អានតួអត្ថបទ
កូវីដ១៩

អគ្គនាយកអង្គការសុខភាពពិភពលោក ថាជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលកាន់តែលឿនរហ័ស

លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការសុខភាព​ពិភព​លោក ក្នុងសន្និសីទនៅក្រុង​ហ្សឺណែវ ថ្ងៃទី​២៧ ឧសភា ២០២០
លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការសុខភាព​ពិភព​លោក ក្នុងសន្និសីទនៅក្រុង​ហ្សឺណែវ ថ្ងៃទី​២៧ ឧសភា ២០២០ VIA REUTERS - CHRISTOPHER BLACK/WHO
ដោយ៖ ម៉ម ពិសី
1 នាទី

ថ្វីបើ​ប្រទេសមួយចំនួនធំ​ ជាពិសេសនៅអឺរ៉ុប បានចាប់ផ្តើម​បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយសង្កេតឃើញថាការឆ្លងរាលដាលនូវជំងឺកូវីដ១៩បានចុះថយ តែមិនមែនមានន័យថា ជំងឺកូវីដ១៩បានសាបរលាបទាំងស្រុងទេ។ នេះគឺជាប្រសាសន៍របស់លោកអគ្គនាយកអង្គការសុខភាព​ពិភពលោក ថ្លែងកាលពីថ្ងៃចន្ទ ទី២២មិថុនា។ សម្រាប់លោក ប្រទេសមួយចំនួន ជាពិសេសនៅតំបន់អាមេរិកឡាទីន កំពុងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ណាស់ ព្រោះគេសង្កេតឃើញថា ជំងឺកូវីដ១៩ កំពុងសម្រុកឆ្លងរាលដាល យ៉ាងលឿនរហ័សជាទីបំផុត។

ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត លោកអគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយក្រើនរំលឹកថា ការឆ្លងរាលដាលជំងឺកូវីដ១៩ទូទាំងពិភពលោកនៅមិនទាន់ចប់ទាំងស្រុងទេ។ មេរោគនេះកំពុងតែធ្វើចរាខចរណ៍ ឆ្លងរាលដាលយ៉ាងឆាប់រហ័សជាងមុនទៅទៀត។ កាលពីសប្តាហ៍កន្លងទៅ លោកអគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយម្តងរួចមកហើយថា ជាមួយនឹងការដកចេញនូវវិធានការបិទខ្ទប់ទាំងឡាយ​ ពិភពលោកយើងកំពុងឈានចូលដំណាក់កាលមួយដ៏គ្រោះថ្នាក់។

ថ្លែងនៅក្នុងសន្និសីទតាមប្រព័ន្ធវីស្យូខុនហ្វឺរិន​ រៀបចំដោយអេមៀរឌូបៃ លោកអគ្គនាយកអង្គការ​សុខភាព​ពិភពលោក បានលើកឡើងថា៖​​ គេត្រូវការពេលដល់ទៅ៣ខែ ទំរាំអាចដឹងថាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១លាននាក់ដំបូង។ តែអ្នកឆ្លង១លាននាក់ចុងក្រោយ គឺត្រូវបានគេ​ប្រមូលទិន្ន័យ​ដឹង តែក្នុងរយៈពេល​មួយសប្តាហ៍ប៉ុណ្ណោះ។ នោះមានន័យថា មេរោគនេះកំពុងចល័ត ឆ្លងយ៉ាងលឿនរហ័សជាទីបំផុត។

លោកអគ្គនាយក​អង្គការសុខភាពពិភពលោក បានបន្ថែមថា បច្ចុប្បន្នប្រទេសនៅអឺរ៉ុប ដូចជាបារាំង  អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ ជាដើម បាននាំគ្នាដកចេញនូវបំរាមហាមឃាត់នានា ដើម្បីបើកដំណើរ​ការ​សេដ្ឋកិច្ច​ឡើងវិញ ព្រោះថាការឆ្លងរាលដាល​បានថយចុះ។​ តែមិនមែនមានន័យថា ការឆ្លងរាលដាល​បានសាបរលាប​ទាំងស្រុងនោះទេ។ ការដកចេញនូវវិធានការបង្ការនានា លឿនរហ័សពេកអាចនឹងបង្កគ្រោះថ្នាក់។ ជាក់ស្តែង ប្រទេសអាហ្សែបៃហ្សង់ ទើបតែបានសម្រេចបិទខ្ទប់ឡើងវិញ បន្ទាប់ពីបាន​សង្កេតឃើញថា ជម្ងឺកូវីដ១៩ បានផ្ទុះឆ្លងរាលដាលឡើងវិញ។

ចំណែក​ប្រទេសមួយចំនួន​ទៀត គេសង្កេតឃើញថាមេរោគនេះ កំពុងឆ្លងរាលដាល​យ៉ាងលឿនរហ័ស។ ប្រទេសនៅតំបន់អាមេរិកខាងត្បូង កំពុងស្ថិតក្នុងចំណុចគ្រោះថ្នាក់បំផុត។ ជាមួយនឹងអ្នក​ឆ្លង​១លាននាក់ និងស្លាប់ជាង​៥ម៉ឺននាក់ ប្រេស៊ីលគឺជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែល​រងគ្រោះធ្ងន់​ជាងគេបង្អស់។ ប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខអ្នកស្លាប់ដោយកូវីដ១៩ បានឡើងស្រឺតៗនៅតាមប្រទេសអាមេរិកឡាទីន។ ចំនួនអ្នកស្លាប់នៅមិកស៊ិក បានឡើងដល់២ម៉ឺននាក់ នៅប៉េរូ ៨ពាន់នាន់ នៅអាហ្សង់ទីន១ពាន់នាក់។ តំបន់អាមេរិកឡាទីន ទើបតែ​ឈានចូល​រដូវរងារ ដែលមានន័យថា សីតុណ្ហភាពនឹងចុះត្រជាក់បន្តិចម្តងៗ។ ប្រការនេះបានធ្វើឲ្យគេកាន់តែព្រួយបារម្ភ ពីកម្លាំងឆ្លងរាលដាលរបស់កូវីដ១៩។

គិតត្រឹមថ្ងៃទី​២២មិថុនា​ ទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ១៩ ចំនួន​យ៉ាងហោច ៨លាន៩សែន​នាក់ ក្នុងនោះស្លាប់យ៉ាងហោច ៤៦៨៥១៨នាក់។ លោកអគ្គនាយកអង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា វិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ មិនមែនគ្រាន់តែជាវិបត្តិសុខភាពសាធារណៈនោះទេ តែវាបង្កឲ្យ​មានវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ។​​​ សម្រាប់ប្រទេសខ្លះ វិបតិ្តទាំងនេះនឹងជះឥទ្ធិពលអាក្រក់ រយៈពេលរាប់សិបឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ