អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖ ចំនួនអ្នកឆ្លងថ្មីបន្ថែម​កើនឡើងខ្លាំង​ ខណៈប្រទេសភាគច្រើនចាប់ផ្តើម​បើកដំណើរការឡើងវិញ

សំឡេង ០៨:០៨
បុគ្គលិក​កប់សព កំពុងជីករណ្តៅត្រៀមបន្ថែម សម្រាប់អ្នកជំងឺដែលស្លាប់ដោយ​​កូវីដ១៩។ ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ថ្ងៃទី​ ៦ មេសា ២០២០
បុគ្គលិក​កប់សព កំពុងជីករណ្តៅត្រៀមបន្ថែម សម្រាប់អ្នកជំងឺដែលស្លាប់ដោយ​​កូវីដ១៩។ ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ថ្ងៃទី​ ៦ មេសា ២០២០ REUTERS - IAN CHEIBUB
ដោយ៖ ម៉ម ពិសី
៣៧ នាទី

កាលពីថ្ងៃសុក្រទី១៩មិថុនា​ អង្គការសុខភាពពិភពលោក បាន​ក្រឿន​រំលឹកថា ជាមួយនឹងការដកចេញ​ជាបន្តបន្ទាប់ នូវវិធានការហាមឃាត់នានា គឺពិភពលោកកំពុងឈានចូលទៅក្នុ​ង ដំណាក់កាល​​មួយដ៏គ្រោះថ្នាក់ ព្រោះថាបើគ្មានការប្រុងប្រយ័ត្នឲ្យដិតដល់ទេនោះ ការឆ្លងរាលដាល​ទ្រង់ទ្រាយ​ធំ នៃជំងឺកូវីដ១៩ អាចនឹងកើតឡើងម្តងទៀត។ យ៉ាងណាមិញ នាប៉ុន្មានថ្ងៃចុងក្រោយនេះ គេ​សង្កេតឃើញថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាថ្មីបន្ថែម នៅតែបន្តកើនឡើងខ្ពស់ជាលំដាប់ ខណៈ​ដែល​រដ្ឋាភិបាលប្រទេសមួយចំនួន​ធំ បានសម្រេចចាប់ផ្តើមបើកដំណើរឡើងវិញ។ នៅប្រេស៊ីល ចំនួន​អ្នកឆ្លងកូវីដ១៩ សរុប បានឈានចូលដល់១លាននាក់ហើយ។

ផ្សាយពាណិជ្ជកម្ម

"ដំណាក់កាលគ្រោះថ្នាក់"

ដូចអ្វីដែលគេព្រួយបារម្ភមែន ប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងថ្មីបានកើនឡើងគួរឲ្យអត់សំគាល់។ កាលពីថ្ងៃព្រហស្បតិ៍ យោងតាមតួលេខផ្លូវការរបស់អង្គការសុខភាព​ពិភព​លោក បានឲ្យដឹងថា ក្នុង២៤ម៉ោង នៅ​ទូទាំងពិភពលោក​គេបាន​រកឃើញអ្នកឆ្លងថ្មីបន្ថែម ចំនួន​យ៉ាងហោច១៥០០០០នាក់។ នេះគឺជាចំនួន​ឆ្លងក្នុងមួយថ្ងៃ ដែលមានកម្រិតខ្ពស់បំផុត បើគិតចាប់ពី​ផ្តើមមានការឆ្លងរាលដាល នូវកូរ៉ូណាវីរុសថ្មីនេះមក។

នេះហើយ ដែលជាប្រភពនៃការព្រួយបារម្ភ។ យោងតាមតួលេខនេះ គឺថាមេរោគកូរ៉ូណាថ្មី នៅតែមានវត្តមានឆ្លងរាលដាលគួរឲ្យបារម្ភ ហើយទន្ទឹមនឹងនេះទៀត អាជ្ញាធរប្រទេសភាគច្រើន បានចាប់ផ្តើមដកចេញនូវវិធានការហាមឃាត់ទាំងឡាយ ដើម្បីបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ ជាក់ស្តែងប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរចិនក្រុប៉េកាំង បានផ្តោតការប្រុងប្រយ័ត្នខ្ពស់បំផុត បន្ទាប់ពីរកឃើញជង្រុកផ្ទុះការឆ្លងរាលដាលថ្មី នៅតាមទីផ្សារលក់បន្លែផ្លែឈើជាច្រើនកន្លែង។ ២៤ម៉ោងចុងក្រោយនេះ នៅចិនមានករណីឆ្លងថ្មី២៧ករណី ដែលក្នុងនោះ២២ករណីគឺនៅប៉េកាំង។

ប្រេស៊ីលមានអ្នកឆ្លងកូវីដ១៩ ចំនួន​១លាននាក់

បច្ចុប្បន្ននេះ កម្រិតនៃការឆ្លងរាលដាលខ្ពស់បំផុត គឺស្ថិតនៅទ្វីបអាមេរិក ពោលគឺតំបន់អាមេរិកឡាទីនតែម្តង។ ប្រេស៊ីល គឺជាចំណុចក្តៅបំផុត។ គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី២០មិថុនានេះ ប្រេស៊ីល មានអ្នកឆ្លងកូរ៉ូណាថ្មី ចំនួនប្រមាណ​១លាននាក់ហើយ។ អ្នកជំនាញសង្ស័យថា ចំនួនអ្នកស្លាប់​ដោយកូវីដ១៩នៅប្រេស៊ីល អាចឡើងដល់៥ម៉ឺននាក់ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើគិតពី​ដើមខែមិថុនាមក នៅប្រេស៊ីល គេបានធ្វើតេស្តរក​ឃើញអ្នកឆ្លងថ្មី ចំនួន​៥១៨០០០នាក់ និងមានអ្នក​ស្លាប់ ១៩០០០នាក់។ មិនមានប្រទេសណា មានចំនួន​ឆ្លងថ្មី និងអ្នកស្លាប់ច្រើនដល់ម្លឹង នៅក្នុងរយៈពេល​ដូចគ្នានេះទេ។

នៅប្រទេសមិចស៊ិកវិញ ក៏កំពុងតែព្រួយបារម្ភណាស់ដែរ ព្រោះអ្នកឆ្លងថ្មី ត្រូវបានគេរកឃើញចំនួន​ ៥០០០នាក់ ក្នុងរយៈពេល​២៤ម៉ោងចុងក្រោយ។ អ្នកស្លាប់វិញ បាន​កើនសរុបចំនួន​២ម៉ឺននាក់ហើយ។ នៅកូឡុំប៊ី ការឆ្លងរាលដាល ក៏កំពុងស្ទុះឡើងខ្លាំងដែរ ដោយក្នុង២៤ម៉ោងចុងក្រោយ គេបានរកឃើញ ករណីថ្មីចំនួន​៥៣៩ករណី។ ចំនួនអ្នកស្លាប់ បានឈានចូលដល់២០០០០នាក់ហើយ។​

ដូណាល់ ត្រាំ ធ្វើកម្មវិវីឃោសនាបោះឆ្នោតដោយមិនខ្លាចកូវីដ១៩

នៅសហរដ្ឋអាេមរិក យោងតាមតួលេខផ្លូវការ គឺមានអ្នកឆ្លងសរុបប្រមាណ​២លាន២សែននាក់ ដែលក្នុងនោះមានស្លាប់ ជិត​១២០០០០នាក់។ បើនិយាយពីចំនួន​អ្នកស្លាប់ប្រចាំថ្ងៃ គឺថាវាបានចុះថយបន្តិច ដោយប្រមាណ​៩ថ្ងៃកន្លងមកនេះ ចំនួនអ្នកស្លាប់ បានស្ថិតនៅក្រោម​១០០០នាក់ជាប្រចាំថ្ងៃ។ ជាក់ស្តែង ពេញ២៤ថ្ងៃសុក្រទី១៩មិថុនា​ គឺមានអ្នកស្លាប់ចំនួន​៧០៥នាក់។ តែយ៉ាងណា ចំនួន​ក៏វានៅតែច្រើនខ្លាំងដែរ។

ជាការសង្កេតរបស់អ្នកវិភាគ ស្ថា​នការណ៍ឆ្លងរាលដាល បានចុះថយបន្តិចនៅតំបន់រដ្ឋញូយ៉ក ដែលពីមុនគឺជាជង្រុកធំជាងគេ។ តែបច្ចុប្បន្ននេះ ការឆ្លងរាលដាល បានឈានទៅមានខ្លាំង នៅតាម​រដ្ឋ​ភាគខាងត្បូងវិញម្តង។ ជាក់ស្តែង នៅរដ្ឋហ្វ្ល័ររីដា ក្នុងមួយថ្ងៃសុក្រទី​១៩មិថុនា គឺមានអ្នកឆ្លងថ្មីបន្ថែមដល់ទៅ​៣៨២២នាក់។ តែយ៉ាងណា អភិបាលរដ្ឋនេះ បានលើកឡើងថា មិនសូវបារម្ភទេ​ ទោះមានអ្នកឆ្លងថ្មីច្រើនមែន តែភាគច្រើនគឺសុទ្ធសឹងតែជាក្មេងៗ ហើយគ្មានចេញរោគសញ្ញាធ្ងន់ធ្ងរទេ។

គួរកត់សំគាល់ថា អ្នកជំនាញបានព្រួយបារម្ភថា ការណីឆ្លងរាលដាល អាចនឹងកើនឡើងខ្លាំង ដោយសារតែការជួបជុំផ្តុំគ្នាធ្វើបាតុកម្ម ប្រមាណសប្តាហ៍ចុងក្រោយនេះ។ ហើយមួយវិញទៀត នៅថ្ងៃនេះដែរ លោកដូណាល់ ត្រាំ នឹងបើកមីទិញឃោសនាការបោះឆ្នោតជាលើកដំបូង នៅឯរដ្ឋអូក្លាហូម៉ា។ មនុស្សជាច្រើនម៉ឺននាក់ នឹងមានវត្តមាន ក្នុងឱកាសនេះ។ ក្រុមឃោសនាការបោះឆ្នោត​​របស់​លោកដូណាល់ ត្រាំ ហាក់ដូចជាមិនសូវខ្វល់ខ្វាយ រឿងឆ្លងរាលដាលកូវីដ​១៩​ឡើយ ព្រោះមិនបានចាត់វិធានការឲ្យ​បានល្អិតល្អន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទេ។ គេគ្រាន់តែបាន​ឲ្យអ្នកដែលចូលរួមស្តាប់មីទិញរបស់​លោកដូណាល់ ត្រាំ ត្រូវចុះហត្ថលេខា សន្យាមិនប្តឹងរករឿងអ្នករៀបចំកម្មវិធី ក្នុងករណីដែល​ឆ្លងជំងឺកូវីដ១៩។

អឺរ៉ុបបន្តប្រុងប្រយ័ត្នខ្ពស់ ខណៈបើកដំណើរការសេដ្ឋកិច្ចឡើងវិញ

អាជ្ញាធរនៅតាមប្រទេសអឺរ៉ុប កំពុងតែតាមដានយ៉ាងប្រុងប្រយ័ត្នបំផុត។​ ប្រទេសភាគច្រើន ត្រូវតែប្រញ៉ាប់បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ព្រោះថាពុំនោះទេ វិបត្តិសេដ្ឋកិច្ចប្រាកដជាធ្ងន់ធ្ងរខ្លាំង។ មនុស្សម្នាចេញដើរហើរ យ៉ាងច្រើនស្អេកស្កះ ជួបជុំគ្នានៅតាមហាង ឬតាមសួនសាធារណៈ ព្រោះពួកគេ បានជាប់នៅតែក្នុងផ្ទះរយៈពេល​៣ខែ។ អាជ្ញាធរ បានអំពាវនាវ ថាកុំឲ្យ​មនុស្សភ្លេចខ្លួនឲ្យសោះ ត្រូវតែប្រុងប្រយ័ត្ន ការពារខ្លួនឯង និងការពារអ្នកដ៏ទៃ។

នៅបារាំង អាជ្ញាធរសុខាភិបាលបានអះអាងថា គិតត្រឹមពេលនេះ គេបានរកឃើញជង្រុកចម្លងកូវីដ១៩ ចំនួន​៧៧កន្លែង។ តែអាជ្ញាធរអះអាងថា វាស្ថិតក្នុងការគ្រប់​គ្រង និងតាមដានយ៉ាងជាប់ស្អិត។ ដោយឡែកនៅអាល្លឺម៉ង់ វិញ ២៤ម៉ោងចុងក្រោយនេះ គេបានរកឃើញអ្នកឆ្លងថ្មី ចំនួន​៦០១ករណី នេះបើផ្អែកតាមតួលេខផ្លូវការរបស់ វិទ្យាស្ថាន Robert Koch។ ចំនួន​ឆ្លងថ្មីនេះបានកើនឡើង ដែលធ្វើឲ្យអាជ្ញាធរអាល្លឺម៉ង់ មានការបារម្ភដែរ។

ចំណែកនៅអ៊ីតាលី វិញ អាជ្ញាធរបានចេញសេចក្តីអំពាវនាវ ឲ្យ​ប្រជាជនត្រូវតែប្រុងប្រយ័ត្នឲ្យ​បានជាប់ជានិច្ច ព្រោះថាមេរោគកូរ៉ូណាថ្មី នៅតែមានវត្តមាន និងចរាចរណ៍ចម្លងដដែលទេ ជាពិសេស គឺនៅទីក្រុងរ៉ូមតែម្តង ក្រោយរកឃើញជង្រុកចម្លងចំនួន​២ថ្មីទៀត។ នៅក្នុងរបាយការណ៍ចុងក្រោយ​ របស់​វិទ្យាស្ថាន​​ជាន់ខ្ពស់​នៃ​សុខភាព​សាធារណៈអ៊ីតាលី បានលើកឡើងថា កម្លាំងនៃការឆ្លងរាលដាលកូវីដ១៩ នៅតាមកម្រិតខ្ពស់ ដែលតម្រូវឲ្យ​គ្រប់គ្នា តោងមានការប្រុងប្រយ័ត្ន។

យោងតាមរបាយការណ៍ របស់វិទ្យាស្ថាននេះដែរ គឺគេបានរកឃើញថា មេរោគកូរ៉ូណាថ្មីនេះ មាន​នៅក្នុងទឹកលូ នៅទីក្រុងមីឡង់ និងទូរ៉ាំង តាំងតែពីធ្នូឆ្នាំ២០១៩ម្លេះ ពោលគឺ២ខែមុននឹងគេដឹងថាមានអ្នកជំងឺកូវីដ​១៩ដំបូងគេនៅអ៊ីតាលី។ ដូចគ្នាដែរ នៅអេស្ប៉ាញ អ្នកជំនាញ​បាន​រកឃើញសំណាកមេរោគកូរ៉ូណាថ្មី នៅក្នុងទឹកលូក្រុងបាសេឡូណា តាំងតែពីពាក់កណ្តាលខែ​មករា ពោលគឺមុន​ពេល​រកឃើញអ្នកជំងឺទី១ ដល់ទៅជាង៤០ថ្ងៃ។

ឥឡូវ គេកំពុងតែយកបច្ចេកទេស​តាមដានរកមេរោគក្នុងទឹកលូនេះ យកទៅអនុវត្តឲ្យ​បានទូលំទូលាយ ដើម្បីតាមដានមើលតាមតំបន់ផ្សេងៗ ជាពិសេសតំបន់ទេសចរណ៍ ថាតើមានវត្តមានកូវីដ១៩ កំពុងធ្វើចរាចរណ៍ដែរឬទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ