វ៉ាក់សាំងកូវីដ១៩

អ្នកជំនាញ​OMS/WHO​ថា វ៉ាក់សាំង​​កូវីដ​១៩​​ទាំង២​​របស់​ចិន គ្មាន​គ្រោះថ្នាក់​ទេ តែ​ត្រូវការ​​ទិន្នន័យ​​បន្ថែម

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាលកម្ពុជា ​កំពុងទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់មន្ទីរពិសោធន៍ចិន Sinopharm។ ភ្នំពេញថ្ងៃទី ១០ កុម្ភៈ ២០២១
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាលកម្ពុជា ​កំពុងទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់មន្ទីរពិសោធន៍ចិន Sinopharm។ ភ្នំពេញថ្ងៃទី ១០ កុម្ភៈ ២០២១ REUTERS - CINDY LIU

វ៉ាក់សាំងប្រឆាំងកូវីដ១៩ទាំង២ របស់មន្ទីរពិសោធន៍ចិន គឺ Sinopharm និង Sinovac គឺមានប្រសិទ្ធភាព និងមិនបង្កគ្រោះថ្នាក់ទេ។ នេះគឺជាការ​អះអាងរបស់​ក្រុមអ្នកជំនាញ នៃអង្គការ​សុខភាពពិភពលោក ដែលមានតួនាទី​ត្រួតពិនិត្យ​គុណភាពវ៉ាក់សាំង។ តែយ៉ាងណា ក្រុមអ្នកជំនាញនេះ បាន​លើកឡើងថា ថ្វីបើវ៉ាក់សាំងប្រឆាំងកូវីដ​១៩របស់មន្ទីរពិសោធន៍ចិន មិនបង្កគ្រោះថ្នាក់មែន តែគេនៅត្រូវការប្រមូលទិន្នន័យ​ឲ្យ​បានច្រើនជាងនេះបន្ថែមទៀត ដើម្បីបញ្ជាក់ឲ្យ​ច្បាស់អំពីប្រសិទ្ធភាពរបស់វា។

ផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកជំនាញ​ផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ​ (SAGE) របស់អង្គការសុខភាពពិភពលោក បានជួប​ប្រជុំគ្នា​ចន្លោះពីថ្ងៃទី២២ ដល់ថ្ងៃទី​២៥មីនា ដើម្បីពិនិត្យ​អំពី​ភាព​គួរទុកចិត្ត និង​ប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ទាំង២របស់ចិន។ យោងតាមរបាយការណ៍នៃការប្រជុំនេះ ដែលបានចេញផ្សាយកាលពីថ្ងៃទី​៣១មីនា ក្រុមអ្នកជំនាញ បានអះអាងថា វ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់​​មន្ទីរពិសោធន៍ Sinopharm និង Sinovac បានបង្ហាញនូវ​ប្រសិទ្ធភាពល្អ និងភាពគួរឲ្យទុកចិត្តបាន មិន​បង្កគ្រោះថ្នាក់អ្វីទេ។

តែយ៉ាងណា ក្រុមអ្នកជំនាញ​បាន​លើកឡើងថា គេនៅខ្វះ​ទិន្នន័យ​ច្រើនទៀត​ ស្តីពី​ប្រសិទ្ធភាព​នៃ​​វ៉ាក់សាំងទាំង២នេះ ទៅលើ​មនុស្សវ័យចំណាស់ និង​អ្នកដែលមាន​ជំងឺប្រចាំកាយ​ផ្សេងៗ។ ដោយ​ហេតុនេះ ក្រុមអ្នកជំនាញនឹងចេញអនុសាសន៍ ឲ្យ​មាន​ការប្រមូលទិន្នន័យ​ឲ្យ​បានច្រើន​បំផុត ដើម្បី​បញ្ជាក់ឲ្យ​ច្បាស់អំពី​ប្រសិទ្ធភាព ​នៃវ៉ាក់សាំងទាំង២របស់ចិននេះ។

សូមបញ្ជាក់ថា វ៉ាក់សាំង របស់​​មន្ទីរពិសោធន៍ Sinopharm និង Sinovac ត្រូវបាន​គេបញ្ជូនស្នើសុំអាជ្ញាបណ្ណ ទទួលស្គាល់នៅអង្គការសុខភាពពិភពលោក ដោយ​អនុឡោមតាម​នីតិវិធីបន្ទាន់ (EUL)។ តាម​ការគ្រោងទុក​ អង្គការសុខភាព​ពិភពលោក នឹងធ្វើការសម្រេច នៅក្នុងរវាងដើមខែមេសានេះ។ បន្ទាប់ពីទទួលបាន​អាជ្ញាបណ្ណហើយ គឺ​ប្រទេសផ្សេងអាចចាប់ផ្តើមនាំចូល និង​ចាក់វ៉ាក់សាំងនេះទៅឲ្យ​ប្រជាជន។ អង្គការ Unicef ក៏រំពឹងថានឹងទិញវ៉ាក់សាំងចិននេះដែរ ដើម្បី​បែកចែកទៅតាម​ប្រទេសដែលត្រូវការ​។

ដោយឡែកទាក់ ទិននឹង​ប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer និង BioNTech ទៅលើ​មនុស្សមនុស្សអាយុ​ចន្លោះ ១២ ដល់ ១៥ឆ្នាំវិញ គឺលទ្ធផល​សាកល្បងបានទៅលើមនុស្ស​២២៦០នាក់ បានបង្ហាញថា វាមានប្រសិទ្ធល្អ១០០%។ មន្ទីរពិសោធន៍ Pfizer និង BioNTech កំពុងតែបន្តធ្វ់ការ​សាកល្បងទៅលើកុមារ អាយុពី​ ៦ខែ ដល់១៥ឆ្នាំ។

រីឯភាពចម្រូងចម្រាសស្តីពីផលប៉ះពាល់ បណ្តាលមកពីវ៉ាក់សាំង AstraZeneca វិញ គឺទីភ្នាក់ងារឱសថអឺរ៉ុប បានអះអាងនៅថ្ងៃទី​៣១មីនា គេពុំសង្កេតឃើញថា វ៉ាក់សាំងនេះជាដើមហេតុបណ្តាល​ឲ្យ​មានកកដុំក្រាប់ឈាម​ ក្នុង​សរសៃឈាមនោះទេ។ តែយ៉ាងណា អ្នកជំនាញ​នឹងបន្តតាមដានបន្ថែមទៀត តែសម្រាប់ពេលនេះ​គឺនៅតែរក្សាអាជ្ញាបណ្ណឲ្យ​ប្រើវ៉ាក់សាំងនេះដដែលទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI