អានតួអត្ថបទ
កូវីដ១៩

អង្គការសុខភាពពិភពលោក ព្រួយបារម្ភអំពីកង្វះថវិកា ក្នុង​ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការសុខភាព​ពិភព​លោក។
លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការសុខភាព​ពិភព​លោក។ POOL/AFP
ដោយ៖ ម៉ម ពិសី
១៣ នាទី

យោងតាមតួលេខចុងក្រោយ របស់អង្គការសុខភាពពិភពលោក គិតមកត្រឹមពេលនេះ មានអ្នកឆ្លងមេរោគកូរ៉ូណាវីរុសថ្មី ប្រមាណ​២០លាននាក់នៅទូទាំងពិភពលោក ដែលក្នុងនោះមានស្លាប់ ប្រមាណ​៧៥ម៉ឺននាក់។​ ការឆ្លងរាលដាល នៅតែបន្តមាននៅតាមប្រទេសមួយចំនួន បើទោះបីជាមានវិធានការទប់ស្កាត់ក៏ដោយ។ កាលពីថ្ងៃទី១០សីហា​ លោកអគ្គនាយក​អង្គការសុខភាព​ពិភពលោក បានលើកឡើងអំពីការព្រួយបារម្ភ ទាក់ទិននឹងបញ្ហា​កង្វះថវិកាដ៏ច្រើន ដែល​មិនអាចឆ្លើយតប ទៅនឹងគម្រោងអនុវត្តផែនការប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ១៩នេះ។

ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងសន្និសីទកាសែតពីចំងាយ នៅរសៀលថ្ងៃចន្ទ ទី​១០សីហា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងថា បច្ចុប្បន្ននេះ អង្គការសុខភាពភិពភពលោក បានទទួលការសន្យាផ្តល់ប្រាក់ តែប្រមាណ​១០%ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងអ្វីដែលត្រូវការ ដើម្បីចំណាយ ក្នុងការផែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកអគ្គនាយក​បន្តថា គ្រាន់តែក្នុងកម្មវិធីស្រាវជ្រា​និងផលិតថ្នាំវ៉ាក់សាំង គឺគេត្រូវការចំណាយដល់ទៅ ១០០ពាន់លានដុល្លារបាត់ទៅហើយ។ លោកបន្ថែមថា រយៈពេល៣ខែទៅមុ​ខទៀតនេះ គឺជារយៈពេលដ៏សំខាន់ ក្នុងការពន្លឿនអនុវត្តឲ្យ​ផែន​ការ Accélérateur ACT ដែលគឺជាកម្មវិធីដើម្បី​ជំរុញ វិធានការ និងយុទ្ធសាស្ត្រនានា ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលមេរោគកូរ៉ូណាវីរុសថ្មី (Sars-Cov-2) នៅទូទាំងពិភពលោក។

សូមរំលឹកថា ផែនការ Accélérateur ACT ត្រូវបាន​អង្គការ​សុខភាពពិភពលោក ប្រកាសបង្កើត កាលពីខែមេសាកន្លងទៅ ដោយមានការសហការជាមួយរដ្ឋាភិបាលបារាំង សហភាពអឺរ៉ុប និងមូលនិធិ Bill & Melinda Gates។ រដ្ឋាភិបាល មូលនិធិ និង​សហគ្រាសធំៗមួយចំនួនបានសន្យា ផ្តល់ប្រាក់ឧបត្ថម្ភ ​និងវិនិយោគ ក្នុងផែនការនេះ។ តែយ៉ាងណា គិតមកត្រឹមពេលនេះ គេទើបប្រមូលបាន​ចំនួន ៣,៤ពាន់លានដុល្លារ ដោយនៅខ្វះប្រមាណជា ២៧,៩ពាន់ដុល្លារទៀតឯណោះ។

គួរកត់សំគាល់ថា ក្រៅពីបានថ្លែងការព្រួយបារម្ភ ស្តីពីបញ្ហាកង្វះថវិកា លោកអគ្គនាយក​អង្គការសុខភាព​ពិភពលោក បាន​ឆ្លៀតសង្កត់ធ្ងន់ថា អ្វីដែលជាការចាំបាច់បំផុត សម្រាប់ពិភពលោក គឺត្រូវធ្វើយ៉ាងណា សម្លាប់មេរោគកូរ៉ូណាវីរុសថ្មីនេះឲ្យ។ ដរាបណា យើងមិនអាចទប់ស្កាត់ការឆ្លងរាលដាលមេរោគនេះ បានទាំងស្រុងទេ នោះសង្គម និងសេដ្ឋកិច្ច គឺមិនអាចត្រលប់មករកភាពប្រក្រតីបានទេ។ លោកបានលើកឡើងផងដែរ អំពីគម្រូរបស់ប្រទេសមួយចំនួន ដូ​ចជា​ ណូវែលសេឡង់ ដែលបាន​ចាត់វិធានការ យកឈ្នះជម្ងឺកូវីដ១៩ បានយ៉ាងមានប្រសិទ្ធិភាព​។ ១០០ថ្ងៃចុងក្រោយនេះ នៅណូវែលសេឡង់ មិនមានករណីឆ្លងថ្មីទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ