នាទីសុខភាពនិងអនាម័យ

ថ្នាំ​ប៉ារ៉ាសេតាម៉ុល ប៉ះពាល់​ដល់​អត្តចរិត​កុមារ

សំឡេង ០៨:៣២
សូម​ប្រយ័ត្ន​កុំទទួល​ថ្នាំ​ផ្តេសផ្តាស​​ពេល​កំពុង​មាន​ផ្ទៃពោះ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​ទារក
សូម​ប្រយ័ត្ន​កុំទទួល​ថ្នាំ​ផ្តេសផ្តាស​​ពេល​កំពុង​មាន​ផ្ទៃពោះ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​ទារក rfi /

ជា​ថ្នាំ​ដែល​គ្រូពេទ្យឧស្សាហ៍​ចេញ​វេជ្ជបញ្ជា​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​លេប ថ្នាំ​ប៉ារ៉ាសេតាម៉ុល អាច​ប៉ះពាល់​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ។ ជា​ពិសេស​ថ្នាំ​នេះ​អាចបង្ក​ហានិភ័យ​ដល់​​ក្មេង​​កើត​មក ឱ្យ​មាន​ការ​វិវឌ្ឍ​ប្រព័ន្ធ​អត្តចរិក​មិន​ត្រឹមត្រូវ។

ផ្សាយពាណិជ្ជកម្ម

ថ្នាំ​ត្រជាក់ ឬ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដ៏​ល្បីល្បាញ ដែល​ជន​គ្រប់​រូប​សម្គាល់​ដោយ​ឈ្មោះ ប៉ារ៉ាសេតាម៉ុល paracétamol ឬ​ឈ្មោះ​បច្ចេកទេស acétaminophène ជា​ថ្នាំ​ដែល​បម្រើបម្រាស់​ច្រើន​ជាង​គេ​នៅ ពិភពលោក។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រុម​អ្នក​វិទ្យាសាស្ត្រ តែងធ្វើ​ការ​ពិនិត្យ​ពិច័យ​ពពួក​ថ្នាំ​នេះ​យ៉ាង​ល្អិត​ល្អន់។ នៅ​ក្នុង​ការ​សិក្សា​ចុងក្រោយ ចេញ​ផ្សាយ​កាលពី​ថ្ងៃ ១៥ សីហា ២០១៦ ដោយ​ទស្សនាវដ្តីកុមារ អ្នក​ស្រាវជ្រាវ​បាន​លើក​អំពី​ហានិភ័យ​បង្ក​ឡើង​ដោយ​ការ​ទទួល​ទាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។ ទារក​ក្នុង​ផ្ទៃ​អាច​នឹង​មាន​គ្រោះ​ប៉ះពាល់​ដល់​អត្តចរិក​ប្រសិន​បើ​អ្នក​ជា​ម្តាយ​លេប​ថ្នាំ​នេះ នៅ​ក្នុង​ត្រីមាស​ទីបី​នៃ​គ៌ភ។

 

រពិស​ជ្រុល ឆាប់​ប្តូរ​អារម្មណ៍ និង​ចរិយា

 

លទ្ធផល​ដែល​បង្ហាញ​ថា​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​អាច​ប៉ះពាល់​ដល់ការ​អត្តចរិក​របស់​កុមារ គឺ​ទិន្និន័យ​ដែល​អ្នក​ស្រាវជ្រាវ​ប្រមូល​បាន​ពី​សិក្សា​លើ​ស្ត្រី​ជាតិ​៧៨០០​នាក់ មាន​ផ្ទៃពោះ​នៅ​រវាង​ពី​ឆ្នាំ​១៩៩១​-១៩៩២។ ស្ត្រី​មាន​គភ៌​ចាប់​ពី​១៨​ ​ដល់ ៣២ សប្តាហ៍ម្នាក់ៗ ​បាន​​ឆ្លើយ​នូវ​សំណួរ​មួយ​ខ្សែ ដើម្បី​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ពេល​កំពុង​ពរពោះ។ ៧ ឆ្នាំ​ក្រោយ ស្ត្រី​ទាំង​នោះ​ត្រូវ​ឆ្លើយ​នឹង​សំណួរ​មួយ​ខ្សែ​ទៀត ទាក់ទង​នឹង​ចរិយា​របស់​កូនៗ។

ចម្លើយ​ជា​ទូទៅបង្ហាញ​ថា មាន​កុមារ​៥%​មាន​​វិបត្តិអត្តចរិក ដូច​ជា​រពិស​ជ្រុល ឆាប់​ប្តូរ​អារម្មណ៍ ប្តូរ​ចរិយា។ ​ហើយ​បើ​តាម​ការ​អង្កេត​របស់​អ្នក​ស្រាវជ្រាវ វិបត្តិ​អត្តចរិក​នេះ មានការ​កើនឡើង​ដល់​​ជិត​មួយ​ដង​កន្លះ​ ១,៤ ប្រសិន​បើ​ម្តាយ​បាន​ទទួល​ទាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល នៅ​ត្រីមាស​ទី​បី នៃ​ការ​ពរពោះ។ ហើយ​កូន​ដែល​ប្រសូត​ចេញ​ពី​ម្តាយ​ដដែល​នេះ រពិស​ជាង​កូន​អ្នក​ដទៃ​ទៀត ដល់​ទៅ​១,៣​ដង។

 

ប៉ារ៉ាសេតាម៉ុល និង​ប្រព័ន្ធ​ប្រសាទ

 

ប៉ុន្តែ​នៅ​មានចំណោទ​ដ៏​សំខាន់​មួយ ដែល​មិន​បាន​ចោទ​សួរ​នៅ​ក្នុង​ពេល​សិក្សា នោះគឺ​​បរិមាណ​ និង​រយៈ​ពេល​នៃ​ការ​ប្រើ​ថ្នាំ។ តាមការ​ពិត​ទិន្នន័យ​ដែល​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​នៅ​ពេ​ល​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​សិក្សា​អំពី​ប្រជាជន​អង់គ្លេស​ ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​តាមដាន​ការ​វិវឌ្ឍ​របស់​ឪពុកម្តាយ​និង​កូន។

 

​នេះ​មិន​មែន​ជាលើក​ទី​មួយ​ទេ ដែល​អ្នក​សិក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ និង​ឱសថសាស្ត្រ បាន​ព្រមាន​អំពី​គ្រោះ​ និង​ផលវិបាក​នៃ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ លើ​ប្រព័ន្ធប្រសាទ។ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦ មាន​ការ​សិក្សា​មួយថ្មី​ទៀត បាន​​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព International Journal of Epoidemiology មក​ពង្រឹង​សេចក្តី​សន្និដ្ឋាន ថា​ថ្នាំ​ប៉ារ៉ាសេតាម៉ុល មាន​ទំនាក់ទំនង​ជា​មួយ​នឹង​វិបត្តិ​ផ្ចង់អារម្មណ៍។

 

មាន​ដាន​ជា​ច្រើន​ដែល​បង្ហាញ​ថា ថ្នាំ​ប៉ារ៉ាសេតាម៉ុល អាច​ប៉ះ​ដល់​ប្រព័ន្ធ​អ័រមូន​របស់​ទារក និង ដល់​ភាព​ចាស់​ទុំ​របស់​ខួរ​ក្បាល។ បើ​តាម​ការ​សន្និដ្ឋាន​មួយ​ទៀត គេ​សង្កេត​ឃើញ​ថា ​ថ្នាំ​ប៉ារ៉ាសេតាម៉ុលអាច​ទៅ​រំខាន​ដល់​ការ​វិវឌ្ឍន៍​របស់​ខួរ​ក្បាល​ ដោយ​​សារតែ​ធាតុសកម្ម​ម្យ៉ាង​របស់​ប៉ារ៉ាសេតាម៉ុល បាន​សម្រួល​ឱ្យ​​អុកស៊ីសែន​ ដ៏​ចាំ​បាច់​របស់​ជីវិត បាត់​លំនឹង។ ការ​បាត់​លំនឹង​ដែល​ធ្វើ​ឱ្យ​ម៉ូលេគុល​នេះ​បក​មក​វាយប្រហារ​​​យើង​វិញ អ៊ុកស៊ីសែន​ដែល​ធ្លាប់​មាន​នាទី​ជា​អ្នក​ចិញ្ចឹម​ខួរក្បាល បែរ​ជា​អាចក្លាយ​ជា​អ្នក​បំផ្លាញ​​ទៅ​វិញ ជា​ពិសេស​សម្រាប់​ទារក​ក្នុង​ផ្ទៃ ដោយ​អាច​ធ្វើ​ឱ្យ​សរសៃ​ប្រសាទ​ខ្លះ​ងាប់ ហើយ​បើ​មាន​ងាប់​ច្រើន​នោះ​វា​នឹង​ធ្ងន់ធ្ងរ​រំខាន​ដល់​ការ​លូតលាស់​របស់​ខួរ​ក្បាល។

 

ប៉ារ៉ាសេតាម៉ុល មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​គុណវិបត្តិ

 

ប៉ុន្តែ​ទោះ​បី​ជា​មាន​លទ្ធផល​យ៉ាង​ដូច្នេះ​ក្តី ក៏​អ្នក​ស្រាវ​ជ្រាវ មិន​​ធ្វើ​ការ​ចោទ​ប្រកាន់ ទម្លាក់​កំហុស​​ដល់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ឡើយ។ ប្រសិទ្ធិភាព​ថ្នាំ​នេះ​ នៅ​តែ​ផ្តល់​ផលប្រយោជន៍​ ច្រើន​ជាង​ផ្តល់​ផល​វិបាក។ ប៉ារ៉ាសេតាម៉ុល​ មាន​គុណភាព​វិជ្ជមាន​ខ្លាំង​ណាស់​ សម្រាប់​ស្ត្រី​មាន​គភ៌ នៅ​ពេល​មាន​ការ​ឈឺ​ចុក​ចាប់ និង​ក្តៅ​ខ្លួន។ ព្រោះ​ការ​មិន​ព្យាបាល​អាការៈ​ក្តៅ​ខ្លួន អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះ​កើត​កូន​មុន​ខែ។

 

គ្រប់​​ថ្នាំពេទ្យ​ ត្រូវ​តែ​ប្រើ​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត យ៉ាង​ណា​មិញ ថ្នាំ​ប៉ារ៉ាសេតាម៉ុលក៏​ដូច​គ្នា ថ្វី​បើ​គេ​អាច​រក​ទិញ​ថ្នាំ​នេះ​បាន​ដោយ​សេរី និង​ដើម្បី​ទាញ​ចំណេញ​ពី​ប្រសិទ្ធិភាព​ថ្នាំ​ដោយ​គ្មាន​ភ័យព្រួយ តែ​លោកអ្នក​ចាំ​បាច់​ត្រូវ​គោរព​​កំរិតនៃ​ការ​ប្រើ។

 

តាំង​ពី​ចេញ​លក់​នៅលើ​ទីផ្សារ​មក ថ្នាំ​ប៉ារ៉ាសេតាម៉ុល ជា​ថ្នាំ​ទទួល​បាន​ការ​ប្រើប្រាស់​ច្រើន​ជាង​គេ​បំផុត និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ ព្រមទាំង​គ្មាន​ផលរំខាន ប្រសិន​បើ​អ្នក​​​ចេះ​គោរព​បទ​បញ្ជា ប្រើ​ថ្នាំ​តាម​កំរិត​ណែនាំ។ ទទួល​ទាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល មិន​ឱ្យ​លើស​ពី​បីក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ពេញ​វ័យ​ និង​ក្នុង​រយៈ​ពេល​ ៥​ថ្ងៃ​ យ៉ាង​យូរ​បំផុត។ ការ​ប្រើ​ប្រាស់​ លើស​ពី​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​ការ​លេប​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ច្រើន​ជ្រុល​ហើយ។ ​លេបច្រើន​ជ្រុល ​ប៉ារ៉ាសេតាម៉ុលក្លាយ​ជា​ថ្នាំ​ពុល ពុល​ដល់​ស្លាប់ និង​ធ្វើ​ឱ្យ​ខូច​ថ្លើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI