អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖ អ្នកជំនាញ​ផ្លាស់ប្តូរ​គោលជំហរ ​មកអំពាវនាវ​ឲ្យ​មនុស្សពាក់​ម៉ាស់ ​ឲ្យបានទូលំទូលាយ​

សំឡេង ០៦:៥០
អ្នកជំនាញកាន់តែច្រើនអំពាវនាវឲ្យពាក់ម៉ាស់ ទោះជាម៉ាសប្រភេទអ្វី ឬផលិតដោយ​ខ្លួន​ឯងក៏ដោយ។ មេរោគកូវីដ១៩ ត្រូវគេសង្ស័យថា អាចចម្លងបានតាមរយៈខ្យល់ដង្ហើម​ ចេញតាម​មាត់និងតាមច្រមុះ។
អ្នកជំនាញកាន់តែច្រើនអំពាវនាវឲ្យពាក់ម៉ាស់ ទោះជាម៉ាសប្រភេទអ្វី ឬផលិតដោយ​ខ្លួន​ឯងក៏ដោយ។ មេរោគកូវីដ១៩ ត្រូវគេសង្ស័យថា អាចចម្លងបានតាមរយៈខ្យល់ដង្ហើម​ ចេញតាម​មាត់និងតាមច្រមុះ។ AFP/Archivos
ដោយ៖ ម៉ម ពិសី
៣១ នាទី

តាំងតែពីដំបូង អង្គការ​សុខភាពពិភពលោក ក៏ដូច​ជា​អាជ្ញាធរសុខាភិបាលប្រទេសអឺរ៉ុបភាគច្រើន បានលើកឡើងថា ការពាក់ម៉ាស់គឺមិនចាំបាច់ទេ លើកលែងតែក្នុងករណីអ្នកនោះ ដឹងថាខ្លួនមានផ្ទុកមេរោគ ចេញ​រោគសញ្ញា​គួរឲ្យសង្ស័យតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ ប្រឈមនឹងការឆ្លងរាលដាល កាន់តែច្រើនឡើងនូវមេរោគកូវីដ១៩ មានមតិមួយចំនួន​បានលើកឡើងថា នេះគឺបណ្តាលមកពីមួយផ្នែក គឺការមិនពាក់ម៉ាស់ការពារ ឲ្យបានទូលំទូលាយ ព្រោះអ្នកដែលមានផ្ទុកមេរោគកូវីដ១៩ដោយ​មិនដឹងខ្លួន អាចចម្លងទៅអ្នកដ៏ទៃបាន បើមិនពាក់ម៉ាស់ទេនោះ។

ផ្សាយពាណិជ្ជកម្ម

អង្គការសុខភាពភិភពលោក នឹងអ្នក​ជំនាញ​ អំពាវនាវឲ្យ​ពាក់​ម៉ាស

កាលពីដំបូង អ្នកជំនាញរបស់អង្គការ​សុខភាពពិភព បានលើកឡើងថា ការពាក់ម៉ាស់ គឺមិនចាំបាច់ទេ ព្រោះវាមិន​អាចការពារ​​ពីការឆ្លង​មេរោគកូវីដ១៩ទេ។ ត្រូវពាក់ម៉ាស តែក្នុងករណី មនុស្សនោះមានផ្ទុកមេរោគកូវីដ១៩ ឬមានរោគសញ្ញាគួរឲ្យសង្ស័យជាដើម។

ក៏ប៉ុន្តែពេលនេះ គឺអង្គការសុខភាពពិភពលោកខ្លួនឯងតែម្តង បានប្រកាសអំពាវនាវ កាលពីថ្ងៃសុក្រ​ទី​៣មេសា ថា​​អាជ្ញាធរសុខាភិបាលតាមបណ្តាប្រទេសទាំងអស់​ ត្រូវចាត់វិធានការ ធ្វើយ៉ាងណា ឲ្យប្រជាជន​ពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការឆ្លងរាលដាលនូវមេរោគកូវីដ​១៩។

ភ្លាមៗក្រោយការប្រកាសនេះ លោកដូណាល់ ត្រាំ ដែលពីមុនមកក៏ មិនជាខ្វល់រឿងពាក់ម៉ាស់នេះដែរ បានប្រកាសក្នុងសន្និសីទកាសែត នៅល្ងាចថ្ងៃសុក្រដែរ ថាអាជ្ញាធរសុខាភិបាលសហរដ្ឋ​អាមេរិក​​សូម​​អំពាវនាវ ឲ្យប្រជាជនពាក់ម៉ាស់ឲ្យបានទូលំទូលាយ តាមតែអាចធ្វើទៅបាន ដោយឈរលើគោលការណ៍​​ស្ម័គ្រចិត្ត។

ចំណែកបារាំងវិញ ក៏ប្តូរគោលជំហរដែរ។​ លោកប្រធាននាយកដ្ឋានសុខភាពសាធារណៈ បានលើកឡើងថា ការប្រកាសអំពាវនាវឲ្យ​ប្រជាជនពាក់ម៉ាសឲ្យបានគ្រប់គ្នា អាចនឹងត្រូវជំរុញ។ ក៏ប៉ុន្តែ បណ្ឌិតសភាវិទ្យាសាស្ត្រសុខាភិបាលបារាំងវិញ បានលើកឡើងថា គួរតែតម្រូវឲ្យការពាក់ម៉ាស់ ក្លាយជាកាតព្វកិច្ចរបស់មនុស្សម្នាក់ៗ ដែលចង់ចេញក្រៅ ក្នុងអំឡុងពេលស្ថិតក្នុងការ​ហាមឃាត់ឲ្យ​សំងំក្នុងផ្ទះ និងពេលចប់ការហាមឃាត់ក៏ដោយ។

កូវីដ១៩ អាចចម្លងតាមខ្យល់ដង្ហើម?

មានការសង្ស័យកាន់តែខ្លាំងឡើង អំពីលទ្ធភាពនៃ​ការចម្លងមេរោគកូវីដ១៩ គ្រាន់តែតាមរយៈខ្យល់ដក​ដង្ហើម ចេញតាមមាត់ឬតាមច្រមុះ របស់មនុស្សម្នាក់ដែលមានផ្ទុកមេរោគដោយមិនដឹងខ្លួន។ ​ពីមុន​ អ្នកជំនាញដឹងច្បាស់ ត្រឹមតែថា មេរោគកូវីដ១៩ អាចចម្លងទៅមនុស្សម្នាក់ទៀតបាន តាមរយៈវត្ថុធាតុរាវ ឬសំណាករាវ ដែល​ចេញតាមមាត់ ឬតាមច្រមុះ។

ក៏ប៉ុន្តែឥឡូវនេះ គឺគេសង្ស័យថា វាអាចឆ្លងតាមខ្យល់ដង្ហើម ដែល​ចេញពីមាត់ ឬពីច្រមុះ គ្រាន់តែមនុស្ស​ម្នាក់និយាយជាមួយមនុស្សម្នាក់ទៀត ទោះ​មិនខ្ទាត​ទឹកមាត់​ក៏ដោយ។ នេះបើផ្អែក តាម លោក Anthony Fauci ប្រធាន​នាយកដ្ឋានជំងឺឆ្លង និងជាទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ដែល​​បាន​លើកឡើង នៅក្នុងបទសម្ភាសន៍ នៅទូរទស្សន៍Fox News កាលពីថ្ងៃសុក្រ​ទី​៣មេសា​។

គឺកត្តានេះហើយ ដែលធ្វើឲ្យការឆ្លងរាលដាល​នៃមេរោគនេះ មានភាពលឿនរហ័ស ច្រើនឡើងៗ។ យ៉ាងណាមិញ កាលពីថ្ងៃទី ២៧មិនា កន្លងទៅ លោក Gao Fu ប្រធានជម្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅចិន បាននិយាយនៅក្នុងទស្សនាវត្តី Science ថា អាមេរិក និងអឺរ៉ុប ធ្វើខុសធ្ងន់ណាស់ ដែលមិនបង្ខំឲ្យប្រជាជនពាក់ម៉ាស់ ឲ្យបានគ្រប់គ្នា។

មានការស្រាវជ្រាវមួយ ចុះផ្សាយដោយទស្សនាវត្តី The Nature កាលពីថ្ងៃសុក្រទី៣មេសា ថា ការពាក់ម៉ាស​ អាចជួយកាត់បន្ថយចំនួន​នៃមេរោគកូរ៉ូណា ដែលមាននៅក្នុងខ្យល់ដកដង្ហើម តាមមាត់និងតាមច្រមុះរបស់អ្នកជំងឺ។ តែយ៉ាងណា វាជាការស្រាវជ្រាវដកពិសោធន៍ ជាមួយមេរោគកូរ៉ូណាផ្សេងទៀត មិនមែន​មេរោគកូវីដ១៩ នេះទេ។ លោក Rupert Beale អ្នកជំនាញនៅវិទ្យាស្ថាន​ Francis Crick Institute នៅទីក្រុងឡុង បានលើកឡើងថា ការស្រាវជ្រាវដក​ពិសោធន៍​ខាងលើ អាចជាភស្តុតាមមួយ បញ្ជាក់ថា មេរោគកូវីដ​១៩ ដែលជាប្រភេទមេរោគកូរ៉ូណា​ដែរ​នោះ អាចចម្លងបាន​តាម​ខ្យល់ដកដង្ហើមមែន។ ដូច្នេះ អាជ្ញាធរសុខាភិបាលត្រូវ​គិតគូរ ប្រាប់ប្រជាជន​​ឲ្យ​​ប្រើម៉ាស​ ឲ្យបានទូលំទូលាយ។

ដូចគ្នាដែរ លោក Lothar Wieler អគ្គនាយកវិទ្យាស្ថាន​ដ៏ល្បី​របស់អាល្លឺម៉ង់ ឈ្មោះ  Robert Koch Institute បានអះអាងថា គេមិនទាន់មានការសន្និដ្ឋានបែបវិទ្យាសាស្ត្រ មកបញ្ជាក់ទាក់ទិន​នឹង​ករណី​មេរោគកូរ៉ូណាថ្មី ​កូវីដ១៩នេះមែន តែវាពិតជារឿងអាចទៅរួច ដែលថាមេរោគកូវីដ១៩ អាច​ឆ្លង​តាម​ខ្យល់ដង្ហើម មិនចាំបាច់​ទាល់តែមានសារធាតុរាវនោះទេ។

ពាក់​ម៉ាស់ធ្វើដោយខ្លួនឯង ប្រសើរជាងមិនពាក់សោះ

បច្ចុប្បន្ននេះ រោងចក្រផលិតម៉ាស ផលិតមិនទាន់ទេ។ ប្រទេសនីមួយៗកុម្មង់ ដណ្តើមគ្នាទិញរាប់រយលាន។ យ៉ាងណាមិញ នេះ ក៏ជាមូលហេតុមួយដែរ ដែលអាជ្ញាធរប្រទេសមួយចំនួន មិនអំពាវនាវ ឲ្យ​ប្រជាជនពាក់ម៉ាស់ ព្រោះគេចង់ទុកម៉ាសដែលមានក្នុងស្តុក ឲ្យ​ទៅ​បុគ្គលិក​ពេទ្យ និងបុគ្គលិក​ជំនាញ​មួយចំនួន ដែល​ជាអ្នក​ប្រឈមនឹងមេរោគកូវីដ១៩ខ្លាំងជាគេ។

ដោយសារតែខ្វះម៉ាស់ រកទិញតាមទីផ្សារមិនបាន មានប្រជាជនមួយចំនួន​បានធ្វើម៉ាស់ដោយ​ខ្លួន​ឯង។ ទាក់ទិននឹងការប្រើប្រាស់ម៉ាស់ ដែលផលិតដោយខ្លួនឯងនេះ​ លោកវិជ្ជបណ្ឌិត Cheng ជំនាញសុខភាពសាធារណៈ នៅសកលវិទ្យាល័យ​​​Birmingham ប្រទេសអង់គ្លេស បានលើក​ឡើងថា ការ​ពាក់ម៉ាស់​ដែលយើង​ឆ្នៃ​ធ្វើដោយ​​ខ្លួនឯង ទោះបីជាយ៉ាងណា ក៏វាប្រសើរជាង​ការ​មិន​ពាក់សោះ​នោះដែរ។ ដូចគ្នាដែរ វិទ្យាស្ថាន​​Robert-Koch នៅអាល្លឺម៉ង់ បានចេញប្រកាសជំរុញលើកទឹកចិត្ត ឲ្យប្រជាជនអាល្លឺម៉ង់ ពាក់ម៉ាស់ និងធ្វើម៉ាស់ខ្លួនឯងពាក់ នៅពេលចេញដើរទៅខាងក្រៅផ្ទះ។

ទោះជាយ៉ាងនេះក្តី អ្នកជំនាញ​បានរំលឹកថា​ ការពាក់ម៉ាស់ មិនមែន​ដើម្បី​ការពារ​កុំឲ្យមេរោគចូលមកក្នុងខ្លួនយើងទេ តែគឺដើម្បីការពារ កុំឲ្យមេរោគដែលមានក្នុងខ្លួនយើង ខ្ទាតចេញទៅចម្លងអ្នកផ្សេង។ ដូច្នេះទោះយើងពាក់ម៉ាស់ក៏ដោយ តែមិនត្រូវភ្លេចជាដាច់ខាត នូវវិធីប្រតិបត្តិរក្សាអនាម័យ លាងសំអាតដៃឲ្យបានជាប្រចាំ កុំយកដៃញីច្រមុះ ញីភ្នែក ជាដើម។ល។ យើងកុំអាងតែមានម៉ាស់​ពាក់ ភ្លេចគិតពីវិធីបង្ការផ្សេងទៀតឲ្យសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ