លោក ហ៊ុន សែន កម្រិតការងារឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទាក់ទងវិវាទដីធ្លី
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកម្រិតលក្ខខណ្ឌការងារមួយចំនួនរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទាក់ទងនឹងវិវាទដីធ្លី ចាប់ពីថ្ងៃទី១៥ឧសភាតទៅ។ សេចក្ដីសម្រេចធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រទី១៥ឧសភាម្សិលមិញ។
រាល់ទំនាស់ដីធ្លីទាំងឡាយណាដែល លោក ហ៊ុន សែន បានដោះស្រាយបញ្ចប់ និងមានសេចក្ដីជូនដំណឹងស្ដីពីការដោះស្រាយរួចរាល់ ពីទីស្ដីការគណៈរដ្ឋមន្ត្រីនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់មិនមានសមត្ថកិច្ចដោះស្រាយបន្តឡើយ។ ក្នុងនោះក៏មិនអនុញ្ញាតឲ្យដោះស្រាយរាល់ទំនាស់ដីធ្លីដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ និងមិនអនុញ្ញាតឲ្យចុះដោះស្រាយរាល់ទំនាស់ទាំងឡាយណា ដែលបានបញ្ចប់ដោយស្ថាប័នតុលាការ ដែលមានសាលក្រម ឬសាលដីកាស្ថាពរ។ ដំណាលគ្នានេះ ក៏មិនត្រូវបញ្ជូនសំណុំរឿងវិវាទដីធ្លីរវាងបុគ្គល និងបុគ្គល មកកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយដែរ។
អ្វីជាការកត់សម្គាល់អន្តរាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកម្រិតលក្ខខណ្ឌការងារមួយចំនួនរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទាក់ទង នឹងវិវាទដីធ្លីធ្វើឡើងមិនដល់ពីរសប្ដាហ៍ផងក្រោយ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ត្រូវបានបញ្ចប់ពីមុខតំណែង សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី៤ខែឧសភា។
មិនមានការបញ្ជាក់ជាផ្លូវការណាមួយឡើយថា ប្រធានគណបក្សខ្មែរក្រោករូបនេះរបូតតំណែងដោយមូលហេតុអ្វី គេគ្រាន់តែសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងបេសកកម្ម នៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែឧសភា។ ពេលនោះលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ថា មន្រ្តីបរិស្ថាន បានឃុំខ្លួនប្រជាជន និងការពារក្រុមហ៊ុនឯកជន។ តែការលើកឡើងនេះ ត្រូវបានក្រសួងបរិស្ថាន ច្រានចោលថា គ្មានមូលដ្ឋានភស្តុតាងច្បាស់លាស់ និងមិនយល់ពីរបៀបនៃការបំពេញការងារ នៅក្នុងក្របខណ្ឌ នៃការងាររដ្ឋបាលសាធារណៈ។
សូមជម្រាបជូនថា ៦ខែក្នុងឆ្នាំ២០១៩កន្លងមក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំង១៦គណបក្ស បានធ្វើចុះទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហា២៩៥លើកពិសេសជម្លោះដីធ្លី ។ ក្នុងបេសកកម្មជាង ២៥១លើកបានដាក់របាយការណ៍នៃទំនាស់ដីធ្លីជូនលោក ហ៊ុន សែន ច្រើនជាងគេ។ កាលណោះ ប្រមុខរដ្ឋាភិបាលសម្រេចដកមេបញ្ជាការយោធាខេត្ត និងអភិបាលរងខេត្តព្រះសីហនុ២នាក់ចេញពីតំណែងពាក់ព័ន្ធរឿងដីធ្លី។ ក្រៅពីខេត្តព្រះសីហនុ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កន្លងមកក៏ធ្លាប់រកឃើញ ករណីនៃការចាក់ដីលុបឆ្នេរនៅខេត្តកោះកុងពីសំណាក់ មន្ត្រីយោធាពាក់ផ្កាយពីរ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ