អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូវីដ១៩៖ ​ទុក្ខជាន់​លើ​ទុក្ខ សម្រាប់​ប្រជាជន​នៅ​តាម​តំបន់​មាន​សង្រ្គាម និង​ជំរំជនភៀសខ្លួន

សំឡេង ០៧:១៩
ជំរកបណ្តោះអាសន្នរបស់ជនភៀសខ្លួនស៊ីរី នៅតំបន់ Azaz ភាគខាងជើងស៊ីរី ថ្ងៃទី​២២ កុម្ភៈ ២០២០។
ជំរកបណ្តោះអាសន្នរបស់ជនភៀសខ្លួនស៊ីរី នៅតំបន់ Azaz ភាគខាងជើងស៊ីរី ថ្ងៃទី​២២ កុម្ភៈ ២០២០។ REUTERS - Khalil Ashawi
ដោយ៖ ម៉ម ពិសី
៣៨ នាទី

មេរោគកូវីដ១៩ កំពុងតែធ្វើឲ្យ​ពិភពលោកទាំងមូល ស្ថិតក្នុងភាព​មិនប្រាកដប្រជា និងមាន​វិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន។ ប្រទេសនីមួយៗ ខិតខំចាត់វិធានការ ការពារសុខភាពប្រជាជន ជួយសេដ្ឋកិច្ច ទៅតាមលទ្ធភាព​រៀងៗខ្លួន។ ចំណែកនៅតាមតំបន់ដែល​មានសង្រ្គាម មានជម្លោះប្រដាប់អាវុធវិញ វិបត្តិមេរោគកូវីដ​១៩​នេះ កំពុងតែធ្វើឲ្យគេបារម្ភខ្លាចបំផុត ចំពោះទុក្ខវេទនា និងផលវិបាក ដែលធ្លាក់ទៅលើប្រជាជន នៅតាមតំបន់​ទាំងនោះ។ កូវីដ១៩ អាចបន្ថែមសេចក្តីទុក្ខលំបាក​ សម្រាប់ប្រជាជនដែលស្ថិតនៅក្នុងតំបន់សង្រ្គាម ព្រមទាំងប្រជាជន​ដែលរស់នៅក្នុងជំរំ​ជនភៀសខ្លួន។

ផ្សាយពាណិជ្ជកម្ម

ខណៈដែលពិភពលោកកំពុង​ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ លោក Robert Mardini អគ្គនាយក​គណកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ បានអំពាវនាវថា « យើងមិនត្រូវភ្លេច ប្រទេសឬតំបន់ដែលមានសង្រ្គាម ជម្លោះប្រដាប់អាមេវុធជាដាច់ខាត។ ប្រជាជននៅតាមតំបន់ទាំងនេះ ត្រូវការជំនួយខ្លាំងជាទីបំផុត ដើម្បីប្រឈមជាមួយនឹងមេរោគកូវីដ១៩ »។ លោកបានសង្កត់ធ្ងន់ថា « សហគមអន្តរជាតិ ត្រូវ​តែរួមសហការគ្នាជួយឲ្យបានរហ័សជាទីបំផុត ព្រោះប្រជាជនរស់នៅតាមតំបន់ទាំងនោះ ជាប្រជាជនដែលងាយរងគ្រោះបំផុត ដោយសារជម្ងឺឆ្លង ហើយមួយវិញទៀត ពួកគេក៏គឺជាអ្នករងគ្រោះខ្លាំងជាងគេ ដោយសារវិបត្តិសេដ្ឋកិច្ចសកលទាំងមូល »។

ការព្រួយបារម្ភនេះ ក៏ត្រូវបានអ្នកជំនាញ​នៅមជ្ឈមណ្ឌលវិភាគវិបត្តិ Crisis Group Center យល់ឃើញដូចគ្នា។ យោងតាមមជ្ឈមណ្ឌលនេះ តំបន់មានសង្រ្គាម គ្មានស្ថិរភាពនយោបាយ គឺជាតំបន់ដែលបង្កឲ្យមានការព្រួយបារម្ភខ្លាំង បើសិនជាមានបញ្ហាជម្ងឺឆ្លងកូវីដ១៩នេះបន្ថែមពីលើវិបត្តិដែលមានស្រាប់។ យ៉ាង​ណាមិញ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានអំពាវនាវផងដែរ កាលពីថ្ងៃ​ទី​២៧មិនា សុំឲ្យគូវិវាទ ក្រុមប្រដាប់អាវុធទាំង ទម្លាក់អាវុធ ផ្អាកការប្រយុទ្ធសម្លាប់គ្នា ហើយងាកមករួមគ្នាយកឈ្នះមេរោគកូវីដ១៩នេះវិញ។

គ្មានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល

ជាការពិតណាស់ តំបន់ដែលមានសង្រ្គាម ឬមានជម្លោះប្រដាប់អាវុធ ពុំមានលទ្ធភាពអាចទប់ទល់​ជាមួយ​ការឆ្លងរាលដាលនូវមេរោគ ដូចយ៉ាងមេរោគកូវីដ១៩នេះទេ។ សង្រ្គាមរ៉ាំរ៉ៃ បានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព សឹងតែខ្ទេចអស់គ្មានសល់។ ជាក់ស្តែងប្រទេសយេម៉ែន​ ដែលឆ្លងកាត់សង្រ្គាម៥ឆ្នាំមកនេះ ប្រជាជនប្រមាណ២៥លាននាក់ ត្រូវរស់នៅក្នុងស្ថានភាព​ដ៏លំបាក​។ ៥០% នៃហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ត្រូវបានខូចខាតខ្ទេច​ខ្ទី។ គ្មានគ្រូពេទ្យ គ្មានសម្ភារៈពេទ្យ និងឱសថព្យាបាលអ្នកជំងឺ។

ស្ថានភាពនៅស៊ីរី ក៏មិនខុសពីនៅយេម៉ែនដែរ។ ភាគខាងជើងស៊ីរី ដែលរងការទំលាក់គ្រាប់បែក​យ៉ាងដំណំ បានបាត់បង់សមត្ថភាពសុខាភិបាល​របស់ខ្លួន​ជាងពាក់កណ្តាល។ ក្នុងកាលៈទេសៈធម្មតា ប្រជាជនស៊ីរី ស្ថិតក្នុងការលំបាកណាស់ទៅហើយ​ ក្នុងការស្វែងរក និងទទួលបាននូវ​សេវា​​សុខភាព​​។ ចុះទំរាំដល់ ទៅត្រូវប្រឈមជាមួយនឹងមេរោគកូវីដ១៩ ទៀត?

មិនថានៅអាហ្វហ្កានីស្ថាន នៅសូម៉ាលី នៅតំបន់សាហ៊ែល នៅតំបន់ហ្កាហ្សា នៅលីប៊ី ឬនៅវ៉េណេស៊ុយអេឡា គឺបញ្ហាលំបាកមានប្រហាក់ប្រហែលគ្នា  ពោលគឺជា​លទ្ធផលនៃវិបត្តិនយោបាយ សង្រ្គាមប្រយុទ្ធកាប់សម្លាប់គ្នា គ្មានឈរឈប់។ បញ្ហាអសន្តិសុខនេះ បូកបន្ថែមជាមួយអំពើ​ពុករលួយ រដ្ឋបាលសាធារណៈគ្មានប្រសិទ្ធិភាព។ បញ្ហាទាំងនេះ វាក៏បានធ្វើឲ្យប្រជាជន គ្មាន​ជំនឿចិត្ត លើអាជ្ញារធរសាធារណៈ។ ដូច្នេះ សារអប់រំស្តីពីការបង្ការការឆ្លងរាលដាល ស្តីពីគ្រោះថ្នាក់នៃកូវីដ១៩ អាចមិនបានជ្រាបដល់មតិមហាជន។

អង្គការមនុស្សធម៌ជួបឧបសគ្គបន្ថែមច្រើន​

ប្រជាជន​នៅតាម​តំបន់មានសង្រ្គាម រំពឹងខ្លាំងណាស់ ទៅនឹងជំនួយមនុស្សធម៌ ផ្តល់ឲ្យ​ពី​អង្គការមនុស្សធម៌នានា រាប់ទាំងស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈចាំបាច់។ ក៏ប៉ុន្តែប្រឈមនឹងស្ថានភាព​ឆ្លងរាលដាលនូវមេរោគកូវីដ១៩ ជំនួយ​មនុស្សធម៌អាចជួយនឹងឧបសគ្គជាច្រើន មុន​នឹងអាចទៅដល់ដៃប្រជាជន។

វិធានការបិទព្រំដែន បិទជើងហោះហើរ នៅតាមប្រទេសជាច្រើន បានបន្ថែមការលំបាក មួយកម្រិត​ទៀត ចំពោះការធ្វើដំណើរ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលមានបេសកកម្មត្រូវទៅជួយនៅតាមតំបន់ដែលមានសង្រ្គាម។ ជាងនេះទៀត ក្រុមគ្រូពេទ្យ ឬអ្នកជំនាញស្ម័គ្រចិត្ត ក៏អាចប្រឈមនឹងគ្រោះថ្នាក់ ចំពោះសុខភាពរបស់ពួកគេខ្លួនឯង។ ប្រការនេះ បានបន្ថែមការលំបាក ក្នុងការចាត់​ចែង​រៀបចំ របស់អង្គការមនុស្សធម៌នានា ដើម្បីការពារសុខភាព​បុគ្គលិកខ្លួន និងព្យាយាមធ្វើយ៉ាងណា ជួយប្រជាជនមូលដ្ឋាន តាមតែអាចធ្វើទៅបាន។

ជំរំជនភៀសខ្លួន ជាជង្រុកជំងឺឆ្លងគ្រប់មុខរួចទៅហើយ

ប្រជាជនដែលភៀសខ្លួនពីសង្រ្គាម ពីការកាប់សម្លាប់ ដែលបច្ចុប្បន្នរស់នៅតាមជំរុំជនភៀសខ្លួន​ ជាច្រើនកន្លែង ក៏អាចប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ដែរ បើក្នុងករណីមានការឆ្លងរាលដាលនូវមេរោគកូវីដ១៩។ យោងតាមអគ្គស្នងការដ្ឋានបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ នៅឆ្នាំ​២០១៩ មានមនុស្សយ៉ាងតិច៧០លាននាក់ ដែលត្រូវបង្ខំចិត្ត ធ្វើបំលាស់ទី ចាកចោលភូមិស្រុក ដើម្បីគេចចេញពីសង្រ្គាម ឬការកាប់សម្លាប់។

ទោះបើគ្មានមេរោគកូវីដ១៩ ជីវិតនៅតាមជំរុំជនភៀសខ្លួន មានការលំបាកខ្លាំងណាស់ទៅហើយ។ ជាក់ស្តែងជំរុំជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសបង់ក្លាដែស។ កង្វះអាហារូបត្ថម្ភ គ្មានសេវាសុខភាព  សមាជិកគ្រួសារច្រើននាក់ រស់នៅតាមខ្ទមរខេករខាក គ្មានទឹកស្អាតប្រើប្រាស់។ ប្រជាជនទាំងនេះ ប្រឈមមុខនឹងជំងឺឆ្លងគ្រប់មុខរួចទៅហើយ។ បន្ថែមពីនេះទៀត អាជ្ញាធរបង់ក្លាដែស បានហាមឃាត់​ការប្រើទូរស័ព្ទដៃ និងបានកាត់ផ្តាច់សេវាអ៊ីនធឺនែត នៅក្នុងជំរុំ ដែលធ្វើឲ្យជនភៀសខ្លួនរ៉ូហ៊ីង​យ៉ា មិនអាចទទួលបានដំណឹងស្តីពីមេរោគកូវីដ១៩ ព្រមទាំងសារអប់រំដើម្បីបង្ការការឆ្លងរាលដាលជាដើម។

ដូចគ្នាដែរ ស្ថានភាពអាសន្នផ្នែកសុខភាព បានចោទរួចទៅហើយ នៅឯជំរុំ​ al-Hol ស្ថិតនៅភាគឥសានប្រទេសស៊ីរី ដែលមានជនភៀសខ្លួន យ៉ាងហោច៧ម៉ឺននាក់។ នៅរវាងចុងឆ្នាំ២០១៩ មជ្ឈមណ្ឌល Crisis Group បានលើកឡើងថា ជីវិតនៅទីនោះ មានទិដ្ឋាភាព​ជាសោកនាដកម្មដ៏ពិបាក​ភ្នែកមើលបំផុត។ ប្រជាជនខ្វះសព្វខ្វះ​​គ្រប់ ហើយប្រឈមនឹងជំងឺឆ្លងគ្រប់មុខទាំងអស់។

ពន្លឺសង្ឃឹមប្រឹមៗ ពីក្រោយស្រមោលខ្មៅកូវីដ១៩

សម្រាប់ពេលនេះ គ្មាននរណាអាចដឹងទេ ថាមេរោគកូវីដ១៩ នឹងធ្វើដំណើរទៅដល់តំបន់មានសង្រ្គាម និងជំរុំជនភៀសខ្លួនទាំងនោះ នៅពេលណា។ ទោះយ៉ាងនេះក្តី វានៅមានកូនសេចក្តីសង្ឃឹមមួយ ដែលយើងអាចរំពឹង នោះគឺគេសង្ឃឹមថា មេរោគកូវីដ១៩ដ៏កាចសាហាវនេះ អាចធ្វើឲ្យ​គូវិវាទទាំងឡាយ ផ្អាកការប្រយុទ្ធ ហើយងាកមកគិតគូរ ពីភាពលំបាកជាក់ស្តែងរបស់ជីវិត​ប្រជា​ពលរដ្ឋ​ខ្លួន។ ឆ្លងតាមបទពិសោធន៍ នៅពេលមានគ្រោះធម្មជាតិធ្ងន់ធ្ងរ នៅតាមតំបន់មានសង្រ្គាម គេសង្កេតឃើញថា គូបដិបក្សបានទំលាក់អាវុធមួយរយៈ ហើយងាកមកពីចាប់ដៃ​សហការ​គ្នា ជួយប្រជាពលរដ្ឋស្លូតត្រង់ និងជួយកសាងសង្គមឲ្យរឹងមាំឡើងវិញ។

តើអាចទេ ដែលថាមេរោគកូវីដ១៩ អាចជួយឲ្យគូវិវាទ ដែលធ្លាប់តែកាប់សម្លាប់គ្នា ងាកមករួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ?​ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការអំពាវនាវកាន់តែ​ច្រើន សុំឲ្យអារ៉ាប៊ីសាអូឌីត ទម្លាក់អាវុធនៅយេម៉ែន។ ចំណែកអេមៀរ៉ាត់អារ៉ាប់រួម និង​កូវ៉េតវិញ បានស្នើផ្តល់​ជំនួយជាសម្ភារៈពេទ្យ និងថ្នាំសង្កូវ ដល់អ៊ីរ៉ង់។

មេរោគ​កូវីដ១៩ ប្រហែល​ជា​បានដាស់ជំរៅទឹកចិត្តមនុស្សធម៌ ​ដែលកប់ជ្រៅក្នុងក្រអៅបេះដូងមនុស្សឲ្យងើបឡើងវិញ ហើយបំភ្លេចចោលនូវជម្លោះរវាងគ្នានឹងគ្នា។ ប្រឈមនឹងមេរោគកូវីដ១៩ យើងសង្ឃឹមថាមនុស្សលោក អាច​ភ្ញាក់ដឹងខ្លួនថា គ្មាន​អ្វីសំខាន់​ជាង​​ការសាមគ្គី ភាតរភាព ជួយយកអាសាគ្នា ទៅវិញទៅមកនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ