អានតួអត្ថបទ
សត្វព្រៃ-ភពផែនដី

WWF៖ ពិភពលោកបាត់បង់​ពូជសត្វ​ជាង​ពាក់​កណ្តាល មិនដល់​៥០ឆ្នាំ​ចុង​ក្រោយ

របាយការណ៍ Planète Vivante 2020 របស់​ WWF ដែលបង្ហាញថា ប្រភេទសត្វដែលមានឆ្អឹងខ្នង បានបាត់បង់ចំនួន​ប្រមាណ​៦៨% នៅរវាង៥០ឆ្នាំចុងក្រោយ។
របាយការណ៍ Planète Vivante 2020 របស់​ WWF ដែលបង្ហាញថា ប្រភេទសត្វដែលមានឆ្អឹងខ្នង បានបាត់បង់ចំនួន​ប្រមាណ​៦៨% នៅរវាង៥០ឆ្នាំចុងក្រោយ។ © RFI
ដោយ៖ ម៉ម ពិសី
១៧ នាទី

ភពផែនដីយើង បានបាត់បង់ពូជសត្វព្រៃ អស់ជាងពាក់កណ្តាល ក្នុងរវាងមិនដល់៥០ឆ្នាំចុងក្រោយនេះផង។ នេះបើផ្អែកតាមរបាយការណ៍បូកសរុប របស់មូលនិធិសកលលោកដើម្បី​ធម្មជាតិ ហៅកាត់ថា WWF។ មូលហេតុចំបងនៃការបាត់បង់ ដ៏លឿនរហ័ស​នេះ គឺមកពីសកម្មភាព​មនុស្ស ការកាប់បំផ្លាញ​ព្រៃឈើ ដើម្បីកសិកម្ម និងការពង្រីកតំបន់រស់នៅ និងការទាញយក​ផលពីធម្មជាតិ ច្រើនហួសប្រមាណ។ ប្រការនេះ ក៏ជាប្រភព ញ៉ាំងឲ្យ​មានជំងឺកាចសាហាវ ចម្លែកៗផងដែរ ជាក់ស្តែងជម្ងឺកូវីដ១៩នេះ ព្រោះមនុស្សនិងសត្វព្រៃ រស់​នៅកៀកគ្នាកាន់តែខ្លាំង។

ផ្សាយពាណិជ្ជកម្ម

ក្នុងរវាងពីឆ្នាំ ១៩៧០ ដល់ឆ្នាំ២០១៦ សត្វព្រៃ បានបាត់បង់ចំនួន និងផុតពូជ អស់ប្រមាណ​ជា​៦៨%។ នេះបើផ្អែកតាម ទិន្នន័យបូកសរុបដោយ អង្គការ WWF សហការជាមួយ​វិទ្យាស្ថានសិក្សាសត្វព្រៃនៅទីក្រុងឡុងដ៍ London Zoological Society។ ក្រុមអ្នកជំនាញ បានសិក្សាពិនិត្យ ទៅលើពូជ​ថនិកសត្វ​ ចំនួន​៤០០០ប្រភេទ ចែកជា​២១០០០ក្រុមសត្វ នៅទូទាំងពិភពលោក។

លោក Marco Lambertini អគ្គនាយក WWF បានលើកឡើងថា ប្រមាណ​៣០ឆ្នាំចុងក្រោយនេះ យើងបានឃើញល្បឿននៃការបាត់បង់នេះ កាន់តែលឿនទៅៗ ហើយបច្ចុប្បន្ននេះទៀតសោត សញ្ញាព្រួញគឺតម្រង់​ទៅទិសដៅ នៃភាពហិនហោចទាំងស្រុងនេះហើយ។ វាជាភាពហិនហោចនៃធម្មជាតិ បង្កឡើង​​ដោយស្នាដៃរបស់​មនុស្សជាតិយើង តែម្តង។

របាយការណ៍បានពន្យល់ថា សត្វព្រៃ និងរុក្ខជាតិ បាន​រស់នៅ​ វិវឌ្ឍន៍រីកចម្រើន លើផែនដីយើង ដោយត្រូវការពេលជាច្រើនលានឆ្នាំ។ តែត្រឹមមួយប៉ប្រិចភ្នែកសោះ អ្វីៗត្រូវវិនាសរលាយសូន្យ ដោយសារ​តែ​ស្នាដៃមនុស្ស។ ប្រមាណ៥០ឆ្នាំចុងក្រោយនេះ ពិភពលោកយើង បានប្រែប្រួលខ្លាំង ជាមួយនឹងការរីកចម្រើននៃពាណិជ្ជកម្ម ការផលិត​ទំនិញគ្រប់សព្វសារពើ។ ក៏ប៉ុន្តែ ការប្រែប្រួលនេះ វាបានទៅបំផ្លាញ​ធម្មជាតិ តាមរយៈការកាប់បំផ្លាញព្រៃឈើ ដែលជាជម្រក​សត្វព្រៃ ការផ្លាស់ប្តូរលំហូរ​ទឹកទន្លេ ស្ទឹងបឹងបួរ ជាដើម។ល។ តម្រូវការមនុស្សកាន់តែខ្ពស់ កាន់តែច្រើន ដែលវាលើស ពីអ្វីដែលធម្មជាតិអាចផ្តល់ឲ្យ។ ប្រព័ន្ធជីវចម្រុះ កាន់តែ​ចុះខ្សោយ បាត់បង់សមត្ថភាព ផលិតឡើងវិញ។

របាយការណ៍បានបន្ថែមថា ជាងនេះទៀត ការកើនឡើងនូវកំដៅផែនដី ដែលបណ្តាលមកពីការបញ្ចេញឧស្ម័នពុលក្នុងបរិយាកាស វាបានទៅបន្ថែមល្បឿនដល់ការបាត់បង់សត្វព្រៃ និងប្រព័ន្ធជីវចម្រុះ។ បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យ​ក្រឡាប់ចាក់ ដល់លំនឹងជីវិតនៃប្រព័ន្ធជីវ​ចម្រុះ។ ពីនេះដល់ចុងសតវត្សទី​២១ សត្វព្រៃប្រមាណ​២០% ត្រូវប្រឈមនឹងការវិនាសផុតពូជទាំងស្រុងតែម្តង។

ទោះជាយ៉ាងនេះក្តី របាយការណ៍​នេះ បានទាញយកកូនក្តីសង្ឃឹមតូចមួយ​ ដោយបានលើកឡើងថា បច្ចុប្បន្ននេះ មនុស្សយើងហាក់បានភ្ញាក់រឮក ភ្លឺភ្នែក នឹងការបាត់បង់ហិនហោចនេះ។ លោក Marco Lambertini ថា វាជាកាតព្វកិច្ចមនសិការបស់មនុស្សគ្រប់គ្នា ដែលត្រូវចូលរួម ព្រោះវានឹងជះផលដល់សង្គម ដល់សេដ្ឋកិច្ច និងជាពិសេសដល់សុខភាពរបស់យើងគ្រប់គ្នា។

លោក David Leclère អ្នកជំនាញនៅវិទ្យាស្ថាន International institute for applied system analysis (IIASA) និងដែលជាអ្នកចូលរួម ក្នុងការធ្វើរបាយការណ៍នេះ បានលើកឡើងថា វានៅមិនទាន់ហួសពេលទេ។ យើងអាច​នៅមានលទ្ធភាព ស្រោចស្រង់ប្រព័ន្ធជីវចម្រុះ ទាញ​ខ្សែ​កោង​ឲ្យ​បញ្ច្រាសមកវិញ ពីនេះដល់ឆ្នាំ២០៥០។ ក៏ប៉ុន្តែ វាតម្រូវឲ្យមានការប្តេជ្ញាចិត្តខ្ពស់បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ