អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើក្ដីរំពឹងលុបបំបាត់ភាពក្រីក្រសកលនៅឆ្នាំ២០៣០ត្រូវរលាយដោយសារកូវីដ១៩?

សំឡេង ០៣:១៦
តើក្ដីរំពឹងលុបបំបាត់ភាពក្រីក្រសកលនៅឆ្នាំ២០៣០ត្រូវរលាយដោយសារកូវីដ១៩?
តើក្ដីរំពឹងលុបបំបាត់ភាពក្រីក្រសកលនៅឆ្នាំ២០៣០ត្រូវរលាយដោយសារកូវីដ១៩? Gordwin ODHIAMBO / AFP
ដោយ៖ ឆន ឌីណា
២២ នាទី

​ពិភពលោកបានបោះជំហានយ៉ាងចម្បង ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពភាពក្រីក្រសកល។ ចាប់តាំងពីឆ្នាំ១៩៩០ មានយ៉ាងហោចណាស់ មនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់ បានងើបចេញផុតពីបន្ទាប់នៃភាពក្រីក្រ។ ទោះជាយ៉ាងណា វិបត្តិជំងឺកូវីដ១៩ អាចរុញច្រានឱ្យអត្រានៃភាពក្រីក្រសកលកើនឡើងវិញជាថ្មីម្ដងទៀត។ តើក្ដីរំពឹងក្នុងការលុបបំបាត់ភាពក្រីក្រសកលនៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ត្រូវរលាយដោយសារជំងឺកូវីដ១៩ ឬយ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

បណ្តាប្រទេសកំពុងអភិវឌ្ឍភាគច្រើន នៅតែត្រូវតម្រូវឲ្យប្រជាពលរដ្ឋរបស់ខ្លួនស្នាក់នៅក្នុងផ្ទះ និងមិនអាចចេញទៅក្រៅដើម្បីប្រកបការងារ។ បើគ្មានការងារធ្វើ មនុស្សជាច្រើននឹងមិនមានប្រាក់ចំណូល ដូច្នេះ ពួកគេក៏មិនមានអ្វីមកបរិភោគផងដែរ។ ចាប់ពីឆ្នាំ១៩៩០ រហូតដល់មួយឆ្នាំចុងក្រោយនេះ ចំនួនប្រជាជនក្រីក្របំផុត ដែល​កំពុងរស់នៅជាមួយប្រាក់ចំណូលតិចជាង ១,៩០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ បានធ្លាក់ចុះពីចំនួន ប្រមាណ ២ពាន់លាននាក់ ឬប្រហែល ៣០%នៃចំនួនប្រជាជនពិភពលោកសរុប មកនៅត្រឹមប្រហែលចំនួន ៦៣០លាននាក់ ឬស្មើត្រឹម៨%។ រហូតមកដល់ពេល​បច្ចុប្បន្ន ប្រជាជនពិភពលោកសរុប មានចំនួនតិចជាង១០%ប៉ុណ្ណោះ ដែល​កំពុង​រស់នៅក្រោម​បន្ទាប់​នៃ​ភាពក្រីក្រ។

ក៏ប៉ុន្តែ ឥឡូវនេះ វាជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ១៩៩៨ ដែលភាពក្រីក្រសកល បាន​និង​កំពុងតែកើនឡើង ក្នុងល្បឿនមួយយ៉ាងលឿន ដោយសារជំងឺកូវីដ១៩។ តើក្ដីរំពឹងក្នុងការលុបបំបាត់ភាពក្រីក្រសកលនៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ត្រូវរលាយដោយសារជំងឺកូវីដ១៩ឬយ៉ាងណា?

ធនាគារពិភពលោក បានប៉ាន់ប្រមាណថា ការបង្ខាំងប្រជាជនក្នុងកម្រិតជាតិ និងផលប៉ះពាល់លើសេដ្ឋកិច្ច នឹងជំរុញឱ្យមនុស្សយ៉ាងហោចណាស់ ៤៩លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រម្ដងទៀត ហើយចំនួននេះគឺស្ទើរតែស្មើជាមួយចំនួននៃភាពក្រីក្រ ដែល​បានធ្លាប់​កាត់បន្ថយ ចាប់តាំងពីឆ្នាំ២០១៧។

ទោះជាយ៉ាងណា នេះជាការចេញផ្សាយរបស់ធនាគារពិភពលោក ចាប់តាំងពីខែមេសា ដូច្នេះ របាយការណ៍បច្ចុប្បន្នទំនងជាមានសភាពធ្ងន់ធ្ងរជាង។ របាយការណ៍ថ្មីៗ បាន​បង្ហាញថា អត្រានៃភាពក្រីក្របាន​កើនឡើង ច្រើនជាងនេះឆ្ងាយខ្លាំងណាស់។ ផ្អែកតាម របាយការណ៍របស់ Goldman Sachs បង្ហាញថា ប្រសិនបើប្រាក់ចំណូលរបស់មនុស្សម្នាក់ ក្នុងពិភពលោក អាចធ្លាក់ចុះក្នុងអត្រា២០% អំឡុងរយៈពេលជាច្រើនខែ នុះចំនួនប្រជាជនក្រីក្របំផុតអាចកើនឡើងដល់ ៤២០លាននាក់។ ចំនួននេះស្ទើរតែស្មើនឹង​ចំនួនប្រជាជនអាមេរិកខាងត្បូងទាំងមូល។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្យាករណ៍ថា ពិភពលោកអាចនឹងប្រឈមជាមួយភាពអត់ឃ្លាន ក្នុងកម្រិតមួយទ្វេដង នៅចុងឆ្នាំ២០២០។

 

ជាឧទាហរណ៍ សម្រាប់ករណីនៃភាពក្រីក្រក្នុងប្រទេសកម្ពុជា តួលេខផ្លូវការចុងក្រោយ បង្ហាញថា អត្រានៃភាពក្រីក្រស្ថិតនៅប្រហែល ១៤%។ ប៉ុន្តែ ប្រជាជនក្រីក្រទាំងនោះបាន​ចាកចេញពីភាពក្រីក្រ ដោយមានចំណូលនៅលើបន្ទាត់នៃភាពក្រីក្រ ក្នុងកម្រិតដ៏តិចតួចស្ដួចស្ដើងប៉ុណ្ណោះ។ ពួកគេមានភាពផុយស្រួយយ៉ាងខ្លាំង ប្រឈមជាមួយហានិភ័យជាយថាហេតុណាមួយ។ កន្លងមក ប្រជាជនកម្ពុជា ត្រូវប្រឈមនឹងហានិភ័យផ្សេងៗ រួមមាន វិបត្ដិសុខភាពគ្រួសារ ដោយសារជំងឺរបស់សមាជិកគ្រួសារ ការបាត់បង់ការងារធ្វើ ការឡើងថ្លៃទំនិញ អាហារ ប្រេងឥន្ធនៈ និងគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ ដូចជា ការប្រឈមនឹងព្យុះកំណាចឆ្នាំ២០០៩ ទឹកជំនន់បំផ្លិចបំផ្លាញឆ្នាំ២០១១ និង២០១៣។ វិបត្តិជំងឺកូវីដ១៩ ក៏ជាហានិភ័យដ៏ចម្បងមួយផងដែរ។ 

រាល់ការធ្លាក់ចុះ ចំណូលប្រមាណ ២០០០រៀល ឬ ០,៥០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ សម្រាប់មនុស្សម្នាក់ នឹងមានន័យថា អត្រានៃភាពក្រីក្រនៅកម្ពុជានឹងកើនឡើងលើសទ្វេដង។ ជាឧទាហរណ៍ គ្រោះថ្នាក់ធម្មជាតិ (ទឹកជំនន់បំផ្លិចបំផ្លាញ) នៅឆ្នាំ២០១១ បានបណ្ដាលឱ្យធ្លាក់ចុះចំណូលប្រមាណ ១២០០រៀល ក្នុងមួយថ្ងៃ ឬ ០,៣០ដុល្លារអាមេរិក (ស្មើតម្លៃទឹកសុទ្ធតូចពីរដប ពីអ្នកលក់ដូរតាមផ្លូវនៅទីក្រុងភ្នំពេញ) នឹងធ្វើឱ្យអត្រាភាពក្រីក្រនៅកម្ពុជា កើនឡើងទ្វេដង។

ស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះ ការអន្តរាគមន៍របស់រដ្ឋ គឺជារឿងចម្បង។ ប្រទេសចំនួន១៨១ បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ដើម្បីការពារជនក្រីក្រ ដែលក្នុងនោះ ប្រហែល៦០%ពាក់ព័ន្ធនឹងការ​ផ្តល់ថវិកា ឬជំនួយស្បៀងអាហារ។ ទោះជាយ៉ាងណា បញ្ហាធំបំផុតគឺថា រដ្ឋាភិបាលនៅក្នុងប្រទេសក្រីក្របំផុត មិនមានថវិកាជាតិច្រើន ហើយភាគច្រើនរដ្ឋាភិបាលទាំងនោះកាន់តែក្រ ដោយសារវិបត្តិជំងឺរាតត្បាតនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ