អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖ អាមេរិកបារម្ភ​ពី​​ការឆ្លង​កាន់តែ​ច្រើន អឺរ៉ុប​វិញ​បារម្ភ​ផ្ទុះ​រលក​ឆ្លង​រាលដាល​លើក​ទី២

លោកវិជ្ជបណ្ឌិត Anthony Fauci អគ្គនាយក​វិទ្យាស្ថានជាតិជំងឺឆ្លងអាមេរិក ពេលចូលជួប ជាមួយគណកម្មការសភាតំណាង នៅវិមានកាពីតូល ក្រុងវ៉ាស៊ីងតោន ថ្ងៃទី២៣មិថុនា ២០២០
លោកវិជ្ជបណ្ឌិត Anthony Fauci អគ្គនាយក​វិទ្យាស្ថានជាតិជំងឺឆ្លងអាមេរិក ពេលចូលជួប ជាមួយគណកម្មការសភាតំណាង នៅវិមានកាពីតូល ក្រុងវ៉ាស៊ីងតោន ថ្ងៃទី២៣មិថុនា ២០២០ REUTERS - POOL
ដោយ៖ ម៉ម ពិសី
៣០ នាទី

ការឆ្លងរាលដាលនូវមេរោគកូរ៉ូណាវីរុសថ្មី ដែលបង្កជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កំពុងស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់​​ដដែល ខណៈដែល​ប្រទេសមួយចំនួន​ធំ បានចាប់ផ្តើមបើកដំណើរសេដ្ឋកិច្ចឡើងវិញ។ នៅអឺរ៉ុប អ្នកជំនាញសុខាភិបាល កំពុងតែព្រួយបារម្ភ ពីការផ្ទុះរលកឆ្លងរាលដាល ជាលើកទី២ បន្ទាប់ពីបាន​រកឃើញ ប៉ុន្មានថ្ងៃចុងក្រោយនេះ នូវជង្រុងចម្លងជាក្រុម ជាច្រើនកន្លែង។ នៅសហរដ្ឋ​អាមេរិក អ្នកជំនាញថាអះអាងថាមេរោគនេះ កំពុងឆ្លងយ៉ាងរហ័សក្នុងចំណោមប្រជាពលរដ្ឋ។ ចំណែកនៅតំបន់អាមេរិកឡាទីន គិតមកត្រឹមពេលនេះអ្នកស្លាប់ មានចំនួន​លើស១០ម៉ឺននាក់ហើយ ហើយចំនួន​អ្នកឆ្លងថ្មីវិញ បានឡើងស្រឺតៗ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ផ្សាយពាណិជ្ជកម្ម

ស្ថានភាពឆ្លងរាលដាល និងមរណៈភាព​បណ្តាលមកពី​ជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គឺមានលក្ខណៈគួរឲ្យបារម្ភ និងតក់ស្លុតខ្លាំងណាស់។ សរុបតួលេខត្រឹមពេលនេះ នៅអាមេរិក មានអ្នកស្លាប់ ច្រើនជាងគេបង្អស់ ពោលគឺប្រមាណ​១២១១៧៦នាក់។ តួលេខចុងក្រោយ របស់សកលវិទ្យាល័យ Johns Hopkins ក្នុងតែមួយថ្ងៃទិ២៣មិថុនា​ គេបានធ្វើតេស្តរកឃើញអ្នកឆ្លងថ្មី ដល់ទៅ៣២០០០នាក់ ទូទាំងសហរដ្ឋអាមេរិក។

កាលពីក្នុងពេល​ធ្វើសន្ទរកថាឃោសនាបោះឆ្នោត នៅចុងសប្តាហ៍មុននេះ លោកដូណាល់ ត្រាំ បាននិយាយ​ក្នុងន័យថា តាមពិតអាមេរិកមានអ្នកឆ្លងកូវីដ១៩ច្រើន គឺមកពី​អាមេរិកបានធ្វើតេស្តបានច្រើនជាងគេ។ ដូច្នេះលោកនិងបញ្ជាឲ្យបន្ធូរដៃរឿងធ្វើតេស្តបន្តិច ដើម្បីកុំឲ្យ​មាន​អ្នកឆ្លងច្រើនពេក។​

ប៉ុន្តែកាលពីថ្ងៃ​អង្គារទី២៣មិថុនា​ លោក Antony Fauci អ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើមដ៏ល្បី ហើយដែលគ្រប់គ្នាគោរពនោះ បានលើកឡើងនៅចំពោះមុខគណកម្មការសភាតំណាងថា តួលេខចំនួន​អ្នកឆ្លងកូវីដ​១៩ ដែលចេះតែកើនឡើងខ្ពស់យ៉ាងរហ័សនេះ គឺដោយសារតែការឆ្លងរាលដាល ក្នុងចំណោមប្រជាជន​ បានធ្វើទៅដោយរហ័សជាទីបំផុត។ លោកថា ចំណុចនេះ ធ្វើឲ្យ​លោកព្រួយបារម្ភខ្លាំងណាស់។ អ្នកជំនាញអាមេរិករូបនេះ បានព្យាករណ៍ថា ២សប្តាហ៍ទៀត ស្ថានការណ៍អាចនឹងកាន់តែធ្ងន់ ជាមួយនឹងកម្រិតឆ្លងរាលដាល ដែលឡើងខ្ពស់ខ្លាំងបែបនេះ។

បើតាមការវិភាគ ការឆ្លងរាលដាលលឿនខ្លាំងនេះ គឺមកពីអាជ្ញាធរ បានដកចេញ​នូវ​បំរាម និងវិធានការ​ចាំបាច់នានានោះ លឿនរហ័សជ្រុលពេក។ ជាក់ស្តែងនៅរដ្ឋតិចសាស់ អភិបាលរដ្ឋនេះ បានសម្រេចបើក​សកម្មភាពសេដ្ឋកិច្ចឡើងវិញ តាំងតែពី​ដើម​ខែ​ឧសភា។ នៅថ្ងៃអង្គារទី២២មិថុនា​នេះ គេបានរកឃើញអ្នកឆ្លងថ្មីចំនួន​៥០០០នាក់ នៅតិចសាស។ នេះជាកម្រិតឆ្លងដ៏ខ្ពស់បំផុត ក្នុងតែមួយថ្ងៃ បើប្រៀបធៀបទៅរដ្ឋផ្សេងៗ តាំងតែពីផ្ទុះការឆ្លងរាលដាលនេះមក។ ទីបំផុត អភិបាលរដ្ឋតិចសាស បានសម្រេចដាក់បំរាមឡើងវិញ ដោយ​ហាមប្រជាពលរដ្ឋកុំឲ្យ​ចេញពីផ្ទះ។

បើយើងស្តាប់តែ​សម្តីរបស់​លោកដូណាល់ ត្រាំ គឺហាក់ដូចជាមិនមានអ្វីបារម្ភមែន តែបើស្តាប់​សំដីរបស់អ្នកជំនាញពិតប្រាកដ ព្រមទាំង​យើងមើលតួលេ​ខ​​ជាក់ស្តែង គឺសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់។ យ៉ាងណាមិញ ដោយសារតែកូវីដ១៩ ពិធីជប់លៀងប្រចាំឆ្នាំ រវាងអ្នកកាសែត និង​លោកប្រធានាធិបតី នៅសេតវិមាន ដែលគ្រោងធ្វើនៅថ្ងៃទី​២៩ខែសីហា គឺគេបានសម្រេចលុបចោលហើយ។

សហគមជនជាតិដើមចូលព្រៃអាម៉ាហ្សូន គេចពីកូវីដ១៩

នៅតំបន់អាមេរិកឡាទីន អ្នកស្លាប់ដោយកូវីដ១៩ សរុបចំនួន​លើស១០ម៉ឺននាក់ហើយ ដែលក្នុងនោះ​ នៅប្រេស៊ីលមានស្លាប់​៥២៦៤៥នាក់ គិតត្រឹមថ្ងៃទី​២៣មិថុនាម្សិលមិញ។ ចំនួនអ្នកស្លាប់២៤ម៉ោងចុងក្រោយគឺ ១៣៧៤នាក់។ សហគមជនជាតិដើមនៅតំបន់អាម៉ាហ្សូនខ្លះ​ បាននាំគ្នាភៀសខ្លួន​ចូលទៅរស់នៅក្នុងព្រៃកាន់តែជ្រៅ ដោយសារតែខ្លាចឆ្លងជំងឺកូវីដ១៩នេះ។ ដោយឡែកក្នុងចំណោមជនជាតិ Umariaçu ដែលស្ថិតនៅក្នុងតំបន់អភិរក្សជាប់ព្រំដែនកូឡុំប៊ី មានឆ្លងកូវីដ១៩ ប្រមាណ២៤នាក់ និងស្លាប់២នាក់ដោយកូវីដ១៩។ ករណីឆ្លងនេះ អាចមបណ្តាលមកពី​ក្រុមប្រជាជនកូឡុំប៊ី ដែលតែងតែមកទិញត្រី និង​បន្លែផ្លែឈើពីសហគមនេះ។

នៅពេរូវិញ កូវីដ១៩បានផ្តាច់ជីវិតមន្ត្រីនគរបាល​ចំនួន​យ៉ាងហោច២០០នាក់ និងបានឆ្លងក្នុងចំណោមនគរបាល​ប្រមាណ​១៥០០០នាក់។ នេះក៏ដោយសារតែមួយរយៈនេះ រដ្ឋាភិបាល​ពេរូ បាន​បញ្ជូន​នគរបាល​បានធ្វើសកម្មភាព​ចុះប្រាប់ប្រជាជនតាមផ្ទះ អំពីវិធានការបង្ការ និងឃ្លាំមើលការធ្វើដំណើរជាដើម។ ទីបំផុត កូវីដ១៩ បានវាយលុកខ្លាំងណាស់ ក្នុងចំណោមនគរបាលបេរ៉ូ។

នៅប្រទេសមិចស៊ិកវិញ ២៤ម៉ោងចុងក្រោយគេបានរកឃើញអ្នកឆ្លងថ្មីចំនួន​៦២៨៨នាក់។ ចំនួន​នេះក៏ឡើងខ្លាំងគួរឲ្យ​ព្រួយបារម្ភណាស់ដែរ។ ចំណែក កូឡុំប៊ី បានសម្រេចពន្យាការបិទខ្ទប់ទាំងស្រុង រហូតដល់ថ្ងៃទី ទី១៥កក្កដា។ ប្រទេសនៅតំបន់អាមេរិកឡាទីន ភាគច្រើន​មិនមានប្រព័ន្ធសុខាភិបាល​ ទំនើប និងមានទំហំសមត្ថភាព ​អាចទទួលអ្នកជម្ងឺច្រើនសន្ធឹក ក្នុងពេលដ៏ខ្លីនោះទេ។ មានន័យថា បើឆ្លងរាលដាលខ្លាំង គឺកម្រិតមរណៈភាពក៏អាចកើនខ្លាំងដែរ។

បារម្ភរលកឆ្លងទី២នៅអឺរ៉ុប

ចំណែកនៅអឺរ៉ុបវិញ ឃើញថាប្រទេសទាំងអស់បានបើកបើកព្រំដែន និងបើក​ដំណើរការសេដ្ឋកិច្ច​ឡើងវិញ សឹងតែទាំងស្រុងហើយ។ តែគេបារម្ភថា អាចនឹងមានករណីរលកឆ្លងរាលដាល ជាលើកទី២។ គេបានចាត់វិធានការ​ យ៉ាងប្រុងប្រយ័ត្ន តាមដានករណីឆ្លងរាលដាលនីមួយៗ។ ជាក់ស្តែង នៅថ្ងៃអង្គារទី​២៣មិថុនា អាជ្ញាធរអាល្លឺម៉ង់ បានសម្រេច​បិទខ្ទប់ទាំងស្រុង នូវតំបន់ដែលមានមនុស្សរស់នៅ៦សែននាក់ ស្ថិតនៅជុំវិញ​ទីតាំងសហគ្រាសកាប់សាច់សត្វដ៏ធំជាងគេនៅអឺរ៉ុប។ ដូចរចនាបានលើកឡើង គេបានរកឃើញអ្នកឆ្លង​កូវីដ១៩ ចំនួន​១៥៥០នាក់ ក្នុងចំណោមបុគ្គលិក ដែលធ្វើការនៅទីនោះ។

ប្រភពពី​បណ្តាញព័ត៌មាន​អាល្លឺម៉ង់ អះអាងថា ភាគច្រើននៃបុគ្គលិក គឺពួកគេជាបុគ្គលិក​អន្តោប្រវេសន៍ មកពី​ប្រទេសប៊ុលហ្ការី និងរូម៉ានី។ ពួកគេប្រហែលជាបានធ្វើដំណើរទៅស្រុកកំណើត ហើយពេលត្រលប់​មកវិញបាននាំយកមេរោគមក។ ចំណែកនៅក្នុងសហគ្រាសកាប់សាច់នេះ​ទៀតសោត​ គេបានរកឃើញថា វិធានការបង្ការការឆ្លងរាលដាល គឺមានភាពធូររលុងណាស់ មិនសូវជាម៉ដ្ឋចត់ទេ។

នៅអង់គ្លេស រដ្ឋាភិបាលលោកបូរីស ចនសុន បានប្រកាសថានឹងបើកឲ្យ រោងកុន បា ហាងកាហ្វេ ហាងបាយអី ចាប់ផ្តើមបើកវិញ ចាប់ពីថ្ងៃទី៤​កក្កដាទៅ។ ក៏ប៉ុន្តែនៅថ្ងៃពុធនេះ​ស្រាប់តែ  អ្នកជំនាញ​វិជ្ជសាស្ត្រសុខាភិបាលអង់គ្លេសជាច្រើននាក់ ដែលក្នុងនោះមានលោកប្រធានសមាគមវិជ្ជបណ្ឌិតអង់គ្លេសផង ​បានរួមគ្នា សរសេរលិខិតមួយផ្ញើទៅកាន់រដ្ឋាភិបាល ដោយ​ក្រើនរំលឹកថា អង់គ្លេសនឹងប្រឈមនឹងរលកឆ្លងរាលដាលជាលើកទី២ នៃមេរោគកូរ៉ូណាថ្មីនេះ។

នៅបារាំង នៅអេស្ប៉ាញ នៅអ៊ីតាលី គេក៏មានការបារម្ភដែរ អំពីរលកឆ្លងរាលដាលជាលើកទី២ នៅរវាង​ខែ​សីហា និងកញ្ញា។ តែយ៉ាងណា ពេល​នេះ ​រដ្ឋាភិបាលបានសម្រេចជ្រើសយកផ្លូវដើរមួយ ដោយមិនអាចបន្តបិទខ្ទប់ទាំងស្រុងបានទៀតទេ។ ចង់មិនចង់ គឺត្រូវតែបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ តែត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុត។ អាជ្ញាធរក៏បានអំពាវនាវដែរ ថាវាក៏ជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗ ដែលត្រូវប្រុងប្រយ័ត្ន ការពារខ្លួន និងការពារអ្នកដ៏ទៃពីការឆ្លងកូវីដ១៩នេះ។

សម្រាប់ពេលនេះ ព្រំដែន​រវាងប្រទេសសមាជិកសហភាពអឺរ៉ុប បានចាប់ផ្តើមបើកវិញជាបណ្តើៗហើយ។ តែព្រំដែនក្រៅរបស់អឺរ៉ុបនៅមិនទាន់បើកទេ។ ហើយយោងតាមការចុះផ្សាយរបស់​ កាសែត New York Times គឺសហភាពអឺរ៉ុបប្រហែលជាអាចហាម មិនទាន់ឲ្យ​មានអ្នកដំណើរមកពីសហរដ្ឋអាមេរិក ចូលមកអឺរ៉ុបទេ ព្រោះថា ដូចយើងដឹងហើយ នៅអាមេរិកស្ថានភាពនៅធ្ងន់ធ្ងរខ្លាំង មេរោគនៅចល័តឆ្លងខ្លាំងណាស់​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ