ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យុគសម័យបច្ចេកវិទ្យា និងគម្លាតសង្គម

សំឡេង ០៤:៤០
សាស្ត្រាចារ្យ​ លោក Angus Deaton, អាយុ៦៩ឆ្នាំ ជ័យលាភីរង្វាន់​ ណូបែលសេដ្ឋកិច្ច​
សាស្ត្រាចារ្យ​ លោក Angus Deaton, អាយុ៦៩ឆ្នាំ ជ័យលាភីរង្វាន់​ ណូបែលសេដ្ឋកិច្ច​ REUTERS/Maja Suslin/

បច្ចេកវិទ្យាទំនើប ក្នុងយុគសម័យថ្មី បាន​ដើរតួនាទីយ៉ាងចម្បង ក្នុង​ការ​កំណត់ជោគវាសនានៃសង្គមមួយ។ ទោះជាពេល​ខ្លះ តួលេខស្ថិតិហាក់​មិន​មានអ្វី​ប្រែប្រួលសំខាន់​ក៏ដោយ ប៉ុន្តែតាមរយៈ ទូរទស្សន៍ ទូរសព្ទ និងបណ្តាញសង្គម ពលរដ្ឋ​ក្នុងសង្គមមួយអាច​បង្កើនភាពខ្វល់ខ្វាយរបស់​ខ្លួនកាន់តែខ្លាំងលើ​គម្លាត​សង្គម ឬក៏គម្លាតរវាង​អ្នក​មាន​ និង​អ្នក​ក្រ។ តើហេតុអ្វី?

ផ្សាយពាណិជ្ជកម្ម

ពិភពលោកកំពុងបោះជំហានយ៉ាងចម្បង​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ភាពក្រីក្រសកល។ ចាប់តាំងពីឆ្នាំ១៩៩០ មានយ៉ាងហោចណាស់ ​មួយភាគបួននៃប្រជាជន​ពិភពលោក បានងើបចេញផុតពីបន្ទាប់​នៃ​ភាពក្រីក្រ។ រហូតមកដល់​បច្ចុប្បន្ន ប្រជាជនពិភពលោកសរុប មានចំនួនតិចជាង១០ភាគរយប៉ុណ្ណោះ ដែល​កំពុង​រស់នៅក្រោម​បន្ទាប់​នៃ​ភាពក្រីក្រ ឬនិយាយម៉្យាងទៀត ពួកគេ​កំពុង​រស់នៅជាមួយ​ចំណូលស្មើឬក្រោម ១,៩០ដុល្លារអាមេរិក ក្នុងមួយថ្ងៃៗ។

ទោះជាយ៉ាងណា សម្រាប់​ប៉ុន្មានទសវត្សរ៍ចុងក្រោយ បញ្ហា​វិសមភាពសង្គម ដែល​បង្ហាញពីគម្លាតរវាងអ្នក​ឈ្នះ និងអ្នក​ចាញ់ ឬក៏ គម្លាតរវាង​អ្នក​មាន និង​អ្នក​ក្រ ក៏​បាន​លេច​ឡើងជារូបរាងកាន់តែច្បាស់ផងដែរ ក៏ប៉ុន្តែ​ វា​ស្ថិត​ក្នុងល្បឿនខុសៗគ្នា ទៅតាម​បរិបទប្រទេស​នីមួយៗ ដែល​មាន​ប្រព័ន្ធស្ថាប័ន និងគោលនយោបាយខុសៗគ្នាផងដែរ។

ដើម្បីនិទានរាយរាប់អំពី​ដំណើររឿងនៃប្រវត្តិរបស់​មនុស្ស​ជាតិពាក់ព័ន្ធទៅនឹង​បញ្ហាខាង​លើ, លោកសាស្ត្រាចារ្យ​ Angus Deaton ដែល​ជា​ម្ចាស់ជ័យលាភីណូបែលសេដ្ឋកិច្ច បានចាប់ផ្តើមប្រយោគទីមួយ នៅក្នុងសៀវភៅមួយរបស់​ខ្លួន ដូចខាងក្រោម៖

“ជីវិតរបស់​មនុស្សជាតិ ​ហាក់​មានភាពល្អ​ប្រសើរ ជាងពេលណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រ។ មនុស្ស​កាន់តែច្រើន​មាន​ជីវភាព​កាន់តែល្អ ហើយមានមនុស្សកាន់តែតិច កំពុងរស់នៅក្នុងភាពក្រីក្រ។ ​មនុស្ស​កាន់តែមានអាយុវែង ហើយឪពុកម្តាយជាទូទៅលែងត្រូវចាំមើល​កូនម្នាក់ ក្នុងចំណោមកូនរបស់ខ្លួនបួននាក់​​ស្លាប់ដូចកាលពីមុខ។ ទោះយ៉ាងណា មនុស្សរាប់លាននាក់នៅតែជួបប្រទះនូវភាពទីទ័លក្រ និងការស្លាប់មុនអាយុ។ ពិភពលោកគឺមិនស្មើគ្នានោះទេ។ វិសមភាពសង្គមកើតឡើងជា​លទ្ធផលនៃការអភិវឌ្ឍសង្គម។ មិនមែនមនុស្សគ្រប់គ្នា បានក្លាយជាអ្នកមានក្នុងពេលតែមួយ ហើយមិនមែនមនុស្សគ្រប់គ្នា សុទ្ធតែអាចទទួលបាន ការសង្គ្រោះជីវិត ដោយបច្ចេកវិទ្យាចុងក្រោយ ទឹកស្អាត ថ្នាំបង្ការ ឬថ្នាំថ្មីៗ ឧទាហរណ៍ ថ្នាំការពារជំងឺបេះដូង ជាដើម។”

“វិសមភាពសង្គមក្រោយមក ក៏បង្កផលលំបាកដល់​អភិវឌ្ឍសង្គមវិញ។ វិសមភាពអាចបង្កផលល្អ ក្នុងលក្ខខណ្ឌខ្លះ។ កុមារឥណ្ឌាអាចទទួលបានការអប់រំ និងអាចទៅសាលារៀន។ វិសមភាព ក៏អាចបង្កផលអាក្រក់ផងដែរ ប្រសិនបើអ្នកឈ្នះព្យាយាមបញ្ឈប់អ្នកដទៃ មិនឱ្យដើរទាន់ន់ខ្លួន។ អ្នកមានអាចប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីជះឥទ្ធិពលដល់អ្នកនយោបាយ ក្នុងការ​រឹតត្បិតការចំណាយសង្គម លើការអប់រំសាធារណៈ ឬការថែទាំសុខភាព ដែលពួកគេខ្លួនឯងមិនត្រូវការ។”

ចាប់តាំងពីរបបខ្មែរក្រហម អ្វី​ដែល​បាន​រៀបរាប់ខាងលើ ប្រហែល​ជាមិន​ខុសពី​ស្ថានភាព​នៃប្រទេស​កម្ពុជានោះទេ។ ប្រាក់ចំណូលជាតិជាមធ្យម សម្រាប់ប្រជាជនកម្ពុជាម្នាក់ៗបានកើនឡើង ច្រើនជាងបីដង អំឡុង​ឆ្នាំ​១៩៧៩ ដល់​២០១៧។ អាយុសង្ឃឹម​រស់ជា​មធ្យម បាន​កើនឡើងទ្វេដងពី ៣៥,៧៩ឆ្នាំ ទៅ ៦៩,៣ឆ្នាំ អំឡុង​ពេល​ដូចគ្នា។ ចំនួនឆ្នាំសិក្សាជាមធ្យមរបស់សិស្ស បានកើនឡើងពី ៦,៧ឆ្នាំក្នុងឆ្នាំ១៩៩០ មកដល់ ១១,៧ឆ្នាំក្នុងឆ្នាំ២០១៧។ សន្ទស្សន៍អភិវឌ្ឍមនុស្ស (HDI) ក៏បានកើនឡើងពី ០,៣៦ក្នុងឆ្នាំ១៩៩០ ​មកដល់ ០,៥៨នៅឆ្នាំ២០១៧។

អត្រានៃប្រជាជន​កម្ពុជា ដែល​កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ បានថយចុះពីប្រមាណច្រើនជាង ៥០ភាគរយ ក្នុងឆ្នាំ១៩៩៣ មកត្រឹមប្រហែល ១៤ភាគរយ ក្នុងឆ្នាំ២០១៤។ ទោះជាយ៉ាងណា វិសមភាពសង្គម បានលេចចេញជារូបរាងក្នុងពេល​ជាមួយគ្នាផងដែរ មិន​ថារវាង​តំបន់ជនបទធៀបនឹងទីក្រុង ក៏ប៉ុន្តែ វិសមភាពសង្គមក៏កើតមានផងដែរក្នុងតំបន់នីមួយៗ។ នៅទីក្រុងភ្នំពេញ គេអាចអង្កេត​ឃើញពីអគារទំនើប និងភាពស៊ីវិល័យនៃពលរដ្ឋមួយក្រុម ហើយនៅជ្រុងម្ខាងទៀត គេក៏អាច​អង្កេតឃើញ ពលរដ្ឋមួយក្រុមទៀត កំពុងរស់នៅក្នុងស្ថានភាពលំបាកផងដែរ។

គម្លាត​សង្គម ឬ គម្លាតរវាងអ្នកមាន និងអ្នកក្រ ជាបញ្ហា​រួចទៅហើយ ប៉ុន្តែ​ បច្ចេកវិទ្យា​ទំនើបសព្វថ្ងៃ បាន​ធ្វើឱ្យបញ្ហា​នេះ ហាក់មើល​ទៅ​ កាន់​តែគួរ​ឱ្យ​ព្រួយបារម្ភ។ ពលរដ្ឋ​ជាទូទៅ ជាពិសេស​ អ្នករស់នៅទី​​ជនបទស្រុកស្រែ អាច​មើល​ឃើញពីភាពស៊ីវិល័យ និងការសម្ញែងពីភាពមានបាន​របស់​អ្នក​ទីក្រុង តាមរយៈ​ ទូរទស្សន៍ ទូរសព្ទ និង​បណ្តាញសង្គមរបស់​ពួកគេ។ ពួកគេ​អាច​ឃើញពី​ទីតាំងសង្គមរបស់​​ខ្លួន ហើយធ្វើការ​ប្រៀបធៀប មិនត្រឹមតែជាមួយ​អតីតកាល ឬ​អ្នក​ជិតខាងខ្លួន តែពេល​នេះ ​ជាមួយអ្នករស់នៅ​ទីក្រុង និង​អ្នក​រស់នៅបរទេស។ តាមបទពិសោធ នៃប្រវត្តិសាស្ត្រមនុស្សជាតិ អំឡុង​រយៈពេល​រាប់ពាន់ឆ្នាំកន្លងមកនេះ ដរាបណា ភាពមិនពេញចិត្តពីវណ្ណៈក្រោម ឬវណ្ណៈអ្នក​ក្រ មានទំហំធំគ្រប់គ្រាន់ ពួកគេនឹងងើបឡើង ហើយនឹងនិយាយថា "សង្គមមួយនេះអយុត្តិធម៌ណាស់ សម្រាប់ពួកយើង តោះ! ពួកយើងនាំគ្នាសាប់បៀឡើងវិញ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI