អានតួអត្ថបទ

ឥណ្ឌា ក្លា​យជាប្រទេស​ទី​៣ ឆ្លង​កូវីដច្រើន​ជាងគេ ខណៈអ៊ីរ៉ាក់​ រក​គ្រែពេទ្យ​ដាក់​អ្នក​ជំងឺ​មិនបាន!

ប្រេស៊ីល ​មាន​ឆ្លងកូវីដ​ ​ជាង ៤លាន ១​សែន​នាក់ គឺ​ជាប់ឈ្មោះជាប្រទេស​ឆ្លង​ច្រើន​ជាងគេ​លេខ២ បន្ទាប់ពី សហរដ្ឋអាមេរិក ដែល​ឆ្លងជាង​៦លាននាក់។
ប្រេស៊ីល ​មាន​ឆ្លងកូវីដ​ ​ជាង ៤លាន ១​សែន​នាក់ គឺ​ជាប់ឈ្មោះជាប្រទេស​ឆ្លង​ច្រើន​ជាងគេ​លេខ២ បន្ទាប់ពី សហរដ្ឋអាមេរិក ដែល​ឆ្លងជាង​៦លាននាក់។ AP - Eraldo Peres
ដោយ៖ ហេង ឧត្តម
១៧ នាទី

ចំនួន​អ្នក​ស្លាប់​និងអ្នក​ឆ្លង​កូវីដ​១៩ ចេះតែ​កើនឡើង​ជា​លំដាប់។ ឥណ្ឌា មាន​ឆ្លង​ជាង ​៨ម៉ឺន ​៦ពាន់​ករណី តែក្នុង​មួយ​ថ្ងៃ។ ជាហេតុ​នាំឱ្យ​ឥណ្ឌា ក្លាយ​ជា​ប្រទេស​ទី​៣ ដែល​មាន​ចំនួន​អ្នក​ឆ្លង​កូរ៉ូណាថ្មី​ច្រើន​ជាង​គេ​លើពិភពលោក។ នៅ​តំបន់មជ្ឈិ​ម​បូព៌ាវិញ អ៊ីរ៉ាក់ កំពុងតែ​មាន​ករណីឆ្លង​មេរោគកូវីដ​១៩ ច្រើនខ្លាំង ហើយឆ្លង​​យ៉ាង​ឆាប់រហ័ស ស្ទើរតែ​រក​គ្រែពេទ្យ​សម្រាប់​អ្នក​ជំងឺ​សម្រាកព្យាបាល​ជំងឺ​ពុំ​បាន​ផង។ នៅអឺរ៉ុប​វិញ ប្រទេស​បារាំង មាន​ឆ្លងថ្មី ​ជិត​៩ពាន់​ករណី​ តែ​ក្នុងមួយ​ថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

នៅ​​​បារាំង ៧ថ្ងៃ​ចុងក្រោយ មាន​មនុស្ស​ជាង​មួយ​លាន​នាក់ បា​នទទួល​ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ​​១៩​​។  ​ថ្ងៃ​ព្រហស្បតិ៍ គេ​រក​ឃើញ​អ្នក​ឆ្លង​រោគ​ ​ជាង​៧ពាន់​ករណី ហើយ​​ថ្ងៃសុក្រ ស្រុក​បារាំង​ មាន​ករណីឆ្លងថ្មី ៨ ៩៧៥ នាក់​ឯណោះ ក្នុង​រង្វង់​២៤ម៉ោង​។ នេះបើតាម​ទិន្ន​ន័យ​របស់​អគ្គនាយកដ្ឋាន​សុខាភិ​បាលបារាំង​ ដែល​ដាស់តឿន​ថា កុំ​ភ្លេច​ត្រចៀក​ឬ​ធ្វេស​ប្រហែស ឱ្យ​សោះ។ គេត្រូវ​ប្រយ័ត្នប្រយែង ពាក់​ម៉ាស់ការពារ​គ្រប់​ជំហាន រក្សា​គម្លាត​ និង​លាង​សម្អាត​ដៃ​ជាប្រចាំ​ ព្រោះ​មេរោគ​មិន​ស្ងប់ស្លាប់បាត់នោះ​ទេ។

នៅ​តំបន់មជ្ឈិម​​បូព៌ាវិញ​ ប្រទេស​អ៊ីរ៉ាក់​ ២៤ម៉ោង​ចុងក្រោយ​ ឆ្លង​ជាង​ ៧ពាន់ករណី ធ្វើ​ឱ្យ​ករណីឆ្លងសរុប​​នៅអ៊ីរ៉ាក់ ​ដល់​ជាង​ ​២៥ម៉ឺននាក់ ក្នុង​នោះ​ ​មនុស្ស​ជាង​ ៧ពាន់នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ទៅហើយ។​ មន្ទីរពេទ្យ​សាធារណៈ​របស់​រដ្ឋ​ និង​សម្ភារៈ​បរិក្ខារពេទ្យ​ នៅ​អ៊ីរ៉ាក់​ ខ្វះខាតខ្លាំងមែនទែន​។ គ្រែពេទ្យ​សម្រាប់​អ្នកជំងឺ​​សម្រាក​ព្យាបាល​ មាន​តិច​តួច​បំផុត។​ បើ​គិត​ជា​មធ្យម គឺអ៊ីរ៉ាក់​មាន​គ្រែ​ពេទ្យ​តែ​១៤គ្រែ​ប៉ុណ្ណោះ សម្រាប់​ពលរដ្ឋ​ ១ម៉ឺននាក់។ នេះបើតាម​សេចក្តីរាយការណ៍​របស់​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង Lucile Wassermann ប្រចាំរដ្ឋធានី Bagdad។​

ងាកទៅទ្វីបអាស៊ី ក្នុង​រយៈ​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ មេរោគ​​ដូវីដ​១៩ បាន​រាតត្បាល​យ៉ាង​ខ្លាំង​សម្បើមណាស់​​នៅប្រទេស ​ឥណ្ឌា។​ ឥណ្ឌា ត្រឹមមួយ​ថ្ងៃសៅរ៍ ទី​៥កញ្ញា ករណីឆ្លង​ថ្មី ចំនួន​ជាង​ ៨ម៉ឺន​ ៦ពាន់​ករណី​ ហើយ​សរុបទូទាំង​ប្រទេស​ គឺ ឥណ្ឌា មាន​ឆ្លង​ជាង​ ៤លាននាក់ ដែល​ធ្វើ​ឱ្យ​ ឥណ្ឌា ជាប់​ឈ្មោះ​ជា​ប្រទេសរងគ្រោះ​ដែល​ឆ្លង​មេរោគ​កូវីដច្រើន​ជាង​គេ​ លំដាប់​ទី​៣ បន្ទាប់ពី​ ប្រេស៊ីល ដែល​មាន​ឆ្លងកូវីដ​ ​ជាង ៤លាន ១​សែន​នាក់ ហើយសហរដ្ឋអាមេរិក ឆ្លង​ជាង​ ៦ លាន​​ ៣សែន​នាក់។ អង្គការសុខភាពិភពលោក​ បាន​សម្តែង​ក្តីព្រួយ​បារម្ភ​ថា «គេ​មិន​រំពឹង​សង្ឃឹម​ថា​នឹង​អាច​មាន​វ៉ាក់សាំង​ សម្រាប់​ប្រើប្រាស់ចាក់​ជាទូទៅ​គ្រប់គ្នា​នោះឡើយ នៅ​ពាក់កណ្តាល​ឆ្នាំ ២០២១។​»

ទោះយ៉ាងណាក៏ដោយ ចំពោះ​នៅស្រុក​បារាំង ក្រុម​ហ៊ុន​ឯកជន​ ដែល​កំពុង​ប្រឹង​ស្រាវជ្រាវ​រុករក​ផលិត​វ៉ាក់សាំង ដូចជា​ Sanofi និង GSK បាន​លើកឡើង​ថា វ៉ាក់សាំង​ដែល​រកឃើញនៅពេល​ខាងមុខ​ គឺ​នឹង​មិន​លក់ថ្លៃពេក​នោះទេ គឺប្រហែល​ជា ​តិច​ជាង​១០អឺរ៉ូ​ ក្នុងមួយ​ដូស។ ចំណែក​  ក្រុម​ហ៊ុន​របស់​​អង់គ្លេសសហការជាមួយ​ស៊ុយអែត​​  ថា​ បើ​រកវ៉ាក់​សាំងឃើញ គឺ​អាច​នឹង​លក់ក្នុង​តម្លៃ​​ប្រហែលរង្វង់​ ​២ដុល្លារ​កន្លះតែប៉ុណ្ណោះ​​ ក្នុង​មួយ​ដូស​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ