ពិភពលោក-កូវីដ១៩

កូវីដ១៩​៖ ករណី​ឆ្លង​នៅទូទាំង​ពិភពលោក​កើនឡើង​ដល់​ជិត​ ១​លាន​នាក់

បុគ្គលិកធ្វើការនៅឯមជ្ឈមណ្ឌលធ្វើតេស្តរកមេរោគកូរ៉ូណាថ្មី នៅ Chessington ចក្រភពអង់គ្លេស ថ្ងៃទី ២ ខែមេសាឆ្នាំ ២០២០។
បុគ្គលិកធ្វើការនៅឯមជ្ឈមណ្ឌលធ្វើតេស្តរកមេរោគកូរ៉ូណាថ្មី នៅ Chessington ចក្រភពអង់គ្លេស ថ្ងៃទី ២ ខែមេសាឆ្នាំ ២០២០។ REUTERS - TOBY MELVILLE

ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​-កូវីដ​១៩​ កំពុង​បន្ត​វាយលុក​ខ្លាំងក្លា​នៅ​គ្រប់​ទ្វីប​។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ទី២​ មេសា​នេះ​ ចំនួន​អ្នកឆ្លង​កូវីដ​១៩​ កើន​ឡើង​ដល់​ជិត​ ១​ លាន​នាក់ នៅ​ទូទាំង​សកលលោក​។ ស្របពេល​ជាមួយ​គ្នានេះ​ មាន​ទារក​អាយុ​ ៦​ សប្តាហ៍​ម្នាក់​បាន​ស្លាប់នៅ​សហរដ្ឋអាមេរិក​ និង​បានក្លាយ​ជា​ជន​រងគ្រោះ​វ័យក្មេង​ជាងគេ​បំផុត​ដែល​ស្លាប់​ ដោយសារ​តែ​កូវីដ​១៩​។

ផ្សាយពាណិជ្ជកម្ម

ការឆ្លងរាលរីករាលនៃវីរុសកូវីដ១៩ នៅតែជាវិបត្តិដ៏សែនធ្ងន់ធ្ងរមួយ​ ដែលពិភព​លោក​នៅមិនទាន់អាចដោះស្រាយបាននោះទេ។ កូវីដ១៩ ផ្ទុះឡើងដំបូង នៅក្នុងទីក្រុងវូហាន ​ប្រទេស​ចិន​ កាលពី​ចុងឆ្នាំ ២០១៩​ ហើយក្នុងរយៈពេលតែជាង ៣ ខែប៉ុណ្ណោះ ​ប្រទេស​ប្រមាណ​ពាក់កណ្តាលនៃភពផែនដី បានសម្រេចបិទខ្ទប់ទីក្រុង ឬក៏​ប្រទេសទាំងមូល ដើម្បីការពារ​កុំឲ្យ​វីរុសនេះ អាចឆ្លងរាលដាលខ្លាំង និងសម្លាប់មនុស្សកាន់តែច្រើន​នៅក្នុងប្រទេស។

ការបិទទីក្រុង បិទប្រទេស អាចរារាំងមិនឲ្យកូវីដ១៩ ឆ្លងរាលដាលខ្លាំងបាន។ ក៏ប៉ុន្តែ ទន្ទឹមគ្នានេះ ក្រុមអ្នក​ជំនាញ បានព្រមានថា វិធានការរឹតបន្តឹងទាំងនេះ អាចបង្កឲ្យ​មានបញ្ហាខ្វះខាត​ស្បៀង​អាហារសកលបាន ពីព្រោះតែខ្សែសង្វាក់ផ្គត់ផ្គង់ លែងអាច​ដំណើរ​ការបានត្រឹមត្រូវ​ដូចធម្មតា  ហើយមនុស្សម្នាវិញមានការភ័យស្លន់ស្លោ រត់សម្រុកទៅទិញទំនិញស្តុកទុក។

រហូតមកទល់នឹងពេលេនះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ បន្តកើនឡើងឥតឈប់ ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២មេសា នេះ មានមនុស្សជាង ៤ ម៉ឺន ៧ ពាន់នាក់ បានស្លាប់នៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនឡើងដល់ជិត ១ លាននាក់។

សហរដ្ឋអាមេរិក មានករណីឆ្លងវីរុសកូវីដ១៩ ខ្ពស់ជាងប្រទេស​ណាៗទាំងអស់ ពោលគឺមានជាង​២១ ម៉ឺន ៥ពាន់ករណី។ អត្រានេះ មានចំនួនស្ទើរតែមួយភាគបួន​នៃករណីឆ្លងទូទាំង​សកល​លោក។ ចំណែកចំនួនអ្នកស្លាប់វិញ ត្រូវគេរាយការណ៍ថា កើនឡើងដល់ជា ៥ ពាន់ ១ រយនាក់។ ក្នុងចំណោមអ្នកស្លាប់នៅសហរដ្ឋអាមេរិក មានទារកម្នាក់អាយុទើបតែបាន៦ សប្តាហ៍ប៉ុណ្ណោះ និងបានក្លាយជនរងគ្រោះវ័យក្មេង​ជាងគេបំផុតក្នុងលោកដែលស្លាប់ដោយសារ​កូវីដ១៩។

ករណីនេះ បញ្ជាក់ថា មេរោគឆ្លងកូរ៉ូណាថ្មី មិនត្រឹមតែគ្រោះថ្នាក់ខ្លាំង សម្រាប់មនុស្ស​វ័យចំណាស់ និងមនុស្សមានស្ថានភាពសុខភាពមិនល្អស្រាប់នោះទេ ក៏ប៉ុន្តែ វាក៏អាច​ប៉ះពាល់ និងបង្កជាគ្រោះថ្នាក់ខ្លាំង ដល់មនុស្សគ្រប់វ័យ ស្រទាប់វណ្ណៈទាំងអស់។

ទាក់ទងរឿងនេះ ស្របពេលលើកឡើងអំពី ស្ថានការណ៍​នៅក្នុង​ប្រទេសដែលកាន់តែ​​មានសភាពធ្ងន់ធ្ងរទៅៗ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានអំពាវនាវផងដែរ ​ឲ្យប្រជាជនអាមេរិក ត្រៀមខ្លួន​ប្រឈមនឹងគ្រោះអាសន្នធំជាពិសេស នៅក្នុង​រយៈពេលពីរទៅបីសប្តាហ៍ខាងមុខដោយសារវិបត្តិកូវីដ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI