ុន​បញ្ជា​ទិញ​ម៉ាក​ល្បី​ៗ មាន​ជា​អាថិ៍ TESCO, The Walt Disney Company, Nike, PUMA, New Look, New Balance, H&M, Adidas និង​សហជីព​សកល​មួយ​ចំនួន​ទៀត បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​លិខិត​មួយ ចុះ​ថ្ងៃ​ទី​១៧​មករា ស្នើ​​សុំ​ជួប​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន នៅ​ក្នុង​សប្ដាហ៍​ទី​មួយ​នៃ​ខែ​កុម្ភៈ ដើម្បី​ពិភាក្សា រិះ​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នានា​របស់​កម្មករ។

 

បញ្ហា​នានា​របស់​កម្មករ​ដែល​បាន​លើក​ឡើង​ដោយ​អ្នក​បញ្ជា​ទិញ និង​សហជីព​សកល​នោះ រួម​មាន ការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ​ពី​សំណាក់​សមត្ថកិច្ច ទៅ​លើ​បាតុករ ការ​ស៊ើប​អង្កេត​បន្ទាន់​មួយ លើ​ការ​ប៉ះ​ទង្គិច​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់ និង​ច្រើន​នាក់​ទៀត​រង​របួស។ ជា​ការ​ស៊ើប​អង្កេត​ដែលលិខិត​បញ្ជាក់​ថា គួរ​តែ​ធានា​ឲ្យ​បាន​នូវ​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ពេញ​លេញ​ចំពោះអ្នក​ដែល​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ​ទៅ​លើ​បាតុករ ដើម្បី​ចាត់​វិធានការណ៍​ទប់​ស្កាត់​មិន​ឲ្យ​អំពើ​នោះ ​កើត​ឡើង​ម្ដង​ទៀត។

លិខិត​ដដែល​ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​ការ​ស្នើ​សុំ​របស់​អ្នក​បញ្ជា​ទិញ និង​សហជីព​សកល។ ការ​ស្នើ​សុំ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​របស់​មេដឹកនាំ​សហជីព​និង​កម្មករ​ទាំង​២៣​នាក់​ដែល​កំពុង​​ជាប់​ឃុំ គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការជួបជុំ គោរព​ច្បាប់​សហជីព និង​ដំណើរការ​កំណត់​ប្រាក់​ឈ្នួល​ថ្មី​។ បញ្ហា​ប្រាក់​ឈ្នួល ដែល​ក្រុមហ៊ុន​ម៉ាក​ល្បី​ៗ និង​សហជីព​សកល​ស្នើ​ដល់​​រដ្ឋាភិបាល​កម្ពុជា​ថា គួរតែ​ទទួលយក​ជំនួយ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ​ខាង​កា​ងារ ដើម្បី​បង្កើត​យន្តការ​កំណត់​ប្រាក់​ឈ្នួល​មួយ ដែល​​មាន​ប្រសិទ្ធភាព។

ក្រៅ​ពី​ការ​ស្នើ​សុំខាង​លើ អ្នក​បញ្ជា​ទិញ និង​សហជីព​សកល ក៏​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល ចូល​រួម​ជាមួយ​និយោជក និង​សហជីព​ជា​បន្ទាន់ ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​ និង​ដើម្បី​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ពិភាក្សា​ប្រកប​ដោយ​ភាព​ជឿ​ទុក​ចិត្ត និង​ទៀងទាត់ រវាង​កម្មករ និយោជក និង​រដ្ឋាភិបាល។

ក្រោយ​ការ​ចេញ​ផ្សាយ​លិខិត​ចំហ​របស់​អ្នក​បញ្ជា​ទិញ និង​សហជីព​សកល គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​អាទិត្យ ទី​១៩​មករា​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ជម្រុញឲ្យ​អ្នក​បញ្ជា​ទិញ និង​សហជីព​សកល ប្រកាន់​នូវ​ជំហរ​ដាច់​ខាត ប្រឆាំង​នឹងការ​ស៊ី​សំណូក​ក្រោម​តុ ពេល​ធ្វើ​ការ​ជាមួយ​មន្ដ្រី​រដ្ឋាភិបាល។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​ប្រឆាំង អំពើ​ពុក​រលួយ ស៊ីរូង​ក្រោម​តុ​នេះ​ហើយ ដែល​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ថ្លៃ​ចំណាយ​កើន​ឡើង និង​ធ្វើ​ឲ្យ​​ប្រាក់​ខែ​របស់​កម្មករ​ថយ​ចុះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ