អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីពហុវប្បធម៌នៅអឺរ៉ុបបរាជ័យ?

ដោយ៖ ឆន ឌីណា

តាមរយៈ សារព័ត៌មាន​ដ៏ល្បីល្បាញមួយ ​របស់​ចក្រភពអង់គ្លេស The Reuters ដែល​បាន​ចេញផ្សាយ​ តាំងពីឆ្នាំ​២០១០ បង្ហាញថា “ពហុ​វប្បធម៌នៅអាល្លឺម៉ង់​បាន​បរាជ័យ”។ ទោះជាយ៉ាង ប្រធាន​បទ​នេះ ត្រូវបាន​គេលើក​យក​មកពិភាក្សា​ឡើង​វិញ សម្រាប់​ពេល​បច្ចុប្បន្ន ហើយ​ ភាពបរាជ័យនៃនយោបាយ​ពហុវប្បធម៌នេះ ​មិន​មែន​កើតមាន​ឡើង​ត្រឹមតែនៅអាល្លឺម៉ង់​នោះទេ ប៉ុន្តែគឺនៅ​​អឺរ៉ុបទាំងមូលតែម្ដង។ តើ​ហេតុអ្វី?

ផ្សាយពាណិជ្ជកម្ម

យោងតាម​ របាយការណ៍ចំណាកស្រុកអន្តរជាតិឆ្នាំ២០១៧ ដោយ​អង្គការសហប្រជាជាតិ បង្ហាញថា អំឡុង​រយៈពេល​១៧ឆ្នាំ​ចុងក្រោយ ពោលគឺចាប់តាំងពីឆ្នាំ​២០០០ រហូតដល់​ឆ្នាំ​២០១៧ ចំនួន​ពលរដ្ឋចំណាកស្រុក​ ដែល​បាន​ធ្វើ​ដំណើរពីជុំវិញពិភពលោក ​ទៅរស់នៅ និង​ធ្វើការ​ នៅ​ទ្វីបអឺរ៉ុប បាន​កើន​ឡើងពីជាង ៥៦លាននាក់ ទៅ​ដល់ជិត ៧៨លាននាក់។

តួលេខ​នេះ​មាន​ន័យថា ពលរដ្ឋចំណាកស្រុកទាំងនោះ តំណាង​ឱ្យ​ប្រមាណជាង ៧,៧ភាគរយ​នៅឆ្នាំ​២០០០ ហើយ​ចំនួន​បាន​កើន​ឡើងរហូតដល់ជិត​ប្រមាណ ១០,៥ភាគរយ​ នៅឆ្នាំ​២០១៧។

នៅបណ្តាប្រទេសអឺរ៉ុបធំៗ អត្រា​ពលរដ្ឋចំណាកស្រុកធៀបនឹងប្រជាជន​សរុប នៅឆ្នាំ​២០១៧ បាន​កើន​ឡើងរហូតដល់​​ប្រមាណ ១៤,៨ភាគរយ ​នៅ​អាល្លឺម៉ង់ ១៣,៤ភាគរយ ​នៅ​ចក្រភពអង់គ្លេស ១២,២ភាគរយ នៅបារាំង និងប្រហែល ១០ភាគរយ នៅ​អ៊ីតាលី។

ជារៀងរាល់ឆ្នាំ ដោយ​សារ​តែត្រូវប្រឈម​នឹងបញ្ហា​ប្រជាសាស្ត្រ ព្រោះថា ប្រទេសអឺរ៉ុប​ភាគច្រើន​ មាន​ការ​កើន​ឡើង​ចំនួនមនុស្សចាស់​កាន់តែច្រើន ស្រប​នឹង​អត្រាកំណើន​ធ្លាក់​ចុះ។ បណ្តាប្រទេស​អឺរ៉ុបទាំងនោះ តែងតែព្យាយាម អនុញ្ញាត​ឱ្យ​មាន​​លំហូរនៃពលរដ្ឋចំណាកស្រុក​ពីបរទេស ចូលមក​រស់នៅ និង​ធ្វើការ​​ក្នុង​ប្រទេស​ខ្លួន តាម​រយៈ​ការអនុវត្ត​​គោលនយោបាយ​មួយ ដែលត្រូវ​អ្នក​ប្រវត្តិសាស្ត្រ​ឱ្យ​ឈ្មោះថា “សង្គម​ពហុវប្បធម៌”។

ធ្វើ​ដូច្នេះ បណ្តាប្រទេសអឺរ៉ុបទាំងនោះ អាច​ដោះស្រាយ​បញ្ហាកង្វះកម្លាំងពលកម្មក្នុងស្រុក។ មូលហេតុនេះហើយ បានជារឿយៗ គេតែងតែមើលឃើញថា រដ្ឋាភិ​បាលអឺរ៉ុបនៅតែបន្តអនុញ្ញាតឱ្យមានលំហូរពលរដ្ឋចំណាកស្រុកថ្មីៗ នៅពេលដែលពួកគេអាចធ្វើវាបាន។

ក៏ប៉ុន្តែ ស្របពេល​ជាមួយ​គ្នា រដ្ឋាភិបាល​អឺរ៉ុប​ក៏ត្រូវបញ្ឈប់លំហូរនេះផងដែរ នៅពេលការបោះឆ្នោតខិតជិតមកដល់ ព្រោះថា បក្សស្ដាំនិយម តែងតែព្យាយាមកេងចំណេញនយោបាយ លើគូប្រជែងរបស់​ខ្លួន ដោយការបញ្ឆេះកំហឹងលើបញ្ហាពលរដ្ឋចំណាកស្រុក​ ដោយបង្ហាញថា ជនបរទេសមាន​ចំនួនច្រើន​ជ្រុល​ក្នុង​មាតុភូមិរបស់​ខ្លួន។

នៅក្នុងភាសាបច្ចេកទេស​ គេ​ហៅស្ថានភាពនេះថា “A catch-22” ពោលគឺគេចង់សំដៅដល់​ស្ថានភាព ដែល​រដ្ឋាភិបាល​នៃប្រទេស​មួយ ​ត្រូវប្រឈមទៅនឹងបញ្ហាពីនយោបាយដែលពួកគេចាំបាច់ត្រូវអនុវត្ត ប៉ុន្តែនៅទីបំផុត ពួកគេនៅតែត្រូវធ្វើវា។

នៅអំឡុង​ដើម​ឆ្នាំ​២០១០ អ្នកដឹកនាំកំពូលរបស់អឺរ៉ុបភាគច្រើន រួមមានតាំងពីជំនាន់ លោកនាយករដ្ឋមន្ត្រី ដេវីត កាមេរ៉ូន (David Cameron) លោកប្រធានាធិបតី នីកូឡាស់ សាកូស៊ី (Nicolas Sarkozy) និងអ្នកស្រីអធិការបតី អែនជេឡា ម៉ាខេល (Angela Merkel) បានប្រកាសរៀងៗខ្លួនថា “ពហុវប្បធម៌បានបរាជ័យ” ក្នុងប្រទេសរបស់ពួកគេ។

ទោះជាយ៉ាងណា បញ្ហា​ខាង​លើ​នេះ នៅតែបន្តជាបច្ចុប្បន្នភាព​ សម្រាប់​សង្គម​អឺរ៉ុប​បច្ចុប្បន្ន។

យោងតាម​អ្នក​ជំនាញ និយាយបែបម៉្យាងទៀត ពលរដ្ឋក្រុមដើមកំណើតតួកគី ដែលកំពុងរស់នៅក្នុងប្រទេសអាល្លឺម៉ង់ មិនបានក្លាយខ្លួនជាពលរដ្ឋអាល្លឺម៉ង់ ហើយពលរដ្ឋអាល់ហ្សេរី និងទុយនីស៊ី ក្នុងប្រទេសបារាំង ក៏មិនបានក្លាយជាពលរដ្ឋបារាំងផងដែរ។

ពីមួយពេលទៅមួយពេល អឺរ៉ុបមើលឃើញថា ពលរដ្ឋចំណាកស្រុក​ទាំងនេះ កាន់តែពិបាកក្នុងការសម្របខ្លួនក្នុងសង្គមអឺរ៉ុប។ ពូជសាសន៍ជាឫសគល់នៃបរាជ័យក្នុងការរួមបញ្ចូលគ្នានេះ ខណៈពេលដែលបញ្ហាសាសនា វប្បធម៌ និងភាសា ក៏ជាកត្តារួមចំណែកសំខាន់ផងដែរ។

សរុបជារួម សម្រាប់​ពេល​បច្ចុប្បន្ន ចលនានយោបាយ​បក្សស្ដាំនិយម (rightwing parties) និង​ ចលនានយោបាយ​ប្រជានិយម (populism) បាននិង​កំពុង​បង្កើន​សំឡេងគាំទ្ររបស់​ខ្លួន ហើយ​នេះវា​ជា​ហេតុផល​យ៉ាងចម្បង ក្នុងការ​​រុញច្រាន​ឱ្យ​ប្រធាន​បទ “បរាជ័យនៃ​ពហុវប្បធម៌នៅអឺរ៉ុប”​ ត្រូ​វគេលើក​យក​មក​ពិភាក្សាកាន់តែច្រើន​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ