អានតួអត្ថបទ
កូវីដ១៩ ពលកម្មកុមារ

វិបត្តិកូវីដ១៩៖ ​អង្គការ​សហប្រជាជាតិ ​បារម្ភ​ពី​ការកើនឡើង​ខ្លាំង​ ​នូវ​ពលកម្ម​កុមារ

កុមារស៊ីឈ្នួលជញ្ជូនផ្លែល្ហុង នៅផ្សារទីតាំងបោះដុំបន្លែផ្លែឈើ Okhla wholesale vegetable market ទីក្រុងញូដេលី ប្រទេសឥណ្ឌា ថ្ងៃទី១១ មិថុនា ២០២០
កុមារស៊ីឈ្នួលជញ្ជូនផ្លែល្ហុង នៅផ្សារទីតាំងបោះដុំបន្លែផ្លែឈើ Okhla wholesale vegetable market ទីក្រុងញូដេលី ប្រទេសឥណ្ឌា ថ្ងៃទី១១ មិថុនា ២០២០ AFP - XAVIER GALIANA
ដោយ៖ ម៉ម ពិសី
1 នាទី

អង្គការសហប្រជាជាតិបានចេញលិខិតប្រកាសមួយ ដោយបានថ្លែងការព្រួយបារម្ភ ចំពោះការកើនឡើងនូវពលកម្ម​កុមារ ទូទាំងពិភពលោក។ ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ បង្កឡើងដោយបញ្ហាជំងឺឆ្លងកូវីដ១៩ អ្នកជំនាញអង្គការសហប្រជាជាតិ បានលើកឡើងថា វានឹងរុញច្រានឲ្យ​មនុស្សជាច្រើនលាននាក់ ធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាកបំផុត ហើយ​ជាទូទៅ គឺកុមារត្រូវបង្ខំចិត្តធ្វើការ ដើម្បីជួយរកប្រាក់ចំណូលឲ្យ​គ្រួសារ។

ផ្សាយពាណិជ្ជកម្ម

យោងតាមការសិក្សារួមគ្នា របស់អង្គការ Unicef និងអង្គការពលកម្មអន្តរជាតិ បានបង្ហាញថា ចាប់ពីឆ្នាំ២០០០មក ពលកម្មកុមារនៅទូទាំងពិភពលោក បានចុះថយចំនួនប្រមាណ​៩០លាននាក់។ ក៏ប៉ុន្តែលទ្ធផល​ការងារដែលសម្រេចបាននេះ កំពុងប្រឈមនឹងការរលាយទៅវិញ ដោយសារតែវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយមេរោគឆ្លងកូរ៉ូណាថ្មី។ នេះគឺជាអ្វី​ ដែលអង្គការ​សហប្រជាជាតិ​បានព្រួយបារម្ភ។

នៅក្នុងលិខិតប្រកាសរបស់ខ្លួន អង្គការសហប្រជាជាតិ បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះ អាចរុញច្រានមនុស្ស ចន្លោះពី​ ៤០ទៅ៦០លាននាក់ ឲ្យធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាក នៅក្នុងឆ្នាំ២០២០នេះ។ មានន័យថា កុមារនឹងជាអ្នករងផលប៉ះពាល់ ដោយសារបញ្ហានេះ ព្រោះសម្រាប់គ្រួសារក្រីក្រ ពលកម្មកុមារគឺជាមធ្យោបាយ​រកចំណូលបន្ថែម។ នេះបើផ្អែកតាមសំរង់សំដី របស់លោកស្រី Henriette Fore អគ្គនាយកអង្គការ Unicef។

កុមាររាប់លាននាក់ បន្ថែមទៀត នឹងត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា ហើយ​មានកាតព្វកិច្ចធ្វើការប្រើកម្លាំង រកចំណូលជួយគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែវិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ លក្ខខណ្ឌការងាររបស់កុមារ និងកាន់តែលំបាក ដូចជាត្រូវធ្វើការច្រើនម៉ោងបន្ថែមលើសកម្លាំង បានប្រាក់ចំណូលតិច។ លោក Guy Ryder អគ្គនាយកអង្គការពលកម្មអន្តរជាតិ បានលើកឡើងថា វាជារឿងចាំបាច់ណាស់ ដែលរដ្ឋាភិបាល ត្រូវតែមានប្រព័ន្ធសន្តិសុខសង្គម ដើម្បីជួយដល់ជីវភាព​ប្រជាពលរដ្ឋ ដែលងាយរងគ្រោះដោយសារវិបត្តិ។ ព្រោះថាពុំនោះទេ ការលំបាក នឹងធ្លាក់ទៅលើកុមារ។

សូមបញ្ជាក់ថា យោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញនៃអង្គការពលកម្មអន្តរជាតិ នៅចន្លោះពីឆ្នាំ២០១២ ដល់២០១៦ មានកុមារយ៉ាងហោច ១៥២លាននាក់ នៅទូទាំងពិភពលោក ដែលត្រូវបង្ខំចិត្តធ្វើការ។ ក្នុងចំណោមន​ោះ មាន​៧៣លាននាក់ គឺធ្វើការងារដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ ដល់អាយុជីវិតនិងសុខភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ