អានតួអត្ថបទ
អង្គការមនុស្សធម៌

អ.ស.ប៖ អំពើហិង្សា និងការវាយប្រហារ​ទៅលើ​បុគ្គលិក​អង្គការ​មនុស្សធម៌ កើនឡើង​ខ្លាំង​​​ក្នុងឆ្នាំ​២០១៩

រថយន្តអង្គការActed ដឹកបុគ្គលិក​ជនជាតិបារាំង៦នាក់ និងសហការីជនជាតិនីហ្សេ២នាក់ ដែលត្រូវក្រុមភេរវកម្ម ស្ទាក់បាញ់សម្លាប់ នៅថ្ងៃទី​៩សីហា ២០២០ នៅតំបន់ Kouré ភាគនិរតីប្រទេសនីហ្សេ។
រថយន្តអង្គការActed ដឹកបុគ្គលិក​ជនជាតិបារាំង៦នាក់ និងសហការីជនជាតិនីហ្សេ២នាក់ ដែលត្រូវក្រុមភេរវកម្ម ស្ទាក់បាញ់សម្លាប់ នៅថ្ងៃទី​៩សីហា ២០២០ នៅតំបន់ Kouré ភាគនិរតីប្រទេសនីហ្សេ។ BOUREIMA HAMA / AFP
ដោយ៖ ម៉ម ពិសី
១៦ នាទី

ថ្ងៃទី១៩សីហា គឺជាទិវាអន្តរជាតិនៃជំនួយមនុស្សធម៌។ បុគ្គលិកនៃអង្គការមនុស្សធម៌នានា គឺជាកម្លាំងស្ម័គ្រចិត្ត ជួយសម្រាលទុក្ខលំបាករបស់ប្រជាជន ដែលស្ថិតនៅតំបន់មានជម្លោះប្រដាបអាវុធ​ ឬតំបន់មានសង្រ្គាម​ នៅទូទាំងពិភពលោក។ តែផ្ទុយទៅវិញ អ្វីដែលគេសង្កេតឃើញ គឺបុគ្គលិក​អង្គការមនុស្សធម៌ បានទទួលរងនូវអំពើហិង្សា ព្រមទាំងការវាយប្រហារជាញឹកញាប់។ អង្គការសហប្រជាជាតិ បានលើកឡើងថា ក្នុងឆ្នាំ២០១៩កន្លងទៅ អំពើហិង្សាធ្វើទៅលើបុគ្គលិក​អង្គការមនុស្សធម៌​ បានកើនឡើងដល់ទៅ​១៨% បើប្រៀបធៀបទៅឆ្នាំ២០១៨។

ផ្សាយពាណិជ្ជកម្ម

យោងតាមតួលេខរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Humanitarian Outcomes បានឲ្យដឹងថា ឆ្នាំ ២០១៩ កន្លងទៅ អំពើហិង្សា វាយប្រហារទៅលើបុគ្គលិកអង្គការមនុស្សធម៌ បានកើនឡើងខ្លាំង លើសឆ្នាំណាៗទាំងអស់។ ជាសរុប ក្នុងឆ្នាំ២០១៩ មានបុគ្គលិក​អង្គការមនុស្សធម៌ ចំនួន​៤៨៣នាក់ ដែលបានរងគ្រោះ​ នៅក្នុងការ​វាយប្រហារចំនួន​២៧៧ករណី ក្នុងនោះមានស្លាប់១២៥នាក់ របួស​២៣៤នាក់ និង១២៤នាក់ត្រូវបាន​ចាប់ជាចំណាប់ខ្មាំង។

នៅឆ្នាំ២០១៩ ករណីវាយប្រហារ បានកើនឡើងច្រើនខ្លាំង នៅក្នុងប្រទេសស៊ីរី ស៊ូដង់ខាងត្បូង សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ អាហ្វហ្កានីស្ថាន និងសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល។ ដោយឡែក នៅម៉ាលី និងនៅយេម៉ែនវិញ អំពើហិង្សា វាយប្រហារទៅលើបុគ្គលិកអង្គការមនុស្សធម៌ បានកើនឡើងទ្​វេរដង។ នៅស៊ីរី ករណីវាយប្រហារភាគច្រើន គឺបានធ្វើឡើងទៅលើ​បុគ្គលិកអង្គការជំនួយផ្នែកសុខភាព និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

លោក​ Mark Lowcock អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានថ្លែងសារ សម្តែងសមាណចិត្តអរគុណ ចំពោះភាពក្លាហាន និងការលះបង់ របស់បុគ្គលិកអង្គការមនុស្សធម៌ទាំងអស់​​ ដែលបានស្ម័គ្រចិត្ត ប្រថុយជីវិត ដើម្បីជួយដល់ប្រជាជនស្លូតត្រង់ នៅតាមតំបន់មានសង្រ្គាម។ លោកបន្តថា វិធីដ៏ល្អ ដើម្បីតបស្នងសងគុណដល់បុគ្គលិក អង្គការមនុស្សធម៌ គឺត្រូវធ្វើតាមរយៈការផ្តល់ជាជំនួយហិរញ្ញវត្ថុចាំបាច់ សម្រាប់ដំណើរការការងាររបស់ពួកគេ ព្រមទាំងការពារសុវត្ថិភាពសន្តិសុខ របស់ពួកគេ។

គួររំលឹកថាថ្ងៃទី១៩សីហា គឺជាទិវាអន្តរជាតិនៃកិច្ចការមនុស្សធម៌។ ទិវានេះ ត្រូវបានបង្កើតឡើង នៅក្រោយពេលមាន​អំពើភេរវកម្ម វាយប្រហារទៅលើទីតាំងអង្គការសហប្រជាជាតិ នៅទីក្រុងបាកដាត កាលពីថ្ងៃទី១៩សីហា២០០៣។ ហេតុការណ៍នេះ បានបណ្តាលឲ្យស្លាប់បុគ្គលិក​​អង្គការ​មនុស្សធម៌ចំនួន ២២នាក់ រួមទាំង​លោក Sergio Vieira de Mello អគ្គលេខាធិការ​ទទួលបន្ទុកកិច្ចការអ៊ីរ៉ាក់ផង។

បើគិតពីពេលនោះមក មានបុគ្គលិកអង្គការមនុស្សធម៌ ប្រមាណ​៥០០០នាក់ បានស្លាប់ របួស ឬបាត់ខ្លួន។ អ្នកជំនាញសង្កេតឃើញថា បុគ្គលិកអង្គការមនុស្សធម៌ បានក្លាយជាកម្មវត្ថុនៃការវាយប្រហារ យ៉ាងងាយស្រួលបំផុត របស់ក្រុមឧទ្ទាម​ឬក្រុមភេរវកម្ម។ ជាក់ស្តែង កាលពីថ្ងៃទី៩សីហា បុគ្គលិក អង្គការមនុស្សធម៌ជនជាតិបារាំង៦នាក់ ត្រូវបានក្រុមភេរវកម្មស្ទាក់សម្លាប់ នៅភាគនិរតី​ប្រទេសនីហ្សេ។ អង្គការមនុស្សធម៌ បានអំពាវនាវ ឲ្យសហគមអន្តរជាតិ ត្រូវបង្កើតលក្ខខន្តិកៈ​ពិសេសការពារដោយច្បាប់អន្តរជាតិ​ ដើម្បីធានាការពារអាយុជីវិត របស់បុគ្គលិកអង្គការមនុស្សធម៌​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ