អានតួអត្ថបទ
កូវីដ១៩-កុមារ-ការអប់រំ

កុមារជិត​១០លាន​នាក់ អាច​ត្រូវ​បង្ខំចិត្ត​​បោះបង់​​ចោល​​ការសិក្សា​​ជា​រៀងរហូត​ ​ដោយសារ​វិបត្តិ​កូវីដ​១៩

កុមារជនជាតិភាគតិត Yonomami នៅតំបន់ Auaris រដ្ឋRoraima ប្រទេសប្រេស៊ីល ថ្ងៃទី​៣០មិថុនា២០២០
កុមារជនជាតិភាគតិត Yonomami នៅតំបន់ Auaris រដ្ឋRoraima ប្រទេសប្រេស៊ីល ថ្ងៃទី​៣០មិថុនា២០២០ REUTERS - Adriano Machado
ដោយ៖ ម៉ម ពិសី
១៤ នាទី

កូវីដ១៩បានអង្រួនសេដ្ឋកិច្ចពិភពលោក ឲ្យរញ្ជួយ និងបានធ្វើឲ្យប្រទេស ឬប្រជាជនជាច្រើន បាត់​បង់​ប្រាក់​ចំណូល។ ក្រៅ​ពី​វិស័យសេដ្ឋកិច្ច វិស័យអប់រំក៏ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងផងដែរ ដោយ​សាលា​ត្រូវបិទទ្វារ។ ជាងនេះទៀត ដោយសារតែវិបត្តិសេដ្ឋកិច្ចអូសបន្លាយ កុមារប្រមាណជិត​១០លាន​នាក់ នឹងអាច​បោះបង់ចោលការសិក្សាជារៀងរហូត។ នេះបើផ្អែកតាមរបាយការណ៍របស់ អង្គការ ​Save the Children ដែលចេញផ្សាយ​នៅថ្ងៃចន្ទទី​១៣កក្កដានេះ។

ផ្សាយពាណិជ្ជកម្ម

នៅមុនពេល​មានវិបត្តិកូវីដ១៩ កុមារនិងយុវជនប្រមាណ​២៥៨លាននាក់ បានស្ថិតនៅក្រៅប្រព័ន្ធសិក្សាអប់រំរួចទៅហើយ។ ដោយសារតែវិបត្តិកូវីដ​១៩ សិស្ស​និស្សិត​សរុប​ប្រមាណ​​១៦០០​លាននាក់​នៅទូទាំងពិភពលោក ត្រូវផ្អាកការសិក្សាចោលទាំងស្រុង។ យោងតាមរបាយការណ៍របស់ អង្គការ Save the Children នេះជាលើកទីមួយ​ហើយ​ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលការសិក្​សា​របស់សិស្សនិស្សិត ត្រូវជួបការរអាក់រអួលខ្លាំងបែបនេះ។ យោងតាមរបាយការណ៍អង្គការនេះ សិស្សសាលាប្រមាណ​៩លាន៧សែននាក់ អាចនឹងត្រូវបោះបង់​ចោលការសិក្សា​ជារៀងរហូត ពីនេះដល់ចុងឆ្នាំ២០២០។

លោកស្រី Inger Ashing អគ្គនាយក អង្គការ​Save the Children បានលើកឡើងថា គំលាតគ្នាអ្នកមាននិងអ្នកក្រ និងរវាងក្មេងប្រុស និងក្មេងស្រី វាមានធ្ងន់ធ្ងរណាស់ទៅហើយ មុនពេល​មានកូវីដ១៩។ ជាមួយនឹងវិបត្តិ​កូវីដ១៩នេះ គំលាតគ្នានេះនឹងកាន់តែរីកធំឡើថ​។ នៅតាមប្រទេសចំនួន​១២ ភាគច្រើននៅតំបន់​អាហ្វ្រិក អាហ្វហ្កានីស្ថាន និងយេម៉ែនជាដើម កុមារត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុត ដែលធ្វើឲ្យ​ពួកគេត្រូវបោះបង់ចោលការសិក្សា ជាពិសេសគឺសិស្សភេទស្រី។

បើគិតជាមធ្យម យោងតាមការប៉ាន់ស្មាន កញ្ចប់ថវិកាចំណាយក្នុងវិស័យអប់រំ នឹងថយចុះប្រមាណ​៧៧ពាន់​លាន​ដុល្លារ នៅតាមប្រទេសក្រីក្រ ក្នុងរវាង​១៨ខែខាងមុខ។ ហើយក្នុងករណីដែល​រដ្ឋាភិបាលដកថវិកា​នេះ​ យកទៅចំណាយ​ក្នុងវិស័យផ្សេងវិញ គឺថវិកាវិស័យអប់រំ អាចនឹងចុះថយដល់ទៅ​១៩២ពាន់លានដុល្លារ។

អង្គការ Save the Children បាន​អំពាវនាវ ឲ្យ​​ប្រទេសនិង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដែល​​ជា​​ម្ចាស់​បំណុល ត្រូវ​ផ្អាក​ការ​យក​ការប្រាក់ ពីប្រទេសក្រីក្រ ដើម្បីឲ្យ​​ប្រទេសទាំងនោះ មានលទ្ធភាពទប់ទល់​ជាមួយ​វិបត្តិ​សេដ្ឋកិច្ច និងមិន​ទៅកាត់​ថវិកា​យក​ពីវិស័យ​អប់រំ។ វិស័យអប់រំ ត្រូវតែ​​ជា​​អាទិភាព​ ដើម្បី​​​កសាង​​សង្គម​​និង​​សេដ្ឋកិច្ច​​ប្រទេស​ក្រីក្រ ឲ្យ​​រឹងមាំ​​ឡើងវិញ។ ប្រសិន​បើ​​គេ​​បណ្តោយ​​​ឲ្យ​​វិបត្តិ​នេះ វាយ​​បំបាក់​​វិស័យ​​សិក្សា​​អប់រំ​​របស់​កុមារ គឺមាន​ន័យ​ថា ​កម្មវត្ថុ​​របស់​អង្គការ​សហប្រជាជាតិ ​ដែល​សន្យា​​ធានា​ឲ្យ​​មាន​ប្រព័ន្ធអប់រំ​ ប្រកប​ដោយ​គុណភាព​សម្រាប់កុមារទាំងអស់​ នៅឆ្នាំ​២០៣០​​នោះ នឹងមិនអាចសម្រេចបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ