អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

របររុករករ៉ែ​ជា​លក្ខណៈ​គ្រួសារ៖ រវាង​គ្រោះថ្នាក់ ​ហានិភ័យ ​និង​ប្រភព​ចំណូល​ចិញ្ចឹម​ជីវិត

សំឡេង ០៦:៣១
តំបន់រករ៉ែជាលក្ខណៈគ្រួសារតូចតាច នៅខេត្ត Lumwira ភាគកណ្តាលប្រទេសម៉ាឡាវី (រូបភាពតំណាង)
តំបន់រករ៉ែជាលក្ខណៈគ្រួសារតូចតាច នៅខេត្ត Lumwira ភាគកណ្តាលប្រទេសម៉ាឡាវី (រូបភាពតំណាង) AMOS GUMULIRA/AFP
ដោយ៖ ម៉ម ពិសី
៣៥ នាទី

ជាមួយនឹងការរីកចម្រើន នៃវិស័យបច្ចេកវិទ្យាសំបូរបែប ឧបករណ៍អេឡិចត្រូនិក យានយន្តកាន់តែច្រើនត្រូវបានផលិត​ ដើម្បីបំពេញតម្រូវការ​ របស់មនុស្សសម័យទំនើប។ ដើម្បីផលិត​ឧបករណ៍អេឡេត្រូនិកទាំងនោះ គេ​ត្រូវការជាចាំបាច់ នូវរ៉ែលោហៈធាតុមានតម្លៃ ពីក្នុងដី។ ឧស្សាហកម្មរ៉ែ គឺជាឧស្សាហកម្មដ៏កាក់កប ខណៈដែកលតម្រូវការរ៉ែលោហៈមានតម្លៃ ដូចជាមាស ប្រាក់ ស្ពាន់ លង្ហិន ជាដើម កាន់តែកើនឡើង។ ទន្ទឹមនឹងនេះ ការរុករករ៉ែ ជាលក្ខណៈគ្រួសារ របស់​ប្រជាជនក្រីក្រ ទាំងស្របច្បាប់ ទាំងមិនស្រប​ច្បាប់ មិនថានៅអាស៊ី នៅអាហ្វ្រិក ឬនៅអាមេរិកខាងត្បូង ក៏មានទំហំកាន់តែធំ។ វាគឺជាប្រភពចំណូលតែមួយគត់ ដើម្បីចិញ្ចឹមជីវិត សម្រាប់ប្រជាជនទាំងនោះ បើទោះបីជាមុខរបរនេះ ត្រូវប្រឈមនឹងគ្រោះថ្នាក់ យ៉ាងណាក៏ដោយ។

ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឧស្សាហកម្មរ៉ែទូទាំងពិភពលោក បានរីកធំធាត់ កើបប្រាក់ចំណេញច្រើនឡើងៗ ជាមួយនឹងការរីកចម្រើននៃវិស័យបច្ចេកវិទ្យា ផលិតផលអេឡិចត្រូនិក ដែលត្រូវការជាចាំបាច់ នូវ​រ៉ែលោហៈមានតម្លៃ ដូចជាដីកម្រ មាស ប្រាក់ ស្ពាន់ កូបាល់ត៍(cobalt) ជាដើម។ មួយវិញទៀត ជាមួយនឹងវិបត្តិសេដ្ឋកិច្ច​បច្ចុប្បន្ននេះ តម្រូវការរ៉ែមាស បានស្ទុះឡើងកាន់តែខ្ពស់ ដោយសារតែលោហៈលឿងនេះ គឺជាលោហៈដែលមនុស្សសម័យបច្ចុប្បន្ន​ ឲ្យ​តម្លៃ និងទុកចិត្តបំផុត។ នៅរវាងខែសីហាកន្លងទៅនេះ មាសមួយអោន (once) ដែលស្មើនឹង៣១ក្រាម បានឡើងតម្លៃ ដល់លើស​២០០០ដុល្លារ។

២០%នៃរ៉ែលោហៈ គឺបានមកពីសកម្មភាពរុករក ជាលក្ខណៈគ្រួសារតូចតាច

ដោយសារតែឧស្សាហកម្មរុករករ៉ែ គឺជាឧស្សាហកម្មធនធ្ងន់ ត្រូវការ​គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធធំដំ ទើបជាទូទៅ វិស័យនេះ ត្រូវបានធ្លាក់ទៅក្នុងដៃរបស់ក្រុមហ៊ុនអន្តរជាតិធំៗ​ សហការ​​វិនិយោគជាមួយ​រដ្ឋាភិបាលម្ចាស់ផ្ទះ។ ប៉ុន្តែជាការកត់សំគាល់ទូទៅ ឧស្សាហកម្មជីកកកាយរូងដី យករ៉ែមានតម្លៃទាំងនេះ ហាក់ដូចជាមិនបានហុចផលដោយផ្ទាល់ ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ​មូលដ្ឋានទេ។ គឺមានតែមន្ត្រីមានអំណាច និងក្រុមហ៊ុនធំៗតែប៉ុណ្ណោះ ដែលជាអ្នកកើបប្រាក់​ចំណេញ។

ប្រការនេះ បានញ៉ាំងឲ្យ​ ប្រជាជននៅតាមមូលដ្ឋានខ្លះ បានសម្រេចចិត្តប្រកបមុខរបរនេះដោយ​ខ្លួនឯង រុករករ៉ែមានតម្លៃ យកទៅលក់ឲ្យ​ឈ្មួញកណ្តាល​។ យោងតាមតួលេខស្រាវជ្រាវ ប្រជាជន​យ៉ាងហោច​ ​៤០លាននាក់ទូទាំងពិភពលោក រស់រំពឹងនឹងមុខរបររុករករ៉ែ ជាលក្ខណៈគ្រួសារ តូចតាច ទាំងស្របច្បាប់ ទាំងមិនមានច្បាប់អនុញ្ញាត។ ២០%នៃរ៉ែ​លោហៈទាំងអស់ គឺបានមកពីកម្លាំង​ដៃ​កកាយ កាប់គាស់ របស់អ្នករុករករ៉ែជាលក្ខណៈឯកជនទាំង​នេះ។

នៅតាមប្រទេសអាស៊ី ដូចជានៅឥណ្ឌា ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន នៅតាមប្រទេស​អាមេរិក​ខាងត្បូង និងជាពិសេសគឺនៅតាមប្រទេសអាហ្វ្រិក ដូចជាសាធារណៈរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ នៅបួគីណាហ្វាសូជាដើម មុខរបរជីកដី ចុះរូង ប្រថុយជីវិតរុករករ៉ែមាស គឺជារបរចិញ្ចឹម​ជីវិត របស់មនុស្សជាច្រើនលាននាក់។

ប្រភពចំណូលដ៏សំខាន់

តើយើងអាចចាត់ទុកបានទេ ថាការប្រកបរបររុករករ៉ែជាលក្ខណៈគ្រួសារតូចតាច អាចជាវិធីមួយ ក្នុងការ​ជំរុញ ការអភិវដ្ឍន៍ប្រកបដោយចីរភាព និងការបែងចែកដោយស្មើភាព នូវផលចំណេញ ពីធនធានធម្មជាតិ?​ អង្គការ Pacte រួមជាមួយវិទ្យាស្ថាន រ៉ែនិងលោហៈ នៃសកលវិទ្យាល័យ Delaware ទើបតែបានចេញរបាយការណ៍មួយ ថ្មីៗនេះ ស្តីអំពីផលវិជ្ជមាន និងផលអវិជ្ជមាន នៃរបររុករករ៉ែជាលក្ខណៈគ្រួសារ។

ជាការពិតណាស់ មុខរបរនេះ បានជួយដល់​ជីវភាព របស់​ប្រជាជនរាប់លាននាក់ ដែលវាឆ្លើយ​តប​ទៅនឹងកម្មវត្ថុ កាត់បន្ថយភាពក្រីក្រ របស់អង្គការសហប្រជាជាតិ។ គ្រួសារប្រជាជនដែលក្រីក្របំផុត អាច​មានប្រាក់ចំណូល អាចមានលទ្ធភាព​មានចំណីអាហារគ្រប់គ្រាន់ អាចបញ្ជូនកូនទៅសាលារៀន និងអាចមានលទ្ធភាព​ព្យាបាលជំងឺក្នុងពេល​ជួបបញ្ហាសុខភាព។ មុខរបររុករករ៉ែជា​លក្ខណៈគ្រួសារនេះ ក៏បានចូលរួមចំណែកផងដែរ ក្នុងការពង្រឹងសមត្ថភាព និង​ភាពជាម្ចាស់ការ​របស់​ស្ត្រី នៅតាមទីជនបទដាច់ស្រយ៉ាល។

ក៏ប៉ុន្តែទន្ទឹមនឹងនេះ មុខរបររុករករ៉ែជាលក្ខណៈគ្រួសារតូចតាចនេះ បានបង្កើតនូវហានិភ័យ និងគ្រោះថ្នាក់ជាច្រើនផងដែរ។ ជារឿុយៗ​គេតែងបានឮ នូវដំណឹងអកុសល ស្តីពីគ្រោះថ្នាក់ស្លាប់បាត់​បង់ជីវិត របស់ប្រជាជនអ្នកជីករករ៉ែ នៅក្នុងរូងដី។ ជាក់ស្តែង កាលពីថ្ងៃដើម​ខែ​កញ្ញា នៅភាគខាងកើត​សាធារណៈរដ្ឋប​្រជាធិបតេយ្យកុងហ្គោ មានមនុស្សយ៉ាងហោច៥០នាក់ បានស្លាប់បាត់បង់​ជីវិត ដោយសារតែគ្រោះថ្នាក់បាក់រណ្តៅអណ្តូងរ៉ែមាស។ ទឹកភ្លៀងហូរច្រោះ បានធ្វើឲ្យ​បាក់រលំរណ្តៅជម្រៅរាប់សិបម៉ែត្រ។

គ្រោះថ្នាក់ និងផលអវិជ្ជមាន​ជាច្រើនជំពូក​

ភាពខ្វះខាតនូវចំណេះដឹងបច្ចេកទេស មិនមានធនធានសម្ភារៈត្រឹមត្រូវ បានធ្វើឲ្យសកម្មភាពរុករក​រ៉ែរបស់ប្រជាជន​សាមញ្ញទាំងនោះ ត្រូវប្រឈមនឹងគ្រោះថ្នាក់បំផុត។ មួយវិញទៀត ការប្រើប្រាស់សារធាតុគីមី ដែលចាំបាច់ក្នុងការរករ៉ែ ដោយ​គ្មាន​ចំណេះដឹងមូលដ្ឋានច្បាស់លាស់​ ដូចជាសារធាតុបារ៉ត (Mercure) សារធាតុថ្មស្អុយ (Cyanure) អាចជាថ្នាំពុល សម្លាប់ជីវិត និងបំផ្លាញ​សុខភាពរបស់​ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ការប្រើប្រាស់សារធាតុទាំងនេះ ដោយគ្មាន​ក្រឹត្យក្រម វាអាចជះផលអាក្រក់ ដល់ស្រទាប់ដី ស្រទាប់ទឹកស្អាត និងដំណាំកសិកម្មជាដើម។

ជាងនេះទៅទៀត កុមារតែងតែត្រូវបានគេប្រើ ឲ្យចុះកកាយដី​ ជញ្ជូនថ្មនៅតាមអណ្តូងរ៉ែ ជំរៅ​រហូត​ដល់​​១០០ម៉ែត្រ​ក៏មាន ដោយសារតែពួកគេ មានរូបរាងតូច។ មុខរបរដ៏គ្រោះថ្នាក់នេះ ក៏បានធ្វើឲ្យ​ប្រជាជន​នៅទីដាច់ស្រយ៉ាល ចាកឆ្ងាយពីទំលាប់នៃរបរដាំដុះកសិកម្ម តាមបែប​ប្រពៃណី។ កម្លាំងពលកម្មក្នុងវិស័យកសិកម្មធ្លាក់ចុះ ទិន្នផលក៏បានតិច ដែលនេះវាអាចធ្វើឲ្យ​តម្លៃគ្រាប់ធុញ្ញជាតិ កាន់តែឡើងខ្ពស់ ហើយទីបំផុតជីវភាពរបស់​ប្រជាជនក្រីក្រ នៅតែអាចជួបការលំបាកដដែល។ បញ្ហាមួយទៀតនោះ គឺ​នៅតាមតំបន់ខ្លះ អាជីវកម្មរុករករ៉ែ ត្រូវបានគ្រប់គ្រង ដោយ​ក្រុមប្រដាប់អាវុធ ដែល​ជិះជាន់កម្លាំងពលកម្មរបស់​ពលករ នៅក្នុងលក្ខខណ្ឌការងារ ដ៏សែនលំបាក។

មិនហាមឃាត់ តែត្រូវរៀបចំប្រព័ន្ធច្បាប់ការពារ និងគ្រប់គ្រង

ទោះជាយ៉ាងនេះក្តី ការអះអាងថា ចង់ទៅហាមឃាត់ បិទសកម្មភាពរុករករ៉ែជាលក្ខណៈគ្រួសារទាំងនេោះ គឺជារឿងដែលមិនអាចធ្វើទៅបានទេ ព្រោះចង់មិនចង់ មុខរបរនេះ បានជួយជីវភាព​មនុស្ស​រាប់សិបលាននាក់។ ក៏ប៉ុន្តែ អ្វីដែល​គេត្រូវធ្វើ គឺការរៀបចំ គ្រប់គ្រង ឲ្យ​មានសណ្តាប់ធ្លាប់ មានស្តង់ដារ ដើម្បីការពារ​សុវត្ថិភាពជនដែលងាយរងគ្រោះ និងជាពិសេសកាត់គឺកាត់បន្ថយ នូវ​ផល​អវិជ្ជមានទាំងអម្បាលម៉ាណខាងលើនេះ។

វាគឺជាតួនាទីរបស់អាជ្ញាធររដ្ឋាភិបាល ក្នុងការរៀបចំ ឲ្យមានបទដ្ឋានច្បាប់ គ្រប់គ្រងការ​ជីករករ៉ែ ឲ្យមានសុវត្ថិភាព ការពារកុំឲ្យ​កុមារត្រូវគេជិះជាន់កម្លាំងពលកម្ម រៀបចំយន្តការគ្រប់គ្រងឈ្មួញកណ្តាល និងបង្កើតមូលនិធិវិនិយោគ ជួយប្រជាជនទាំងនោះ ឲ្យ​ពួកគេមានសមត្ថភាពបច្ចេកទេស និងសម្ភារៈត្រឹមត្រូវ ក្នុងការប្រកបរបរនេះ។ មិនខ្វះទេ មធ្យោបាយល្អៗ បើសិនរដ្ឋមានឆន្ទៈពិតប្រាកដ យកចិត្តទុកដាក់ដល់ជីវភាព និងទុក្ខលំបាក​របស់​ពលរដ្ឋខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ