ប្រេងកាត

ក្រុមប្រទេសផលិត​ប្រេង បើកកិច្ចប្រជុំដើម្បីសម្រេច ថាត្រូវបន្តការ​កាត់បន្ថយការផលិត ឬយ៉ាងណា

ឡូហ្គោអង្គការប្រទេសនាំប្រេងចេញ OPEC / OPEP នៅក្នុង​ការប្រជុំ នៅអាល់ហ្សេរី ឆ្នាំ​២០១៦
ឡូហ្គោអង្គការប្រទេសនាំប្រេងចេញ OPEC / OPEP នៅក្នុង​ការប្រជុំ នៅអាល់ហ្សេរី ឆ្នាំ​២០១៦ REUTERS - Ramzi Boudina
ដោយ៖ ម៉ម ពិសី
១២ នាទី

ក្រុមប្រទេស​ផលិត​ប្រេង សមាជិកអង្គការ​ OPEP ព្រមទាំង​ប្រទេសដៃគូ​ផ្សេងទៀត បាន​បើកកិច្ចប្រជុំពិសេសមួយ ពីចំងាយ នៅរសៀលថ្ងៃទី​៣វិច្ឆិកា។ កម្មវត្ថុនៃការប្រជុំនេះ គឺពិភាក្សាគ្នា ថាតើត្រូវ​បន្តការកាត់បន្ថយ ការផលិតប្រេងឆៅ ឬយ៉ាងណា ខណៈដែលតម្រូវការទីផ្សារនៅតែទាបខ្លាំង ដោយសារតែវិបត្តិកូវីដ​១៩។

ផ្សាយពាណិជ្ជកម្ម

តើកិច្ចប្រជុំលើកនេះ ក្រុមប្រទេសមាជិក អង្គការ OPEP/OPEC និងប្រទេសសម្ព័ន្ធមិត្តដែលផលិតប្រេងឆៅ អាចនឹងស្វែងរក​ការត្រូវរូវ​គ្នា ឬទេ ទាក់ទិន​នឹងកម្រិតនៃការផលិត​? ដោយសារតែកូវីដ១៩ តម្រូវការប្រេងឆៅនៅទូទាំងពិភពលោក បានធ្លាក់ចុះយ៉ាងគំហុក ហើយ​ប្រការនេះ បានធ្វើ​ឲ្យ​ចំនួនស្តុក​ប្រេងឡើងចាល់ខ្លាំង​។ ស្តុកឡើងចាល់ វាបានទាញតម្លៃប្រេងឲ្យធ្លាក់ចុះខ្លាំង។ កាលពីខែមេសា អត្រាតម្លៃប្រេងឆៅ នៅលើទីផ្សារអាមេរិក បានធ្លាក់​ក្រោម​សូន្យដុល្លារ ក្នុងមួយធុងបារីល។ បច្ចុប្បន្ននេះ អត្រាតម្លៃ នៅទីផ្សារប្រេងខ្មៅ​សមុទ្រខាងជើង​គឺ ៤៨,១៥ដុល្លារ មួយធុងបារីល ហើយនៅទីផ្សារ​ WTI អាមេរិក គឺ​៤៥,១២ដុល្លារ​ក្នុងមួយធុងបារីល។

ដើម្បី​ទប់តម្លៃប្រេងកុំឲ្យធ្លាក់ចុះខ្លាំងពេក ក្រុម​ប្រទេសផលិតប្រេង បានសន្យារួមគ្នាកាត់បន្ថយ​ការផលិត ឲ្យ​បាន​ខ្ទង់៧,៧លានធុងបារីលក្នុងមួយថ្ងៃ។ ការសន្យានេះ នឹងត្រូវចប់សុពលភាព នៅចុងខែធ្នូនេះហើយ។ ក៏ប៉ុន្តែ ស្ថានការណ៍ឆ្លងរាលដាលកូវីដ១៩ នៅពុំទាន់ប្រសើរ ដែលធ្វើឲ្យ​តម្រូវការប្រេងឆៅ នៅតែទាបខ្លាំងដដែល។

យោងតាមកកិច្ចព្រមព្រៀងដែលសម្រេចកាលពី​លើកមុន នៅថ្ងៃទី​១មករា ឆ្នាំ​២០២១ ប្រទេសផលិតប្រេង អាចបន្ថែម​ការផលិត​របស់​ខ្លួន​បន្តិចវិញ ក្នុងចំនួន​សរុប ប្រមាណ​២លានធុងបារីល ក្នុងមួយថ្ងៃ។ តែយ៉ាងណា កាលៈទេសៈពេលនេះ មានប្រទេសខ្លះ បាន​ទាមទារ ឲ្យរៀបចំ ផែនការ​បន្ថែមការផលិត បន្តិចម្តងៗ ជាច្រើនដំណាក់ កុំឲ្យ​ទីផ្សារចាល់ភ្លាម មួយថ្ងៃដល់ទៅ​​២លានធុង។ ប្រទេសផលិត​ប្រេងធំដូចជា អារ៉ាប៊ីសាអូឌីតជាដើម មានបំណង ចង់ឲ្យ​ប្រទេសផលិតប្រេង​ទាំងអស់ បន្តការកាត់បន្ថយការផលិតតទៅ​ទៀត ចន្លោះពី​៣ ទៅ ៦ខែ។

តែយ៉ាងណា សម្រាប់ប្រទេសខ្លះ ការកាត់បន្ថយការផលិត គឺជាការលំបាកបំផុត សម្រាប់ថវិកាជាតិ។ អង្គការOPEP ក៏ត្រូវពិចារណាឡើងវិញផងដែរ ក្នុងករណី​ប្រទេសខ្លះ ដូចជាប្រទេសលីប៊ី ដែលសឹងតែ​ពេញមួយ​ឆ្នាំ​២០២០ សង្វាក់​ផលិតកម្មប្រេងឆៅ បានរាំងស្ទះទាំងស្រុងដោយសារតែសង្រ្គាមស៊ីវីល។ តែចាប់ពីខែ​តុលា ការផលិត​ប្រេងរបស់លីប៊ី បានកើនឡើងខ្លាំង ក្នុងកម្រិតប្រមាណ​១លានធុងបារីល ក្នុងមួយថ្ងៃ។ ចំណុចមួយទៀតដែរ​ ទៅថ្ងៃខាងមុខ ក្នុងករណីរដ្ឋាភិបាលថ្មី របស់អាមេរិក បន្ធូរបន្ថយទណ្ឌកម្មខ្លះពីអ៊ីរ៉ង់ នោះមាននន័យថា អ៊ីរ៉ង់ នឹងអាចបញ្ចេញប្រេង​ ចូល​ក្នុង​ទីផ្សារ​វិញ រាប់សែន​ធុងបារីលក្នុងមួយថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI