អានតួអត្ថបទ

អង្គកា​រ​សហប្រជាជាតិ​ ជំរុញ​ការ​ផ្តួច​ផ្តើម​បង្កើត​វ៉ាក់សាំង​បង្ការ​កូវីដ​១៩​

ប្រធានអង្គការ​សុខភាព​ពិភពលោក​ និងប្រធាន​អង្គកា​រ​សហប្រជាជាតិ
ប្រធានអង្គការ​សុខភាព​ពិភពលោក​ និងប្រធាន​អង្គកា​រ​សហប្រជាជាតិ REUTERS - POOL New
ដោយ៖ ហេង ឧត្តម
១៨ នាទី

ថ្ងៃ​សុក្រ​ទី​២៤មេសា អង្គកា​រ​សហប្រជាជាតិ​ និង​អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ពី​គម្រោងជំរុញ​ការ​​ផ្តួចផ្តើមបង្កើតវ៉ាក់សាំងបង្ការកូវីដ១៩ និងកិច្ច​ការសហការ​រួម​ក្នុង​ការ​​រក​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាពប្រាកដ​ជាក់​ច្បាស់ ​ដើម្បីព្យាបាល​ជំងឺ​រាតត្បាត​សកល​នេះ។ សូម​ជ្រាបថា ពេល​សព្វថ្ងៃ​នេះ ជំងឺកូវីដ​១៩ បាន​សម្លាប់​ជីវិត​មនុស្ស​ ប្រមាណ​ជាង​១សែន​៩ម៉ឺននាក់ ហើយ​ចម្ល​ង​ដល់​មនុស្ស​ជាង​២លាន​៧សែន​នាក់​ ​នៅលើ​​ពិភពលោក។​

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន លោក តេដ្រូស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក គូស​បង្ហាញថា គម្រោង​ផ្តួច​ផ្តើម​​នេះ ជា​គម្រោង​ថ្មី​និងជាប្រវត្តិសាស្ត្រ​ ដែល​ជួយ​ជំរុញ​ល្បឿន​នៃការ​រុក​រកវិធី​ព្យាបាល​និង​ផលិត​​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។ នៅពេល​ដែល​រក​ឃើញហើយ ថ្នាំ​និង​វ៉ាក់​សាំង​នោះ ត្រូវ​ចែក​ចាយ​ដោយ​សមភាព​និង​សមធម៌​។ នៅក្នុង​ន័យ​ស្រដៀង​​នេះដែរ​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​លើកឡើង​ថា «គ្មាន​វ៉ាក់សាំង​ គ្មាន​ថ្នាំ​ព្យាបាល សម្រាប់​តែ​ប្រទេស​មួយ តំបន់​មួយ​ ឬ​ផ្នែក​តំបន់​ណាមួយ​នៃ​ពិភព​លោក​នោះទេ។ ប៉ុន្តែ វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាលនោះ គឺត្រូវតែ​ផ្តល់​ដល់​មនុស្ស​គ្រប់គ្នា គ្រប់​ទីកន្លែង​»។ ហេតុដូច្នេះហើយ ទើប​​អគ្គលេខាធិការអង្គការសហប្រជាជាតិ ថា​គេ​ត្រូវការ​កម្លាំង​ចូល​រួម​ច្រើន​ ដើម្បី​ស្រាវជ្រាវ រុករក ផលិត​វ៉ាក់សាំងនិងថ្នាំព្យាបាល។

តាមការបញ្ជាក់របស់ប្រធានអង្គការសុខភាពពិភពលោក, នៅក្នុងគម្រោងអង្គការសហប្រជាជាតិនេះ គឺ​មានការចូលរួមសហការពីបណ្តា​ក្រុមហ៊ុនឯកជន, អង្គការសង្គមស៊ីវិល និងប្រទេសជាច្រើនបានចូលរួម ក្នុងនោះ មាន ប្រទេស បារាំង និងអាល្លឺម៉ង់ ។ល។ ជាក់ស្តែ​ង​នៅក្នុង​សន្និសីទ​រួមតាម​ប្រព័ន្ធ​វីដេអូ​ Conférence គេ​​ឃើញ​មានការ​ចូលរួម​ពីប្រធានាធិបតីបារាំង, អធិការបតី​អាល្លឺម៉ង់, នាយករដ្ឋមន្ត្រីអ៊ីតាលីនិងអេស្ប៉ាញ ព្រ​មទាំង ប្រធាន​គណៈកម្មការសហភាពអឺរ៉ុប ​អ្ន​ក​ស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) ជាដើម។ ក៏ប៉ុន្តែ គេ​មិន​ឃើញ​តំណាង​សហរដ្ឋអាមេរិក​នោះទេ។​ សហរដ្ឋអាមេរិក​របស់​លោក ដូណាល់ ត្រាំ​ បានប៉ះទង្គិច​សម្តី​ជាមួយ​ប្រធានអង្គការសុខភាពពិភពលោក នៅក្នុងខែ​មេសា​នេះ។ ​គេក៏​មិន​ឃើញ​មាន​ការ​ចូលរួម​ពី​ប្រទេស​ចិនដែរ។

ក្នុង​គម្រោង​ដាច់​ដោយ​ឡែក​ អ្នក​វិទ្យាសាស្ត្រ​ចិន បាន​ប្រកាសនៅ​ថ្ងៃសុក្រទី២៤មេសា ​ ​ពី​ការ​ចាក់​វ៉ាក់​សាំង​ពិសោធ​លើ​សត្វ​ស្វា ​ចំនួន​៨ក្បាល ដែល​គេ​បាន​ចម្លង​មេរោគ​កូវីដ​១៩​។ ​រយៈ​ពេល​៧ថ្ងៃ​ក្រោយ​ ស្វា​៤ក្បាល ដែល​ត្រូវ​វ៉ាក់សាំង​ច្រើនល្មម ក្នុង​​សួត​របស់​វា គ្មាន​ឃើញ​ស្នាម​ដាន​មេរោគ​នោះទេ។​ ចំណែក​​ស្វា​៤ក្បាល​ទៀត ដែល​ទទួល​បាន​វ៉ាក់​សាំង​ តិច​មិន​គ្រប់​ចំនួន​ដូស (Dose) មាន​ដាន​ស្នាម​មេរោគ​កូវីដ១៩​នៅ​សួត​របស់​វា ក៏ប៉ុន្តែ ស្ថានភាព​សុខភាព​របស់​ស្វា៤ក្រោយ​នេះ ​អាច​ធន់ទប់​ទល់​​នឹង​មេរោគ​បាន​នៅឡើយ​​។ ឃើញថា​មាន​សញ្ញាណ​វិជ្ជមាន​ខ្លះ​ តែអ្នក​វិទ្យាសាស្ត្រ​ចិន បញ្ជាក់ថា គេ​កំពុង​សិក្សា​បន្តចំពោះ​លទ្ធផល​នេះបន្ថែមទៀត​។

បើ​តាម​អ្នក​ជំនាញ​អន្តរជាតិ នៅពេល​នេះ គ្មាន​ថ្នាំ​ព្យាបាល​កូវីដ១៩ទេ ហើយ​ក៏​គ្មា​នវ៉ាក់សាំង​បង្ការ​កូវីដ​១៩ដែរ​។ ដំណើរផលិត​វ៉ាក់​សាំង អាច​ត្រូវការ​ពេល​ច្រើន​ខែ ​ឬ អាច​ជាង​១ឆ្នាំ ទៅ​១ឆ្នាំកន្លះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ