អានតួអត្ថបទ
ស្បៀងអាហារ

អ.ស.ប៖ ឆ្នាំ២០១៩​ មនុស្ស​​៦៩០​លាននាក់ រស់នៅ​ក្នុង​ភាព​​អត់ឃ្លាន ​គ្មាន​ចំណីអាហារ​

៩០%នៃកុមារ ដែលប្រឈមនឹងកង្វះអាហារូបត្ថម្ភ គឺជាកុមារនៅអាហ្វ្រិក និងអាស៊ី
៩០%នៃកុមារ ដែលប្រឈមនឹងកង្វះអាហារូបត្ថម្ភ គឺជាកុមារនៅអាហ្វ្រិក និងអាស៊ី © RFI
ដោយ៖ ម៉ម ពិសី
១៥ នាទី

អង្គការសហប្រជាជាតិទើប​បានចេញ​របាយការណ៍​មួយ​ នៅថ្ងៃចន្ទទី​១៣កក្កដា ដែលបង្ហាញថា ចំនួន​មនុស្ស​ដែលរស់នៅក្នុងភាពអត់ឃ្លាន គ្មានចំណីអាហារ បានកើនឡើងយ៉ាងខ្លាំង។ ក្នុងឆ្នាំ២០១៩កន្លងទៅ មានមនុស្ស​យ៉ាងហោច​ ៦៩០លាននាក់ ទូទាំងពិភពលោក ដែលរស់នៅក្នុងស្ថានភាព​លំបាកនេះ។ ជាមួយនឹងវិបតិ្តសេដ្ឋកិច្ច បង្កឡើងដោយជំងឺកូវីដ១៩នេះទៀត អ្នកជំនាញ​ព្រួយបារម្ភថា ស្ថានភាព​អត់ឃ្លានគ្មានស្បៀងអាហារនេះ នឹងកាន់តែធ្ងនធ្ងរបន្ថែមទៀត។

ផ្សាយពាណិជ្ជកម្ម

មនុស្សម្នាក់ក្នុងចំណោ៩នាក់ រស់លើផែនដីយើងនេះ ត្រូវ​រស់នៅដោយ​ខ្វះចំណីអាហារជាប្រចាំ ក្នុងឆ្នាំ២០១៩។ យោងតាមស្ថិតិស្រាវជ្រាវ របស់អង្គការដើម្បី​ស្បៀងអាហារ និងកសិកម្ម FAO អង្គការ Unicef សហការជាមួយ​អង្គការសុខភាព​ពិភពលោក និងមូលនិធិអន្តរជាតិ​ដើម្បី​ការអភិវឌ្ឍន៍កសិកម្ម គឺនៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ មានមនុស្សយ៉ាងហោច ៦៩០លាននាក់ ពោលគឺ ៨,៩% នៃមនុស្សជាតិ ដែលរស់នៅក្នុងភាពក្រីក្រ អត់ឃ្លាន គ្មានស្បៀងអាហារគ្រប់គ្រាន់។

បើប្រៀបធៀប​ទៅនឹងឆ្នាំ២០១៨ គឺចំនួន​នេះបានកើនឡើង១០លាននាក់។ ហើយ​បើប្រៀបធៀប​ទៅឆ្នាំ២០១៤វិញ គឺវាបានកើនឡើង ដល់ទៅ​៦០លាននាក់។ បើសិនជាទំនោរកើនឡើងនេះ ចេះតែបន្តរហូត នោះមានន័យថា កម្មវត្ថុរបស់អង្គការសហប្រជាជាតិ​ ដែលចង់លុបបំបាត់ ភាពអត់ឃ្លានទូទាំងពិភពលោក នៅរវាងឆ្នាំ២០៣០នោះ គឺវាជាក្តីស្រមៃដែលមិនអាចសម្រេចបានឡើយ។ នេះ ជាប្រសាសន៍របស់​លោក Thibault Meiland អ្នកជំនាញរបស់អង្គការ FAO។

ការប៉ាន់ស្មាន​នេះ នៅមិនទាន់់ទាំងគិត អំពីផលប៉ះពាល់ ដែលបង្កឡើងដោយវិបត្តិកូវីដ១៩ នាពេលបច្ចុប្បន្ននេះផងទេ។ អ្នកជំនាញ​ដដែល លើកឡើងថា ស្ថានភាព​សេដ្ឋកិច្ចកាន់តែលំបាកក្នុងឆ្នាំ២០២០នេះ ដែលវានឹងរុញច្រានមនុស្ស​ ចន្លោះពី​៨៣លាន ទៅ​១៣២លាននាក់ ឲ្យ​ធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាក នឹងគ្មានលទ្ធភាព​មានចំណីអាហារគ្រប់គ្រាន់។

២១%នៃកុមារទូទាំងពិភពលោក រស់នៅប្រឈមនឹងកង្វះអាហាររូបត្ថម្ភ ដែលក្នុងចំណោមនោះ ជាង​៩០% គឺជាកុមារ​នៅទ្វីបអាស៊ី និង​អាហ្វ្រិក។ ក្រៅពីចំនួន​នៃស្បៀងអាហារ ត្រូវកាត់បន្ថយ គុណភាពនៃស្បៀងអាហារ ក៏បានធ្លាក់ចុះខ្លាំង។ ភាពចម្រុះច្រើនមុខនៃចំណីអាហារ ដែលជាប្រភព​ប្រូតេអ៊ីន និងវីតាមីន សម្រាប់ការលូតលាស់របស់កុមារ កាន់តែថយចុះ។

អង្គការ CCFD-Terre solidaire បានលើកឡើងថា ការផលិតស្បៀងអាហារ អាចមានចំនួន​គ្រប់គ្រាន់សម្រាប់ចិញ្ចឹមមនុស្ស៩ពាន់លាននាក់ នៅលើែផែនដីនេះមែន​ ក៏ប៉ុន្តែ ចំណីអាហារទាំង​នោះ កាន់តែខ្សោះជីវជាតិ គ្មានភាពចម្រុះ កាន់តែសំបូរសារធាតុពុល និងកាន់តែមានតម្លៃ មិនអាចឲ្យអ្នកក្រមានលទ្ធភាព​ រកមកបរិភោគបាន។ អង្គការ Oxfam និងអង្គការ Action contre la Faim បានអំពាវនាវ ឲ្យ​ថ្នាក់ដឹកនាំនយោបាយ និងស្ថាប័នអន្តរជាតិ ត្រូវចាត់វិធានាការធ្វើកំណែទម្រង់ គោលនយោបាយ​ស្បៀងអាហារ ដើម្បីធ្វើវាឲ្យ​មានគុណភាព​ មានភាពឋិតស្ថេរ និងយុត្តិធម៌សម្រាប់មនុស្សលោកទាំងអស់គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ