២០២០៖ ​កំណើត៥០ឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក

សំឡេង ០៣:៣៥
វេទិការសេដ្ឋកិច្ច​ពិភពលោកប្រចាំឆ្នាំ  World Economic Forum (WEF)  នៅ ក្រុង Davos ប្រទេស​ស្វីសថ្ងៃទី​២៣​មករា២០១៩
វេទិការសេដ្ឋកិច្ច​ពិភពលោកប្រចាំឆ្នាំ World Economic Forum (WEF) នៅ ក្រុង Davos ប្រទេស​ស្វីសថ្ងៃទី​២៣​មករា២០១៩ REUTERS/Arnd Wiegmann

ជារៀងរាល់​ឆ្នាំ នៅខែមករា ទីក្រុងDavos របស់​ប្រទេសស៊្វីស តាមរយៈ វេទិកាសេដ្ឋកិច្ចពិភពលោក បាន​ទទួលស្វាគមន៍ អ្នក​ដឹកនាំពិភពលោក រាប់សិបពាន់នាក់ ទាំងក្នុងវិស័យ​នយោបាយ ជំនួញ សិក្សាធិការ និងវិស័យផ្សេងៗ ដើម្បី​ពិភាក្សាគ្នាអំពីបញ្ហាសកលនានា។ តើ​សេដ្ឋកិច្ច​ពិភពលោកមានការប្រែប្រួលអ្វីខ្លះ អំឡុង​រយៈពេល​៥០ឆ្នាំចុងក្រោយនេះ? 

ផ្សាយពាណិជ្ជកម្ម

វេទិកាសេដ្ឋកិច្ចពិភពលោក ឬជាភាសាអង់គ្លេស The World Economic Forum (WEF) ត្រូវ​បង្កើត​ឡើង ក្នុងឆ្នាំ​១៩៧១ នៅទីក្រុងហ្សឺណែវ ប្រទេស​ស៊្វីស ​ក្រោម​គំនិត​ផ្តួចផ្តើមរបស់​ សាស្ត្រាចារ្យ​ស៊្វីស លោក Klaus Schwab។ រហូតមកដល់​ពេលបច្ចុប្បន្ន អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ មាន​អាយុកាលជិត​៥០ឆ្នាំទៅហើយ សម្រាប់​​បេសកកម្មរបស់​ខ្លួន ក្នុងការ​ប្ដេជ្ញាលើកកម្ពស់​ការអភិវឌ្ឍរបស់ពិភពលោកទាំងមូល។

ជារៀងរាល់​ឆ្នាំ នៅខែមករា ក្នុងទីក្រុង Davos តំបន់​ជួរភ្នំភាគខាងកើត នៃប្រទេសស៊្វីស អង្គការមួយ​នេះបាន​ទទួលស្វាគមន៍ អ្នកដឹកនាំនយោបាយ ជំនួញ សិក្សាធិការ និង​វិស័យផ្សេងៗ ដើម្បីពិភាក្សាអំពី​បញ្ហាសកល បញ្ហាតំបន់ និង​បញ្ហាឧស្សាហកម្ម។ យ៉ាងហោចណាស់ មាន​ការចូលរួមពីអ្នក​ដឹកនាំពិភពលោក ​ប្រមាណបីពាន់នាក់ និង​មានកម្មវិធីពិភាក្សាគ្នាជាងប្រាំរយកម្មវិធី។

ផ្អែកតាមរបាយការណ៍ផ្លូវការ ពី​ជំនួប​ទីក្រុងDavosឆ្នាំ​១៩៧៣ ដល់​ជំនួបទីក្រុងDavosឆ្នាំ២០២០ បញ្ហាចម្បង​ៗដែល​​អាច​សង្ខេបពីការប្រែប្រួលរបស់សេដ្ឋកិច្ច​ពិភពលោក អំឡុងរយៈពេល​​៥០ឆ្នាំចុងក្រោយ​នេះ រួមមាន ការរីកចម្រើននៃក្រុមប្រទេសកំពុងអភិវឌ្ឍ លទ្ធភាពដែល​ប្រទេស​មួយ​អាច​ស្វែងរកកម្លាំងពលកម្ម​ជំនាញ​កាន់តែមានច្រើន និង​ចុងក្រោយ ការកើនឡើងគម្លាតរវាងអ្នកមាន និងអ្នកក្រ។

ការរីកចម្រើននៃក្រុមប្រទេសកំពុងអភិវឌ្ឍ

ត្រលប់ទៅ​ឆ្នាំ​១៩៧០ ក្រុមហ៊ុនពហុជាតិធំៗ ពី​បណ្តាប្រទេស​កំពុង​អភិវឌ្ឍ តំណាងប្រមាណ ត្រឹម០,៤ភាគរយប៉ុណ្ណោះ ធៀបនឹងទំហំសាច់ប្រាក់​សរុបនៃការវិនិយោគបរទេស ក្នុងពិភពលោក។ ប៉ុន្តែ រហូតមកដល់​ឆ្នាំ​២០០៨ តួលេខផ្លូវការបាន​កើនឡើង​ដល់ជាង១៥,៨ភាគរយ។ សម្រាប់​ពេល​បច្ចុប្បន្ន ពីរក្នុងចំណោមក្រុមហ៊ុនធំបំផុតរបស់​ពិភពលោក មានប្រភពមកពីប្រទេសចិន នោះគឺក្រុមហ៊ុន Tencent និង Alibaba ហើយនៅសល់​ពីនេះ គឺសុទ្ធតែក្រុមហ៊ុនរបស់​សហរដ្ឋអាមេរិក។ ផ្អែកតាមជំនាញ សេដ្ឋកិច្ច​របស់​បណ្ដាប្រទេសកំពុងអភិវឌ្ឍនឹង​បន្ត​ដើរ​តួនាទីកាន់តែសំខាន់នាពេល​អនាគត។

លទ្ធភាពដែលប្រទេសមួយអាចស្វែងរកកម្លាំងពលកម្មជំនាញកាន់តែមានច្រើន

ម​នុស្សកាន់តែមាន​ចំនួនច្រើន ​មាន​លទ្ធភាពក្នុងការផ្លាស់ទី​ទៅរស់នៅ និង​ធ្វើការ នៅ​កន្លែងផ្សេង​ៗ ជុំវិញពិភពលោក អំឡុង​កន្លះសតវត្សរ៍ចុងក្រោយ។ យោងតាមអង្គការសហប្រជាជាតិ ចំនួនពលរដ្ឋ​ចំណាកស្រុកអន្ដរជាតិសរុប បានកើនឡើងរហូតដល់​៧៨ភាគរយ អំឡុង​ឆ្នាំ​១៩៩០ រហូតមកដល់​បច្ចុប្បន្ន ឬចំនួន​បាន​កើន​ដល់​ជិត២៧២លាននាក់។ ដរាបណា ចំនួន​នេះ​កើនឡើង បណ្តាប្រទេស​ដែល​មាន​នយោបាយ​បើកចំហ​ ក៏អាចមាន​លទ្ធភាពកាន់តែច្រើន​ផងដែរ ក្នុងការទទួលបាន​កម្លាំងពលកម្ម​ពីបរទេស។ ប្រទេសសិង្ហបូរី ដែលឈរលើកំពូលតារាង ក្នុង​នាមជាប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែងបំផុតនៅឆ្នាំ២០១៩ អាចជាឧទាហរណ៍យ៉ាងល្អសម្រាប់ករណីមួយ​នេះ។

ការកើនឡើងគម្លាតរវាងអ្នកមាន និងអ្នកក្រ

មិនមែននិន្នាការសេដ្ឋកិច្ចទាំងអស់ សុទ្ធតែបង្ហាញពីការប្រែប្រួលវិជ្ជមាននោះទេ។ វិសមភាពសង្គម​ ឬ​គម្លាតរវាងអ្នកមាន និងអ្នកក្រ បានកើនឡើងនៅបណ្តាប្រទេស​យ៉ាង​ច្រើន​ លើ​ពិភពលោក។ យោង​តាម​ទិន្នន័យ​ផ្លូវការ​ចុង​ក្រោយ​របស់ Oxfarm និង​របាយការណ៍ទ្រព្យ​សម្បត្តិ​របស់​ធនាគា​​រ​​ស្វីស  ​ទ្រព្យសម្បត្តិ​ពិភពលោក ប្រហែល​ជាង ៨០ភាគរយ ស្ថិត​ក្នុង​កណ្តាប់​ដៃ​​មនុស្ស​​តែ មួយភាគរយ​ប៉ុណ្ណោះ ខណៈ​​ប្រជាជនពិភពលោក​ជាង ៣,៧ពាន់​លាន​នាក់​ទៀត​ នៅ​ខាង​ក្រោម ដែល​តំណាង​ជាង​ពាក់​កណ្តាល​នៃ​ប្រជាជន​សរុប មាន​ទ្រព្យ​សម្បត្តិ​​យ៉ាង​តិចតួច ហើយ​វា​មិនបានបង្កើនសោះ​ឡើយ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។ ផ្អែកតាមប្រវត្តិសាស្ត្រពិភពលោក ការកើន​ឡើង​គម្លាតរវាងអ្នកមាន និងអ្នកក្រ អាចបង្កជាភាពផុយស្រួយខ្លាំងណាស់ ដល់​ស្ថិរភាព​សង្គម នយោបាយ និង​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI