របាយការណ៍Sipri៖ ការចំណាយលើកងទ័ព កើនឡើងខ្លាំងទូទាំងពិភពលោក ក្នុងឆ្នាំ២០១៩
ចុះផ្សាយនៅថ្ងៃ៖
ការចំណាយលើវិស័យកងទ័ព នៅទូទាំងពិភពលោក បានកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ២០១៩កន្លងទៅ។ នេះបើផ្អែកតាម របាយការណ៍របស់ វិទ្យាស្ថានអន្តរជាតិសិក្សាសន្តិភាព នៅទីក្រុងស្តុកខុម ចេញផ្សាយកាលពីថ្ងៃ២៧មេសា ម្សិលមិញ។ យោងតាមការបូកសរុបស្រាវជ្រាវនេះ សហរដ្ឋអាេមរិក នៅតែជាប្រទេសនាំមុខ ដាច់ឆ្ងាយគេ ក្នុងការចំណាយលើវិស័យកងទ័ព ខណៈដែលប្រទេសមួយចំនួននៅអាស៊ី មានចិន និងឥណ្ឌា បានប្រឹងប្រែង បង្កើនសមត្ថភាពកងទ័ពរបស់ខ្លួន កាន់តែខ្លាំង។ ការកើនឡើងនូវការចំណាយក្នុងវិស័យកងទ័ពនេះ គឺវាផ្សារភ្ជាប់ជាមួយបរិបទនៃភាពតានតឹង នៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាចយោធា ដែលតម្រូវឲ្យប្រទេសនីមួយៗ ត្រូវប្រុងកម្លាំង ត្រៀមសាច់ដុំតែរៀងៗខ្លួន។
បើទោះបីជាសង្រ្គាមត្រជាក់ បានបិទបញ្ចប់ក្នុងឆ្នាំ១៩៨៩ តែពិភពលោកនៅតែបន្ត បង្កើនការចំណាយលើវិស័យកងទ័ពយ៉ាងសន្ធឹកសន្ធាប់។ ការចំណាយបានឡើងខ្ពស់មិនធ្លាប់មាន នៅក្នុងឆ្នាំ២០១៩។ របាយការណ៍បូកសរុប ប្រចាំឆ្នាំ២០១៩ របស់វិទ្យាស្ថានអន្តរជាតិសិក្សាសន្តិភាព នៅទីក្រុងស្តុកខុម ហៅកាត់ថា Sipri បានឲ្យដឹងថា ឆ្នាំ២០១៩ ការចំណាយលើវិស័យកងទ័ព សរុបទាំងអស់ ស្មើនឹង១៩១៧ពាន់លានដុល្លារ ទូទាំងពិភពលោក។ ពោលគឺវាបានកើនឡើងចំនួន ៣,៦% បើប្រៀបធៀបទៅឆ្នាំ២០១៨។
សហរដ្ឋអាមេរិកនាំមុខដាច់គេ
សហរដ្ឋអាេមរិក នៅតែជាប្រទេស ដែលមានដៃទូលាយជាងគេ ក្នុងការចំណាយលើវិស័យកងទ័ពនេះ។ ក្នុងចំណោមទឹកប្រាក់សរុបខាងលើ ៣៨% គឺជារបស់សហរដ្ឋអាមេរិកតែម្នាក់ឯង។ គិតជាសរុប សហរដ្ឋអាេមរិក ចំណាយអស់៧៣២ពាន់លានដុល្លារ ដែលក្នុងនោះមួយផ្នែកធំ គឺប្រើទៅលើអង្គការអូតង់។ ការចំណាយរបស់អាមេរិក លើវិស័យកងទ័ពនេះ បានកើនឡើងប្រមាណ៥,៣% បើប្រៀបធៀបទៅឆ្នាំ ២០១៨។
ចំណែកនៅក្នុងតំបន់អាស៊ី អូសេអានីវិញ ចិនគឺជាប្រទេសដែលបានចំណាយច្រើនជាងគេក្នុងវិស័យកងទ័ព ពោលគឺស្មើនឹងពាក់កណ្តាល នៃការចំណាយនៅក្នុងតំបន់នេះ។ ជាមួយនឹងទឹកប្រាក់ចំណាយ ចំនួន២៦១ពាន់លានដុល្លារ ចិនជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាេមរិក ដែលមានដៃទូលាយជាងគេ។ ការចំណាយរបស់ចិនក្នុងវិស័យកងទ័ព បានកើនឡើងចំនួន៥,១% បើប្រៀបធៀបទៅឆ្នាំមុន។
ចិនមានមហិច្ឆិតា ប្រជែងជាមួយសហរដ្ឋអាមេរិក
លោក Nan Tian អ្នកជំនាញផ្នែកវិស័យកងទ័ព ប្រចាំនៅវិទ្យាស្ថាន Sipri បានលើកឡើងថា ការចំណាយរបស់ចិនក្នុងវិស័យកងទ័ព គឺវាបានកើនឡើងហូរហែរ ស្របជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ចិន ប្រមាណ២៥ឆ្នាំចុងក្រោយនេះ។ តែទន្ទឹមនឹងនេះ ការវិនិយោគរបស់ចិនក្នុងវិស័យកងទ័ព វាបានបង្ហាញឲ្យឃើញអំពីមហិច្ឆិតារបស់ចិន ដែលចង់អភិវឌ្ឍន៍កងទ័ពខ្លួន ឲ្យឡើងដល់លំដាប់ពិភពលោក។ អ្នកជំនាញរូបនេះបន្ថែមថា ចិនធ្លាប់ទាំងបានប្រកាសដោយចំហ ថាខ្លួនចង់ប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចយោធាពិភពលោក។
ឥណ្ឌាត្រូវរកវិធីការពារខ្លួន
ការចំណាយកាន់តែធំរបស់ចិន ក្នុងវិស័យកងទ័ព គ្រឿងសព្វាវុធទំនើបៗនេះ បានញ៉ាំងឲ្យប្រទេសផ្សេងទៀតក្នុងតំបន់ មានការប្រុងប្រៀប និងបន្ថែមការចំណាយដែរ ដើម្បីការពារខ្លួន។ ជាក់ស្តែងឥណ្ឌាបានក្លាយជាប្រទេសទី៣ ដែលហ៊ានចាយឥតសំចៃ ក្នុងវិស័យកងទ័ពនេះ ជាមួយនឹងទឹកប្រាក់ ប្រមាណ៧ម៉ឺន១ពាន់១០០លានដុល្លារ ក្នុងឆ្នាំ២០១៩។ ការចំណាយរបស់ឥណ្ឌា បានកើនចំនួន៦,៨% បើប្រៀបធៀបទៅឆ្នាំមុន។ លោក Siemon Wezeman អ្នកជំនាញម្នាក់ទៀត របស់វិទ្យាស្ថាន Sipri បានពន្យល់ថា ការប្រជែងគ្នាក្នុងវិស័យភូមិសាស្ត្រនយោបាយ ដែលឥណ្ឌាមានជាមួយចិន និងប៉ាគីស្ថាន គឺជាមូលហេតុចំបង ដែលជំរុញឲ្យឥណ្ឌា ហ៊ានចំណាយខ្លាំង លើវិស័យសព្វាវុធកងទ័ព។
អាល្លឺម៉ង់ រកវិធីការពារខ្លួនពីរុស្ស៊ី
ប្រទេស៥ ដែលចំណាយច្រើនជាងគេក្នុងវិស័យកងទ័ពនេះ មានសហរដ្ឋអាមេរិក ចិន ឥណ្ឌា រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត។ គ្រាន់តែប្រទេស៥នេះបញ្ចូលគ្នា គឺស្មើនឹង៦០% ទៅហើយ។ បារាំង ស្ថិតនៅលំដាប់ទី៦ ខណៈដែលអាល្លឺម៉ង់ ស្ថិតនៅលំដាប់ទី៧។ ជាការកត់សំគាល់ អាល្លឺម៉ង់ បានចំណាយប្រាក់ប្រមាណជិត៥ម៉ឺនលានដុល្លារ ក្នុងឆ្នាំ២០១៩។ ការចំណាយក្នុងវិស័យកងទ័ពរបស់អាល្លឺម៉ង់ បានឡើងខ្ពស់ដល់ទៅ១០% បើប្រៀបធៀបទៅឆ្នាំ២០១៨។ កម្រិតចំណាយឡើងស្រឺតស្រឺត របស់អាល្លឺម៉ង់នេះ គឺជាប់ទាក់ទងនឹងបរិយាកាសតានតឹង ជាមួយនឹងរុស្ស៊ី។ នេះបើផ្អែកតាមការពន្យល់ របស់របាយការណ៍នៃវិទ្យាស្ថាន Sipri។
កូវីដ១៩ នឹងរុករានការចំណាយឆ្នាំ២០២០
ទោះជាយ៉ាងនេះក្តី សម្រាប់ឆ្នាំ២០២០នេះ អ្នកវិភាគរបស់វិទ្យាស្ថាន Sipri បានព្យាការទុកថា ការចំណាយក្នុងវិស័យកងទ័ព ប្រាកដជាត្រូវចុះថយវិញ នៅតាមបណ្តាប្រទេសទាំងអស់ ដោយសារតែវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បង្កឡើងដោយមេរោគកូវីដ១៩។ រដ្ឋាភិបាលនានា ត្រូវពិចារណា កាត់បន្ថយការចំណាយក្នុងវិស័យកងទ័ព ដោយត្រូវរំលែកប្រាក់មកវិនិយោគ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ដែលជាវិស័យអាទិភាព សម្រាប់ប្រជាពលរដ្ឋ។
តែយ៉ាងណាក៏ដោយ លោក Nan Tian អ្នកជំនាញនៅវិទ្យាស្ថាន Sipri បានលើកឡើងថា ជាទូទៅកន្លងមក ក្នុងបរិបទវិបត្តិសេដ្ឋកិច្ចសកល ការចំណាយក្នុងវិស័យកងទ័ពអាចធ្លាក់ចុះមែន តែក៏ធ្លាប់មិនយូរដែរ។ អ្នកជំនាញរូបនេះ អះអាងថា សម្រាប់កាលៈទេសៈបច្ចុប្បន្ននេះ ការចំណាយក្នុងវិស័យកងទ័ព អាចធ្លាក់ចុះជារួម រវាងមួយឆ្នាំ ទៅ៣ឆ្នាំខាងមុខ តែវានឹងបោះពួយ កើនឡើងជាថ្មីឡើងវិញ ជាក់ជាមិនខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ