អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​សុខភាពពិភព​លោក​​ផ្អាក​​ជា​បណ្តោះអាសន្ន ការ​ប្រើ​សាកល្បង​ថ្នាំក្លូរ៉ូគីន​លើ​អ្នកជម្ងឺ​កូវីដ១៩

សំឡេង ០៨:៥៤
ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន សារធាតុបំលែងចេញពី ក្លូរ៉ូគីន
ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន សារធាតុបំលែងចេញពី ក្លូរ៉ូគីន AFP/File
ដោយ៖ ម៉ម ពិសី

កាលពីរសៀលថ្ងៃចន្ទ ទី២៥ឧសភា អង្គការសុខភាពពិភពលោក បានសម្រេច​ផ្អាក​ជាបណ្តោះអាសន្ន នូវការសាកល្បងថ្នាំក្លូរ៉ូគីន និងអ៊ីដ្រូស៊ីក្លូរ៉ូគីន ទៅលើអ្នកជំងឺកូវីដ១៩។ បើតាមការពន្យល់ របស់លោក​អគ្គនាយក​អង្គការសុខភាពពិភពលោក ការសម្រេចផ្អាកនេះ គឺធ្វើឡើងក្នុងគោលការណ៍ប្រុងប្រយ័ត្ន បន្ទាប់ពីមានការសិក្សាវិទ្យាសាស្ត្រ ទ្រង់ទ្រាយធំមួយ ចុះផ្សាយដោយទស្សនាវត្តី The Lancet ថា ថ្នាំក្លូរ៉ូគីន ឬ អ៊ីដ្រូស៊ីក្លូរ៉ូគីន មិនត្រឹមតែគ្មានប្រសិទ្ធិភាព​ធំដំទេ តែវាអាចបង្កគ្រោះថ្នាក់​ ដល់ជីវិតអ្នកជំងឺ កូវីដ១៩ថែមទៀតផង។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃចន្ទទី២៥ឧសភា លោកអគ្គនាយក​អង្គការ​សុខភាព​​ពិភពលោក បាន​ប្រកាសនៅក្នុងសន្និសីទកាសែតថា អង្គការសុខភាពពិភពលោក បានសម្រេច​ផ្អាកការប្រើថ្នាំក្លូរ៉ូគីន (Chloroquine) និងអ៊ីដ្រូស៊ីក្លូរ៉ូគីន (Hydroxychloroquine) ទៅលើអ្នកជំងឺកូវីដ១៩ នៅក្នុងកម្មវិធី សិក្សាសាកល្បងទ្រង់ទ្រាយធំរបស់ខ្លួន។ យុទ្ធនាកាសិក្សាសាកល្បងនេះ គឺអង្គការសុខភាពពិភពលោក​កំពុងតែធ្វើនៅតាមបណ្តាប្រទេសចំនួន​១៧ ទៅលើអ្នកជំងឺកូវីដ១៩ប្រមាណ​ ៣៥០០នាក់។

ក្លូរ៉ូគីន អាចបន្ថែមកម្រិតគ្រោះថ្នាក់ និងខូចចង្វាក់បេះដូង របស់អ្នកជំងឺកូវីដ១៩

ការសម្រេចផ្អាកការសាកល្បងរបស់អង្គការសុខភាពពិភពលោក​ គឺដោយសារកាលពីថ្ងៃសៅរ៍កន្លងទៅ ទស្សនាវត្តី The Lancet ដែលជាទស្សនាវត្តីវិទ្យាសាស្ត្រដ៏ល្បី និងម៉ដ្ឋចត់បំផុត បានធ្វើការចុះផ្សាយ នូវការសន្និដ្ឋានក្រោយការសិក្សាទ្រង់ទ្រាយធំមួយទៀត ស្តីពី​​ប្រសិទ្ធិភាពនៃ​ថ្នាំក្លូរ៉ូគីន និងអ៊ីដ្រូស៊ីក្លូរ៉ូគីន លើអ្នកជំងឺកូវីដ១៩។

ការសិក្សាវិទ្យាសាស្ត្រ ដែល​ទស្សនាវត្តី The Lancet បានចុះផ្សាយនេះ គឺគេបានធ្វើនៅរវាង ថ្ងៃទី២០ធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី ១៤មេសា ២០២០ ទៅលើមនុស្សដែលឆ្លងមេរោគកូរ៉ូណាថ្មី ចំនួន​៩៦០០០នាក់ នៅតាមមន្ទីរពេទ្យចំនួន​៦៧១។ ក្នុងចំណោមអ្នកជំងឺទាំងអស់ គឺមាន​១៥០០០ ដែលបានទទួលថ្នាំព្យាបាល ៤របៀបខុសៗគ្នា។ ក្រុម​ទីមួយគឺគេឲ្យថ្នាំក្លូរ៉ូគីនតែមួយមុខ ទី២គេឲ្យថ្នាំក្លូរ៉ូគីន ផ្សំជាមួយថ្នាំអង់ទីប្យូទិក ទី៣គឺគេឲ្យ​ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន ដែលជា​សារធាតុបំលែងចេញពីសារធាតុក្លូរ៉ូគិន និង​ក្រុមទី៤ គឺថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន ផ្សំជាមួយ​ថ្នាំអង់ទីប្យូទិក។ បន្ទាប់មក គេយកលទ្ធផល​ពីក្រុមអ្នកជំងឺទាំង៤ក្រុមនេះ មកប្រៀបជាមួយអ្នកជំងឺចំនួន​៨១០០០ ផ្សេងទៀត ដែលមិនទទួលថ្នាំព្យាបាលទាំង៤មុខនេះទេ ក្រុមនេះភាសាបច្ចេកទេស គេហៅថាក្រុមសាក្សី (groupe témoin)។

ជាលទ្ធផល អ្នកជំនាញបានសន្និដ្ឋានថា ថ្នាំក្លូរ៉ូគីន និងថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន មិនមានប្រសិទ្ធិភាពគួរឲ្យ​កត់សំគាល់ ក្នុងការជួយព្យាបាលអ្នកជំងឺកូវីដ១៩ទេ។ តែផ្ទុយទៅវិញ ថ្នាំពីមុខនេះ អាចបន្ថែមកម្រិតគ្រោះថ្នាក់ដល់ជីវិត របស់អ្នកជំងឺកូវីដ១៩ ហើយអាចធ្វើឲ្យខូចចង្វាក់បេះដូង​របស់អ្នកជំងឺទៀតផង។ លោកវិជ្ជបណ្ឌិត Mandeep Mehra ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានអះអាងថា ការសិក្សានេះ គឺជាការសិក្សាទ្រង់ទ្រាយធំតែមួយគត់ ដែលមានអ្នកជំងឺសាកប្រើថ្នាំ ដល់ទៅ១៥០០០នាក់ និងក្រុម​សាក្សីដល់ទៅជាង​៨ម៉ឺននាក់។

គឺដោយយោងលើទំហំនៃការសិក្សាសាកល្បងនេះ ព្រមទាំងលទ្ធផលមិនល្អនៃថ្នាំក្លូរ៉ូគីន និងអ៊ីដ្រូស៊ីក្លូរ៉ូគីន ទើបបាន​ជាអង្គការសុខភាពពិភពលោក បានផ្អាកការសាកល្បងថ្នាំទាំង២មុខនេះ។ អង្គការសុខភាពពិភពលោក បញ្ជាក់ថា នឹងផ្អាកបណ្តោះអាសន្នសិន ដោយរងចាំបូកសរុបទិន្នន័យដែលទទួលបានបានកន្លងមក ពីការប្រើថ្នាំទាំង២មុខនេះ នៅក្នុងកម្មវិធីសាកល្បងរបស់ខ្លួន។

ប្រើឬមិនប្រើក្លូរ៉ូគីន អ្នកជំងឺកូវីដ១៩ភាគច្រើន អាចជាសះស្បើយដោយឯកឯង

លោកវិជ្ជបណ្ឌិត Didier Raoult ដែលជាអ្នកអះអាងតំបូងគេថា​ថ្នាំក្លូរ៉ូគីនអាចព្យាបាលជំងឺកូវីដ១៩បាននោះ បានចេញប្រតិកម្មមុនគេ ដោយបានរិះគន់ការចុះផ្សាយរបស់ទស្សនាវត្តី The Lancet។ លោក វិជ្ជបណ្ឌិត Didier Raoult រិះគន់ថា ការសិក្សាដែលគេធ្វើនោះ ធ្វើឡើងអោយតែរួចពីដៃ  មានតែតួលេខធំ ច្រើនមែនពិត តែអ្នកជំនាញ​អង្កេតស្រាវជ្រាវសន្និដ្ឋាននោះ មិនទាំងបានជួបព្យាបាលអ្នកជំងឺដោយផ្ទាល់ផងទេ។

ជាការពិត តាំងតែពីដំបូងមក លោកវិជ្ជបណ្ឌិត Didier Raoult បានព្យាបាល និងតាមដានអ្នកជំងឺ​ដោយផ្ទាល់ដៃរបស់គាត់ ថ្វីបើក្នុងទ្រង់ទ្រាយតូចមែន។ លទ្ធផលសន្និដ្ឋានចុងក្រោយបង្អស់​ដែល គាត់​បានធ្វើ គឺគាត់បានសាកប្រើថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន ផ្សំជាមួយថ្នាំអង់ទីប្យូទិក ឈ្មោះ Azithromycine​ ទៅលើអ្នកជំងឺកូវីដ១៩ ចំនួន​១០០០នាក់។ ជាលទ្ធផល គឺក្នុងរយៈពេល​១០ថ្ងៃ​ អ្នកជំងឺប្រមាណ​​៩១,៥% លែងមានមេរោគកូរ៉ូណាថ្មី (Sars-CoV-19) ក្នុងខ្លួន។

ក៏ប៉ុន្តែ ការសន្និដ្ឋាននេះ នៅតែមានអ្នកជំនាញភាគច្រើនគេជំទាស់អញ្ចឹង។​ ពោលគឺ វិធី​សាស្ត្រនៃការធ្វើវិភាគរបស់គាត់ ដែលអ្នកជំនាញផ្សេងទៀត ចាត់ទុកថាមិនអាចយកជាការបាន ព្រោះថាវាគ្មាន​ក្រុមអ្នកជំងឺសាក្សី ដើម្បីប្រៀបធៀបគ្នា។ អ្នកជំនាញផ្សេងទៀត លើកឡើងថា លទ្ធផល​​អ្នកជំងឺ​ជាង៩០% ដែលលែងមានផ្ទុកមេរោគក្នុងខ្លួនក្រោយប្រើថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន គឺវាស្រដៀងទៅនឹងអ្វីដែលគេតាមដានជាទូទៅ លើអ្នកជំងឺកូវីដ១៩ ដែលមិន​ទទួលថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន។ មួយវិញទៀត ​អ្នកជំងឺដែលលោកសាស្ត្រាចារ្យ Didier Raoultបានសាកល្បង គឺ៩៥% មិនមាន​នរណា​មាន​អាការៈធ្ងន់ទេ។ ដូច្នេះ វាអាចថា អ្នកជំងឺទាំងនោះ អាចជាសះស្បើយដោយឯកឯង ទោះមានឬគ្មានថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន។ មានអ្នកឆ្លងមេរោគកូរ៉ូណាថ្មីរាប់ម៉ឺននាក់ ហើយប៉ុន្មានថ្ងៃក្រោយមក ក៏​ជាទៅវិញដោយឯកឯង។

ទិន្នន័យវិទ្យាសាស្ត្រមានស្តួចស្តើង អាជ្ញាធរសុខាភិបាល​ប្រាប់ឲ្យ​​ប្រយ័ត្ន​

ទោះជាយ៉ាងនេះក្តី​ រដ្ឋាភិបាលប្រទេសខ្លះ ដូចជាប្រេស៊ីលជាដើម បានប្រកាសថានឹងបន្តប្រើថ្នាំក្លូរ៉ូគីន ទៅលើអ្នកជំងឺដដែល។ មួយវិញទៀត ថ្នាំក្លូរ៉ូគីន ឬថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីននេះ ជាថ្នាំមាននៅលើទីផ្សារ​យូរយាមកហើយ ដែលគេប្រើព្យាបាលជំងឺគ្រុនចាញ់។ ក៏ប៉ុន្តែថ្នាំណាក៏ដោយ យើងមិនអាចចេះតែប្រើផ្តេសផ្តាសបាននោះទេ។ ជាងនេះទៀត ថ្នាំ ថ្នាំក្លូរ៉ូគីន ឬថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីននេះ គឺគេប្រើសាកផ្សំជាមួយ​ថ្នាំផ្សេងទៀត។

កន្លងមក គេបានធ្វើការសាកល្បងក្នុងបន្ទប់ពិសោធន៍ (In Vitro) ឃើញថាសារធាតុក្លូរ៉ូគីន អាចទប់ទល់ជាមួយ​មេរោគកូរ៉ូណាថ្មីមែន។ ក៏ប៉ុន្តែ ការសាកល្បងក្នុងបន្ទប់ពិសោធន៍ ភាគច្រើន មានលទ្ធផលខុសពីការសាកល្បងជាក់ស្តែង (In Vivo) ទៅលើអ្នកជំងឺ។ រហូតមកទល់ពេលនេះ មានតែលោកសាស្ត្រាចារ្យ Didier Raoult ម្នាក់​ឯងគត់​ ដែលអះអាងសន្និដ្ឋានថា ថ្នាំនេះអាចព្យាបាលជំងឺកូវីដ១៩​បាន។

ផ្ទុយទៅវិញ មានការស្រាវជ្រាវសិក្សាជាច្រើន ដែលអះអាងថាថ្នាំក្លូរ៉ូគីន ឬថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន គ្មានប្រសិទ្ធិភាពព្យាបាលជំងឺកូវីដ១៩។ ការសិក្សាចុះផ្សាយដោយទស្សនាវត្តី The Lancet ដែលយើងបាននិយាយពីខាងដើម គឺជាការសិក្សាទ្រង់ទ្រាយធំជាងគេ។ ហើយកាលពីដើមខែឧសភានេះ មានការសិក្សាមួយទៀត ធ្វើទៅលើអ្នកជំងឺកូវីដ១៩នៅទីក្រុងញូយ៉ក ដែលអ្នកជំនាញសន្និដ្ឋានថា ថ្នាំនេះ គ្មានប្រសិទ្ធិភាពគួរយកជការបានទេ។

ថ្មីៗនេះទៀត មានការសិក្សា២ផ្សេងទៀត មួយរបស់ចិន មួួយរបស់បារាំង ដែលបង្ហាញថា ថ្នាំក្លូរ៉ូគីន និងថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន ពុំមានប្រសិទ្ធិភាព អាចជួយកាត់បន្ថយកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ របស់អ្នកជំងឺកូវីដ១៩ទេ។

មួយវិញទៀត អាជ្ញាធរសុខាភិបាលប្រទេសមួយចំនួន ដូចជាស៊ុយអែត ជាដើម​ បានចេញសេចក្តី​ប្រកាស កាលពីថ្ងៃទី២មេសា ថាឈប់ប្រើថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន ទៅលើអ្នកជំងឺកូវីដ១៩តទៅទៀត ដោយ​សារ​តែគ្មានទិន្នន័យវិទ្យាសាស្ត្រច្បាស់លាស់។ ដូចគ្នាដែរ ទីភ្នាក់ងារឱសថអឺរ៉ុប បានប្រកាសថា ដោយយោងលើទិន្ន​ន័យស្តួចស្តើង ស្តីពីប្រសិទ្ធិភាពថ្នាំក្លូរ៉ូគីនលើជំងឺកូវីដ១៩ ដែលគេមានក្នុងពេលនេះ គឺគេមិនអាចប្រើថ្នាំនេះជាទូទៅបានទេ។ គេអាចប្រើបាន តែក្នុងក្របខណ្ឌ នៃការសាកល្បងវិទ្យាសាស្ត្រ ដោយមានការតាមដានពីក្រុមអ្នកជំនាញ  និងការស្ម័គ្រចិត្តរបស់អ្នកជំងឺតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ