កូវីដ១៩៖ អ.ស.ប. បារម្ភពីសុខភាពកងទ័ពមួកខៀវផង ខ្លាចប្រទេសសមាជិកដកទ័ពចេញវិញផង
ចុះផ្សាយនៅថ្ងៃ៖
ការឆ្លងរាលដាល នូវមេរោគកូវីដ១៩ កំពុងបង្កឲ្យមានការបារម្ភទៅដល់អង្គការសហប្រជាជាតិ ទាក់ទិនទៅនឹងប្រតិបត្តិការរក្សាសន្តិុភាព របស់កងទ័ពមួយខៀវ នៅតាមបណ្តាប្រទេសមួយ ចំនួន។ អង្គការសហប្រជាជាតិ មានការបារម្ភចំពោះសុខភាពរបស់កងទ័ពមួយខៀវ ហើយទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិក៏បារម្ភផងដែរ ខ្លាចប្រទេសសមាជិក ដកកងកម្លាំងទ័ពរបស់គេទៅវិញ ដើម្បីបង្កាការឆ្លងមេរោគ។ ក្នុងករណីមានការដាកទ័ព នោះផែនការរក្សាសន្តិភាពនៅតាមតំបន់ខ្លះ អាចនឹងត្រូវបរាជ័យ។
មន្ត្រីទូតអង្គការសហប្រជាជាតិម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ការពារសុខភាពរបស់កងទ័ពមួយខៀវ គឺជាអាទិភាពរបស់អង្គការសហប្រជាជាតិ។ តែទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ ក៏មានការបារម្ភដែរ ព្រោះប្រទេសសមាជិក អាចស្នើសុំបញ្ជូនកងទ័ពមួកខៀវរបស់គេ ឲ្យត្រលប់ចូលស្រុកវិញ ព្រោះគេគិតថាកងទ័ពគេ អាចប្រឈមនឹងការឆ្លងរាលដាលមេរោគកូវីដ១៩ នៅតាមទីតាំងណាមួយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានកងទ័ពមួកខៀវចំរុះជាតិសាសន៍ ប្រមាណ១១ម៉ឺននាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព នៅតាមប្រទេសជាង១០ ភាគច្រើនគឺនៅទ្វីបអាហ្វ្រិក។ ដើម្បីការពារសុខភាព បង្ការការឆ្លងរាលដាល អង្គការសហប្រជាជាតិ បានដាក់ចេញនូវវិធានការមួយចំនួន ដូចជាបានសម្រេចព្យួរការផ្លាស់ប្តូរវេន កងកម្លាំងមួយខៀវនៅតាមប្រទេសទាំងអស់ រហូតដល់ថ្ងៃ៣០មិថុនា។
នៅតាមមូលដ្ឋានកងទ័ពមួកខៀវ គេបានរៀបចំឲ្យមានការដាក់ឲ្យនៅដាច់ដោយឡែក និងតាមដានសុខភាព ប្រសិនបើមានកងកម្លាំងណាម្នាក់ មានអាការៈជំងឺកូវីដ១៩។ វិធានការផ្សេងទៀត ក៏ត្រូវបានអនុវត្តផងដែរ ចំពោះបេសកកម្មចុះល្បាតរបស់កងទ័ពមួយខៀវ ធ្វើយ៉ាងណា ចៀសវាងការឆ្លងរាលដាលមេរោគ ក្នុងចំណោមកងកម្លាំង និងចៀសវាងការឆ្លងរាលដាល ក្នុងពេលប៉ះពាល់ ប្រាស្រ័យជាមួយប្រជាជនមូលដ្ឋាន។ ធ្លាប់មានបទពិសោធន៍មិនល្អរួចមកហើយ កាលពីឆ្នាំ២០១០ នៅប្រទេសហៃទី ដែលកងទ័ពមួកខៀវមកពីប្រទេសណេប៉ាល់ ជាផ្នែកមួយនៃភ្នាក់ងារចម្លងជម្ងឺអាសន្នរោគ ទៅកាន់ប្រជាជនហៃទី បណ្តាលឲ្យស្លាប់មនុស្សប្រមាណ១ម៉ឺននាក់។
គួរកត់សំគាល់ផងដែរថា ទ្វីបអាហ្វ្រិកត្រូវគេរំពឹងថា អាចនឹងរងគ្រោះខ្លាំងដោយការឆ្លងរាលដាលនូវមេរោគកូវីដ១៩ ក្នុងពេលដ៏ខ្លីខាងមុខ។ គឺទីនោះហើយ ដែលសំបូរប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ មន្ត្រីទូតម្នាក់ បានទទួលស្គាល់ថា វិធានការបង្ការការឆ្លងមេរោគកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ ដល់ប្រសិទ្ធិភាពនៃប្រតិបត្តិការរបស់កងទ័ពមួកខៀវ បន្ថែមពីនេះ ប្រទេសខ្លះអាចសម្រេចដកទ័ពចេញថែមទៀត។ គឺក្រោមហេតុផលនេះហើយ បានជាលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃ២៣មិនា ឲ្យគូវិវាទទាំងអស់ ទំលាក់អាវុធ ផ្អាកការប្រយុទ្ធ។
ដោយឡែកមន្ត្រីទូតខ្លះលើកឡើងថា ទ្វីបអាហ្វ្រិកក្រីក្រ មានប្រព័ន្ធសុខាភិបាលអន់ថយមែនពិត តែគេមិនគួរមើលស្រាលប្រជាជនអាហ្វ្រិកទេ។ ខុសពីប្រជាជនអឺរ៉ុប ដែលធ្លាប់តែស្រណុកមិនធ្លាប់លំបាក ប្រជាជនអាហ្វ្រិកបានឆ្លងកាត់ មេរោគអេបូឡា មេរោគហ្ស៊ីកា មេរោគប៉េស្ត និងជំងឺអាសន្នរោគ។ ដូច្នេះប្រជាជនអាហ្វ្រិកអាចមានស្មារតីរឹងមាំ មិនផ្អើលឈូរឆ ហើយចេះជួយសាមគ្គីគ្នា អាចយកឈ្នះមេរោគកូវីដ១៩ ក៏ថាបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ