អានតួអត្ថបទ
កម្ពុជា

ឌុច​បន្ត​ផ្តល់​សក្ខី​កម្ម​លើ​ដំណើរ​ការ​របស់ ​ស-២១ ​និង​ការ​បោស​សំអាត​ផ្ទៃ​ក្នុង​

កាំង ហ្គេចអ៊ាវ ​ហៅ​ឌុច ​អតីត​មេគុក​ទួលស្លែង​ ឡើង​ផ្តល់​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី ​ថ្ងៃ​ទី​៩​មិថុនា​ឆ្នាំ​២០១៦​។​
កាំង ហ្គេចអ៊ាវ ​ហៅ​ឌុច ​អតីត​មេគុក​ទួលស្លែង​ ឡើង​ផ្តល់​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី ​ថ្ងៃ​ទី​៩​មិថុនា​ឆ្នាំ​២០១៦​។​ @ECCC
ដោយ៖ សឿង ភារៈ
១៥ នាទី

នៅ​​ថ្ងៃទី២១​ ខែ​មិថុនា ​នេះ ​កាំ​ង​ ហ្កេ​ក​អ៊ា​វ​ ហៅ ​ឌុ​ច​ អតីត​​ប្រធាន​​មន្ទីរ​​សន្តិសុខ ​ស-២១​ កំពុង​ផ្តល់​​សក្ខី​កម្ម​​បន្ត​ទៀត ​នៅ​​ចំពោះ​មុខ​​អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​​នៃ​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ក្នុង​​តុលាការ​​កម្ពុជា ​ក្នុង​​សំណុំរឿង ០​០២/០២។ ក្នុង​នោះ ​ឌុ​ច​ បាន​​ឆ្លើយ​​សំនួរ​​របស់​​មេធាវី ​Victor Koppe (វិក​ទ័​រ កូ​ប៉េ) ​ទាក់​ទង​​នឹង​​ដំណើរ​ការ​​របស់​​មន្ទីរ​​សន្តិសុខ ​ស-២១ ​រួម​ទាំង​​មូល​ហេតុ​​នៃ​​ការ​សម្លាប់​ និង​​ចាប់​ខ្លួន​​កម្មាភិបាល​ជាន់​ខ្ពស់​​ក្នុង​សម័យ​​ខ្មែរ​ក្រហម​ គឺ​​អតីត​រដ្ឋមន្ត្រី​​ក្រសួង​ពាណិជ្ជកម្ម។​  

ផ្សាយពាណិជ្ជកម្ម

 

ការផ្តល់​សក្ខីកម្ម​រប​ស់ កាំ​ង ហ្កេ​ក​អ៊ា​វ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ «ស-២១» ឬ​គុក​ទួលស្លែង នៅ​ព្រឹក​នេះ បាន​ផ្តោតជាសំខាន់​ទៅលើ​ការចាប់ខ្លួន និង​សម្លាប់​កម្មាភិបាល​ខ្មែរក្រហម រួមទាំង​ដំណើរការ​របស់​មន្ទីរ​សន្តិសុខ ស-២១។ មេធាវី​ការពារ​ក្តី​ជនជាប់ចោទ នួន ជា គឺ​លោក Victor Koppe (វិក​ទ័​រ កូ​ប៉េ) បាន​ផ្តើម​សំនួរ​ដំបូង​ទាក់ទង​នឹង​មូលហេតុ​នៃ​ការចាប់ខ្លួន កុយ ធួន ដែលជា​អតីត​កម្មាភិបាល​ទទួល​បន្ទុក​គ្រប់គ្រង​ភូមិភាគ​ឧ​ត្ត​រ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អំឡុងពេល​ខ្មែរក្រហម​គ្រប់គ្រង​អំណាច។

សាក្សី ឌុ​ច បាន​ឲ្យ​ដឹងថា កុយ ធួន ត្រូវបាន​ចាប់ខ្លួន តែ​លោក​មិនបាន​ដឹង​ពី​មូលហេតុ ដែល​មជ្ឈិមបក្ស​ចាប់ខ្លួន​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​របប​ខ្មែ​ក្រហម​រូបនេះ​ទេ។ ឌុ​ច បានបញ្ជាក់​ប្រាប់​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ នួន ជា​ថា“ឈប់​សួរ​លោក​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​កុយ ធួន ព្រោះ ស-២១ ដឹង​តែមួយ​ផ្នែក​តែប៉ុណ្ណោះ” ឌុ​ច បន្ថែមថា លោក​ក៏​មិនដឹង​ពី​មូលហេតុ ដែល កុយ ធួន ត្រូវ​យកទៅ​សម្លាប់ចោល​ផងដែរ។

អតីត​ប្រធាន​មន្ទីរ​សន្តិសុខ «ស-២១» រូបនេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការធ្វើ​ទារុណកម្ម​គឺជា​មធ្យោបាយ​ចុងក្រោយ​បំផុត​នៅ​មន្ទីរ​សន្តិសុខ ស-២១។

កាលពី​ថ្ងៃទី២០ ខែមិថុនា ឌុ​ច បាន​ឆ្លើយ​សំនួរ​របស់​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​លោក នួន ជា ទាក់ទង​នឹង​ការ​គប់​គ្រាប់បែក ការចាប់ខ្លួន​អតីត​កម្មាភិបាលជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម ការ​បោសសំអាត​ផ្ទៃក្នុង និង​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការទទួល​បញ្ជា​ជុំវិញ​ដំណើរ​នៃ​មន្ទីរ​សន្តិសុខ ស-២១។

បើតាម​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​កាលពី​ថ្ងៃទី១៨ ខែឧសភា បាន​ឲ្យ​ដឹងថា នេះ​គឺជា​លើក​ទី២ ហើយ​ដែល កាំ​ង ហ្កេ​ក​អ៊ា​វ ត្រូវបាន​បង្ហាញខ្លួន​ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន។ ឌុ​ច បានបង្ហាញ​ខ្លួន​លើក​ទី១ ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង ០០២/០១ នៅ​អំឡុង​ខែ មីនា និង ខែមេសា ឆ្នាំ ២០១២។ កាំ​ង ហ្កេ​ក​អ៊ា​វ គឺជា​ជនជាប់ចោទ​ទី១ ដែល​ត្រូវបាន​វិនិច្ឆ័យ​សេចក្តី​នៅ​ចំពោះមុខ អ.វ.ត.ក។ អតីត​ប្រធាន​គុក​ទួលស្លែង លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច បាន​កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ