អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

តើប្រទេសក្រីក្រ​ អាចមាន​​វាសនា​ បាន​ទទួល​ថ្នាំ​វ៉ាក់សាំង​​ការពារ​កូវីដ​១៩​ ដែរឬ​ទេ?

រូបថតតំណាង ថ្នាំវ៉ាក់សាំង ស្រាវជ្រាវដោយមន្ទីរពិសោធន៍ Pfizer សហការជាមួយ​មន្ទីរពិសោធន៍ BioNTech
រូបថតតំណាង ថ្នាំវ៉ាក់សាំង ស្រាវជ្រាវដោយមន្ទីរពិសោធន៍ Pfizer សហការជាមួយ​មន្ទីរពិសោធន៍ BioNTech REUTERS/Dado Ruvic/Illustration/File Photo
ដោយ៖ ម៉ម ពិសី
១៥ នាទី

មន្ទីរពិសោធន៍ Pfizer និង BioNtech ព្រមទាំងមន្ទីរពិសោធន៍ Moderna បានអះអាងថា វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួន អាចមានប្រសិទ្ធិភាព​ជាង​៩០% ទប់ទល់នឹងមេរោគជម្ងឺកូវីដ​១៩។ ដំណឹងនេះ បានផ្តល់ក្តីសង្ឃឹមជាខ្លាំង ដល់ពិភពលោកទាំងមូល។ តែយ៉ាងណា អង្គការសុខភាព​ពិភពលោក និងអ្នកជំនាញ​ខ្លះ បានសម្តែងការព្រួយបារម្ភ ថាប្រទេសក្រីក្រ ប្រហែលជាអាចមានការលំបាក នឹង​ទទួលបានថ្នាំវ៉ាក់សាំងទាំងនេះ ក្នុង​ដំណាក់​​កាលដំបូង ខណៈដែល​ប្រទេសអ្នកមានៗ បាននាំគ្នាប្រមូលទិញ​ម្នាក់ៗ ជាច្រើនលានដូសរួចទៅហើយ។

ផ្សាយពាណិជ្ជកម្ម

ប្រទេសអ្នកមាន​ជាច្រើន បានប្រកាសព្រមៗគ្នា ថាបានបញ្ជាទិញ ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ​១៩​ ជាច្រើន​លាន​ដូសទុករួចជាស្រេច បន្ទាប់ពីមន្ទីរពិសោធន៍ធំៗ បានបង្ហាញលទ្ធផល​ធ្វើតេស្ត ថាថ្នាំវ៉ាក់សាំងគេ មាន​ប្រសិទ្ធិភាព​ជាង៩០%។

មន្ទីរពិសោធន៍ Pfizer និង BioNtech បានបញ្ជាក់ថា នឹងចាប់ផ្តើមផលិតវ៉ាក់សាំងរបស់ខ្លួន ​ក្នុងរវាងប្រមាណ​សប្តាហ៍ខាងមុខ នៅពេល​ណា​បានទទួល​អាជ្ញាបណ្ណផ្លូវការពីអាជ្ញាធរឱសថ។ ក្នុងតំណាក់កាលដំបូង មន្ទីរពិសោធន៍នេះ អះអាងថាអាចផលិតបានចំនួន ១៣០០លានដូស នៅក្នុងឆ្នាំ​២០២១។ ក្នុងចំណោមនេះ គឺ១១០០លានដូស គឺសុទ្ធតែត្រូវបានកក់ទិញ​ ដោយ​ប្រទេសអ្នកមានរួចទៅហើយ។

សម្រាប់ លោកស្រី Rachel Silverman អ្នកទទួលបន្ទុកបេសកកម្ម នៃ Center for Global Development ​គឺ​មានសង្ឃឹមតិចណាស់ ដែល​ប្រទេសក្រីក្រ នឹងអាចទទួលបានថ្នាំវ៉ាក់សាំងការពារ​កូវីដ១៩ ដូចប្រទេសអ្នកមាន ក្នុងដំណាក់ដំបូង។ លោក Benjamin Schreiber មន្ត្រីសម្របសម្រួល​ផ្នែកវ៉ាក់សាំងកូវីដ​១៩ នៅអង្គការ Unicef បានលើកឡើងថា គ្រប់ភាគីទាំងអស់​ ត្រូវតែរួមគ្នា ធ្វើយ៉ាងណា ទប់ស្កាត់កុំឲ្យ​​ប្រទេសអ្នកមាន​ ប្រមូលទិញ​វ៉ាក់សាំងទាំងអស់ ខណៈដែលប្រទេសក្រីក្រដែលប្រឈមនឹងការឆ្លងកូវីដ១៩ដែរ តែគ្មានលទ្ធភាព​បានវ៉ាក់សាំង។

គួរកត់សំគាល់ថា អង្គការសុខភាព​ពិភបលោក និង​អ្នកជំនាញ​មួយចំនួន បានសំដែងការព្រួយ​បារម្ភ អំពីឧបសគ្គជាច្រើន ដែល​ប្រទេសក្រីក្រ មិនអាចមានលទ្ធភាព​ បានទទួលវ៉ាក់សាំង ដូចប្រទេសណាមាន។ វ៉ាក់​​សាំង​របស់មន្ទីរពិសោធន៍ Pfizer និង BioNtech ត្រូវចាក់ចំនួន​២ដង ទើបមានប្រសិទ្ធិភាព ហើយ​ដែល​មានតម្លៃ​ប្រមាណ​ជា​​៤០ដុល្លារ។ ក្រៅ​ពីតម្លៃវ៉ាក់សាំងថ្លៃ​ នៅមាន​បញ្ហាស្តុកទុកវ៉ាក់សាំង ដែលគេ​ត្រូវការ​​ទូបង្កកធំៗ​ អាចរក្សាសីតុណ្ហភាព​ចន្លោះពី  -៦០ ទៅ -​៨០​ អង្សារសេឯនោះ ដើម្បី​រក្សាទុកវ៉ាក់សាំង។

ដើម្បី​អាចជួយ​ដល់​ប្រទេសក្រីក្រ ឲ្យ​អាចទទួល​បានថ្នាំវ៉ាក់សាំងកូវីដ១៩បានខ្លះ អង្គការសុខភាពពិភពលោក បាន​បង្កើតយន្តការ​ពិសេស​មួយ​​ ឈ្មោះថា Covax ដោយមានការចូលរួមពីរដ្ឋាភិបាល​ប្រទេសមួយ​ចំនួន អ្នកជំនាញវិទ្យាសាស្ត្រ អង្គការ​សង្គមស៊ីវីល ព្រមទាំងមន្ទីរពិសោធន៍ផលិតឱសថ ដើម្បីធ្វើយ៉ាងណា បែងចែកផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង ឲ្យ​មានសមភាព​ និងយុត្តិធម៌ ទៅឲ្យ​ប្រទេសក្រីក្រ។ 

មន្ទីរពិសោធន៍ Pfizer មិនមានវត្តមានក្នុង Covax ទេ តែបានអះអាងថា ចង់ចូលរួម​ធានាការផ្គង់ផ្គង់ខ្លះដែរ ក្នុងក្របខណ្ឌយន្តការនេះ។ ប្រទេសអ្នកមានខ្លះ ដូចជា ជប៉ុន អង់គ្លេស បារាំងជាដើម បានចូលរួមក្នុង Covax ហើយ​អាច​បែងចែកវ៉ាក់សាំងដែលខ្លួនបានបញ្ជាទិញ ទៅឲ្យ​ប្រទេសក្រីក្រមួយផ្នែក។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ដែលបានបញ្ជាទិញដល់ទៅ​៦០០លានដូសនោះ គឺមិនបានចូលរួមក្នុងយន្តការ Covax នេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ